en     km
en     km

នាយក​រដ្ឋមន្ត្រី​ទ្បា​វ​ស្នើ​ឱ្យ​កម្ពុជា​បើក​ច្រកព្រំដែន​បន្ថែម​ទៀត​

Share

ភ្នំពេញ៖ ​នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ទ្បា​វ​លោក​ ថោ​ង​លូន​ ស៊ី​ស៊ូ​លី​ដ​ (Thongloun​ Sisoulith)​ បាន​ស្នើ​ឱ្យ​កម្ពុជា​ បើក​ច្រកព្រំដែន​បន្ថែម​ទៀត​ដើម្បី​សម្រួល​ដល់​ការ​វិនិយោគ​ ទេសចរណ៍​ និង​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​ពីរ​។

ការ​ស្នើ​នេះ​ធ្វើ​ទ្បើ​ង​នៅ​ក្នុង​ជំនួប​មួយ​រវាង​លោក​ ថោ​ង​លូន​ ស៊ី​ស៊ូ​លី​ដ​ និង​សម្តេច​ ហ៊ុន​ សែន​ ព្រឹក​ថ្ងៃ​ទី​២៧​ ខែ មិថុនា​ ឆ្នាំ​២០១៦​នេះ​ នៅ​វិមាន​សន្តិភាព​។​ នេះ​យោង​តាម​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី​។​ ​លោក​ ថោ​ង​លូន​ ស៊ី​ស៊ូ​លី​ដ​ បាន​មក​ទស្សនៈកិច្ច​កម្ពុជា​ជា​ប្រទេស​ដំបូង​គេ​ បន្ទាប់​បាន​ចូល​កាន់​តំណែង​ជាង​ ២​ ខែ​មកនេះ​។​

hun-sen-thum-lov
លោក​ ថោ​ង​លូន​ ស៊ី​ស៊ូ​លី​ដ​ មេដឹកនាំ​ប្រទេស​ឡាវ​ឈរនៅខាងឆ្វេង កំពុងចាប់ដៃជាមួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាឈរនៅខាងស្តាំ។រូបភាពពីFacebook សម្តេច ហ៊ុន សែន

​ទស្សនកិច្ច​របស់​មេដឹកនាំ​ប្រទេស​ឡាវ​ គឺជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ការ​គោរព​ និង​ការ​យកចិត្តទុកដាក់​មក​លើ​ប្រទេស​ដែល​មាន​ព្រំប្រទល់​ជាប់​ភូមិ​ផង​របង​ជាមួយ​គ្នា​។​

​តាម​ប្រភព​ដដែល​នេះ​ នាយក​រដ្ឋមន្ត្រី​ឡាវ​អបអរសាទ​ចំពោះ​សកម្មភាព​ និង​សហប្រតិបត្តិការ​ធ្វើ​រួម​គ្នា​កន្លង​មក​ ជា​ពិសេស​គឺ​អបអរសាទរ​ខួប​ ៦០​ ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​។​

​ប្រភព​ដដែល​បាន​បន្ត​ថា​ នាយក​រដ្ឋមន្ត្រី​ទ្បា​វ​ថ្មី​រូប​នេះ​មាន​សេចក្តី​រីករាយ​ចំពោះ​ទំនាក់ទំនង​ខាង​ពាណិជ្ជកម្ម​ ទេសចរណ៍​ ជា​ពិសេស​ផ្នែក​សន្តិសុខ​រវាង​ប្រទេស​ទាំង​ពីរ​ ដែល​លោក​អះអាង​ថា​ ក្រសួងការពារជាតិ​ ក៏​ដូច​ជា​ក្រសួងមហាផ្ទៃ​កម្ពុជា​ បាន​សហការ​គ្នា​ជា​ប្រចាំ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម​ អំពើ​រត់ពន្ធ​ឆ្លង​ដែន​ ការ​ជួញដូរ​ខុសច្បាប់​ និង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​។

បន្ថែម​ពី​នេះ​ទៀត​ នាយក​រដ្ឋមន្ត្រី​រូប​នេះ​ ក៏​បាន​ស្នើ​អោយ​មានការ​បន្ត​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​អោយ​កាន់តែ​ខ្លាំង​បន្ថែម​ទៀត​ ទាំង​ក្នុង​តំបន់​និង​លើ​ឆាក​អន្តរជាតិ​ ព្រមទាំង​ជំរុញ​ការ​ផ្លាស់​ប្តូរ​ដំណើរ​ទស្សនកិច្ច​ថ្នាក់ដឹកនាំ​ និង​ប្រជាជន​។

ជាមួយ​គ្នា​នេះ​លោក​ បាន​ជំរុញ​អោយ​មានការ​វិនិយោគ​ ទេសចរណ៍​ និង​សេដ្ឋកិច្ច​ រវាង​ប្រទេស​ទាំង​ពីរ​ជា​ពិសេស​ កម្ពុជា​-​ទ្បា​វ​ ជំរុញ​អោយ​មានការ​ដោះស្រាយ​បញ្ហា​ព្រំដែន​អោយ​បាន​ឆាប់រហ័ស​ រួម​ទាំង​ការ​ស្នើ​អោយ​មានការ​បើក​ច្រកព្រំដែន​បន្ថែម​ទៀត​ផង​ដែរ​។​

ឆ្លើយ​តប​នឹង​ការ​ស្នើ​សុំ​របស់​នាយក​រដ្ឋមន្ត្រី​ឡាវ​  សម្តេច​ ហ៊ុន​ សែន​ បាន​គាំទ្រ​ចំពោះ​អ្វី​ដែល​មេដឹកនាំ​ឡាវ​បាន​លើក​ឡើង​ ពាក់ព័ន្ធ​នឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​ ក៏​ដូច​ជា​សកម្មភាព​ ដែល​បាន​ធ្វើ​កន្លង​មក​ ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ប្រទេស​ទាំង​ពីរ​។​

សូម​ជំរាប​ដែរ​ថា​ លទ្ធផល​នៃ​ជំនួប​រវាង​នាយក​រដ្ឋមន្ត្រី​ទ្បា​វ​ និង​សម​ភាគី​កម្ពុជា​កាលពី​ព្រឹក​មិ​ញ​នេះ​ បាន​ឯកភាព​ក្នុង​ការ​បើក​ច្រក​ថ្មី​បន្ថែម​ទៀត​ ដើម្បី​បង្ក​លក្ខណៈ​អោយ​ប្រជាជន​ដែល​រស់នៅ​តាម​ព្រំដែន​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​ទៅ​វិញ​ទៅ​មក​ និង​ដើម្បី​ជួយ​លើក​ស្ទួយ​ពាណិជ្ជកម្ម​ និង​ទេសចរណ៍​ នៅ​តាម​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ទៀត​ផង​។​

ជាមួយ​គ្នា​នេះ​ ប្រទេស​ទាំង​ពីរ​គ្រោង​នឹង​បើក​កុងស៊ុល​នៅ​ខេត្តស្ទឹងត្រែង​ និង​ខេត្ត​ចំប៉ា​សាក់​ ដើម្បី​សម្រួល​ដល់​ការ​ចេញចូល​នៃ​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ​៕​

Share

Image
Image
Image