en     km
en     km

ធនាគារជាតិចុះMoUជាមួយក្រសួងចំនួនពីរលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ស្រ្តីនិងសិស្ស

Share

ភ្នំពេញ៖ ធនគារជាតិនៃកម្ពុជានៅថ្ងៃទី២៣ ខែមេសានេះ បានប្រារព្ធកម្មវិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់(MoU) ជាមួយក្រសួងអប់រំ និងក្រសួងកិច្ចការនារី ក្នុងគោលបំណងបញ្ជ្រាបចំណេះដឹងនិងជំនាញលើការចាត់ចែងហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ និងឆ្លាតវៃដល់ស្រ្តី និងសិស្សានុសិស្ស។

(រាយការណ៍លំអិតដោយលោក កែវ សុខា)

 

ដោយមើលឃើញពីសារៈសំខាន់នៃការចាត់ចែង ការធ្វើផែនការផ្នែកហិរញ្ញវត្ថុមានប្រយោជន៍សម្រាប់ជីវភាពរស់នៅរបស់ប្រជាជន ពិសេសស្រ្តី ធនាគារជាតិនៃកម្ពុជា បានសម្រេចបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុតាមរយៈកិច្ចសហការជាមួយក្រសួងអប់រំ និងក្រសួងកិច្ចការនារី។

ក្រសួងអប់រំជាដៃគូក្នុងកិច្ចប្រតិបត្តិការនេះ បានកំណត់ផែនការសកម្មភាពក្នុងយុទ្ធសាស្រ្តអភិវឌ្ឍន៍ហិរញ្ញវត្ថុឆ្នាំ២០១៦-២០២៥ ដោយអនុវត្តគម្រោងដាក់បញ្ចូលចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ ចាប់ពីថ្នាក់ទី១ ដល់ទី១២ លើមុខវិជ្ជាគណិតវិទ្យា គេហសេដ្ឋកិច្ចវិទ្យា បំណិនជីវិតតាមមូលដ្ឋាន និងមុខវិជ្ជាសីលធម៌ពលរដ្ឋវិជ្ជា។ សម្រាប់ក្រសួងអប់រំការដាក់បញ្ចូលកម្មវិធីផ្នែកហរិញ្ញវត្ថុក្នុងកម្មវិធីសិក្សានេះ គឺដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុ ការការពារប្រជាពលរដ្ឋផ្នែកហិរញ្ញវត្ថុ និងជំរុញកំណើនសេដ្ឋកិច្ចផងដែរ។

                                                                    ការចុះហត្ថលេខារវាងក្រសួងកិច្ចការនារី និងធនាគារជាតិ។

 

លោក អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា មានប្រសាសន៍យ៉ាងដូច្នេះថា៖«និយាយរួមមក យើងអប់រំឱ្យចេះសន្សំលុយ ហើយឱ្យចេះគិតលុយ អញ្ចឹងនៅក្នុងចំណោទ គឺនិយាយពីលុយ។ របស់ទិញលក់អីសុទ្ធតែលុយហើយ រកប្រាក់ចំនេញធ្វើអីក៏ដោយតតែគិតពីរឿងចំនេញ សូម្បីតែក្នុងអំណានក៏គេនិយាយពីប្រវត្តិអ្នកដែលគេខ្ចីលុយអត់មានផែនការវាវ័ន្តកយ៉ាងម៉េចៗ និយាយរួមយើងអប់រំបញ្ជ្រាបចូលឱ្យចេះអានមែនតែយើងបង្កប់អត្ថន័យហ្នឹង ហើយឱ្យចេះតែងសេចក្តីពីរឿងរៀបចំផែនការទៅអនាគតរបស់យើងដើម្បីសន្សំលុយ»។

                                                                     លោក អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា។

 

ក្រសួងអប់រំបាននឹងកំពុងបន្តអនុវត្តកំណែទម្រង់ដោយឈរលើមូលដ្ឋានអាទិភាពចំនួនពីរ ទី១៖ ការគ្រប់គ្រងសាលារៀន និងទី២៖ការបន្តធ្វើកំណែទម្រង់គ្រូបង្រៀន។

ចំណែកក្រសួងកិច្ចការនារីវិញ ការដាក់បញ្ចូលកម្មវិធីលើកកម្ពស់ផ្នែកហិរញ្ញវត្ថុសម្រាប់ស្រ្តី និងស្រ្តីក្នុងសហគ្រិនភាពនេះ គឺក្រសួងកិច្ចការនារីនឹងបង្កើនការយល់ដឹង ស្តីពីហិរញ្ញវត្ថុដល់ស្រ្តីនៅតាមសហគមន៍ និងបណ្តាញរបស់ក្រសួងកិច្ចការនារី។ ទី២៖គឺជួយសម្របសម្រួលក្នុងការស្វែងរកមធ្យោបាយសមស្របលើកកម្ពស់ការទទួលបានឥណទាន សម្រាប់សហគ្រិនស្រ្តី ដើម្បីប្រកបមុខរបបសហគ្រាសខ្នាតតូច និងមធ្យម។ និងទី៣៖ សហការជាមួយក្រសួងអប់រំ ក្នុងការបង្កើតសហគ្រិនភាពសម្រាប់យុវតី នៅថ្នាក់បឋមសិក្សា និងមធ្យមសិក្សា។

លោកស្រី ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការក្រសួងកិច្ចការនារីថ្លែងក្នុងកម្មវិធីនេះថា ការចុះអនុស្សារណៈជាមួយធនាគារជាតិស្តីពីការផ្សព្វផ្សាយចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ស្រ្តីនេះ ជាឧបករណ៍ដ៏មានសារៈសំខាន់ រួមចំណែកឈានទៅលើកកម្ពស់សមភាពយេនឌ័រ ជាពិសេសបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី។ លោកស្រីបន្តថា ការវិនិយោគលើសកម្មភាពនេះ ក៏ជាមធ្យោបាយធ្វើឱ្យប្រសើរឡើងនូវឱកាសការងារសម្រាប់ស្រ្តី និងធ្វើឱ្យជីវភាពគ្រួសារមានភាពល្អប្រសើររួមទាំងចូលរួមកាត់បន្ថយភាពក្រីក្រ និងទទួលបានសេវាសុខភាព អាហារូបត្ថម្ភ និងការអប់រំស្រ្តី ក្មេងស្រី ជាដើម។

ចំណែកលោកស្រី ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិមានប្រសាសន៍យ៉ាងដូច្នេះថា៖«អ្វីដែលយើងបានសហការជាមួយក្រសួងអប់រំយុវជន និងកីឡាហ្នឹង គឺបញ្ជ្រាបចំណេះដឹងដល់ក្មេងៗយុ​វវ័យពីថ្នាក់ទីមួយដល់ទី១២ ព្រោះការយល់ដឹងទាំងអស់នេះ បើគាត់យល់ចាប់ពីក្មេងទៅវាអាចមានប្រសិទ្ធភាពបានល្អជាង និងយូរអង្វែរជាង។ហើយយើងក៏សហការជាមួយក្រសួងកិច្ចការនារីដោយសារយើងគិតថា បច្ចុប្បន្ននេះសហគ្រិននារីអាចមានឧបសគ្គមួយចំនួនក្នុងការទទួលបានសេវាហិរញ្ញវត្ថុ។ ដូច្នេះហើយការចុះអនុស្សារណៈយោគយល់គ្នានេះ គឺយើងនឹងចូលរួមជាមួយក្រសួងកិច្ចការនារីក្នុងការជំរុញការយល់ដឹងផ្នែកហិរញ្ញវត្ថុដល់សហគ្រិននារី ក៏ដូចជាប្រជាជន និងស្រ្តីទូទាំងប្រទេសឱ្យយល់ច្បាស់ពីការគ្រប់គ្រងផ្នែកហរិញ្ញវត្ថុនេះ​»។

                                                                           លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិ។

 

ការផ្តោតសំខាន់ចំពោះស្រ្តីបែបនេះលោកស្រី ជា សិរី ពន្យល់ថា៖«ហេតុអ្វីបានជាយើងផ្តោតសំខាន់លើស្រ្តីព្រោះការសិក្សាជាច្រើនបានបញ្ជាក់ថា ស្រ្តីបើសិនជាគាត់មានធនធាន គាត់ចាយវាយភាគច្រើនគាត់ចាយវាយទៅលើគ្រួសារ ការអប់រំរបស់កូន ចំណែកបរុសគឺការចាយវាយលើការសិក្សា សុខភិបាលរបស់គ្រួសារមានផ្នែកមួយតិចជាងស្រ្តី អីចឹង! យើងចង់ធ្វើម៉េចជំរុញឱ្យស្រ្តីមានលទ្ធភាពដល់ស្រ្តីឱ្យមានភាពរឹងមាំក្នុងការគ្រប់គ្រងសេដ្ឋកិច្ចរបស់គ្រួសារ​»។

រីឯលោក ប៊ុន មុន្នី អនុប្រធាន​សមាគមមីក្រូហិរញ្ញវត្ថុនិយាយថា ការចុះអនុស្សារណៈរវាងក្រសួងអប់រំ និងក្រសួងកិច្ចការនារី ជាមួយធនាគារជាតិនៅពេលនេះ គឺបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់ប្រជាពលរដ្ឋ ពិសេសស្ត្រីឱ្យបានយល់ដឹងពីរបៀបគ្រប់គ្រងហិរញ្ញវត្ថុក្នុងគ្រួសារបានកាន់តែល្អប្រសើរ។ លោក ប៊ុន មុន្នី បន្ថែមយ៉ាងដូច្នេះថា៖«នៅតាមមូលដ្ឋានមានគូប្រកួតប្រជែងដែលផ្តល់សេវាកម្មច្រើន គេផ្តល់ទុនឱ្យយើង យើងមិនចេះតែរត់រកមេឃុំឱ្យធានាដល់យើងនោះទេ យើងត្រូវមានគម្រោងផែនការរបស់យើងឱ្យបានត្រឹមត្រូវមុននឹងទៅខ្ចីលុយ សួរថាខ្ចីយកមកធ្វើអី ហើយខ្ចីបានមកហើយយើងត្រូវគ្រប់គ្រងវាឱ្យបានល្អដើម្បីនឹងអភិវឌ្ឍន៍ទៅតាមការព្រមព្រៀងជាមួយគ្រឺះស្ថាននោះ មិនមែនយកមកចាយវាយផ្តេសផ្តាសឱ្យអស់លុយហ្នឹងទៅ ហើយក្លាយជាបំណុលវ័ន្តកដោយលុយកម្ចីនោះទេ»។

                                                            ​​លោក ប៊ុន មុន្នី អនុប្រធានសមាគមមីក្រូហិរញ្ញវត្ថុ។

 

យោងតាមរបាយការណ៍អង្កេតចន្លោះជំរឿនសហគ្រាសកម្ពុជាឆ្នាំ២០១៤ របស់ក្រសួងផែនការបង្ហាញថា ក្នុងចំណោមសហគ្រាសសរុបចំនួនជា៥១ម៉ឺនសហគ្រាស មានសហគ្រាសប្រមាណ ៦១%ដឹកនាំដោយស្រ្តី។ ក្នុងនោះភាគច្រើនជាសហគ្រាសខ្នាតមីក្រូ តូច និងមធ្យមSME។ នៅកម្ពុជាស្រ្តីតែងតែត្រូវបានចាត់ទុកជាមនុស្សដ៏សំខាន់ក្នុងការរក្សាទុក និងគ្រប់គ្រងថវិកានៅក្នុងគ្រួសារ។ ហេតុនេះនៅពេលស្រ្តីមានចំណេះដឹងហិរញ្ញវត្ថុល្អប្រសើរ វានឹងបានជួយឱ្យតួនាទីរបស់ស្រ្តី ក្នុងការគ្រប់គ្រងថវិកានៅក្នុងគ្រួសារកាន់តែមានភាពល្អប្រសើរជាងមុន៕

Share

Image
Image
Image