នៅពេលដែលនិយាយដល់ឈ្មោះរំដួលលិចទឹក គេស្ទើរតែមិនចាំបាច់ព័ណ៌នាអំពីរូបរាងនោះទេ ព្រោះថាអ្នកណាក៏ស្គាល់ដែរ ពីមនុស្សម្នាក់ដែលចូលចិត្តតែងខ្លួនប្លែកៗជាមួយវត្ថុផ្សេងៗ ដែលធ្វើឱ្យខ្លួនកាន់តែល្បីរន្ទឺ រហូតដល់បរទេសក៏ស្ងើចសរសើរផងដែរ។
រំដួលលិចទឹកគឺជាតារាហ្វេសប៊ុកជំនាន់ថ្មី ដែលល្បីឈ្មោះមិនចាញ់តារាល្បីនៅក្នុងស្រុកខ្មែរ ប៉ុន្តែទម្រាំល្បីដល់ថ្ងៃនេះ រំដួលលិចទឹកក៏ជួបបញ្ហាលំបាកក្នុងជីវិតដែរ។ ចង់ដឹងថា រំដួលលិចទឹកបានជួបបញ្ហាអ្វីខ្លះក្នុងជីវិត សូមស្តាប់កម្រងជីវិតដែលរៀបចំដោយ កញ្ញាឆេង ណាតាដូចទៅ៖
«សម្រាប់ជីវិតខ្ញុំពីដំបូងឡើយខ្ញុំរស់នៅក្នុងគ្រួសារមួយដែលសមរម្យកាលពីក្មេង យើងមានអ្វីញ៉ាំគ្រប់គ្រាន់ អញ្ចឹងបន្ទាប់មកឆ្នាំ២០០៥ គ្រួសារខ្ញុំក៏ជួបបញ្ហាវិបត្តិគ្រួសារក្ស័យធន អញ្ចឹងគ្រួសារខ្ញុំក៏បានចាប់ផ្តើមពីចំណុចសូន្យ»។ នេះជាការរៀបរាប់របស់ តារាហ្វេសប៊ុកសម័យថ្មី ដែលមានឈ្មោះថា រំដួលលិចទឹក។ រំដួលលិចទឹក គ្រាន់តែឮឈ្មោះនេះភ្លាម លោកអ្នកប្រាកដជានឹកឃើញតារាហ្វេសប៊ុកម្នាក់ដែលទើបនឹងរះ ពូកែខាងតុបតែងខ្លួនប្លែកៗ ជាមួយនឹងវត្ថុផ្សេងៗ ធ្វើឱ្យផ្អើលដល់អ្នកប្រើប្រាស់បណ្តាញអ៊ីនធើណេត។
រំដួលលិចទឹកមានឈ្មោះដើមថា មិញ ចាន់វាន់ដា។ លោកគឺ ជាកូនច្បងក្នុងគ្រួសារ ដែលមានបងប្អូនពីរនាក់ និងមានឪពុកម្តាយជារកស៊ីរកលក់ចាប់ហួយនៅចាក់អង្រែក្រោម ។ ដូចដែលការរៀបរាប់របស់លោក គឺតាំងពីក្មេងមក លោកមានគ្រួសារ មួយដែលមានជីវភាពសមរម្យ រស់នៅយ៉ាងរីកក្នុងគ្រួសារ ប៉ុន្តែក្រោយមក នៅឆ្នាំ២០០៥ ដោយសារតែគ្រួសាររបស់លោកបានជួបបញ្ហាខាងរកស៊ី ជីវភាពគ្រួសារលោកត្រូវចាប់ផ្តើមពីចំណុចសូន្យមកវិញ។ «ប៉ាខ្ញុំគាត់មានមុខរបរមួយផ្ទាល់ខ្លួនរបស់គាត់ ដល់ពេលបន្ទាប់មកគាត់ដូចជាទៅជាចាញ់បោកពួកម៉ាក បាត់បងទ្រព្យសម្បត្តិទាំងអស់ សូម្បីតែផ្ទះសម្បែងក៏ខ្ញុំអត់មានដែរ គឺខ្ញុំត្រូវយកតែបង្វេចខោអាវចេញពីផ្ទះមកទេ ព្រោះអីត្រូវកាត់បំណុលសងគេទាំងអស់»។
លោកបាននិយាយថា ក្នុងឆ្នាំដែលគ្រួសារត្រូវក្ស័យធន់ ដោយសារតែឪពុកចាញ់បោកមិត្តភក្តិនោះ ជាឆ្នាំដែលត្រូវត្រៀមប្រឡងបាក់ឌុប ដូច្នេះលោកត្រូវចាប់អាជីពជាអ្នកជាងផាត់មុខ ធ្វើសក់ផង និងរៀនផង ដើម្បីបានកម្រៃផ្គត់ផ្គង់ការសិក្សារបស់ខ្លួន និងប្អូនស្រីម្នាក់ទៀត។
បើនិយាយពីការចាប់អាជីពជាជាងផាត់មុខ ធ្វើសក់វិញ តារាហ្វេសប៊ុកវ័យ ២៨ឆ្នាំរូបនេះ បានប្រាប់ឱ្យដឹងថា លោកមិនបានរៀនត្រឹមត្រូវដូចជាងដទៃទៀតនោះទេ ដោយសារតែលោកគ្មានលទ្ធភាពបង់ប្រាក់ដូចគេ ។ លោកបន្តថា ដោយសារការស្រឡាញ់អាជីពនេះ បានត្រឹមតែស្វែងយល់ខ្លះៗពីវា និងបានទៅសុំគេធ្វើការ ហើយលួចជំនាញពីគេខ្លះ ដើម្បីអភិវឌ្ឍន៍ខ្លួនឯងតែប៉ុណ្ណោះ។
លោកវ៉ាន់ដា បានរៀបរាប់បន្តថា ជីវិតរបស់លោកបានចាប់ផ្តើមប្រសើរឡើងបន្តិច នៅឆ្នាំ២០០៦ ក្នុងពេលដែលលោកបានចូលរួមប្រកួតម៉ូតសក់នៅមហោស្រពចេនឡា ហើយទទួលបានពានរង្វាន់ទី១ផ្នែកធ្វើម៉ូតសក់ប្លែកៗ។
អ្នកជំនាញខាងផាត់មុខរូបនេះ បាននិយាយបន្តថា ចាប់ពីឆ្នាំ២០១៤មក ក្រោយពេលដែលលោកក្លាយជាអ្នកផាត់មុខផ្ទាល់ខ្លួនរបស់កំពូលតារាចម្រៀងស្រី នាងមាស សុខសោភា ជីវិត និងជីវភាពគ្រួសាររបស់លោកកាន់តែប្រសើរឡើង តែក៏មិនទាន់មានឈ្មោះល្បីដូចសព្វថ្ងៃនេះទេ។
លោកថា កិត្តិនាមរបស់លោកផ្តើមមានឈ្មោះល្បីរន្ទឺឡើង ក្នុងពេលដែលលោកបានបង្ហោះរូបមួយ ដែលតែងខ្លួនតាមលំនាំឡូហ្គោរបស់ម្ស៉ៅផេសាត់។ លោកនិយាយថា នៅពេលដែលលោកបានបង្ហោះរូបម្ចាស់ក្សត្រីម្ស៉ៅផេសាត់នោះ នៅលើបណ្តាញសង្គមហ្វេសប៊ុក ទទួលបានការពេញចិត្ត និងចែកចាយយ៉ាងព្រោងព្រាតពីសំណាក់អ្នកប្រើប្រាស់បណ្តាញអិនធើណេត។
លោកបានឱ្យទៀតថា នៅពេលដែលលោកឃើញដូច្នេះហើយ លោកក៏សម្រេចចិត្ត បង្កើតទំព័រហ្វេសប៊ុកមួយតែម្តងទៅ ដើម្បីផ្តល់ចក្ខុថ្មីប្លែកមួយមានលក្ខណៈជារបស់ខ្មែរដែលប្រជាជនកម្ពុជា មិនធ្លាប់ឃើញកន្លងមក។ «សម្រាប់ខ្ញុំអារឿងអស់ទាំងនេះគឺខ្ញុំចូលចិត្តតាំងពីតូច ខ្ញុំចូលចិត្តធ្វើអីប្លែកៗ លេងសើចច្រើនពេលខ្លះទៅ អញ្ចឹងពេលខ្លះទៅ ទៅថតឱ្យទស្សនាវដ្តីខ្ញុំតែងតែយកនេះ យកនោះមកដាក់លេង ថតផូលលើអាខោនហ្វេសប៊ុកខ្ញុំធម្មតាទេ។ ថ្ងៃមួយពេលខ្ញុំមកពីថតចម្រៀងជាមួយបងភា ម៉ោង៨យប់ខ្ញុំក៏អង្គុយលេង នៅក្នុងផ្ទះខ្ញុំហើយអផ្សុកមិនដឹងធ្វើអី ខ្ញុំក៏ក្រឡេងឃើញរូបភាពមួយនៅក្នុងផ្ទះ ហើយក្រឡេកឃើញម្ស៉ៅផេសាត់ អញ្ចឹងខ្ញុំសាកតែងរូបហ្នឹងលេង ក៏ផូសនៅក្នុងហ្វេសប៊ុក ទទួលបានការគាំទ្រច្រើន»។
ទំព័រហ្វេសប៊ុក ដែលលោកបង្កើតថ្មីនោះមានឈ្មោះថា «រំដួលលិចទឹក»។ លោក មិញ ចាន់វ៉ាន់ដា ឱ្យដឹងថា ឈ្មោះរំដួលលិចទឹកនេះ ត្រូវបានដាក់យ៉ាងសម្រិតសម្រាំង ដោយលោកយល់ពាក្យថារំដួលលិចទឹកគឺជាឈ្មោះមួយប្លែក ហើយផ្ការំដួលក៏ជាផ្កាតំណាងឱ្យស្រុកខ្មែរផងដែរ។
រំដួលលិចទឹកប្រាប់បន្តថា ការគាំទ្ររបស់មហាជន គឺជាកម្លាំងជំរុញចិត្តមួយ ប៉ុន្តែអ្វីដែលកាន់តែធ្វើឱ្យលោកមានទឹកចិត្តក្នុងការបង្កើតស្តាយប្លែកៗ គឺការគាំទ្រ និងលើកទឹកចិត្តពីឪពុកម្តាយ និងបងប្អូន។
រំដួលលិចទឹកបាននិយាយទៀតថា ទន្ទឹមនឹងទទួលបានការគាំទ្រច្រើនពីមហាជន ក៏មានមជ្ឈដ្ឋានមួយចំនួនរិះគន់លោក ថាការតែងខ្លួនរបស់លោកបែបនេះដូចមនុស្សឆ្កួតផងដែរ៖«អ្នកខ្លះគេថាខ្ញុំឆ្កួត អ្នកខ្លះធ្វើអីដូចឆ្កួតៗ ហើយអ្នកខ្លះទៀតគាត់ក៏ប្រើពាក្យមិនសមរម្យ អ្នកខ្លះគាត់ក៏ជេរខ្ញុំ អ្នកខ្លះទៀតថាខ្ញុំបំផ្លាញវប្បធម៌បំផ្លាញអី ប៉ុន្តែមួយចំនួនធំ គឺគាត់ចូលចិត្តគាត់គាំទ្រខ្ញុំ។»
អ្នកជំនាញខាងផាត់មុខ ដែលមានស្រុកកំណើតនៅចាក់អង្រែក្រោមរូបនេះ បាននិយាយបន្តថា ការតែងខ្លួន ច្នៃម៉ូដសក់ និងមុខ ដោយយកផ្លែឈើ និងបន្លែស្រស់ៗ មកតុបតែង បង្កើតឱ្យមានរូបរាងប្លែកៗ គឺបានជួយរំឭកឲ្យកូនខ្មែរស្គាល់ពីរបស់របរ ឬបន្លែផ្លែឈើដែលជារបស់ខ្មែរឲ្យបានស្គាល់ និងសឹងតែមិនដែលស្គាល់ ឲ្យពួកគាត់បានស្គាល់ឡើងវិញ។
រំដួលលិចទឹកបន្តថា មិនតែប៉ុណ្ណោះសម្រាប់បន្លែផ្លែឈើ និងវត្ថុផ្សេងៗដែលលោកយកមកពាក់នៅក្បាល យកមកធ្វើជាខ្សែក ឬកងដៃ អីនោះ គឺចង់បង្ហាញទៅដល់មនុស្សមួយចំនួនឱ្យបានដឹងថា របស់ដែលនៅជុំវិញខ្លួនទាំងអស់នោះ អាចឲ្យយកមកកែច្នៃជារបស់មានតម្លៃបាន។សម្រាប់គោលដៅនាពេលអនាគត តារាប្រជាប្រិយរូបនេះ បានប្រាប់ថា លោកចង់ក្លាយជាអ្នកឯកទេសផាត់មុខដ៏ល្បីជាងគេនៅក្នុងស្រុកខ្មែរ និងនៅអន្តរជាតិ។ លោកថា បើថ្ងៃក្រោយលោកមានលទ្ធភាព លោកនឹងបង្កើតជាមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញផាត់មុខ និងច្នៃម៉ូតនេះដល់ក្មេងជំនាន់ក្រោយ។
«បងប្អូនប្រជាជនខ្មែរយើងអ្នកណាក៏ដោយដែលចង់បានបទពិសោធពីខ្ញុំ ខ្ញុំនឹងផ្តល់ជូនពួកគាត់។ហើយមួយវិញទៀតអ្វីដែលខ្ញុំធ្វើនេះ ខ្ញុំចង់លើកស្ទួយដល់វិស័យម៉ូត ស្រុកខ្មែរ យើងហ្នឹងឱ្យបរទេសបានឃើញថា ខ្មែរយើងក៏មានគំនិតល្អ ក៏មានអ្នកមានសមត្ថភាពដែរ មិនមែនមានតែខ្ញុំទេ គឺមានច្រើនទៀត ប៉ុន្តែគ្រាន់តែថាពួកគាត់អត់មានឱកាសនឹងបង្ហាញ មួយទៀតគាត់មិនហ៊ាននឹងបង្ហាញ គាត់ខ្លាចរអានឹងការបង្ហាញសមត្ថភាពរបស់គាត់ខ្លាចបង្ហាញទៅ គេរិះគន់គេថាឱ្យគាត់។ អញ្ចឹងខ្ញុំសំនូមពរដល់បងប្អូនទាំងអស់គ្នា មុននឹងធ្វើការរិះគន់ មុនធ្វើការបន្ទោសបង្អាប់ សូមឱ្យពួកគាត់គិតសារឡើងវិញ មុនពួកគាត់រិះគន់គួរតែប្រើពាក្យសម្តីមួយដែលសមរម្យ ហើយរិះគន់ក្នុងន័យស្ថាបនាជួយឱ្យយោបល់ល្អ មិនមែនរិះគន់ក្នុងន័យជាន់ពន្លិច»។
រហូតមកដល់ថ្ងៃនេះ ស្នាដៃម៉ូតប្លែក មិនតិចជាង១០០ម៉ូតទេ ដែលរំដួលលិចទឹក បានច្នៃឡើង និងបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក។ ហើយម៉ូតដែលធ្វើឱ្យជាងផាត់មុខធ្វើសក់រូបនេះ ទទួលបានកេរិ៍្តឈ្មោះល្បីសុះសាយ រហូតដល់កាសែតបរទេសចុះមកសម្ភាសន៍ដើម្បីផ្សព្វផ្សាយផងនោះ គឺម៉ូតមុនដំបូង ដែលតែងខ្លួនជាម្ចាស់ក្សត្រីម្ស៉ៅផេសាត់ ម៉ូតត្រី និងម៉ូតទី៣ ដែលទទួលបានទាំងការគាំទ្រខ្លាំង និងការរិះគន់ គឺម៉ូតស្លឹកត្នោតខ្មែរ។
ចាប់តាំងពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១៤ រំដួលលិចទឹកទទួលបានជ័យលោភី និងលិខិតសរសើរជាច្រើន ពីអ្នកឯកទេសកែសម្ផស្សទាំងនៅក្នុងស្រុក និងបរទេស។ ក្នុងឆ្នាំ២០០៦លោកទទួលបានជ័យលោភីលេខ១ ផ្នែកធ្វើម៉ូតសក់ប្លែកៗនៅក្នុងស្រុក។ ឆ្នាំ២០១០ទទួលបានជ័យលោភីលេខ១នៅប្រទេសថៃ ផ្នែកផាត់មុខធ្វើសក់កូនក្រមុំ និងលេខ២ ផ្នែកធ្វើក្រចក និងនៅឆ្នាំ២០១៣ លោកទទួលបានជ័យលោភីលេខ២នៅប្រទេសថៃម្តងទៀតផ្នែកផ្នែកកាត់សក់បុរស៕