en     km
en     km

នាយករដ្ឋមន្រ្ដីកម្ពុជាទាត់ចោលព័ត៌មានបរទេសមួយថាលោកបានឆ្លងកូវីដ១៩

Share

សម្ដេចនាយករដ្ឋមន្រ្ដីកម្ពុជាបាន ច្រានចោលព័ត៌មានបរទេសមួយដែលផ្សាយថាលោកបានឬប្រហែលឆ្លងកូវីដ១៩ទៅហើយ។

សម្ដេចហ៊ុនសែន បានបង្ហោះសារដូចនេះលើទំព័រហ្វេសប៊ុក អំឡុងពេលមានវត្តមានអង្គុយប្រជុំរដ្ឋសភាកាលពីព្រឹកថ្ងៃសុក្រទី១៣មីនានេះ។

លោកបានចាត់ទុកថានោះព័ត៌មានក្លែងក្លាយដូចនោះគឺសាហាវជាងជំងឺកូវីដ១៩ទៀត ។

សម្ដេចបានសរសេររៀបរាប់ក្នុងន័យដើមដូចនេះថា៖

មានទូរទស្សន៍បរទេសមួយបានផ្សាយថាខ្ញុំបានឬប្រហែលឆ្លងកូវីត១៩ទៅហើយ។ពេលនេះខ្ញុំកំពុងអង្គុយប្រជុំរដ្ឋសភានិងថ្ងៃស្អែកត្រូវចេញទៅខេត្តបាត់ដំបងដែលខ្ញុំត្រូវនៅទីនោះរហូតព្រឹកថ្ងៃអាទិត្យទី១៥មីនា២០២០។

កូវីត១៩វាកាចសាហាវណាស់ទៅហើយតែព័ត៌មានក្លែងក្លាយវាកាចសាហាវជាងជម្ងឺនេះទៅទៀតដែលយើងចាំបាច់ត្រូវតែប្រយុទ្ធប្រឆាំងជាមួយជម្ងឺដ៏គ្រោះថ្នាក់នេះ។

ខណៈលោកអំពាវនាវឱ្យជនរួមជាតិចូលរួមទប់ស្កាត់ការរីករាលដាលនូវជម្ងឺឆ្លងនេះតាមរយៈវិធានការអនាម័យដោយចាប់ផ្តើមពីមនុស្សម្នាក់ៗគ្រួសារនីមួយៗភូមិនីមួយៗ

ដើម្បីធានាថានៅកម្ពុជាយើងគ្មានជម្ងឺឆ្លងបន្ថែមទៀតលើចំនួនដែលបានឆ្លងរួចមកហើយចំនួន៥នាក់ក្នុងនោះជនជាតិខ្មែរ១នាក់ អង់គ្លេស៣នាក់និង(ចិន១នាក់ដែលបានព្យាបាលជាសះស្បើយរួចហើយ)។

ថ្វីបើសម្ដេចនាយករដ្ឋមន្រ្ដីមិនបានថាឱ្យចំថាព័ត៌មានបរទេសនោះជានរណា។តែគ្រប់គ្នាបានដឹងរួចហើយនោះជាសារព័ត៌មានថៃប៉ុស្ដិ៍លេខ៧។សារព័ត៌មានថៃប៉ុស្ដិ៍លេខ៧នោះគឺបានបង្ហោះផ្សាយលើទំព័រហ្វេសប៊ុកនៅថ្ងៃពុធម៉ោងអាធ្រាត្រ។បើតាមការបកប្រែក្រៅផ្លូវការអត្ថបទទូរទស្សន៍នោះគឺក្នុងន័យដើមបកប្រែទាំងស្រុងថាចាប់អារម្មណ៍លើលទ្ធផលពិនិត្យសុខភាពសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា អាចឆ្លង កូវិដ១៩។នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហើបថា នឹងចូលទៅទទួលការពិនិត្យសុខភាពក្រោយពីមានអាការៈតឹងច្រមុះ ស្តាសសាយ មិនស្រួលខ្លួន ក៏ប៉ុន្តែនៅមិនទាន់កំណត់ច្បាស់ថាពេលណា និងទទួលបានថា អាចនឹងឆ្លង កូវិដ១៩ ។

មុននេះមានអ្នកព្យាយាមបង្ហោះព័ត៌មានចចាអារាម ឬក្លែងក្លាយថាសម្ដេចនាយករដ្ឋមន្ត្រី ឈឺដោយ កូវិដ១៩ នឹងត្រៀមទៅព្យាបាលនៅ សង្ហបុរី ដោយអាជ្ញាធរកម្ពុជាត្រៀមចាត់កាតតាមច្បាប់ចំពោះអ្នកបង្ហោះព័ត៌មានចចាមអារាម ឬក្លែងក្លាយ និងអំពាវនាវអោយប្រជាជនកម្ពុជាកុំមានការតក់ស្លត់ ឬភាពភ័យខ្លាច ហើយសុំអោយមានការជឿជាក់លើប្រព័ន្ធសុខាភិបាលកម្ពុជា។

កម្ពុជាទើបរកឃើញអ្នកឆ្លង កូវិត១៩ អ្នកដំបូងជនជាតិខ្មែរអាយុ ៣៨ឆ្នាំ ជាអ្នកសៀមរាប ក្រោយពីមានការទំនាក់ទំនងយ៉ាងជិតស្និតជាមួយជនជាតិជប៉ុនបានកើតជំងឺ កូវិដ១៩។

ការលើកឡើងរបស់ថៃនេះទំនងមកពីបានដឹងថានាយករដ្ឋមន្រ្ដីកម្ពុជាបានទទួលស្វាគមន៍អ្នកដំណើរលើនាវាវេស្ទឺដាមដោយផ្ទាល់ដែលក្នុងនោះម៉ាឡេស៊ីបានរកឃើញថាមានស្រ្ដីវ័យចំណាស់ម្នាក់ផ្ទុកជំងឺនេះពេលទៅដល់ទៅដីម៉ាឡេស៊ី។តែស្រ្ដីរូបនោះត្រូវបានម៉ាឡេស៊ីជម្រាបថាជាសះស្បើយរួចទៅហើយ។

បន្ថែមពីលើព័ត៌មានថៃគឺនៅកម្ពុជាមានអ្នកកើតមេរោគនេះចំនួន៥នាក់មកហើយ។សម្រាប់អ្នកកើតជំងឺនេះនៅខេត្តសៀមរាបសម្ដេចនាយករដ្ឋមន្ត្រីកាលពីសប្ដាហ៍មុនបានសន្យាថានឹងទៅសួរសុខទុក្ខគាត់ដោយផ្ទាល់ដើម្បីលុបបំបាត់ការភ័យខ្លាចជំងឺនេះនៅកម្ពុជា។

សូមជម្រាបថាជំងឺកូវិដ១៩ត្រូវបានអង្គការសុខភាពពិភពលោកចាត់ទុកថាជាការរាតត្បាតជាសកលខណៈមន្រ្ដីជាន់ខ្ពស់នៃប្រទេសលោកខាងលិចនិងមជ្ឈឹមបូព៌ាមានទាំងសមាជិកសភា រដ្ឋមន្រ្ដី មន្រ្ដីទូតធំៗ ភរិយានាយករដ្ឋមន្រ្ដីកាណាដា និងមានការសង្ស័យសូម្បីតែលើមេដឹកនាំកំពូលអាមេរិកលោកត្រាំក្រោយពីលោកបានជួបសំណេះសំណាលផ្ទាល់នឹងអ្នកជំងឺពីររូប៕

Share

Image
Image
Image