en     km
en     km

បក្ស​សង្គ្រោះជាតិ​បោះមួយ​ជំហាន តែជា​ជំហាន​ប្រុង​ប្រយត្ន័

Share

ភ្នំពេញ៖ បើទោះជាមិនទាន់ផ្លូវការ ប៉ុន្តែគណបក្សសង្គ្រោះ ជាតិទំនងជានឹង បានគ្រប់ គ្រងឃុំសង្កាត់ជិត៥០០ក្រោយពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅនេះ។

cnrpp

កំណើននៃការដណ្តើមចំនួនអសនៈក្នុងអំណាចមូលដ្ឋានរបស់គណបក្សប្រឆាំងបានបង្ហាញពីសន្ទុះធំមួយរបស់គណបក្សនេះក្នុងការប្រជែងយកទឹកចិត្តប្រជារាស្ត្រ។ ប៉ុន្តែគណបក្សនេះនៅមានចំណុចប្រុងប្រយត្ន័មួយចំនួនទៀតដើម្បីអាចរក្សាដំណើរទៅមុខ។

ដោយប្រើប្រាស់គោលនយោបាយចំនួនប្រាំចំណុច គណបក្សសង្គ្រោះជាតិបានបន្តបន្លេះអសនៈក្រុមប្រឹក្សាឃុំសង្កាត់ពីដៃគណបក្សប្រជាជនកម្ពុជាបន្ថែមទៀតក្នុងការបោះឆ្នោតអាណត្តិទី៤កាលពីថ្ងៃអាទិត្យទី ៤ខែមិថុនា ឆ្នាំ២០១៧។

យោងតាមរបាយការណ៍ក្រៅផ្លូវការពីគណបក្សនយោបាយ គណបក្សសង្គ្រោះជាតិទទួលបានអសនៈក្រុមប្រឹក្សាឃុំសង្កាត់ចំនួន៤៨២ នៅពីក្រោយគណបក្សប្រជាជនកម្ពុជាដែលគ្រប់គ្រងដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ គណបក្សប្រជាជនកម្ពុជាដែលរក្សាដំណែងនាំមុខជាមួយនឹងការកាន់កាប់ក្រុមប្រឹក្សាឃុំសង្កាត់សរុបចំនួន១១៦៣។

បើសិនជាគេពិនិត្យមើលលើគោលនយោបាយសម្រាប់ដឹកនាំក្រុមប្រឹក្សាមូលដ្ឋានរបស់គណបក្សនេះ គេអាចទាញហេតុផលមួយថាគោលនយោបាយនោះបានស្រូបយកការគាំទ្រមួយផ្នែក។

គោលនយោបាយទាំងប្រាំនោះរួមមានការពង្រឹងអំណាចប្រជាជនក្នុងការចូលរួមអភិវឌ្ឍមូលដ្ឋាន ការលើកស្ទួយជីវភាពប្រជាជនតាមរយៈការពារធនធានធម្មជាតិ ការផ្តល់សេវាសាធារណៈឲ្យមានប្រសិទ្ធិភាព ដោយមិនរើសអើង និងគ្មានអំពើពុករលួយ ការការពារសន្តិសុខ ទប់ស្កាត់គ្រឿងញៀននិងបង្ក្រាបល្បែងស៊ីសង។

ក្រៅពីនោះមានគោលនយោបាយស្តីពីការធ្វើវិមជ្ឈការអំណាចសេវា     សាធារណៈនិងការផ្តល់ថវិកាជាតិចំនួន៥០ម៉ឺនដុល្លារសម្រាប់អភិវឌ្ឍន៍ភូមិឃុំ តាមរយៈរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ។

គោលនយោបាយនេះអាចឲ្យប្រជាពលរដ្ឋពិចារណានិងស្វែងរកភាពប្រសើរឡើងក្នុងតំ បន់រស់នៅរបស់ពួកគេ នៅពេលដែលពួកគេយកចំណុចគោលនយោបាយទាំងនេះទៅធ្វើការប្រៀបធៀបជាមួយគោលនយោបាយរបស់គណបក្សកាន់អំណាច។

គណបក្សកាន់អំណាចដែលលើកឡើងពីការជំរុញទីផ្សារកសិកម្ម ភូមិឃុំសុវត្ថិភាព សេវាសាធារណៈល្អ កាត់បន្ថយអំពើពុករលួយ សង់ហេដ្ឋារចនាសម្ពន្ធ័ បន្តបង្កើនថវិការឃុំសង្កាត់កាន់តែច្រើន កាត់បន្ថយការប្រាក់ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ផ្តល់ដីជូនប្រជាជនក្រីក្រ ផ្តល់សេវាធារណៈឥតគិតលុយ បន្តកសាងទឹកស្អាតនិងប្រឡាយទឹក ភ្ជាប់បណ្តាញអគ្គិសនីដល់គ្រប់ភូមិ ជាដើម។

ចំណុចខ្សោយនៃការគ្រប់គ្រងការសន្យាទាំងនេះនាពេលកន្លងមករបស់គណបក្សប្រជា ជនកម្ពុជាគឺជាការហុចផ្លែដាវទៅកាន់គណបក្សសង្គ្រោះជាតិ ដូចជាចំណុចអំពើពុករលួយ ការជំរុញទីផ្សារកសិកម្ម ប្រពន្ធ័ធារាសាស្ត្រនិងផ្តល់សេវាសាធារណៈដោយឥតគិតថ្លៃជាដើម គឺជាចំណុចគន្លឹះនៃការផ្តល់ផលចំណេញសន្លឹកឆ្នោតដល់គណបក្សប្រឆាំង។

បន្ថែមពីនោះទៀតការរីកចម្រើនតិចតួចនៃប្រពន្ធ័បច្ចេកវិទ្យានិងខេត្តដែលមានប្រពន្ធ័អ៊ីនធើណែតគ្របណ្តប់និងប្រពន្ធ័រលកធាតុអាកាសឯករាជ្យនិយមរាយប៉ាយបានសុះសាយបានជួយដល់កម្រិតពិចារណានិងស្វែងយល់របស់ក្រុមប្រជាពលរដ្ឋម្ចាស់ឆ្នោត។មានជាអាទិ៍ខេត្តសៀមរាប ខេត្តកំពង់ចាមនិងរាជធានីភ្នំពេញ គឺជាខេត្តដែលមានល្បាយប្រជាពលរដ្ឋទទួលបានលំហព័ត៌មាននិងបច្ចេកវិទ្យាជឿនលឿនបានទូលំទូលាយ។

ដំណាលគ្នានេះបើសិនជាគេពិនិត្យមើលសន្ទុះចំនួនអសនៈពី៤០អសនៈនៅឆ្នាំ២០១២ ដែលពេលនោះតួលេខនេះនៅជាចំណែករបស់គណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិ មនុស្សនៅឡើយ គណបក្សសង្គ្រោះជាតិ បានហក់មួយជំហានធំដើម្បីបង្កើនចំនួនអសនៈក្រុមប្រឹក្សាឃុំសង្កាត់រហូតដល់ជិត៥០០អសនៈ។ ការណ៍នេះបានបង្ហាញពីការចង់បានការផ្លាស់ប្តូរនៅមូលដ្ឋានមួយ។

ក្បូនដង្ហែរបស់គណបក្សសង្រ្គោះជាតិ
ក្បូនដង្ហែរបស់គណបក្សសង្រ្គោះជាតិដោយសារអាជ្ញាធរមូលដ្ឋានរបស់គណបក្សប្រជាជនកម្ពុជានរបស់សម្តេចហ៊ុន សែន បានកាន់អំណាចជាច្រើនឆ្នាំមកហើយ។ ដូច្នេះជាគោលការណ៍ធម្មជាតិដែលមានការចង់ឲ្យមានការផ្លាស់ប្តូរ បូកផ្សំនឹងការបែងចែកភាគផលនៃការរីកចម្រើនសេដ្ឋកិច្ចនៅតាមមូលដ្ឋានដោយពុំមានភាគផលស្មើគ្នានោះទេ។

ទោះជាយ៉ាងណាគេអាចពិនិត្យឃើញពីនិន្នាការរលកឆន្ទៈដែលផុសពីទឹកចិត្តរបស់ពួកគេចង់ឲ្យមានការប្តូរវេណក្តោបក្តាប់អំណាចមូលដ្ឋាននៃក្រុមម្ចាស់ឆ្នោតខណៈដែលអ្នកដឹកនាំមូលដ្ឋានរបស់គណបក្សប្រជាជនកម្ពុជាមួយចំនួនត្រូវពួកគេទទួលស្គាល់ថាបានដឹកនាំកិច្ចការជាវិជ្ជមាននិងទទួលបានផ្លែផ្កា។

សរុបមកវិញលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅខែមិថុនា ឆ្នាំ២០១៧នេះបញ្ជាក់ថា គណបក្សសង្គ្រោះជាតិមានកម្លាំងកាន់តែខ្លាំង ហើយការបោះឆ្នោតជាតិឆ្នាំ២០១៨ នឹងមានលក្ខណៈកាន់តែប្រកៀកប្រកិតគ្នាជាមួយគណបក្សប្រជាជនកម្ពុជា។

ប៉ុន្តែបើទោះជាមានសន្ទុះគាំទ្ររបស់បក្សសង្គ្រោះជាតិ នៅពេលនេះ គណបក្សប្រឆាំងនេះមិនអាចសប្បាយជ្រុលភ្លេចខ្លួនបានឡើយ។

គេគួរពិនិត្យមើលឡើងវិញថាបក្សប្រជាជនកម្ពុជានៅបន្តគ្រប់គ្រងអសនៈច្រើនលើសលប់ដែលជាសញ្ញាមួយថាគណបក្សកាន់អំណាចនៅមានជំហររឹងមាំ មិនទាន់ទ្រេតទ្រោតនៅ ឡើយទេ។

បន្ថែមពីនោះទៀតនៅពេលដែលគណបក្សប្រឆាំងទទួលបានសំឡេងគាំទ្រកើនឡើងនៅតាមបណ្តាខេត្តរាជធានី ប៉ុន្តែគណបក្សនេះបានបាត់បង់កម្លាំងគាំទ្រទៅវិញបើធៀបនឹងលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០១៣។ ចំណុចនេះមានន័យថាគណបក្សប្រជាជនកម្ពុជាអាចរកបានគន្លឹះស្តារការគាំទ្រនៅមណ្ឌលដែលខ្លួនបានចុះខ្សោយនោះបានឡើងវិញខ្លះដែរ។

ក្នុងរយៈពេលមួយឆ្នាំទៅមុខទៀត គណបក្សកាន់អំណាចរបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ទំនងជាអាចដកឃ្លាបានមួយសន្ទុះទៀតដើម្បីពង្រឹងខ្លួនឡើងវិញ។ ដូច្នេះជំហានបោះទៅមុខរបស់គណបក្សសង្គ្រោះជាតិក្នុងការបោះឆ្នោតមូលដ្ឋាននៅពេលនេះ ថ្វីដ្បិតតែជាការផ្លោះទៅមុខបានវែង ប៉ុន្តែវានៅមិនទាន់ជាការជាក់លាក់សម្រាប់កំណត់ជោគជ័យផ្តាច់មុខនៅពេលខាងមុខនោះទេ៕

Share

Image
Image
Image