en     km
en     km

នាយក​អង្គការ​ WCS​ សម្ដែង​ក្ដី​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​អ្នក​អភិរក្ស​ព្រៃឈើ​ តែ​ប្ដេជ្ញា​បន្ដ​បេសកកម្ម​របស់​ខ្លួន​

Share

​ភ្នំពេញ​ ៖​ នាយក​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ ប្រចាំ​ប្រទេស​កម្ពុជា​ សម្ដែង​ក្ដី​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ពី​សុវត្ថិភាព​របស់​អ្នក​អភិរក្ស​ព្រៃឈើ​ ក្នុង​ប្រទេស​កម្ពុជា​ បន្ទាប់​ពី​ក្រុម​អភិរក្ស​ព្រៃឈើ​ចំនួន​ ០៣​នាក់​ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​លួច​បាញ់​សម្លាប់​កាលពី​ថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ​២០១៨​ ខណៈ​ពួក​គេ​ កំពុង​ចុះ​បំពេញការងារ​ក្នុង​ព្រៃ​ក្បែរ​ព្រំប្រទល់​កម្ពុជា​ និង​វៀតណាម​។

លោក សេរី វឌ្ឍនៈ រាយការណ៍ ៖

 

វីរៈជនអភិរក្សព្រៃឈើទាំង ៣រូប ដែលត្រូវជនល្មើសលួចបាញ់សម្លាប់ ប្រភពរូបភាពពីអង្គការ WCS

 

​សេចក្ដីថ្លែងការណ៍​របស់​អង្គការ​ WCS​ ដែល​បាន​ផ្ញើ​មក​កាន់​មណ្ឌល​ព័ត៌មាន​ស្ដ្រី​កម្ពុជា​ នៅ​ថ្ងៃ​ទី​០២​ ខែកុម្ភៈ​នេះ​ បាន​ឲ្យ​ដឹង​ថា​ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ ពិតជា​មានការ​សោកស្ដាយ​យ៉ាង​ក្រៃ​លែង​ ចំពោះ​ការ​បាត់បង់​នូវ​មន្ដ្រី​អភិរក្ស​ព្រៃឈើ​ទាំង​ បី​ រូប​នេះ​។​ បន្ថែម​ពី​នេះ​ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ បាន​សង្កត់ធ្ងន់​ថា​ ខ្លួន​នឹង​នៅ​តែ​បន្ដ​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា​ និង​សមាគម​ន៍​ជា​ដៃគូ​ទាំងអស់​ ដើម្បី​រួម​គ្នា​បញ្ឈប់​ការ​កាប់​បំផ្លាញ់​ព្រៃឈើ​ និង​ការ​លួច​បរបាញ់​សត្វព្រៃ​ដោយ​ខុសច្បាប់​ ព្រមទាំង​ស្វែងរក​យុត្ដិធម៌​ជូន​ដល់​ជង​រង​គ្រោះ​ និង​ក្រុម​គ្រួសារ​។​

​លោក​ កែន​ សេរីរ​ដ្ឋា​ នាយក​ប្រចាំ​ប្រទេស​កម្ពុជា​ របស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ហៅ​កាត់​ថា​ WCS​ ដែល​បាន​ចេញ​សេចក្ដីថ្លែងការណ៍​នេះ​ បាន​ហៅ​ជន​រង​គ្រោះ​ទាំង​បី​រូប​នេះ​ថា​ ជា​ វីរៈជន​អភិរក្ស​សត្វ​ព្រៃឈើ​ ។​

​វីរៈជន​អភិរក្ស​ព្រៃឈើ​ទាំង​ ៣​រូប​ ដែល​ត្រូវ​ជនល្មើស​លួច​បាញ់​សម្លាប់​រួម​មាន​ លោក​ តឺ​ន​ សុខ​ណៃ​ អាយុ​ ៣៧​ឆ្នាំ​ ជា​​មន្ដ្រី​ឧ​ទ្យា​នុ​រក្ស​ របស់​ក្រសួងបរិស្ថាន​ លោក​ សេក​ វ​ឌ្ឍ​នា​ អាយុ​ ៣៤​ឆ្នាំ​ ជាម​ន្ដ្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​លោក​ ថុ​ល​ ខ្នា​ អាយុ​ ២៤​ឆ្នាំ​ ជាម​ន្ដ្រី​ផ្នែក​ព័ត៌មាន​ភូមិសាស្ដ្រ​ របស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​។​ ហេតុការណ៍​ដ៏​រន្ធត់​នេះ​ បាន​កើតឡើង​ ខណៈ​ដែល​ក្រុម​អ្នក​អភិរក្ស​ព្រៃឈើ​ទាំង​ បី​រូប​នេះ​ ត្រឡប់​ពី​ចំណុច​អូ​ហុច​ ព្រំប្រទល់​កម្ពុជា​ និង​វៀតណាម​ បន្ទាប់​ពី​ឃើញ​ជំរុំ​ស្នាក់​នៅ​ របស់​ជនល្មើស​កាប់​ឈើ​ខុសច្បាប់​ និង​ដកហូត​ រឹបអូស​យករ​ណាយ​ន្ដ​ និង​ម៉ូតូ​ដែល​ប្រើប្រាស់​សម្រាប់​ដឹក​ជញ្ជូន​ឈើ​។​

​សេចក្ដីថ្លែងការណ៍​បន្ត​ទៀត​ថា​ ជា​រៀងរាល់ថ្ងៃ​ មន្ដ្រី​ឧ​ទ្យា​នុ​រក្ស​ និង​ក្រុម​អនុវត្ដ​ច្បាប់​ បាន​ប្រថុយ​ជីវិត​របស់​ខ្លួន​ ដើម្បី​ការពារ​សត្វព្រៃ​ និង​ព្រៃឈើ​។​ លើស​ពី​នេះ​ លោក​ កែន​ សេរីរ​ដ្ឋា​ បាន​សង្កត់ធ្ងន់​ថា​ ក្នុង​នាម​អង្គការ​ ដែល​ធ្វើ​ការងារ​រួម​គ្នា​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​ ការពារ​សត្វព្រៃ​ និង​ព្រៃឈើ​នៅ​កម្ពុជា​ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ ប្ដេជ្ញា​នឹង​នៅ​តែ​បន្ដ​បេសកកម្ម​អភិរក្ស​សត្វព្រៃ​ និង​ព្រៃឈើ​ជា​បន្ដ​ទៀត​ ដោយ​មិន​អនុញ្ញាតិ​ជា​ដាច់ខាត​ ឲ្យ​ក្រុម​ឧក្រិដ្ឋជន​បន្ដសកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា​ គំរាមកំហែង​ និង​បាញ់​សម្លាប់​អ្នក​ការពារ​សម្បត្ដិ​ធម្មជាតិ​ កើត​ឡើងជា​ថ្មី​ម្ដងទៀត​ឡើយ​៕

Share

Image
Image
Image