en     km
en     km

និស្សិតស្រីភាគច្រើនចាប់អារម្មណ៍នឹងអាហារូបករណ៍ទៅសិក្សានៅអូស្រ្ដាលី(មានសំឡេង)

Share

នៅក្នុងកម្មវិធីធ្វើបទបង្ហាញទាក់ទងនិងអាហារូបករណ៍អូស្រ្ដាលីឃើញថា  និស្សិតស្រីបានសម្ដែងការចាប់អារម្មណ៍ និងចង់ដឹងជុំវិញព័ត៌មាននិងលក្ខខ័ណ្ឌអាហារូបករណ៍របស់ប្រទេសអូស្រ្ដាលីគឺច្រើនជាងនិស្សិតប្រុស។

កញ្ញា ជុំជោគជាតា អ្នករាយការណ៍ព័ត៌មានរបស់វិទ្យុស្ត្រីបាន​ជួបស្រ្តីទាំងនេះ ផ្ទាល់នៅក្នុងពិធីមួយនេះដែល រៀបចំដោយស្ថានទូតអូស្ត្រាលី កាលពីថ្ងៃទី៨កុម្ភៈ ឆ្នាំ២០១៨នេះ ធ្វើសេចក្ដីរាយការណ៍ដូចតទៅ៖

ក្នុងចំណោមនិស្សិតស្រីទាំងនោះ គឺ កញ្ញា សុខ ថាវី មកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ កញ្ញា ហាក់មានអារម្មណ៍រីករាយនឹងគោលនយោបាយសិក្សារបស់ប្រទេសអូស្ត្រាលី លើកទឹកចិត្តនិស្សិតស្រីដាក់ពាក្យ ប្រកួតប្រជែងយកអាហារូបករណ៍ ។ នាងបានប្រាប់ថា នាងពិតជាមានបំណងទៅរៀនបន្ដ យកអនុបណ្ឌិតលើមុខវិជ្ជាព័ត៌មានវិទ្យានៅប្រទេសអូស្រ្ដាលី។

កញ្ញា សុខ ថាវី ៖«បច្ចុប្បន្ននេះខ្ញុំបានបញ្ចប់ការសិក្សាបរិញ្ញាបត្រហើយទាក់ទងនិងផ្នែកព័ត៌មានវិទ្យាហើយខ្ញុំចង់បន្ដ អនុបណ្ឌិតទាក់ទងជាមួយផ្នែកព័ត៌មានវិទ្យានៅអូស្រ្ដាលី ហើយថ្ងៃនេះមានភាពត្រេកអរដែរដែលបានចូលរួម»។

ចាប់អារម្មណ៍នឹងយុវនារីមួយរូបទៀត គឺ កញ្ញា ជឿន គឹមហេង ។  នាងក៏ចាប់អារម្មណ៍នឹងអាហារូបករណ៍អូស្រ្ដាលីនេះដែរ។

កញ្ញា ជឿន គឹមហេង ៖«មានបំណងចង់ដឹងព័ត៌មានទាំងអស់ដែលទាក់ទងនិងអូស្រ្ដាលី Awardហ្នឹង ដូចជាថា យើងជានរណាអាចដាក់ពាក្យបាន  ហើយជនពិការមានការលើកទឹកចិត្តអស់ ហើយមួយទៀតចង់ដឹងថា តើយើងអាចរៀនបានអ្វីខ្លះនៅប្រទេសហ្នឹង»។

មានសម្ដីរុះរាយ និងពោរពេញដោយភាពជឿជាក់ កញ្ញា គឹមហេង បានលើកឡើងបន្ដថា កញ្ញាបានត្រៀមខ្លួនរួចស្រេចហើយសម្រាប់ការដាក់ពាក្យប្រឡងយកអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្រ្ដាលី។

កញ្ញា គឹម ហេង៖«សប្បាយចិត្ត ព្រោះអីខ្ញុំចូលចិត្តអាហារូបករណ៍អូស្រ្ដាលី ព្រោះនៅក្នុងខួរក្បាលអូស្រ្ដាលីមានសន្ដិភាព។ ឆ្នាំនេះនឹងដាក់ហើយខិតខំប្រឹងប្រែងនិងព្យាយាមអោយអស់ពីសមត្ថភាព »។

កញ្ញា ជឿន គឹមហេង បានបញ្ចប់បរិញ្ញាបត្រលើមុខវិជ្ជាភាសាអង់គ្លេសនៅសកលវិទ្យាល័យពុទ្ធិកៈព្រះសីហមុនីរាជា។ បច្ចុប្បន្ននាងធ្វើការនៅទីស្ដីការគណៈរដ្ឋមន្រ្ដីលើផ្នែកអប់រំ។

កញ្ញា គឹម ហេង ជានារីម្នាក់ដែលមានភាពជឿជាក់ និងក្លាហាន ត្បិត នាងពិការជើងអង្គុយលើរទេះរុញមួយកន្លែងក៏ដោយ តែនាងមិនបានបណ្ដោយអោយការសិក្សារបស់ខ្លួននៅទ្រឹងមួយកន្លែងនោះទេ ។ នាងតែងតែឆ្លៀតពេលទំនេរពីការងារគឺត្រូវធ្វើការរៀនសូត្របន្ថែមទៀត ដើម្បីពង្រីកចំណេះដឹងរបស់ខ្លួន។

ក្នុងកម្មវិធីនេះ កញ្ញាបានសន្ទនាគា្ននិយាយសាសងជាមួយបុរសម្នាក់ជាជនជាតិអូស្ត្រាលី គឺ លោក VicKi Vvaartjes ជាអ្នកជំនាញកិច្ចការសិក្សានិងសមាហរណកម្ម ។

ការសន្ទនាគ្នានេះ បាននាំនាងកាន់តែចាប់អារម្មណ៍ នឹងការដាក់ពាក្យ ទៅសិក្សានៅប្រទេសអូស្ត្រាលី។

តាម កញ្ញា គឹម ហេង ឆ្នាំនេះនាងនឹងដាក់ពាក្យចូលរួមសុំអាហារូបករណ៍ទៅសិក្សាថ្នាក់អនុបណ្ឌិតនៅប្រទេសអូស្រ្ដាលី ។

មិនថាតែយុវនារីដែលបញ្ចប់ថ្នាក់បរិញ្ញាបត្ររួចហើយនោះទេដែលចាប់អារម្មណ៍នឹងអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្រ្ដាលី វិទ្យុស្រ្ដីក៏រកឃើញថា មានយុវនារីមួយចំនួនទៀតដែលមិនទាន់បញ្ចប់ថ្នាក់បរិញ្ញាបត្រក៏ចាប់អារម្មណ៍បន្ដការសិក្សារបស់ខ្លួននៅប្រទេសអូស្រ្ដាលីនេះដែរ។

កញ្ញា សៀវមី  និស្សិតមកពីសកលវិទ្យាល័យប៊ែធីអន្ដរជាតិរូបនេះបានឱ្យដឹងពីមូលហេតុនាង ប្រថា្នយកអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្រ្ដាលី។

កញ្ញា សៀវមី  ៖«គិតថាល្អមានគ្រូបរទេសច្រើនហើយសាលាស្ដង់ដាអន្ដរជាតិ ភាគច្រើនអាចពង្រីកចំណេះដឹងរបស់យើង ហើយយើងអាចអភិវឌ្ឍន៍ខ្លួនយើង នឹងយកមកអភិវឌ្ឍន៍ប្រទេសខ្លួន »។

សូមជម្រាបដែរថា ចាប់តាំងពីឆ្នាំ ១៩៩៤មក រដ្ឋាភិបាលអូស្រ្ដាលីបានឧបត្ថម្ភនិស្សិតកម្ពុជាប្រមាណជា ៧៥០នាក់ បន្ដការសិក្សាថ្នាក់អនុបណ្ឌិតនៅប្រទេសអូស្រ្ដាលី តាមរយៈកម្មវិធីអាហារូបករណ៍អូស្រ្ដាលី។

ដោយឡែកអាហារូបករណ៍អូស្រ្ដាលីសម្រាប់ឆ្នាំ ២០១៩ នឹងបើកទទួលពាក្យចាប់ពីថ្ងៃទី ១ ខែកុម្ភៈ រហូតដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨នេះ។

រាជរដ្ឋាភិបាលអូស្រ្ដាលីលើកទឹកចិត្តដល់បេក្ខជនដែលចង់សិក្សាលើគ្រប់ផ្នែកទាំងអស់ចូលរួមដាក់ពាក្យសុំអាហារូបករណ៍នេះ គឺក្នុនោះ និស្សិតស្រី មានរហូត ៥០ភាគរយ។

តាមលោក Vicki Vaartjes អ្នកឯកទេសខាងសមាហរណកម្មជ្រើសរើសបេក្ខជនអាហារូបករណ៍ និងសហគមន៍ មានប្រសាសន៍ ថា អាហារូបករណ៍អូស្រ្ដាលីគឺលើកទឹកជាពិសេសដល់ស្រ្ដី ជនពិការ និងបេក្ខជនដែលមកពីតាមបណ្ដាខេត្ត ដោយមិនមានការរើសអើងអ្វីទាំងអស់រួមទាំងស្រ្ដីជនជាតិដើមភាគតិចផងដែរ។ ចំពោះលក្ខខ័ណ្ឌក្នុងការដាក់ពាក្យ គឺយោងទៅលើមូលដ្ឋាននៃការសិក្សា បទពិសោធការងារ និងអ្វីដែលបេក្ខជនសំឡឹងមើលទៅថ្ងៃអនាគត។

លោក Vicki បានពន្យល់តាមរយៈអ្នកបកប្រែថា ៖«ចឹងខ្ញុំសុំសង្ខេបឡើងវិញសំនួរមិញគឺបក្ខេជនគាត់បញ្ចប់អនុបណ្ឌិតនៅស្រុកខ្មែរផ្នែកហិរញ្ញវត្ថុចឹងគាត់ក៏នៅតែអាចដាក់អនុបណ្ឌិតនៅអូស្រ្ដាលីជំនាញដដែល។ហើយដូចដែលគាត់បានជម្រាបចឹងគឺការវាយតម្លៃគឺយោងទៅលើមូលដ្ឋានការសិក្សានៅស្រុកខ្មែរបទពិសោធការងារ និងអ្វីដែលបេក្ខជនមើលទៅអនាគតថា ចង់សិក្សាអី ហើយធ្វើអី្វទៅថ្ងៃមុខទៀត»។

ជុំវិញរឿងនេះដែរ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្ដីក្រសួងកិច្ចការនារី បាន សរសើររដ្ឋាភិបាលប្រទេសអូស្រ្ដាលីចំពោះការផ្ដល់អាហារូបករណ៍ សម្រាប់និស្សិតស្ត្រីកម្ពុជា។ លោកស្រីក៏បាន សរសើរផងដែរដល់ស្រ្ដីជាច្រើនដែលបានចាប់អារម្មណ៍និងចូលរួមដាក់ពាក្យសុំអាហារូបករណ៍នេះ។ យ៉ាងណាលោកស្រីរដ្ឋមន្រ្ដីក្រសួងកិច្ចការនារីសង្ឃឹមថា ការជ្រើសរើសមុខជំនាញណាមួយទៅរៀននៅបរទេស ត្រូវតែរើសអោយត្រូវនិងមុខជំនាញនិងការងាររបស់ប្រទេស ហើយយកចំណេះទាំងនោះមកជួយអភិវឌ្ឍន៍នៅក្នុងប្រទេសវិញ។

លោកស្រី អ៊ឹង កន្ថាផាវី៖«ការរៀនសូត្រជំនាញ ចំណេះដឹងជាទ្រព្យសម្បត្តិចំពោះយើង ដូចក្មួយមានប្រសាសន៍ចឹង ក្មួយមានប្រសាសន៍ចឹងក្មួយរៀនសូត្រហើយក្មួយចង់រៀនសូត្របន្ដទៀត។ ការរៀនសូត្រទាល់តែយើងអនុវត្តន៍ជំនាញ និងចំណេះដឹងរបស់យើង ដើម្បីអោយការរៀនសូត្រនឹងក្លាយជាពេជ្រមានតម្លៃក្នុងជីវិតរបស់យើង បើយើងរៀនសូត្រច្រើនពេកក៏ជាបញ្ហាមួយដែរ រៀនសូត្រភ្លេចធ្វើការសោះក៏ជាបញ្ហាមួយដែរ។ ចឹងអ្វីដែលប្រទេសជាតិចង់បានរៀនសូត្រក្រេបឱ្យបានចំណេះដឹងអោយបានច្រើន យកចំណេះដឹងទាំងអស់មកអនុវត្តន៍នៅក្នុងប្រទេសយើងវិញ»។

ចំណែកឯនិស្សិតស្រី ដែលមានវត្តមានក្នុងកម្មវិធីនេះ ភាគច្រើនចាត់ទុកថាជាឱកាសល្អមួយ ដែលពួកគេមានលទ្ធភាពចូលរួម ប្រកួតប្រជែងសមត្ថភាពយកកន្លែងអាហារូបករណ៍ទៅសិក្សានៅប្រទេសជឿនលឿនមួយនេះ៕

Share

Image
Image
Image