en     km
en     km

នាយករដ្ឋមន្រ្តីស្នើអ្នកវិនិយោគចិនត្រកូល«ហ៊ុន» វិនិយោគនៅកម្ពុជា

Share

ក្រុងភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេ​ច ហ៊ុន សែន បានអនុញ្ញាតឲ្យវិនិយោគិនចិនមានត្រកូល «ហ៊ុន» ប្រមាណ ៤០ នាក់ ចូលជួប និង ពិភាក្សាពីការវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ក្រុមអ្នកវិនិយោគចិនត្រកូលហ៊ុន ទាំង ៤០ នាក់ សុទ្ធសឹងតែជាក្រុមហ៊ុនធំៗ មកពីបណ្តាខេត្តផ្សេងៗ គ្នា នៅក្នុងប្រទេសចិន ដែលកំពុងវិនិយោគនៅក្នុងប្រទេសចិន និង ក្រៅប្រទេសរួមទាំងកម្ពុជាផងដែរ។

ជំនួបពិភាក្សា និង ការស្នើសុំឲ្យមានការវិនិយោគបន្តនេះ គឺធ្វើឡើងនៅព្រឹកថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០១៩ ដោយសម្តេចបានធានាដោយកុំឲ្យព្រួយបារម្ភអ្វីៗទាំងអស់ ត្បិតរដ្ឋាភិបាលមានគោលនយោបាយគាំពារយ៉ាងប្រសើរដល់អ្នកវិនិយោគបរទេស។ ជាពិសេស ទំនាក់ទំនងជាមិត្តភាពដែកថែបរវាងកម្ពុជា និង ចិន ដែលជកម្លាំងចលករយ៉ាងសំខាន់ និង ផ្តល់ឱកាសដ៏ប្រសើរសម្រាប់បរិយាកាសវិនិយោគនៅកម្ពុជា។

សម្តេច ហ៊ុន សែន ក៏បានលើកឡើងផងដែរ ពីការបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិនឆ្នាំនេះ ដើម្បីដាក់ស្នើទៅលោកស៊ី ជ៊ីងភីង ប្រធានាធិបតីចិន និង លោក លី ឃឺឈាំង នាយករដ្ឋមន្រ្តីចិន ឲ្យជំរុញឲ្យមានការវិនិយោគ និង ការបន្តរកស៊ីនៅកម្ពុជា បើទោះបីជាសហភាពអឺរ៉ុបដកយកទៅវិញនូវប្រព័ន្ធពន្ធអនុគ្រោះទៅវិញក៏ដោយ ធ្វើយ៉ាងណាឲ្យពាណិជ្ជករចិនថ្មី មកបណ្តាក់ទុនរកស៊ីនៅកម្ពុជាបន្ត។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា បច្ចុប្បន្នកម្ពុជា និងចិន បាននឹងកំពុងប្រឹងប្រែងជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មជាមួយគ្នាឱ្យកាន់តែធំ ពោលសម្រេចឱ្យបានប្រមាណ ១០ពាន់លានដុល្លារនៅឆ្នាំ២០២២។ ការប្រឹងប្រែងជំរុញទំហំពាណិជ្ជកម្មនេះ ជាឱកាសមួយសម្រាប់ចិនក្នុងការវិនិយោគនៅកម្ពុជា។

សម្តេច ហ៊ុន សែន ក៏បានលើកបង្ហាញនូវកត្តាសំខាន់ៗមួយចំនួនទៀត ដែលសុទ្ធសឹងជាឱកាសរកផលចំណេញពីការវិនិយោគរបស់ចិននៅក្នុងប្រទេសកម្ពុជា។

កត្តាទាំងនោះមានដូចជា៖ ការបង្កើតតំបន់ និងអនុតំបន់មេង្គ, មេគង្គ-ឡានឆាង, អាស៊ាន-ចិន និងអាស៊ី-បូព៌ា, ការបង្កើតតំបន់សេដ្ឋកិច្ចសេរីអាស៊ាន-ចិន, ការបង្កើតតំបន់សេដ្ឋកិច្ចសេរីរវាងកម្ពុជា និងចិន, ការបង្កើតតំបន់សេដ្ឋកិច្ចអនុគ្រោះគ្រប់ជ្រុងជ្រោយរវាងប្រទេសសមាជិកអាស៊ានទាំង១០ ជាមួយចិន ជប៉ុន កូរ៉េ ឥណ្ឌា អូស្ត្រាលី នូវែលហ្សេឡង់ជាដើម៕

Share

Image
Image
Image