en     km
en     km

ទស្សនៈ​វិភាគ​៖​នគរ​ក្រុង​លង្កា​រលាយ​ព្រោះ​អំនួត​មហា​យក្ស​ទស​ក័​ណ្ឌ​

Share

ភ្នំពេញ៖​ ​ជា​រឿង​អក្សរ​សិ​ល្បិ៍​បុរាណ​មួយ​មែន​ ប៉ុន្តែ​រឿង​ភាគ​ឥណ្ឌា​នេះ​ ក៏​ខ្មែរ​មាន​ដែរ​គឺ​រឿង​ រាមកេរ្តិ៍​។​ រឿង​នេះ​ បើ​អស់លោក​បាន​ទស្សនា​គឺ​ជក់ចិត្ត​យ៉ាង​ខ្លាំង​ ព្រោះ​ការ​វាយប្រហារ​គ្នា​ រវាងនគរ​ក្រុង​លង្កា​និង​ ក្រុង​រាម​ មាន​ប្រើ​ដោយ​វេទមន្ត​យ៉ាង​អស្ចារ្យ​។​ តែ​អ្នក​ផ្ដើម​ឱ្យ​មាន​សង្គ្រាម​គឺ​ ទស​ក័​ណ្ឌ​ ដោយ​មហា​យ​ក្ស នេះ​ ចាប់នាង​សិ​តា​ធ្វើ​ជា​ប្រពន្ធ​បើ​ទោះជា​នាង​ជា​ភរិយា​របស់ព្រះ​រាម​ក៏​ដោយ។​ ក្រៅពី​នេះ​ ទស​ក័​ណ្ឌ​អួត​ក្អេងក្អាង​ មិន​ស្ដាប់​ទីប្រឹក្សា​ ឬ​ អ្នក​ជិតខាង​ ឬ​ពលរដ្ឋ​ខ្លួន​ឡើយ​ដោយ​ យក​នគរ​ក្រុង​លង្កា​ជា​ថ្នូរ​នៃ​ការ​ធ្វើសង្គ្រាម​ជាមួយ​ក្រុង​រាម​។​ ភាព​អំនួតគ្មាន​គ្រូអាចារ្យ​ណា​ប្រដៅ​បាន​នេះ​ នគរ​ក្រុង​លង្កា​ រលាយ​ដោយសារ​កម្លាំង​សាម​គី្គ​គ្នា​របស់ព្រះ​រាម​។​

​នេះ​ជា​ បទ​ពិសោធន៍​មួយ​ របស់​អ្នកមាន​អំនួត​ ដែល​មិន​ឱ្យ​តម្លៃ​អ្នក​ដទៃ​។​ បើ​នឹកគិត​រឿង​ បុរាណ​របស់​ ខ្សែភាពយន្ត​ភាគ​ឥណ្ឌា​នេះ​ គឺ​គេ​ក៏​អាច​គិត​ថា​ នា​ពេល​បច្ចុប្បន្ន​នេះ​ ក៏​មានមេដឹកនាំ​ប្រទេស​ខ្លះ​មាន​ចរិត​ដូច​ ទស​ក័​ណ្ឌ​ដែរ​ ហើយនាំ​ឱ្យ​ខ្លួន​រលាយ​ ជាតិ​វិនាស​ ហិច​ហោច​។​

សូម​ស្ដាប់​ លោក​ រស់ ​គង់​ បរិយាយ​អក្សរ​សិ​ល្បិ៍​បុរាណ​មួយ​នេះ​ដោយ​ ភ្ជាប់​ តថភាព​ សង្គម​ ដូច​តទៅ​៖

tos-sakan

ថ្ងៃនេះ​យើង​លើកយក​អក្សរ​សិ​ល្បិ៍​បុរាណ​មួយ​មក​ធ្វើការ​ឆ្លុះ​បញ្ចាំង​ទៅ​នឹង​តថភាព​សង្គម​របស់​មនុស្ស​ លោក​នា​ពេល​បច្ចុប្បន្ន​។​ រឿង​រាមកេរ្តិ៍​ខ្មែរ​ ត្រូវ​បាន​និពន្ធ​ឡើង​តាម​លំនាំ​រឿង​រាមាយណៈ​ របស់​ឥសី​ក្លិង្គ​ម្នាក់​ឈ្មោះ​ វាល្មីកិ​ នៅ​ប្រទេស​ឥណ្ឌា​ ដែល​បាន​ហូរ​ចូល​មក​អតីត​អាណាចក្រ​ខ្មែរ​ គឺ​សម័យ​នគរ​ភ្នំ​ព្រម​ជាមួយ​ព្រហ្មញ្ញសាសនា​។

វត្តមាន​របស់​រឿង​រាមកេរ្តិ៍​នា​សម័យ​នោះ​ អាច​បញ្ជាក់​បាន​តាម​រូប​បដិ មា​ជា​ច្រើន​ ជា​ពិសេស​រូប​ហនុមាន​ ដែល​ឆ្លាក់​លើ​សន្លឹក​មាស​ និង​បន្តោង​ធ្វើ​អំពី​កែវ​ ឬ​ ថ្ម​ ដែល​បុរាណ​វិទូ​បាន​រក​ឃើញ​នៅ​ស្ថានីយ​ប្រវត្តិសាស្ត្រ​ដំបូង​របស់​ខ្មែរ​ គឺ​អង្គរបុរី​នៅ​ខេត្តតាកែវ​។​ បន្ទាប់​មក​ រឿង​បែប​ទេវ​កថា​នេះ​ត្រូវ​បាន​ឆ្លាក់​នៅ​តាម​ផ្ដែរ​ ថែវ​ឬ​ជញ្ជាំង​ប្រាស​ទ​ សាស្ត្រា​ស្លឹក​រិ​ទ្ធ​ជាដើម​។​ រឿង​រាមកេរ្តិ៍​មាន​ឥទ្ធិពល​ក្នុង​សង្គម​ខ្មែរ​យ៉ាង​ខ្លាំងក្លា​បំផុត​រហូត​ដល់​សព្វថ្ងៃ​ ជា​ពិសេស​ អក្សរ​សិ​ល្បិ៍​ វិស័យ​សិល្បៈ​ស្ទើរ​គ្រប់​ទម្រង់​ដូច​ជា​ កំណាព្យ​ ចម្រៀង​ គំនូរ​ ចម្លាក់​ របាំ​ ល្ខោន​ជាដើម​  និង​ទំនៀមទម្លាប់​។​ ខ្ញុំ​សូម​សង្ខេប​ប្រវត្តិ​មួយអន្លើ​ត្រឹម​ប៉ុណ្ណេះ​ និង​សូម​រំលេច​តួអង្គ​សំខាន់​មួយ​ គឺ​ព្រះបាទ​ទស​ក័​ណ្ឌ​។​ ទស​ក័​ណ្ឌ​មាន​នាម​ផ្សេង​ទៀត​ គឺ​ក្រុង​រាពណ៍​ ឬ​ក្រុង​ទសមុខ​។​ មានការ​សិក្សា​ជា​ច្រើន​បង្ហាញ​ថា​ ក្រុង​លង្កា​បាន​រលំរលាយ​ក្លាយជា​ផេះ​ផង់​ ដោយសារ​តែ​សង្គ្រាម​ដណ្ដើម​ស្រី​ រវាង​ព្រះ​រាម​ និង​ទស​ក័​ណ្ឌ​។​ ព្រះ​នាង​សិ​តា​ ជា​តួអង្គ​ដើមចម​ទំនាស់​ធំ​នេះ​ បន្ទាប់​ពី​នាង​យក្ខ​សូប​នខា​ ជា​ប្អូន​ទស​ក័​ណ្ឌ​ញុះញង់​ អុចអាល​ឲ្យ​ទស​ក័​ណ្ឌ​ចាប់​នាង​សិ​តា​មក​ធ្វើ​ជា​មហេសី​បន្ថែម​ និង​ដើម្បី​ជា​ការ​សងសឹក​នឹង​ព្រះ​រាម​ ព្រះ​លក្សណ៍​ ដែល​មិន​ព្រម​ស្រឡាញ់​នាង​ ហើយ​ចាប់​កោរសក់​ និង​កាត់​ដៃ​នាង​។​ ធាតុ​ពិត​នៅ​ពីក្រោយ​សង្គ្រាម​ដោយសារ​ស្រី​នេះ​ គឺជា​បុគ្គលិកលក្ខណៈ​របស់​ទស​ក័​ណ្ឌ​ផ្ទាល់​តែ​ម្ដង​ គឺ​ទស​ក័​ណ្ឌ​ជា​បុគ្គល​ល្មោភកាម​ ក្អេងក្អាង​ អំនួត​លើ​សមត្ថភាព​ខ្លួនឯង​ហួសប្រមាណ​។​

​ដើម្បី​ជា​សក្ខីភាព​ ខ្ញុំ​សូម​រំលេច​នូវ​ចំណុច​មួយ​ចំនួន​ ជា​តឹកតាង​ការពារ​អំណះអំណាង​ខាងលើ​នេះ​៖

១.​ កុ​វេរ​ ជា​អាទិទេព​នៃ​ទ្រព្យសម្បត្តិ​ ត្រូវជា​បង​ទស​ក័​ណ្ឌ​ មាន​ឪពុក​តែ​មួយ​ម្តាយ​ទីទៃ​។​ ច្រណែន​នឹង​កុ​វេរ​ ទស​ក័​ណ្ឌ​ ក៏​ទៅ​វាយ​ដណ្តើម​ទ្រព្យសម្បត្តិ​របស់​កុ​វេរ​យក​ទ្រព្យសម្បត្តិ​ដ៏​មហាសាល​ ដណ្តើម​យក​បុ​ស្ប​កា​វិមាន​ ដែល​កុ​វេរ​ទទួល​បាន​ពី​ព្រះព្រហ្ម​។​

២.​ ទស​ក័​ណ្ឌ​ ហ៊ាន​ជិះ​លើ​បុ​ស្ប​កា​វិមាន​ហោះ​កាត់​ភ្នំ​ក្រៃ​លាស​ជា​លំនៅ​ព្រះ​សិវៈ​ ដោយ​មិន​ក្រែង​សោះឡើយ​។​ ទីបំផុត​ព្រះ​សិវៈ​បាន​ផ្ចាញ់​ ដោយ​ប្រើ​ត្រឹម​ម្រាម​មេជើង​មួយ​ប៉ុណ្ណោះ​ ឲ្យ​ទស​កណ្ឌ​ស្រែក យំ​និង​ជាប់​ក្រោម​ភ្នំ​ក្រៃ​លាស​១០០០​ឆ្នាំ​។​ ចំណុច​នេះ​មាន​ចម្លាក់​នៅ​ហោជាង​នៃ​ប្រាសាទ បន្ទាយស្រី​ មាននៅ​លើ​ផ្តែរ​នៃ​ប្រាសាទ​មួយ​ស្ថិត​ក្នុង​រចនាប័ទ្ម​បាពួន​ឯ​ខេត្តបាត់ដំបង​ និង​នៅ​លើ​មណ្ឌប​ខាងលិច​ឈៀង​ខាងត្បូង​នៃ​ប្រាសាទ​អង្គរ​។​

៣.​ ទេវ​កថា​នេះ​ អ្នកនិពន្ធ​បាន​ពណ៌នា​ពី​សម្រស់​ដ៏​ល្អ​ឯក​របស់​ព្រះ​នាង​សិ​តា​។​ ទស​ក័​ណ្ឌ​បាន​ទៅ​ចាប់​ព្រះ​នាង​សិ​តា​ ស្ត្រី​បរទេស​ជា​មហេសី​ព្រះ​រាម​ដោយ​ផ្ទាល់​ បំណង​យក​មក​ធ្វើ​ជា​មហេសី​បន្ថែម​ និង​ជា​ការ​សងសឹក​នឹង​ព្រះ​រាម​ ដោយ​គ្មាន​ខ្លាចក្រែង​សូ​ម្បី​បន្តិច​ ហើយ​ថែម​ទាំង​កៀកកើយ​ព្រះ​នាង​សិ​តា​បញ្ឈឺ​ព្រះ​រាម​ទៀត​ផង​។​ ក្នុង​អរិភាព​នេះ​ ទស​ក័​ណ្ឌ​អាង​ម​ហិ​ទ្ធិ​រិ​ទ្ធ​របស់​ខ្លួន​ខ្លាំងក្លា​ អាង​ខ្លួន​មាន​ក្បាល​ដល់​ទៅ​ដប់​ អាង​មានកូន​មាន​ប្អូន​ជា​មេ​ព័​ទ​ខ្លាំងពូកែ​ អាង​ទ័ព​ស្ម័គ្រស្មោះ​ក្លាហាន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ រហូត​លែង​ស្ដាប់​ទីប្រឹក្សា​ មិន​ខ្វល់​ពី​យោបល់​ផ្សេង​ទៀត​ មិន​ខ្វល់​ពី​សុខទុក្ខ​រាស្ត្រ​នៅ​ក្រុង​លង្កា​។​ ជាក់ស្ដែង​!​ទស​ក័​ណ្ឌ​បាន​ វាយ​ក្បាល​ពិភេក​ជា​ប្អូន​នឹង​ស្បែកជើង​ ហើយ​បណ្ដេញ​ចេញពី​នគរ​ ក្រោយ​ពេល​ពិភេក​ហោរា​កំពូល​របស់​ខ្លួន​ ទស្សន៍​ទាយ​ពី​ជោគវាសនា​ក្រុង​លង្កា​ថា​មិនល្អ​ ហើយ​ទូល​ទៅ​ទស​ក័​ណ្ឌ​សុំ​ប្រគល់​ព្រះ​នាង​សិ​តា​ឲ្យ​ព្រះ​រាម​វិញ​ ដើម្បី​គេច​ផុត​ពី​ការ​អន្តរាយ​នគរ​។​  រីឯ​នាង​ម​ណ្ឌោ​ល​គី​រី​ ក៏​មាន​សុភ​វិនិច្ឆ័យ​រំឭក​ស្វាមី​ ពុំគួរ​ធ្វើ​ទណ្ឌកម្ម​ពិ​ភេ​គ​បែប​នេះ​  ហើយ​ក៏​ពុំគួរ​លួច​យក​ព្រះ​នាង​សិ​តា​ដែរ​ ។​ ទស​ក័​ណ្ឌ​ខឹង​ក្រេវក្រោធ​ ជេរប្រទេច​មហេសី​ថា​ ទៅ​ធ្វើ​ប្រពន្ធ​ពិ​ភេ​គ​ទៅ​ទើប​សម​ ។​ ដោយឡែក​ កុម្ភ​ការណ៍​ ជា​ប្អូន​ក៏​និយាយ​រំឭក​បង​អំពី​រឿងហេតុ​ដែល​បណ្ដាល​មក​ពី​នាង​សុបន​ខា​ទៅ​ចង់​ប្រុស​ខុស​ក្រឹត្យក្រម​ ហើយ​ទស​ក័​ណ្ឌ​ទៀត​សោត​ក៏​ខុស​ ដោយ​ល្មោភ​នឹង​តណ្ហា​ លួច​យក​នាង​សិ​តា​។​ ទស​ក័​ណ្ឌ​ ខឹង​និង​ចោទ​កុម្ភ​ការណ៍​ថា​កំសាក​ ខ្លាច​សង្គ្រាម​ជាមួយ​សត្វ​ស្វា​គឺ​ក្រុម​ហនុមាន​។

er

​​ជា​លទ្ធផល​ ភាព​អំនួត​ក្អេងក្អាង​ ក្រអឺតក្រទម​គិត​ថា​គ្មាន​នរណា​ស្មើ​ខ្លួន​ អស្មិមានះ​ អាត្មា​និយម​ អត្ត​នោ​ម័ត​ផ្ដាច់​ការ​ អំពើ​ល្មោភកាម​ របស់​ទស​ក័​ណ្ឌ​ គឺ​បណ្ដាល​ឲ្យ​កើតសង្គ្រាម​បំផ្លាញ​ខ្លួនឯង​។​ ទោះបី​ទស​ក័​ណ្ឌ​មាន​ក្បាល​១០​ក៏​ស្លាប់​មិន​គ្រប់​ ស្លាប់​ទាំង​ពូជ​ អន្តរាយ​ប្រជាជាតិ​ ក្រុង​លង្កា​វិនាស​ហិនហោច​ស្ទើរ​គ្មាន​សល់​។

​តើ​អក្សរ​សិ​ល្បិ៍​បុរាណ​មួយ​នេះ​ ឆ្លុះ​បញ្ចាំង​នឹង​បញ្ហា​របស់​អ្នកដឹកនាំ​បច្ចុប្បន្ន​ដែរ​ឬទេ​?​

​​ក្នុង​ដំណើររឿង​ទេវ​កថា​មួយ​នេះ​ ទោះបី​មាន​អាយុកាល​ជាង​ពីរ​ពាន់​ឆ្នាំ​ហើយ​ក្ដី​ ប៉ុន្តែ​នៅ​តែ​មាន​តម្លៃ​អប់រំ​ដល់​អ្នកដឹកនាំ​ទាំងឡាយ​រហូត​ដល់​បច្ចុប្បន្ន​។​ យើង​អាច​ក្រឡេក​មើល​មេដឹកនាំ​កំពូលៗ​មួយ​ចំនួន​ក្នុង​ពិភពលោក​ គឺ​ពិតជា​ទទួល​នូវ​ក្ដី​អន្តរាយ​យ៉ាង​ប្រាកដ​ ពេល​ដែល​ពួក​គេ​ងប់​នឹង​អំនួត​ ងប់​នឹង​អំណាច​ផ្ដាច់​ការ​ ដូច​ជា​ លោក​ សា​ដាម​ហ៊ូ​សេន​ មេដឹកនាំ​នៅ​ប្រទេស​អ៊ី​រ៉ា​ក់​ និង​ លោក​ មូ​អា​ម៉ា​ ហ្កា​ដា​ហ្វ៊ី​ មេដឹកនាំ​នៅ​ប្រទេស​លី​ប៊ី​ ត្រូវ​បាន​សម្លាប់​ និង​ថ្មីៗ​នេះ​មាន​ លោក​ យ៉ា​ស់​យ៉ា​ ចា​ម៉ែ​ស​ មេដឹកនាំ​នៃ​ប្រទេស​ហ្គាំ​ប៊ី​ ត្រូវ​បង្ខំចិត្ត​ចុះ​ចេញពី​តំណែង​ជា​ប្រធានាធិបតី​ គេចខ្លួន​យក​ព្រះ​អាយូស​។​ មេដឹកនាំ​កំពូលៗ​ ដែល​ជួប​ក្ដី​អន្តរាយ​ទាំងនេះ​ យើង​អាច​មើលឃើញ​ថា​ ពួក​គាត់​ងប់​ នឹង​អំណាច​។​ ភាព​ងប់​ង​ល់​នឹង​អំណាច​ អំនួត​ក្អេងក្អាង​ ចង់​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត​មិន​គិត​តម្លៃ​មនុស្សជាតិ​ គឺ​ដោយសារ​គេ​មាន​ចំណុចខ្លាំង​ក្នុង​ដៃ​ ដូច​ជា​ប្រមូលផ្ដុំ​អំណាចច្បាប់​ឲ្យ​ស្ថិត​លើ​បបូរមាត់​ខ្លួន​ ក្របួច​តុលាការ​ឲ្យ​នៅ​ក្នុង​ដៃ​ ច្នៃ​ទ័ព​ឲ្យ​ស្ដាប់​បញ្ជា​ ពិសេស​មាន​អង្គរក្ស​ផ្ទាល់ខ្លួន​សន្ធឹកសន្ធាប់​ និង​ច្បាម​សេដ្ឋកិច្ច​យ៉ាង​ណែន​ទៀត​ផង​។​ មនុស្ស​មាន​បេះដូង​ យូរ​ទៅ​មនុស្ស​ក្បែរ​ខ្លួន​ក៏​គេ​ធុញទ្រាន់​ ទ្រ​លាន់​នឹង​ អំនួត​អំណាច​ផ្ដាច់​ការ​នេះ​ដែរ​។​ មនុស្ស​ស្រឡាញ់​កាន់តែ​តិច​ មនុស្ស​ស្អប់​កាន់តែ​ច្រើន​ នោះ​ថ្ងៃ​បរាជ័យ​ ក្ដី​អន្តរាយ​នឹង​ដើរមក​ដល់​។​ ទោះបី​មិន​ដូច​ក្រុង​លង្កា​របស់​ទស​ក័​ណ្ឌ​ ប៉ុន្តែ​ភាព​អំនួត​គ្មាន​អ្នក​ស្មើ​នេះ​ នាំ​ឲ្យ​ក្រុម​គ្រួសារ​ បក្សពួក​របស់​គេ​ជួប​ក្ដី​វិនាស​។​ ផ្ទុយ​ទៅ​វិញ​មេដឹកនាំ​ អ្នកនយោបាយ​ បើ​ចង់បាន​កិត្តិយស​ថ្លៃថ្នូរ​ ប្រទេស​រីក​ចម្រើន​ ប្រជារាស្ត្រ​សុខសាន្ត​ ល្គឹក​ណា​ខ្លួន​មិន​គួរ​បណ្ដោយ​ឲ្យ​មេរោគ​អំនួត​ចូល​សណ្ឋិត​ក្នុង​ខ្លួន​បាន​នោះ​ទេ​ ពោល​គឺ​ គប្បី​បើក​បេះដូង​ ថ្លឹងថ្លែង​ការ​ផ្ដល់​យោបល់​ គិត​ប្រយោជន៍​រួម​ជា​ធំ​ កុំ​យល់​ថា​មតិ​ទាំងឡាយ​ផ្ទុយ​ពី​ខ្លួន​សុទ្ធតែ​ខុស​ រឹតតែ​មិន​ត្រូវ​លាប​ពណ៌​ ចោទប្រកាន់​ ដើម្បី​បំបិទមាត់​ ឬ​ធ្វើទុក្ខ បុកម្នេញ​ដោយ​ទុច្ចរិត​ចំពោះ​ដៃគូ​ប្រកួតប្រជែង​ ឬ​អ្នក​ផ្ដល់​យោបល់​ទាំងនេះ​។​ កុំ​អួតអាង​ដូច​ទស​ក័​ណ្ឌ​ ត្បិត​មានកូន​ មាន​បងប្អូន​ សាច់ញាតិ​ជា​មេទ័ព​ខ្លាំងពូកែ​ ទុក​អ្នក​ផ្សេង​ជា​កំទេច​សំរាម​។​ បើ​មិន​ដូច្នេះ​ទេ​ មេរៀន​នៃ​រឿង​ទេវ​កថា​ អំនួត​ទស​ក័​ណ្ឌ​ធ្វើ​ឲ្យ​រលាយ​ក្រុង​លង្កា​បុរាណ​ នឹង​ក្លាយជា​បណ្ដាសារ​កើត​មាន​ក្នុង​សម័យ​ទំនើប​នេះ​ជា​មិន​ខាន​ឡើយ​៕

Share

Image
Image
Image