en     km
en     km

ទិវាពលកម្មអន្តរជាតិខួប១ឧសភា៖“យើងត្រូវការសិទ្ធិ និងលក្ខខណ្ឌការងារសមរម្យ”(មានសំឡេង)

Share

ភ្នំពេញ ៖ កម្មករប្រមាណជាង ៥០០ នាក់បានជួបជុំគ្នានៅក្បែរស្ថានទូតរុស្សី នាថ្ងៃចន្ទ ទី០១ ឧសភាក្នុងខួប ១៣១ ទិវា ពល កម្មអន្តរជាតិ ក្នុងគោលបំណងយកញត្តិទៅដាក់នៅរដ្ឋសភា ដើម្បីទាមទារសិទ្ធិសេរីភាព និងដើម្បីឱ្យរដ្ឋាភិបាល យល់អំពីអ្វីដែលជាបញ្ហា និងសម្តែងក្តីកង្វល់របស់ខ្លួន ប៉ុន្តែការប្រមូលផ្តុំនេះត្រូវបានរារាំងដោយអាជ្ញាធរ។

កញ្ញា រ៉ាវីសុភារ័ត្ន ជូនសេចក្ដីរាយការណ៍៖

កម្មករ កម្មារិនី រោងចក្រ ដង្វែរក្បួនទិវាពលកម្មអន្តរជាតិលើទី ១៣១ ទៅរដ្ឋសភាជាតិ នៅថ្ងៃទី ១ ឧសភា ឆ្នំា ២០១៧
កម្មករ កម្មារិនី រោងចក្រ ដង្វែរក្បួនទិវាពលកម្មអន្តរជាតិលើទី ១៣១ ទៅរដ្ឋសភាជាតិ នៅថ្ងៃទី ១ ឧសភា ឆ្នំា ២០១៧

ទោះជាស្ថិតស្ថានភាព ប្រឈមមុខជាមួយសមត្ថកិច្ចដែលរារាំងការហែរក្បួន  យ៉ាងណា តែក្រុមកម្មករនៅតែបន្តស្រែកដាក់ ឧបឃោសនស័ព្ទទាមទារឱ្យគោរពលក្ខខណ្ឌការងារ និង សិទ្ធិរបស់កម្មករ ដែលមានចែងក្នុងច្បាប់ជាតិ និងអន្តរជាតិ ។

ទោះបីអាជ្ញាធររាំងយ៉ាងនេះក្ដី តែជំហររបស់កម្មករនឹងមេដឹកនាំសហជីព នៅតែមានៈចង់បានញ្ញតិ្តដែល ពួកគេទាមទារឱ្យ បានដល់ ដៃអ្នកតំណាងរាស្ត្រ។ ទាំងស្ត្រី និងបុរស ភាគច្រើនពួកគេមកពីសហជីពនៃសហភាពការងារកម្ពុជា ដែលដឹកនាំ ដោយលោក អាត់ ធន់។

ឈរក្បែរបដាដែលលើកឡើងថា “យើងត្រូវការសិទ្ធិ និងលក្ខខណ្ឌការងារសមរម្យ” តំណាងសហជីព លោក អាត់ ធន់ ប្រធានសហជីពបានលើកឡើងថា ការរារាំងរបស់អាជ្ញាធរគឺគ្រប់គ្រងទៅលើសិទ្ធិជាមូលដ្ឋានរបស់កម្មករ។

លោក អាត់ ធន់ ប្រធានសហជីពបាន ។
លោក អាត់ ធន់ ប្រធានសហជីពបាន ។

លោក អាត់ ធន់ ថា៖ “វាជាការប៉ះពាល់មួយដែលសាលាក្រុង សាលារាជធានីភ្នំពេញតែងតែយកវិធីសាស្រ្ត ឬក៏ការគ្រប់គ្រង របស់ខ្លួនឯងមកគ្រប់គ្រងលើសិទ្ធិជាមូលដ្ឋាន ឬក៏បញ្ហាសណ្តាប់ធ្នាប់សាធារណៈដែលបង្កឱ្យមានឧបសគ្គច្រើន”។

លោកបន្តថា ការជួបជុំគ្នានេះធ្វើឡើងក្នុងគោលបំណងដើម្បីដាក់ញត្តិទៅសភា និងដាក់ញត្តិទៅរដ្ឋាភិបាលអំពីអ្វីដែលជា បញ្ហារបស់កម្មករ។

ទាក់ទងទៅនឹងការចោទប្រកាន់ថាការជួបជុំនេះអាចប៉ះពាល់ដល់សន្តិសុខជាតិ តំណាងសហជីពរូបនេះលើកឡើងថា ៖ “ខ្ញុំគិតថា ដូចមិនមានមូលហេតុអ្វី ដែលសូម្បីតែប៉ះពាល់ដល់ចរាចរណ៍ក៏អត់មាន បើបណ្តោយឱ្យយើងទៅធ្វើនៅមុខរដ្ឋ សភា ហើយទាក់ទងនឹងសន្តិសុខជាតិមិនអាចប៉ះពាល់បានទេ ត្រឹមតែការមកជួបជុំគ្នាដោយមានតំណាងច្បាស់លាស់ លើកលែងតែក្រុមអាណាធិបតេយ្យ”។

កម្មករ កម្មារិនី រោងចក្រ ដង្វែរក្បួនទិវាពលកម្មអន្តរជាតិលើទី ១៣១ ទៅរដ្ឋសភាជាតិ នៅថ្ងៃទី ១ ឧសភា ឆ្នំា ២០១៧។
កម្មករ កម្មារិនី រោងចក្រ ដង្វែរក្បួនទិវាពលកម្មអន្តរជាតិលើទី ១៣១ ទៅរដ្ឋសភាជាតិ នៅថ្ងៃទី ១ ឧសភា ឆ្នំា ២០១៧។

ក្បាលមានជូតក្រណាត់ក្រហម ដែលសរសេរថា “សិទ្ធិយើង”  កម្មការីនីរោងចក្រម្នាក់បានរៀបរាប់ថា ការរារាំងរបស់អាជ្ញាធរ ចំពោះការជួបជុំរបស់កម្មករនេះគឺជាការរារាំង មិនអនុញ្ញាតិឱ្យពលរដ្ឋប្រើប្រាស់សិទ្ធិរបស់ខ្លួន ម្យ៉ាងក៏មិនមានអ្វីចំណេញដល់ មុខមាត់របស់អាជ្ញាធរនោះទេ ជាពិសេសអំឡុងពេលជិតដល់ការបោះឆ្នោតឃុំសង្កាត់ផងដែរនោះ។

កម្មការីនីរូបនេះថា៖ “អ្វីដែលយើងធ្វើគឺឆ្លើយតបទៅនឹងទិវាពលកម្មអន្តរជាតិ ទូទាំងពិភពលោកគេប្រារព្ធ តែចម្លែកអីតែស្រុកខ្មែរគឺមិនអនុញ្ញាតិឱ្យប្រារព្ធ ហើយមិនអនុញ្ញាតិឱ្យជួបជុំទៀត” នាងបន្តថា “យើងធ្វើនេះឱ្យប្រជាពលរដ្ឋយល់ថាទិវាពលកម្មអន្តរជាតិហ្នឹងទូទាំងពិភពលោកគេចង់បាន ហើយអ្វីដែលយើងធ្វើនេះផ្តោតលើប្រធានបទនិយាយអំពី មានសិទ្ធិ មានជីវភាពខ្ពស់រស់សមរម្យ”។

ត្អូញត្អែរពីបញ្ហាសិទ្ធិសេរីភាពខ្លួន កម្មការីនីម្នាក់សុំមិនបញ្ចេញឈ្មោះម្នាក់បានប្រាប់វិទ្យុស្ត្រីថា៖ “ថ្ងៃនេះ ខ្ញុំមកទាមទារសិទ្ធិសេរីភាពរបស់ខ្ញុំ ដោយសារកន្លងមកយើងឃើញស្រាប់ហើយ នៅពេលដែលយើងធ្វើអីមួយគឺគេបិទសិទ្ធិសេរីភាពរបស់យើង អត់ឱ្យយើងធ្វើអីទេ។ សូម្បីឥលូវពាក់ព័ន្ធដល់រោងចក្រខ្ញុំអញ្ចឹងដែរ ថៅកែរត់ចោលហើយមិនមានអ្នកណាដោះស្រាយឱ្យទេ។ ពេលកម្មករតវ៉ាគឺប្រើកម្លាំងធ្វើបាបកម្មករ អត់មានដោះស្រាយអ្វីឱ្យកម្មករទេ”។

សមត្ថកិច្ចរារាំងបិទបរិវេនមុខរដ្ឋសភា។
សមត្ថកិច្ចរារាំងបិទបរិវេនមុខរដ្ឋសភា។

មិនខុសគ្នា កម្មករម្នាក់ទៀតនិយាយថា៖ “ខ្ញុំមកនេះដើម្បីទាមទារ ឬក៏ជូនដំណឹងដល់រដ្ឋាភិបាល និងសភាឱ្យជួយដល់កម្មករផងដែលកន្លងមករោងចក្របិទ ពេលដែលថៅកែរត់ចោល ហើយដំណោះស្រាយមានតែលក់ឥវ៉ាន់នឹងចែកគ្នា ចំណែកឯស្ថាប័នផ្សេងៗ គេយករួចខ្លួន ឬក៏រួមគ្នាធ្វើបាបកម្មករដែលមានផ្តល់ប្រយោជន៍ឱ្យកម្មករតាមផ្លូវច្បាប់។ ខ្ញុំស្នើរសុំឱ្យរដ្ឋា ភិបាលជួយពង្រឹងច្បាប់ និងជួយដល់កម្មករខ្មែរផង”។

បុរសម្នាក់ដែលអះអាងថាជាអាជ្ញាធរដែនដី បាននិយាយក្នុងព្រឹត្តិការណ៍នេះនៅចំពោះមុខលោកអាត់ធន់ ជាអ្នកដឹកនាំក្បួនសហជិពថា នៅពេលដែលមានបញ្ហា កម្មករទាំងអស់មិនមែនជាអ្នកទទួលខុសត្រូវទេគឺ អាជ្ញាធរទេដែលជាអ្នកទទួលខុសត្រូវ។

លោកនិយាយទៅកាន់កម្មករថា៖ “ប្អូនឯងធ្វើ ប្អូនធានាទេថាគ្មានបញ្ហា អញ្ចឹងទេ គ្រប់ការងារទាំងអស់ ប្អូនត្រូវមានច្បាប់ឱ្យបានច្បាស់លាស់ នៅពេលដែលមានច្បាប់ហើយ អាជ្ញាធរយើងខ្ញុំនឹងគោរពច្បាប់ និងការណែនាំរបស់សាលារាជធានីភ្នំពេញគ្រប់ពេល”។

ប៉ុន្មានម៉ោងបន្ទាប់ពីមានការរារាំងមិនឱ្យមានការជួបជុំនៅមុខរដ្ឋសភា តំណាងកម្មករក៏បានអនុញ្ញាតិឱ្យយកញត្តិដាក់នៅសភា ដោយមានតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាគឺលោកស្រី ឡោ ខេង បានចេញមកទទួលញត្តិនេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ ម្សិលមិញក៏មានកម្មករសំណង់ជាច្រើនរយនាក់បានមកជួបជុំគ្នាលើកបដានៅមុខរដ្ឋសភា ដើម្បីដាក់ញត្តិស្នើសុំអត្ថប្រយោជន៍ចំនួន ៥ចំណុចពីរដ្ឋសភា ក៏ដូចជារដ្ឋាភិបាលផងដែរ។

ប្រាក់ឈ្នួលអប្បបរមារបស់កម្មករកាត់ដេរសម្លៀកបំពាក់និងស្បែកជើងសម្រាប់ឆ្នាំ២០១៧ ត្រូវបានតម្លើងដល់ ១៥៣ ដុល្លារអាមេរិកក្នុងមួយខែ លើប្រាក់ឈ្នួលអប្បបរមាចំនួន១៤០ដុល្លារក្នុងឆ្នាំ២០១៦។ តែជារឿយ កម្មករ ដែលបានតវ៉ា ច្រើនតែត្រូវបានបង្រ្គាប ។ កាលពីថ្ងៃទី៤មករាឆ្នាំ២០១៤ កម្មករយ៉ាងតិច ៥នាក់ស្លាប់ និង ជាង២០នាក់រងរបួសនៅផ្លូវវែងស្រែង  ករណីកម្មករតវ៉ាសុំតំឡើងប្រាក់ឈ្នួលសមរម្យ ១៦០ ដុល្លារ៕

 

Share

Image
Image
Image