en     km
en     km

នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​ ព្រមាន​ពី​ការ​ផ្ទុះ​សង្គ្រាម​ដោយសារ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​

Share

​នាយក​រដ្ឋមន្ត្រី​ នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី​ លោក​ មហា​ធា​មហាម៉ាត​ បាន​ព្រមាន​ថា​ ភាព​តានតឹង​ កំពុង​កើត​មាននៅ​សមុទ្រ​ចិន​ខាងត្បូង​ អាច​បង្ក​ជា​ជម្លោះ​ធ្ងន់ធ្ងរ​ ហើយ​ឆ្ពោះទៅ​រក​សង្គ្រាម​ ប្រសិនបើ​ ប្រទេស​ពាក់ព័ន្ធ​ចាប់ផ្ដើម​ សុំ​ចត​ នាវាចម្បាំង​របស់​ខ្លួន​នៅ​តំបន់​នោះ​។​ ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ បាន​កើតឡើង​តាំងពី​ឆ្នាំ​២០១០​ ដែល​ដំបូង​ឡើយ​ជម្លោះ​នេះ​ មាន​រវាង​ប្រទេស​ប្រាំ​ ក្នុង​តំបន់​នៃ​សមាគម​អាស៊ាន​ ជាមួយ​ប្រទេស​ចិន​ តែ​ក្រោយមក​ឈាន់​ប្រទេស​ធំៗ​ជា​ច្រើន​ទៀត​។​ ផលប្រយោជន៍​បង្កឱ្យមាន​ជម្លោះ​គឺ​ការ​ចង់​គ្រប់គ្រង​តំបន់​ព្រោះ​សំបូរ​ដោយ​រ៉ែ​ ឧស្ម័ន​ និង​ ផ្កាថ្ម​។​

​លោក​ លៀ​ស៊ី​ណា​ ប្រែ​សម្រូល​៖

 

​លោក​មហា​ធា​ បាន​ធ្វើការ​ព្រមាន​ដូចនេះ​ នៅ​ពេល​ បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ ចោទសួរ​លោក​ ជុំវិញ​ភាព​តានតឹង​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​ លោក​បាន​បញ្ជាក់​ដូចនេះ​ថា​៖«​ចិន​តែងតែ​និយាយ​ថា​ខ្លួន​មាន​សិទ្ធិ​ទៅ​នោះ​ឬ​ទៅ​ទីណា​ ដែល​នៅ​ក្នុង​តំបន់​នោះ​។​ តែ​សម្រាប់​ខ្ញុំ​ សូមកុំ​រារាំង​នាវា​ របស់​គេ​ ដែល​ត្រូវ​មក​ឆ្លងកាត់​ ច្រក​ម៉ា​ឡា​កា​ និង​សមុទ្រ​ខាងត្បូង​»​។​

​ក្នុង​បទ​សម្ភាស​ជាមួយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ កាលពី​ថ្ងៃ​ចន្ទ​ ទី​១​ តុលា​ នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​ រូប​នេះ​ បាន​លើក​ឡើង​ពី​គោលនយោបាយ​របស់​លោក​ ដោយ​បញ្ជាក់​ដូចនេះ​ទៀត​ថា​៖«​គោលនយោបាយ​របស់​យើង​គឺ​មិន​គាំទ្រ​ សង្គ្រាម​ ហើយ​មិន​ចង់​ឃើញ​នាវាចម្បាំង​ មាន​វត្ត​មាននៅ​សមុទ្រ​ចិន​ខាងត្បូង​នេះ​ដែរ​ បើ​មានការ​បោះទីតាំង​នាវាចម្បាំង​នៅ​ទីនោះ​ ពិត​ធ្វើ​អោយ​មាន​ភាព​តានតឹង​ ហើយ​ នឹង​ទៅ​រក​ជម្លោះ​ នាំ​អោយ​កើត​មាន​សង្គ្រាម​»​។​

​ភាព​តានតឹង​ នៅ​សមុទ្រ​ចិន​ខាងត្បូង​បាន​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ​ បន្ទាប់​ពី​ប្រទេស​ចិន​ប្រកាស​ ច្រាន​ចោលការ​ទាមទារ​របស់​ប្រទេស​វៀតណាម​ ហ្វី​លី​ពី​ន​ ម៉ា​ឡេ​ស៊ី​និង​ព្រុយ​ណេ​ ថា​ជា​ដែនទឹក​របស់​ខ្លួន​។​ បន្ថែម​លើស​នេះ​ ចិន​បាន​ស្ថាបនា​កោះ​សិប្បនិម្មិត​ ជា​ច្រើន​នៅ​តំបន់​នោះ​ ដើម្បី​ធ្វើ​ជា​មូលដ្ឋាន​ទ័ពជើងទឹក​ដោយ​បំពាក់​កាំជ្រួច​និង​កាំភ្លើងត្បាល​ទៀត​ផង​។​ សហរដ្ឋអាមេរិក​ដែល​ចេញ​មុខ​ខ្លាំង​ជើង​គេ​ បាន​ហៅ​តំបន់​នោះ​ ជា​ផ្លូវ​នាវាចរ​អន្តរជាតិ​។​ ទាំង​សហរដ្ឋអាមេរិក​ ជប៉ុន​ ឥណ្ឌា​ អង់គ្លេស​ បារាំង​ និង​អូស្ត្រាលី​ ធ្លាប់​បាន​បញ្ជូន​នាវា​ ចម្បាំង​របស់​ខ្លួន​បើក​ឆ្លងកាត់​ទីនោះ​ហើយ​ ប៉ុន្តែ​សុទ្ធតែ​ធ្វើ​អោយ​ក្រុង​ប៉េ​កាំ​ង​ប្រតិកម្ម​ជា​ខ្លាំង​ ដោយ​ទាមទារ​អោយ​បញ្ឈប់​ជា​បន្ទាន់​ព្រោះ​ជា​ដែនទឹក​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​។​

​នៅ​ក្នុង​ជំនួប​សន្តិសុខ​ថា្ន​ក់​តំបន់​មួយ​នៅ​ប្រទេស​សិង្ហ​បុរី​កាលពី​ខែមិថុនា​ លោក​រដ្ឋមន្ត្រី​បារាំង​និយាយ​ថា​ បារាំង​នឹង​បន្ត​ដឹកនាំ​បេសកកម្ម​នៅ​សមុទ្រ​ចិន​ខាងត្បូង​ ហើយ​ធ្វើ​នៅ​លើក​ក្រោយ​នេះ​ រួម​ជាមួយ​ នាវាចម្បាំង​អង់គ្លេស​ និង​អា​ល្លឺ​ម៉​ង​។ទាក់ទិន​ ករណី​សមុទ្រ​ចិន​ខាងត្បូង​នេះ​ កាលពី​ស​ប្ដា​ហ៍​មុន​ ក្រសួងការបរទេស​វៀតណាម​ បាន​ចេញ​សេចក្ដីថ្លែងការណ៍​ដោយ​រំលឹក​អោយ​ ចិន​គោរព​អោយ​បាន​ខ្ជាប់ខ្ជួន​នូវ​ច្បាប់​សមុទ្រ​អន្តរជាតិ​ ឆ្នាំ​១៩៨២​។​ ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២​ បាន​ចែង​ថា​ ករណី​វិវាទ​ គេ​ត្រូវ​ពិនិត្យ​ចំងាយ​ពី​ប្រទេស​នោះ​ មក​ រក​តំបន់​ជម្លោះ​បើ​ ប្រទេស​ណា​ជិត​ជាង​គឺ​កោះ​នោះ​ជា​របស់​ប្រទេស​នោះ​។​ ករណី​នេះ​ ចិន​ហាក់​នៅ​ឆ្ងាយ​ ពី​កោះ​មួយ​ចំនួន​ដែល​កំពុង​មាន​ជម្លោះ​ បើ​ធៀប​នឹង​ប្រទេស​វៀតណាម​។​

​រយៈពេល​ចុង​ក្រោយ​នេះ​ គេ​សង្កេត​ឃើញ​ អា​មេ​រិ​ក​ឥណ្ឌា​និង​ ជប៉ុន​ បាន​បញ្ជូន​នាវា​ ចម្បាំង​ បើក​កាត់​សមុទ្រ​ចិន​ខាងត្បូង​ ដែល​ជា​ការ​បង្ហាញ​ពី​ការ​បើក​នាវាចរ​លើ​ផ្លូវទឹក​ ដោយ​សេរី​ស្រប​តាម​ច្បាប់​អន្តរជាតិ​។​ កាលពី​ស​ប្ដា​ហ៍​មុន​ ជប៉ុន​បាន​ធ្វើ​សមយុទ្ធ​ទ័ពជើងទឹក​ដោយ​ការ​ប្រើ​នាវាមុជទឹក​ ទៀត​ផង​។​ ​ករណី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ បាន​កំពុង​ក្លាយជា​ ការ​បង្ហាញ​កម្លាំង​រួម​ រវាង​អា​មេ​រិ​ក​ជប៉ុន​ ឥណ្ឌា​ អង់គ្លេស​ បារាំង​ និង​អូស្ត្រាលី​ ឆ្លើយ​តប​នឹង​ ប្រទេស​ចិន​ ដែល​ត្រូវ​គេ​ចោទ​ថា​ មាន​មហិច្ឆតា​ចង់​កាន់កាប់​ផ្ដាច់មុខ​ផ្លូវទឹក​ អន្តរជាតិ​នៅ​សមុទ្រ​ចិន​ខាងត្បូង​នេះ​៕

Share

Image
Image
Image