en     km
en     km

នាទីច្បាប់៖ ការព្យួរទោស

Share

ជា​នីតិវិធី​ក្នុង​ប្រព័ន្ធ​តុលាការ​ជន​ជាប់ចោទ​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ទៅ​តាម​ប្រភេទ​នៃ​បទល្មើស ក៏​ប៉ុន្តែ​ទោសទណ្ឌ​នោះ​ជន​ជាប់ចោទ​ពេល​ខ្លះ​ក៏​ត្រូវ​​តុលាការ​សម្រេច​ឲ្យ​មាន​ការ​ព្យួរទោស​មួយ​ផ្នែកផង​ដែរ​។ ដូចនេះតើអ្វីជាការព្យួរទោស? តើច្បាប់តម្រូវឲ្យមានលក្ខខណ្ឌអ្វីខ្លះសម្រាប់ការព្យួរទោស?
កញ្ញា អ៊ុំ ច័ន្ទលក្ខិណា ជូនរាយការណ៍៖

ក្រមព្រហ្មទណ្ឌ​របស់​ព្រះរាជាណាចក្រ​កម្ពុជា នៅពេល​ដែល​តុលាការ​ប្រកាស​ផ្តន្ទាទោស​ជនល្មើស​ណាមួយ តុលាការ​អាច​បង្គាប់​ឲ្យ​ព្យួរទោស ឬ​ក៏​អាច​បង្គាប់​ឲ្យ​អនុវត្ត​របប​ពាក់​កណ្តាល​សេរីភាព​បាន។ ការព្យួរទោសគឺជាការលើកចោលដោយមានលក្ខខណ្ឌនូវការអនុវត្តមូលទោសដែលត្រូវបានប្រកាសដោយតុលាការ។ ត្រង់នេះមានន័យថា ការព្យួរទោសគឺជាការ​អនុញ្ញាត​ឲ្យ​ជនជាប់​ពិរុទ្ធ​ ដែល​ត្រូវ​តុលាការ​ផ្តន្ទាទោស អាច​មិន​អនុវត្ត​ទោស​នេះ​បាន ប្រសិនបើ​មិន​ប្រព្រឹត្តបទ​ល្មើស​ថ្មី​ផ្សេងទៀត ក្នុងរយៈពេល​​ដែល​បាន​កំណត់​ណាមួយ។ នៅ​ក្នុង​ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១០ ទោស​ដែល​អាច​ព្យួរបាន គឺ​មាន​តែទោស​ពន្ធនាគារ និង​ទោស​ពិន័យ​ជាប្រាក់ប៉ុណ្ណោះ ហើយ​ការព្យួរទោស​ត្រូវ​​បានចែក​ជា​ពីរប្រភេទ គឺ​ការព្យួរទោស​ធម្មតា និង​ការ​ព្យួរទោស​សាកល្បង។

          ក. ការព្យួរទោសធម្មតា

ការព្យួរទោសធម្មតា គឺជាការព្យួរទោស ដែលមិនតម្រូវឲ្យជនជាប់ទោសមានកាតព្វកិច្ចពិសេសណាមួយទេ ប៉ុន្តែជនជាប់ទោសមិនត្រូវប្រព្រឹត្តបទល្មើសណាមួយ ក្នុងរយៈពេលសាកល្បងចំនួន៥ឆ្នាំ បើពុំនោះទេការព្យួរទោសនេះអាចនឹងត្រូវបានដកហូតវិញ។ ត្រង់ចំណុចនេះមានន័យថា ប្រសិនបើ​ជនល្មើស​ត្រូវ​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ដោយ​ត្រូវ​ព្យួរទោស ជនល្មើស​នេះ​មិនត្រូវ​ជាប់​ក្នុង​ពន្ធនាគារនោះទេ ក៏ប៉ុន្តែប្រសិនបើ​ក្នុងរយៈពេល ៥ឆ្នាំ ចាប់ពីថ្ងៃ​ប្រកាស​ទោស ជនល្មើស​នេះ​បាន​ប្រព្រឹត្ត​បទល្មើស​ណាមួយ​​ថ្មីទៀត ការព្យួរទោស​នឹង​ត្រូវ​លើកចេញវិញ ហើយ​ជនល្មើស​នឹង​ត្រូវ​អនុវត្ត​ទោស​ទាំងពីរ គឺ​​ទាំង​ទោស​ទី១ដែល​បានព្យួរ និង​ទោស​ទី២សម្រាប់​បទល្មើស​ដែលប្រព្រឹត្ត​ថ្មីក្រោយ។
ដូចគ្នា​ចំពោះ​ទោស​ពិន័យជាប្រាក់ ប្រសិនបើ​តុលាការ​ប្រកាស​ព្យួរទោស ជនល្មើស​មិន​ត្រូវ​បង់ប្រាក់ពិន័យ​នោះទេប្រសិនណា​មិនមានការ​ប្រព្រឹត្ត​បទល្មើស​ថ្មីផ្សេងទៀតក្នុងរយៈពេល៥ឆ្នាំ។

បើ​តាម​ប្បញ្ញត្តិ​មាត្រា​ ១០៦ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាបាន​ចែង​ថា ​ក្នុង​ករណី​ដែល​មាន​ការ​ចោទប្រកាន់​ពី​បទ​ឧក្រិដ្ឋ​ ឬ​បទមជ្ឈិម​នោះ​ការ​ព្យួរទោស​ធម្មតា​អាច​ត្រូវ​ផ្តល់​ឲ្យ​បាន​ ប្រសិន​បើ​ជន​ជាប់ចោទ​មិន​ទាន់​មាន​ការ​ផ្តន្ទាទោស​ជា​ស្ថាពរ​ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​រយៈពេល​៥ (​ប្រាំ​) ​ឆ្នាំ​​មុន​អំពើ​ល្មើស​។ ​ចំពោះ​មាត្រា​ ១០៧ ​នៃ​ក្រម​ព្រហ្មទណ្ឌ​ដដែល​នេះ​ក៏​បាន​ប្បញ្ញត្តិ​ដែរ​ថា​ការ​ព្យួរទោស​ធម្មតា​ត្រូវ​អនុវត្ត​ទៅ​លើ​ទោស​ដូច​តទៅ​៖
១-ទោស​ដាក់​ពន្ធនាគារ​កាល​បើ​ទោស​ដែល​ប្រកាស​នោះ​តិច​ជាង​ ឬ​ស្មើ​នឹង​ ៥ (​ប្រាំ​) ​ឆ្នាំ​។

២-ទោសពិន័យ​ជា​ប្រាក់​។

ការប្រកាស​ព្យួរទោស ឬ​មិន​ព្យួរ គឺ​ជា​សិទ្ធិអំណាច​របស់​តុលាការ ក៏ប៉ុន្តែ ទោស​ពន្ធនាគារ ដែល​តុលាការ​អាច​ប្រកាស​ព្យួរ​បាន ទាល់តែ​ទោស​ពន្ធនាគារ​នោះ មាន​រយៈពេល​យ៉ាងច្រើន​បំផុត ៥ឆ្នាំ។ ប្រសិនបើ​ជនល្មើស​ត្រូវ​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ លើស​ពី៥ឆ្នាំ តុលាការ​មិន​អាច​ប្រកាស​ព្យួរ​ទោសនេះ​បានទេ។
ម្យ៉ាងវិញទៀត បើទោះបីជា​ទោស​ពន្ធនាគារ​នេះ​មានរយៈពេល​ត្រឹម ៥ឆ្នាំ​ ឬ​តិច​ជាង​ ៥ឆ្នាំ​ក៏ដោយ តុលាការ​អាច​ប្រកាស​ព្យួរទោស​បាន លុះត្រាតែ​ជនល្មើស​មិន​ធ្លាប់​ត្រូវ​បាន​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​ម្តងសោះ នៅ​ក្នុង​រយៈពេល៥ឆ្នាំ​មុន​អំពើ​ល្មើស។ ត្រង់ចំណុចនេះយើងអាចទាញឧទាហរណ៍មួយបានថា នៅឆ្នាំ​២០១០ ជនល្មើស “ក” ធ្លាប់​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ម្តងរួចមកហើយ ស្រាប់តែ ៤ឆ្នាំក្រោយមក នៅ​ឆ្នាំ​២០១៤ លោក​ “ក” បាន​ប្រព្រឹត្ត​បទល្មើស​ថ្មីមួយទៀត ហើយ​ត្រូវ​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ ៣ឆ្នាំ។ ទោស​៣ឆ្នាំ​ក្រោយ​​នេះ​មិន​អាច​ត្រូវ​ព្យួរបាននោះទេ។

ខ. ការព្យួរទោសសាកល្បង

ការព្យួរទោស​សាកល្បង គឺ​ជាការព្យួរទោស ដែលមានអានុភាពធ្វើឲ្យជនជាប់ទោសត្រូវស្ថិតនៅក្រោមវិធានការត្រួតពិនិត្យ និងត្រូវគោរពកាតព្វកិច្ចដោយឡែកមួយ ឬ ច្រើននៅក្នុងរយៈពេលសាកល្បងដែលត្រូវបានកំណត់ចាប់ពី១ឆ្នាំ ដល់ ៣ឆ្នាំ។ ការព្យួរទោស​សាកល្បង គឺវាមានភាពប្រហាក់ប្រហែលទៅ​នឹង​ការព្យួរទោស​ធម្មតា​ដែរ គ្រាន់តែមាន​រយៈពេល​សាកល្បងមួយ ដែល​មានរយៈពេលពី ១ឆ្នាំ ទៅ ៣ឆ្នាំ។ ក្នុងរយៈពេល​សាកល្បង​នេះ ទណ្ឌិត​ត្រូវ​គោរព​ទៅតាម​​វិធានការ​ត្រួតពិនិត្យ ដែល​កំណត់​ដោយ​តុលាការ៖ត្រូវ​ចូលខ្លួន​ទៅតាម​​ដីកា​កោះ​ហៅរបស់​ព្រះរាជអាជ្ញា (ឬ​តំណាង​ព្រះរាជអាជ្ញា)ត្រូវ​ទទួល​ការ​មក​ត្រួតពិនិត្យ​មើល​របស់​ព្រះរាជអាជ្ញា

-ត្រូវ​សុំ​ការអនុញ្ញាត​ពី​ព្រះរាជអាជ្ញា​មុន​នឹង​ធ្វើ​ដំណើរ​ទៅបរទេស

-ត្រូវ​ផ្តល់​ឯកសារ ទៅតាម​ការ​បង្គាប់​របស់​ព្រះរាជអាជ្ញា

-ត្រូវ​ជូនដំណឹង​ដល់​ព្រះរាជអាជ្ញា អំពី​ការ​ផ្លាស់ប្តូរ​អាស័យដ្ឋាន ឬ​ការ​ផ្លាស់ប្តូរ​មុខរបរ

ក្រៅពី​វិធានការ​ទាំងអស់នេះ តុលាការ​អាច​កំណត់​ឲ្យ​ទណ្ឌិត​គោរព​ទៅតាម​កាតព្វកិច្ច​មួយ​ចំនួន​ផ្សេងទៀត នៅ​ក្នុង​រយៈពេល​សាកល្បងដូចជា ៖ត្រូវ​បំពេញ​សកម្មភាព​ខាង​វិជ្ជាជីវៈ

-ត្រូវ​ទៅ​រៀន ឬ​ទទួលការ​បណ្តុះបណ្តាល​ខាង​វិជ្ជាជីវៈ​

-ត្រូវ​រស់នៅ​ក្នុង​កន្លែងណាមួយ​ជា​កំណត់

-ត្រូវ​ទទួល​ឲ្យ​ពេទ្យ​​ធ្វើការ​ពិនិត្យ និង​ព្យាបាល

-មិនត្រូវមាន​វត្តមាន នៅ​ទីកន្លែងណាមួយ ដែល​កំណត់​ដោយ​តុលាការ

-មិនត្រូវ​ធ្វើ​សកម្មភាព​មួយចំនួន ដូចជា សេពគប់បនល្បែង គ្រឿងស្រវឹង កាន់កាប់ ឬ​យក​អាវុធ​តាមខ្លួន​ ឬ​ប្រកប​អាជីវកម្ម​ណាមួយ ដែល​កំណត់​ដោយ​តុលាការ

-មិនត្រូវ​​ទៅ​ក្បែរ ឬ​ទៅ​ជួប​ជាមួយ​បុគ្គលមួយចំនួនដូចជា អ្នក​ផ្តើមគំនិត អ្នក​សមគំនិត ឬ​ជនរងគ្រោះ​នៃ​បទល្មើសជាដើម។

នៅក្នុង​រយៈពេល​សាកល្បង (១ឆ្នាំ ទៅ៣ឆ្នាំ) ប្រសិនបើ​ជនល្មើស​មិនគោរព​តាម​វិធានការ​ត្រួតពិនិត្យ ឬ​តាម​កាតព្វកិច្ច ដែល​កំណត់​ដោយ​តុលាការ​ទេ ការព្យួរទោស​នឹង​ត្រូវ​លើកចេញវិញ ហើយ​ជនល្មើស​ត្រូវ​តែ​អនុវត្ត​ទោស។ ប្រសិនបើ​ជនល្មើស​ប្រព្រឹត្ត​បទល្មើស​ថ្មីណាមួយ​ទៀត ក្នុងរយៈពេល​សាកល្បង​នេះ ការ​ព្យួរទោស​ក៏​ត្រូវលើកចេញវិញ​ដូចគ្នា​ដែរ ហើយ​ជនល្មើស​ត្រូវ​អនុវត្ត​ទោស​ សម្រាប់​បទល្មើស​ទាំងពីរ ដូច​ករណី​ព្យួរទោស​ធម្មតាដែរ។

គួរបញ្ជាក់ថា តុលាការ​អាច​ប្រកាស​ព្យួរទោស​សាកល្បង​បាន តែ​ចំពោះ​ទោស​ពន្ធនាគារ​ប៉ុណ្ណោះ ហើយ​បាន​តែ​ចំពោះ​ទោសពន្ធនាគារដែល​មានរយៈពេល ក្នុង​ចន្លោះ​ពី ៦ខែ ទៅ ៥ឆ្នាំ​ប៉ុណ្ណោះ។ ទោស​ពិន័យជាប្រាក់ និង​ទោសពន្ធនាគារ​តិច​ជាង ៦ខែ ឬ​ច្រើន​ជាង ៥ឆ្នាំ មិន​អាច​ព្យួរ​ដោយ​មាន​រយៈពេល​សាកល្បង​នេះ​បានទេ។ ជាការកត់សម្គាល់​ចុងក្រោយ ការ​ប្រកាស​ព្យួរទោស​អាច​ធ្វើ​ចំពោះ​ទោស​ទាំងមូល ឬ​ក៏​ធ្វើ​មួយ​ផ្នែក​ក៏បាន។ ត្រង់ចំណុចនេះយើងអាចទាញឧទាហរណ៍ថ្មីមួយទៀតបានថា ៖ ជនល្មើស “ក” ប្រព្រឹត្ត​បទល្មើស​ឆបោក ហើយ​ត្រូវ​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ៤ឆ្នាំ ប៉ុន្តែ ២ឆ្នាំ​ត្រូវ​ព្យួរ។ ក្នុងករណីនេះ ជនល្មើស​ត្រូវ​ជាប់​ពន្ធនាគារតែ ២ឆ្នាំប៉ុណ្ណោះ ដោយ​ត្រូវ​ព្យួរទោស ២ឆ្នាំ៕

អត្ថបទដោយ អ៊ុំ ច័ន្ទលក្ខិណា

Share

Image
Image
Image