en     km
en     km

ធនាគារកម្ពុជានឹងចាត់វិធានការលើក្រុមហ៊ុនមួយចំនួនដែលផ្ដល់កម្ចីខុសច្បាប់(មានសំឡេង)

Share

ភ្នំពេញ៖ ធនាគារជាតិកម្ពុជា សហការជាមួយអាជ្ញាធរពាក់ព័ន្ធ នឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះក្រុមហ៊ុនមួយចំនួន ឬបុគ្គលណាដែលផ្ដល់ប្រាក់កម្ចីខុសច្បាប់ទោះជាមានលក្ខខណ្ឌអ្វីក៏ដោយ។ នេះបើតាមការប្រកាសជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី ២៩ មិថុនា ២០១៨។

លោក រឿន ឬទិ្ធរាយការណ៍៖

តាមរយៈលិខិតប្រកាសនេះ ធនាគារជាតិកម្ពុជាបានពិនិត្យ និងតាមដានឃើញថា នាពេលបច្ចុប្បន្ននេះមានក្រុមហ៊ុនឯកជនមួយចំនួន បានផ្សព្វផ្សាយជាសាធារណៈលើបណ្ដាញសង្គម ការចែកនាមប័ណ្ណ និងការផ្ញើសារតាមទូរស័ព្ទយ៉ាងសកម្មពាក់ព័ន្ធនឹងការផ្ដល់ប្រាក់កម្ចីផ្សេងៗ។ ករណីនេះ ធនាគារជាតិនៃកម្ពុជាក៏បានបង្ហាញឈ្មោះក្រុមហ៊ុនដែលពុំមានច្បាប់អនុញ្ញាតផងដែរ ។

ក្រុមហ៊ុនទាំងនោះ មានដូចជា ក្រុមហ៊ុនឥណទាន សុចរិតភ្នំពេញ ក្រុមហ៊ុនឥណទានអន្ដរជាតិ  ក្រុមហ៊ុនឥណទានកម្ពុជា និងក្រុមហ៊ុនឥណទានភ្នំពេញ។

យ៉ាងណាមិញ ធនាគារជាតិ ក៏បានណែនាំថា រាល់កម្ចីផ្សេងៗពីក្រុមហ៊ុន និងបុគ្គលដែលមិនមានការអនុញ្ញាតនោះ អាចនឹងធ្វើឱ្យមានផលវិបាកយ៉ាងខ្លាំងចំពោះអ្នកខ្ចី។ យ៉ាងណាមិញ អ្នកខ្ចីកម្ចីទាំងនោះ អាចនឹងប្រឈមមុខទៅនឹងបំណុលវ័ណ្ឌករ ដោយសារអត្រាការប្រាក់ កម្រៃជើងសារខ្ពស់ និងការគណនាការប្រាក់ពុំត្រឹមត្រូវតាមមូលដ្ឋានច្បាប់។

អ្នកខ្ចីអាចប្រឈមនឹងការគម្រាមកំហែង គាបសង្កត់ និងគ្រោះថ្នាក់ផ្សេងៗ ក្នុងការសងប្រាក់ត្រឡប់ទៅវិញ រួមមាន បា្រក់ដើម ការប្រាក់ និងប្រាក់ពិន័យជាដើម។ ជាងនេះទៅទៀត ក្រុមហ៊ុនមួយចំនួន អាចនឹងរឹបអូសទ្រព្យដែលអ្នកខ្ចីដែលបានដាក់ធានា ដោយពុំឆ្លងកាត់ការសម្រេចពីតុលាការ។

គ្រប់រូបភាពទាំងឡាយ បញ្ជាក់ដល់ការផ្ដល់កម្ជីដែលពុំមានមូលដ្ឋានច្បាស់លាស់ ពុំមានការអនុញ្ញាតដោយច្បាប់ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។

សូមបញ្ជាក់ផងដែរថា កាលពីខែឧសភាសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា​ ហៅកាត់ថា CMA បានប្រកាសដាស់តឿន និងរំលឹកដល់សាធារណជនអំពីការផ្សព្វផ្សាយពាណិជ្ជកម្មលើហ្វេសប៊ុក ដែលសន្យាផ្ដល់ប្រាក់កម្ចីងាយៗនិងរហ័ស ជូនដល់អតិថិជន។ CMAថា គ្រឹះស្ថានហិរញ្ញវត្ថុដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ គឺជារឿងមួយដ៏គ្រោះថ្នាក់បំផុត៕

Share

Image
Image
Image