en     km
en     km

ថៃ៖នាយករដ្ឋមន្ត្រីប្រាយុទ្ធចេញបញ្ជាឱ្យបិទបញ្ចប់ការគ្រប់គ្រងបែបយោធានិយម

Share

មុនពេលរដ្ឋាភិបាលស៊ីវិល ​ ត្រូវស្បថចូលកាន់តំណែង លោកប្រាយុទ្ធ បានចេញបញ្ជាជាលើកចុងក្រោយ ក្នុងនាមជាប្រមុខរដ្ឋាភិបាលថៃទើបជាប់ឆ្នោតឱ្យបិទបញ្ចប់របបសឹកជាផ្លូវការ កាលពីថ្ងៃ អង្គារ ទី០៩ ខែកក្កដា ឆ្នាំ​២០១៩នេះ។

បណ្ដាញផ្សាយ ព័ត៌មាន CNA ចុះផ្សាយនៅព្រឹកថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ បានឱ្យដឹង ថា៖  បទបញ្ជារបស់លោក ប្រាយុទ្ធ គឺជាបទបញ្ជាចុងក្រោយបំផុតនៃរបបយោធាថៃ គឺក្នុងនោះក៏រួមមានការដកចេញវិញនូវបម្រាមនានា ដែលត្រូវបានដាក់ទៅលើប្រព័ន្ធផ្សព្វផ្សាយ និងការសម្រេចផ្ទេរសំណុំរឿងរដ្ឋប្បវេណី ពីតុលាការយោធាទៅកាន់តុលាការស៊ីវិលវិញផងដែរ។

លោក ប្រាយុទ្ធ ចាន់អូចា បានមានប្រសាសន៍ថា រដ្ឋាភិបាលស៊ីវិលរបស់លោក នឹងឡើងគ្រប់គ្រងប្រទេសជាផ្លូវការនៅកំឡុងពាក់កណ្តាលខែកក្កដានេះ។ នៅក្នុងពិធីស្បថជាលើកដំបូងនៅក្នុង​ព្រះបរម​រាជ​វាំង លោកប្រាយុទ្ធជាឧត្តមសេនីយ៍ចូលនិវត្តន៍ បានស្បថ ដឹកនាំប្រទេស​ដោយ​តំកល់​ផល​ប្រយោជន៍​ថៃ ជាធំនិងលើកស្ទួយសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។

ចំណែកឯការផ្តល់អំណាចឲ្យប៉ូលិស និងកងទ័ពធ្វើការឆែកឆេរ កោះហៅ និងឃាត់ខ្លួនជនសង្ស័យបានរយៈពេល ០៧ថ្ងៃនោះ ដរាបណាត្រូវស្ថិតក្រោមហេតុ ផលសន្តិសុខជាតិធ្ងន់ធ្ងរ។ ឧបនាយករដ្ឋមន្រ្តីថៃ លោក វីស្សានុ គ្រាងាំ (Wissanu Kreangam) បាននិយាយថា៖ បទបញ្ជាទាំងឡាយដែលនឹងត្រូវរក្សាឲ្យនៅដដែល គឺដោយសារមានសារៈសំខាន់ ប៉ុន្តែសភាក៏អាចកែប្រែបទបញ្ជាទាំងនោះបានដែរ។

សភាថៃ បច្ចុប្បន្ន មាន​ គណបក្សនយោបាយ ជាប់ឆ្នោតជិត៣០គណប​ក្ស។ ប៉ុន្តែ ក្នុងចំណោមនោះមាន ២ប៉ូលប៉ុណ្ណោះគឺទីមួយក្រុមរាជរដ្ឋាភិបាលចម្រុះ១៩គណបក្សដឹកនាំដោយលោកប្រាយុទ្ធនិងក្រុមចម្រុះមួយ​ទៀត មាន៧គណបក្ស ដឹកនាំដោយគណបក្ស​ប្រឆាំង​ភឿ​ថៃ គេហៅថា ក្រុមរណសិរ្យ ប្រជាធិប​តេយ្យ។ សមាជិកសភាថៃមាន ៥០០ នាក់ ។ ក្រុមប៉ូលនយោបាយពីរនេះ មានតុល្យភាពនឹងគ្នាគឺ​មិនអាច​សម្រេច​អ្វី​បានដោយងាយៗទៀតឡើយ។

សូមរំលឹក ថា ចាប់តាំងពីលោក ប្រាយុទ្ធ បានឡើងកាន់អំណាចតាមរយៈរដ្ឋប្រហារឆ្នាំ២០១៤មកនេះ          រដ្ឋា​ភិ​បាលយោធារបស់លោកបានចេញនូវបទបញ្ជាសរុបចំនួន ៥០០បទបញ្ជា។ បទបញ្ជាទាំងនោះគឺស្ថិត​នៅក្រោមមាត្រា៤៤នៃច្បាប់រដ្ឋធម្មនុញ្ញថៃ៕

Share

Image
Image
Image