en     km
en     km

ថ្ងៃបុណ្យនៃក្តីស្រឡាញ់ឆ្នាំនេះទំនងខុសពីឆ្នាំមុនៗ

Share

ភ្នំពេញ ៖ជារៀងរាល់ឆ្នាំ  គ្រាន់តែ​ថៃ្ង​រះ​ភ្លាម​  គេ​សង្កេត​ឃើញ​នៅ​ខាង​មុខ​ខ្លោងទ្វារ​ចូល​សាលារៀន​ ឬ​ ច្រល​ចូល​សាកលវិទ្យាល័យ​មួយ​ចំនួន​ នៅ​រាជធានី​ភ្នំពេញ​ មាន​ដាក់​លក់​នូវវត្ថុអនុស្សាវរីយ​ ដូច​ជា​តុក្កតា​ និង​ ផ្កា​ជាដើម​។​ ប៉ុន្ដែដោយឡែកឆ្នាំនេះ អត្ថន័យនៃថ្ងៃ Valentine ហាក់ដូចជា ត្រូវបានប្ដូរផ្លាស់អត្ថន័យ ។  តើនេះមកពីមូលហេតុអ្វី?

ជាបន្ដសូមអញ្ជើញស្ដាប់បទយកការណ៍ដែលរៀបចំឡើងដោយ កញ្ញា ជុំ ជោគជាតា ដូចតទៅ៖

 

flower-08

ផ្កាកូលាប និងរបស់អនុស្សាវរីយ៍ ជារឿយៗគេតែងតែប្រទះឃើញ មានដាក់តាំងលក់នៅក្បែរ​សាលារៀន និងតាមបណ្ដាមហាវិថីមួយចំនួនក្នុងរាជធានីភ្នំពេញ ជាហូរហែ ។

ជាក់ស្ដែងនៅតាមបណ្ដោយផ្លូ​វមួយចំនួនក្នុង​ខណ្ឌ័ទួលគោក ដូចជា វិថី គឹម អ៊ីលស៊ុង ឬនៅ​តាម​បណ្ដោយផ្លូវ​ក្បែរ​មណ្ឌល​ពាណិជ្ជកម្ម​និង​លំនៅដ្ឋាន​ធីខេ (TK) គេសង្កេតឃើញ​មានការ​តាំង​ដាក់លក់នូវវត្ថុអនុស្សាវរីយ៍ ដែលមានដូចជា ផ្កាកូលាប​ចំរុះពណ៌ និងរូបតុក្កតា​តូច​ធំ ដែល​ច្រក​ក្នុងស្បោង​ផ្លាស្ទីក​យ៉ាង​ស្អាត។

​ប៉ុន្តែអ្វី​ដែលគួរឲ្យ​កត់​សំគាល់​នោះ គឺថា ​ទិវា​នៃ​ក្តី​ស្រឡាញ់​នៅ​ក្នុង​ឆ្នាំ​នេះ​ហាក់​ដូចជា​មិន​ដូច​ឆ្នាំ​មុនៗ​នោះទេ។ ផ្នត់​គំនិត​ពលរដ្ឋ​កម្ពុជា​ហាក់​ដូចជា​មាន​ការ​ផ្លាស់​ប្តូរ ឬ​មាន​ការ​យល់​ដឹង​ខ្ពស់​ជាង​មុន​។

flower03

ថ្ងៃ​នេះ​ទំនង​ជា​មិនមែន​ជា​ថ្ងៃបុណ្យសង្សារ​ដូច​ដែល​ពួក​គេ​ធ្លាប់​យល់​ច្រឡំ​ដូច​មុន​នោះ​ទេ ប៉ុន្តែ​គឺជា​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រឡាញ់។

កញ្ញា ស្រី ដែន ជា​អ្នក​លក់​ផ្កា​មួយរូប​នៅ​ក្បែរ​ផ្សារ ​៧មករា ខណ្ឌ័ទួលគោក។ នាង​កត់​សំគាល់​ថា ​អតិថិជន​ភាគច្រើន ​គឺជា​ មនុស្សវ័យ​កណ្តាល ​មិនមែន​យុវវ័យ​ច្រើន​ដូច​ប៉ុន្មាន​ឆ្នាំ​មុននោះ​ទេ។​​

ម្យ៉ាងវិញទៀត​បើយោង​តាម​អ្នក​លក់​ផ្សារវ័យ​ក្មេង​រូប​នេះ អតិថិជន​ដែល​មក​ទិញ​ផ្កាភាគច្រើន​មិន​មែន​ទិញ​ជូន​គូសង្សារ​នោះទេ ប៉ុន្តែពួកគេ​ទិញជូន​មិត្តភក្រ្ត​និង​សាច់ញាតិ។

កញ្ញា ស្រី ដែន ៖​«ឆ្នាំនេះភាគច្រើនអ្នកដែលមកទិញ ចាស់ច្រើនជាងយុវវ័យ ព្រោះភាគច្រើនគាត់ទិញ​ឱ្យ​មនុស្ស​ជុំវិញខ្លួនរបស់ពួកគាត់ ដូចជាបងប្អូន ពូ មីង របស់គាត់ »។

នៅ​ឆ្ងាយ​ពីនេះបន្តិចកញ្ញា សុ ថានិច គឺជា​អ្នក​ផ្កា​ផង​និង​តុក្កតា​ផង។ អតិថិជន​របស់​នាង​មិន​មែន​មាន​តែ​មនុស្សវ័យ​កណ្តាល​ទេ។ ប៉ុន្តែ​មានទាំង​ជន​បរទេស​ទៀតផង។

កញ្ញា សុ ថានិច ៖ «​ ភាគច្រើនគេទិញទៅជូនពួកម៉ាក ជូនម៉ាក់ប៉ា បើសង្សារមួយៗ អត់សូវមានប៉ុន្មានទេ»

វាយជន្ទល់​ម៉ូតូភ្លាម យុវជន ផាន់ ណាត  បាន​ដើរ​សំដៅ​ទៅរក​តុ​ផ្កានិង​តុក្កតា ដែលត្រូវ​បានវេច​ខ្ចប់​រួច​ជាស្រេចនៅលើ​កំណាត់​វិថីគឹម អ៊ីល ស៊ុង។

គាត់​បាន​រើស​យក​ផ្កាកូលាប​មួយកញ្ចប់​ដែល​មាន​ពណ៌​ចំរុះក្រហម លឿង។

យុវជន ផាន់ ណាត៖  « ការទិញផ្កានេះ ចង់បញ្ជាក់ពីក្ដីស្រឡាញ់  ហើយនិងការដឹងគុណព្រោះគាត់ធ្លាប់បានទៅ »។

នៅលើ​វិថីនេះ​ដែរ លោក រស្មី  ចុះ​ពីលើ​រថយន្ត​Lexus ពណ៌ខ្មៅរលើបមួយគ្រឿង​ឆ្ពោះ​ទៅ​កាន់​កន្លែង​លក់​ផ្កា​ដែល​មិន​សូវ​សំបូរ​អតិថិជន​នោះទេ។

លោក រស្មី បាន​រើស​ដោយ​សំរិត​សំរាំង​ដោយ​កែវភ្នែក​សំឡឹង​យក​​ចិត្តទុកដាក់។ ទីបំផុត លោក​បាន​សម្រេច​ចិត្ត​ជ្រើ​សរើស​យក​ផ្កាកូលាបព័ណ៌លឿង និងក្រហម ។ ​ហើយ​លោក​បាន​ស្នើ​ឲ្យ​អ្នក​លក់វេច​ខ្ចប់​ភ្លាមៗ​ហាក់​ដូចជាប្រញាប់​ប្រញាល់។

លោក រស្មី ៖ «និយាយទៅថ្ងៃនេះជាថ្ងៃនៃក្ដីស្រឡាញ់ គ្រាន់តែចង់បង្ហាញថា  យើងជូនផ្កាឱ្យគាត់​លក្ខណៈ​មិត្តរួមការងារ »។

flower-05

​ទិវា​នៃ​ក្តី​ស្រឡាញ់​ធ្វើ​ឡើង​រៀងរាល់​ឆ្នាំ​នៅ​ថ្ងៃទី ​១៤ ​ខែកុម្ភៈ។ ថ្ងៃបុណ្យនេះ ​បាន​ហូរ​ចូល​កម្ពុជា​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។​ ថ្ងៃបុណ្យនេះ​ បាន​ទាក់​ទាញ​​យុវជន​កម្ពុជា​យ៉ាង​ខ្លាំងក្រោម​ការ​យល់​ច្រឡំ​ថា ​គឺជា​ ថ្ងៃបុណ្យ​សង្សារ។ ​ហើយ​ពេល​ខ្លះ​បង្ក​ឱ្យ​យុវជន​មានការ​ប៉ះទង្គិច​គ្នា​ទៀត​ផង​ នៅ​ពេល​ដែល​ពួក​គេ​ជូន​ផ្កា​ ឬ​ វត្ថុ​អនុស្សាវរីយ​ជាន់​ដៃគូ​គ្នា​។​ បន្ថែម​លើ​នេះ​ Valentine​ day​ ១៤​ កុម្ភៈ​ បាន​ទាញ់ទារ​ឱ្យ​យុវតី​ភ្លេច​គេច​ពី​សេចក្ដី​ថ្លៃថ្នូរ​របស់​ខ្លួន​ ជា​ស្ត្រី​តំណាង​ឱ្យ​ភាព​ស្អាតស្អំ ​តំណាង​ឱ្យ​គ្រួសារ​ និង​សង្គម​ខ្មែរ​ដោយ​សម្រេច​ចាប់​ដៃគូ​ ឬ​ដើរ​ខុស​ពី​ទំនៀមទម្លាប់​ ដោយ​ភ្លេច​ពី​អ្វី​ជា​ភាព​បរិសុទ្ធ​របស់​ស្ត្រី​។​

flower1

ដោយឡែកក្នុង​ទិដ្ឋភាពថ្ងៃបុណ្យនៃ​ក្តី​ស្រឡាញ់​ឆ្នាំនេះ ហាក់​ដូចជា​មាន​ការ​ផ្លាស់ប្តូរការ​យល់​ដឹង​របស់​ក្រុម​យុវជន​យ៉ាង​ច្រើន។យុវជន​ពិសិដ្ឋ គឺជា​សក្សី​នៃ​ការ​ផ្លាស់ប្តូរនេះ។ ​លោកទិញផ្ការមួយបាច់​ជូនឱពុកម្តាយ​របស់​លោកនៅថ្ងៃបុណ្យនៃក្តីស្រឡាញ់នេះ
យុវជន​ពិសិដ្ឋ ៖«យើងទិញផ្កាជូននេះ ជាលក្ខណៈ ថា បន្ទាប់បន្សំទេ ប៉ុន្ដែនៅពេលដែលយើងចង់ឱ្យគាត់សប្បាយចិត្ត ឬចង់បង្ហាញពីក្ដីស្រឡាញ់ គឺ យើងត្រូវខំប្រឹងរៀនខ្លួនឯង ហើយយើងជួយគាត់ កុំអោយពិបាកចិត្ត »៕

 

Share

Image
Image
Image