en     km
en     km

ទីប្រឹក្សាសម្ដេច ហ៊ុន សែន​ថាលោក សម រង្ស៊ី ដើរតាមនយោបាយអាមេរិក បំផ្លាញកម្ពុជាលំនាំដូចលោក កឹម សុខា

Share

ភ្នំពេញ៖ ទីប្រឹក្សាផ្ទាល់របស់សម្ដេច នាយករដ្ឋមន្ត្រីកម្ពុជាថ្លែងថា ក្រុមលោក សម រង្ស៊ី ដែលប្រកាសចូលកម្ពុជាវិញ អំពាវនាវឱ្យពលរដ្ឋ និងកងទ័ពងើបបះបោ គឺធ្វើតាមនយោបាយអាមេរិក ដូចជាករណីលោក កឹម សុខា ធ្វើនយោបាយតាមរដ្ឋបរទេរសប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលកម្ពុជា ។ មន្ត្រីក្រសួងយុត្តិធម៌ថាទោសរបស់ លោក សម រង្ស៊ី អាចនឹងទទួលការបូកបញ្ចូលគ្នាថែមទៀតផង ។  ការបញ្ជាក់បែបនេះ ធ្វើឡើងស្របពេលដែលឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំកម្ពុជាបានមកដល់កម្ពុជា ។ បើទោះបីជាមានការចោទបែបនេះ នៅពេលនេះក៏ដូចជាកន្លងមក ក៏គ្រាន់តែជាការថ្លែងការតាមពាក្យសម្ដីនៅក្នុងសន្និសីតតែប៉ុណ្ណោះ មិនទាន់មានការចោទប្រកាន់ទៅអាមេរិកជាផ្លូវការណាមួយនៅឡើយនោះទេ ។

រាយការណ៍ដោយ លោក សោម លាភ

ការបញ្ជាក់បែបនេះ របស់ លោក រស់ ចន្រ្តាបុត្រ ទីប្រឹក្សាផ្ទាល់របស់សម្ដេច​ ហ៊ុន សែន​នាយករដ្ឋមន្ត្រីកម្ពុជាធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី”ករណីប្រមាថព្រះមហាក្សត្រ” ថ្លែងនៅទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅទីស្ដីការគណៈរដ្ឋមន្ត្រី  ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល មិនអាចជាអ្នកធ្វើឱ្យមានលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានោះទេ ។

លោក ផៃ ស៊ីផានថា លោកមិនជឿទេថា ប្រជាជននឹងជឿជាក់ទៅលើលោក សម រង្ស៊ី ជាជាងសម្ដេច ហ៊ុន សែន ។

ការប្រកាសបែបនេះធ្វើឡើង  ក្រោយពេលដែលលោក សម រង្ស៊ី​ ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ ប្រកាសថានឹងវិលចូលកម្ពុជាដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។

លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ថ្លែងថា លោក សម រង្ស៊ី ដែលលោកថាជាបុគ្គលប្រព្រឹត្តបទល្មើសជាច្រើននោះ អាចនឹងត្រូវបានមន្ត្រីតុលាការកាត់ក្ដីឱ្យធ្ងន់ ឬទោសស្រូប ឬបូកទោសបញ្ចូលគ្នា ។

លោកជិន ម៉ាលីនបន្ថែមថា លោក សម រង្ស៊ី​ កាលពីមុនធ្វើនយោបាយយកពលរដ្ឋខ្មែរដែលចូលរួមបោះឆ្នោត និងគណបក្សប្រជាជនកម្ពុជាមកធ្វើជាសត្រូវ តែពេលនេះលោកធ្វើនយោបាយដោយយកប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស និងព្រះមហាក្សត្រមកធ្វើជាសត្រូវ ។

លោក សម រង្ស៊ី ជាប់ការចោទប្រកាន់ និងសេចក្ដីសម្រេចផ្ដន្ទាទោសពីតុលាការកម្ពុជាជាច្រើន តែលោកមិនត្រូវដែលបានជាប់ពន្ធនាគារម្ដងណាឡើយ ។

លោកសម រង្ស៊ីថា ការដែលតុលាការកម្ពុជាសម្រេចផ្តន្ទាទោសរូបលោកកាន់តែច្រើន ជាការធ្វើឱ្យលោក មានកិត្តិយសកាន់តែច្រើនដែរ ។ លោកថា សម្រាប់សហគមន៍អន្តរជាតិ អ្នកនយោបាយណាដែលជាប់ទោសច្រើន គឺជាការល្អ ។

លោកជិនម៉ាលីនថា មូលហេតុដែលបារាំងមិនធ្វើបត្យាប័នលោក សម រង្ស៊ី​ មកកម្ពុជា គឺដោយសារតែលោក សម រង្ស៊ី មានសញ្ជាតិបារាំង ។

លោកបន្ថែមថា លោកសម រង្ស៊ី រត់គេចខ្លួនទើបតុលាការមិនអាចចាប់លោកយកមកដាក់ពន្ធនាគារបាន ។

លោក សម រង្ស៊ី និងមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ ប្រកាសដោយកំណត់យកថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ជាថ្ងៃនៃការធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ ។

លោក ផៃ ស៊ីផាន រំលឹកម្ដងទៀតថា រាជរដ្ឋាភិបាលកម្ពុជាស្វាគមន៍លោក សម រង្ស៊ី វិលចូលកម្ពុជាវិញ ដើម្បីអនុវត្តន៍ទោស ។

ទោស និងការចោទប្រកាន់ពីតុលាការកម្ពុជា ទៅលើលោក សម រង្ស៊ី ភាគច្រើនគឺក្រោមការប្ដឹងរបស់មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា​ ពីបទបរិហា រួមទាំងការប្រមាថព្រះមហាក្សត្រ ។

ថ្មីៗនេះ លោក សម រង្ស៊ី រងបណ្ដឹងពីតុលាការកម្ពុជា ពីបទប្រមាថព្រះមហាក្សត្របន្ថែមទៀត ដោយលោកថា ព្រះមហាក្សត្រកម្ពុជាបច្ចុប្បន្ន ជាអាយ៉ង និងជាចំណាត់ខ្មាំងរបស់នាយករដ្ឋមន្ត្រីហ៊ុន សែន ។

បន្ទាប់ពីរងបណ្ដឹងមួយទៀតហើយ លោក សម រង្ស៊ី​ ក៏បានសរសេរលើទំព័រហ្វេសបុករបស់ខ្លួនបន្ថែមទៀតថា ព្រះមហាក្សត្របច្ចុប្បន្ន ខុសពីព្រះមហាក្សត្រមុនដូចមេឃ និងដី ។ ដូចជាករណីដែលលោក លើកឡើងថា ព្រះមហាក្សត្របច្ចុប្បន្ន មិនមែនជួយអន្តរាគមន៍ទៅលើពលរដ្ឋដែលរងនូវភាពអយុត្តិធម៌ជាដើម ។ ជាងនេះ ព្រះអង្គធ្វើជាអាយ៉ង ដើម្បីរាជបល័ង្គ ដោយយាងទៅបើកកិច្ចប្រជុំសភានីតិកាលទី ៦ ដែលលោកហៅថា ជាសភាមិនគ្រប់ទឹក ហើយព្រះអង្គយកសុខតែអង្គឯង ។

ក្រោយពេលដែលមានការប្រកាស់របស់មន្ត្រីនៃអតីតគណបក្សនេះ មានប្រជាពលរដ្ឋមួយចំនួន ដែលប្រកាសគាំទ្រ និងបង្ហាញជំហរថា នឹងទៅទទួលលោក សម រង្ស៊ី ។

ដោយឡែកចំពោះមន្ត្រីពាក់ព័ន្ធកម្ពុជាវិញ ក៏មានការប្រកាសថានឹងប្រឆាំងនឹងវត្តមានក្រុមលោក សម រង្ស៊ី ឱ្យខានតែបានដែរ បើទោះបីជាសកម្មភាពនៃការប្រឆាំងនោះធ្វើឡើងក្រោមរូបភាពនៃការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធក្ដី ។

យ៉ាងណា ខណៈពេលស្ថានភាពដែលលោក សម រង្ស៊ី បាននិងកំពុងតែអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីមជ្ឈដ្ឋាន និងកម្លាំងប្រដាប់អាវុធងាកមការពារប្រជាជន ដោយងើបប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា​ ហើយមានការជួបជុំរវាងអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិនៅតាមមូលដ្ឋាន សម្ដេចស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានដាក់បញ្ជាឱ្យមន្ត្រីថា្នក់ក្រោមថែរក្សាសណ្ដាប់ធ្នាប់ដោយដាក់កងកម្លាំងតាមវត្តអារាមមួយចំនួននាឱកាសបុណ្យភ្ជំបិណ្ឌនេះ ។ សម្ដេច ស ខេង បកស្រាយថា អាជ្ញាធរមិនមែនរារាំងមិនឱ្យពលរដ្ឋចេញទៅវត្តធ្វើបុណ្យនោះទេ​ តែជាការថែរក្សាសណ្ដាប់ធ្នាប់ និងសុខសុវត្តិភាព ។

មានការលើកឡើងជាការរិះគន់ថា ការដាក់កម្លាំងបែបនេះជាការបំភិតបំភ័យពលរដ្ឋក្នុងការធ្វើបុណ្យ និងជាការបំបិទនូវសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ។

លោកបណ្ឌិត មាស នី អ្នកវិភាគនយោបាយ មានសរសេរលើទំព័រហ្វេសបុករបស់ខ្លួននៅថ្ងៃទី ១៩ កញ្ញានេះក្នុងន័យដើមថា បើមិនបានធ្វើបុណ្យល្អទេ ក៏គួរនាំគ្នាចូលរួមបុណ្យភ្ជំបិណ្ឌនេះសិនទៅ ជាជាងការបន្តសាងអំពើរបាបបន្តរទៅទៀត!!

លោក មាស នីក៏បានសរសេរបន្ថែមទៀតថា  យើងមិនចង់ឃើញរដ្ឋាភិបាលបង្ហាញពីការព្រួយបារម្ភហួសពីការពិតពេកទេ! រដូវបុណ្យទានពីដើមអ្នកនយោបាយក៏ធ្លាប់ប្រកាសឈប់វាយប្រហារគ្នា បើសម័យសង្គ្រាមក៏គេអាចប្រកាសឈប់បាញ់គ្នាដែរ ចុះរដូវបុណ្យភ្ជំឆ្នាំនេះហេតអីចាំបាច់មានវិធានការ ឬបញ្ជាប្លែកៗអោយចុះតាមដានប្រជាពលរដ្ឋតាមវត្តអារាមនៅពេលបុណ្យទាន ? ? តើនេះវាជាការបង្ហាញពីភាពរឹងមាំរបស់រដ្ឋាភិបាល ឫក៏ជាកាបង្ហាញអោយឃើញនូវចំណុចខ្សោយទៅវិញទេដឹង? ពេលខ្លះយើងក៏បានសង្កេតឃើញមានមនុស្សចម្លែកៗដាក់ពង្រាយនៅតាមហាងកាហ្វេ ជាពិសេស រយៈពេលបីខែចុងក្រោយនេះ តើក្រុមនោះមកពីណា ហើយទៅធ្វើអីនៅកន្លែងទាំងនោះ ? ?

លោកបណ្ឌិតមាស នី បន្ថែមបែបចំអកថា ប្រទេសមានសន្តិភាពដូចជាមិនគួរព្រួយខ្លាំងបែបនេះទេ ។

ស្ថានភាពនយោបាយកម្ពុជា ត្រូវបានគេសង្កេតឃើញថា មានភាពតឹងតែងខ្លាំងក្រោយការបោះឆ្នោតសភានីតិកាលទី ៦ ដែលប្រព្រឹត្តទៅដោយគ្មានគណបក្សសង្គ្រោះជាតិ ចូលរួម ។ តុលាការកម្ពុជាបានរំលាយគណបក្សសង្គ្រោះជាតិ កាលពីចុងឆ្នាំ ២០១៧ ទាំងដែលមិនទាន់រកឃើញថា លោក កឹម សុខា មានទោសនៅឡើយនោះទេ ។

អ្នកវិភាគលើកឡើងថាអ្នកនយោបាយ ដល់ពេលធ្វើអ្វីដោយគិតពីប្រយោជន៍ជាតិ និងប្រជាជនហើយ ។

ការចោទប្រកាន់លោក កឹម សុខា គឺក្រោមបទសន្ទិដ្ឋិភាពជាមួយរដ្ឋបរទេស ដែលមន្ត្រីជាន់ខ្ពស់កម្ពុជាថា ឃុបឃិតជាមួយអាមេរិក ។ តែយ៉ាងណា កម្ពុជាមិនមានការចោទអាមេរិកជាផ្លូវការណាមួយនោះទេ ។

យ៉ាងណាឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជា បានមកដល់កម្ពុជាហើយ ដែលជាឯកអគ្គរដ្ឋទូតប្ដេជ្ញាថានឹងធ្វើឱ្យមានប្រជាធិបតេយ្យនៅកម្ពុជា ។

កម្ពុជាក៏មានការបិទស្ថាប័នព័ត៌មានឯករាជ្យ ចាប់អ្នកសារព័ត៌មាន និងអ្នកវិភាគជាដើម ។​ សហគមនន៍អន្តរជាតិ មានដូចជាអឺរ៉ុប និងអាមេរិកជាដើម ទាមទារឱ្យកម្ពុជាស្ដារឡើងវិញ នូវលទ្ធិប្រជាធិបតេយ្យ ដើម្បីចៀសវាងពីការដាក់ទណ្ឌកម្មផ្សេងៗ ។

កម្ពុជាប្រកាន់ជំហរដដែលថា កម្ពុជាជារដ្ឋឯករាជ្យ ដោយមិនអនុញ្ញាតឱ្យរដ្ឋណាមួយជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងបានឡើយ ៕

Share

Image
Image
Image