en     km
en     km

ថៃដាក់លក្ខខណ្ឌមួយចំនួនមិនឱ្យពលរដ្ឋខ្មែរធ្វើការរកស៊ីក្នុងប្រទេសនេះ

Share

ភ្នំពេញ៖ ថ្មីៗ​នេះ​ ក្រសួង​ការងារ​នៃ​ព្រះរាជាណាចក្រ​ថៃ​បាន​ចេញ​សារាចរ​​មួយ​ណែនាំដល់​បណ្តា​ក្រុមហ៊ុន​ រោងចក្រ​ សហគ្រាស​ និងពលរដ្ឋ​ថៃ​ទាំងអស់​ បិទមិនឱ្យពលករក្នុងប្រទេសចំនួនបី ដែលក្នុងនោះ រួមមានកម្ពុជាផងដែរ មិនអោយឆ្លង ដែនលក់ដូរ ឬធ្វើការនៅក្នុងប្រទេសថៃនោះទេ ។ ការសម្រេចមិនអោយពលរដ្ឋខ្មែរ និងប្រទេសចំនួនពីរទៀតចូលទៅធ្វើការ ឬ រកស៊ីនៅក្នុងប្រទេសថៃនេះនឹងអនុវត្តចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ។

កញ្ញា ជុំ ជោគជាតា ជូនសេចក្ដីរាយការណ៍!

 

គេហទំព័ររបស់អគ្គស្នងការនគរបាលជាតិដែលបានចុះផ្សាយកាលពីថ្ងៃទី ១៣  តុលា ឆ្នាំ ២០១៧ ឱ្យដឹងថា រដ្ឋាភិបាលប្រទេសថៃបានកំណត់មិនអោយពលរដ្ឋក្នុងប្រទេស កម្ពុជា ឡាវ និងភូមា ចូលបម្រើការងារនៅតាមបណ្ដាភោជនីយដ្ឋាន អាហារដ្ឋាន ឬជាអ្នកលក់ផ្លែឈើ លក់បន្លែ ជាដាច់ខាត។

តាមគេហទំព័ររបស់ប្រភពនេះ  មូលហេតុដែលក្រសួងការងារប្រទេសថៃចេញសារាចរ ​​ដូចនេះ ដោយសាររដ្ឋាភិបាលថៃសង្កេតឃើញថា ជនអន្តោប្រវេសន៍​ដែល​មក​ពី​ប្រទេស​ជិត​ខាង​ចូល​​ទៅ​រក​ការងារ​ធ្វើ​នៅ​​ប្រទេស​ថៃ​កាន់តែ​មាន​កំណើន​ច្រើន​ឡើងៗ​ ហើយ​ពលករ​ភាគច្រើន​បាន​ចូល​ទៅ​បម្រើ​ការងារ​ខុស​ពី​គោលការណ៍​ដែល​បាន​កំណត់​របស់​ក្រសួង​ការងារ​ ។

ដោយសារ​បញ្ហា​នេះ​ ទើប​ក្រសួង​ការងារ​បាន​ចេញ​សេចក្តី​ប្រកាស​ និង​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ថៃ​ទាំងអស់​​ ក្រសួង​មិន​អនុញ្ញាត​អោយ​ពលករ​ឆ្លង​ដែន​ដែល​មាន​ដូច​ជា​ កម្ពុជា​ ឡាវ​ និង​ភូមា​ទៅ​បម្រើ​ការងារ​នៅ​តាម​ទីផ្សារ​ ​ និង​តាម​បណ្តា​ភោ          ជនីយដ្ឋាន​ ឬ អាហារ​ដ្ឋា​ន​ឡើយ ​​ចាប់តាំងពី​ថ្ងៃ​ទី​១​ ខែមករា​ ឆ្នាំ​២០១៨​ តទៅ ព្រោះ​ការងារ​នៅ​លើ​ទីផ្សារ​នេះ​ គឺជា​ការងារ​របស់​ជនជាតិ​ថៃ​តែ​មួយ​គត់​ ។​

​លោក មឿន តុលា  ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោកយល់ឃើញថា ចំណុចទាំងនេះរដ្ឋាភិបាលគួរតែមានវិធាការជួយទៅដល់ពលករខ្មែរ។

លោក មឿន តុលា៖ «សម្រាប់រដ្ឋាភិបាលខ្មែរយើង ខ្ញុំគិតថា អ្វីដែលរដ្ឋលោកគួរពិចារណាគឺរឿងសម្លឹងមើល​វិស័យ មុននឹងសម្រេចចិត្តថា​ បញ្ចូនពលរដ្ឋយើងទៅធ្វើការនៅក្នុងវិស័យ។ណាមួយយើងក៏គួរតែគិតដែរ ថាតើ អនាគតនៃប្រទេសយើង ៣ឆ្នាំ បន្ទាប់ទៀត ឬក៏៤ឆ្នាំបន្ទាប់ទៀតនូវមានវិស័យនេះទៀតដែរអត់ ហើយបើមានវិស័យហ្នឹងតើយើងគួរបញ្ជូនចំនួនប៉ុណ្ណាដែលអាចអោយពលរដ្ឋយើង ទៅធ្វើការផង និងទៅរៀនយកជំនាញផង ថ្ងៃក្រោយទៅគាត់នឹងក្លាយទៅជាធនធានមនុស្សដ៏សំខាន់សម្រាប់ជួយវិស័យអភិវឌ្ឍន៍នៅក្នុងប្រទេសជាតិ។ ទីពីរ. យើងក៏គួរពិចារណា ពាក់ព័ន្ធនឹងការរៀបចំផ្ដល់ជំនាញឱ្យពលរដ្ឋយើង ដើម្បីអាចងាយប្រកួតប្រជែងជាមួយជនជាតិដ៏ទៃនៅក្នុងទីផ្សារអន្ដរជាតិដែរ ជាពិសេសទីផ្សារ​អាស៊ាន»។

តាមទស្សនៈរបស់លោក មឿន តុលា វិធានការរបស់រដ្ឋាភិបាលថៃ គឺជាការយកចិត្តទុកដាក់មួយចំពោះពលរដ្ឋរបស់គេ។

ជុំវិញរឿងក្រសួង​ការងារប្រទេស​ថៃ​ចេញ​សារាចរណែនាំដូចនេះ វិទ្យុស្រ្ដីមិនអាចសុំការឆ្លើយតប ពី លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបាននោះទេ នៅថ្ងៃទី ១៦ តុលា ឆ្នាំ ២០១៧នេះ ដោយទូរសព័្ទពុំមានអ្នកទទួល។

គួរបញ្ជាក់ដែរថា អាជ្ញាធររបស់ប្រទេសថៃ នឹង​ចាប់ផ្តើម​អនុវត្ត​នូវ​សារាចរ​ណែនាំរបស់ក្រសួងការងារនេះ​ ចាប់ពី​ថ្ងៃ​ទី​១​ ខែមករា​ ឆ្នាំ២០១៨​ ហើយ​​ម្ចាស់ក្រុមហ៊ុន​ រោងចក្រ​ សហគ្រាស​ នៅក្នុងប្រទេសថៃ រួមទាំពលរដ្ឋរបស់ប្រទេសមួយនេះ ត្រូវ​អនុ វត្តតាមសារាចរណែ​នាំ​នេះ អោយ​បាន​ល្អ​ប្រសើរនិងមានប្រសិទ្ធភាព។ សព្វថៃ្ងពលករខ្មែរធ្វើការងារនៅប្រទេសថៃមានជាង ១លាននាក់៕

 

 

Share

Image
Image
Image