ភ្នំពេញ៖ លោកស្រី វ៉ាន់ ហ៊ីលី តំណាងការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ប្រចាំកម្ពុជានៅ ថ្ងៃទី០៤ ខែតុលានេះ បានលើកប្រធានបទចំនួនពីរ មកពិភាក្សាជាមួយប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានៅថ្ងៃនេះ។
តាមអ្នករាយការណ៍ព័ត៌មាន របស់វិទ្យុស្ដ្រី ដែលចុះទៅយកព័ត៌មាន នៅឯជំនួបនោះ លោកស្រី វ៉ាន់ ហ៊ីលី បានលើកប្រធានបទសំខាន់ចំនួនពីរ ក្នុងនោះរួមមានទី១ រឿងផ្ដល់កិច្ចសហប្រតិបត្ដិការណ៍បច្ចេកទេស បណ្តុះបណ្តាលមន្រ្តីនិងសមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អំពីការសរសេររបាយការណ៍ និងទី២ កិច្ចព្រមព្រៀង ( UPR ) រវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ថាតើអង្គការសហប្រជាជាតិអាចជួយអ្វីខ្លះ ដល់សិទ្ធិមនុស្សនៅកម្ពុជា។
បន្ថែមពីនេះ លោកស្រី វ៉ាន់ ហ៊ីលី បង្ហាញក្ដីសង្ឃឹមថា កម្ពុជានឹងមានអ្វីដែលថ្មីលើបច្ចេកទេសសរសេររបាយការណ៍។ លោកស្រីបន្តថា បើសិនគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ត្រូវការជំនួយលើផ្នែកបច្ចេកទេសនេះ ក្រុមឧត្ដមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងស្ម័គ្រចិត្តជួយ ។
សូមជម្រាបថារបៀបវារៈ ដែលលោកស្រីតំណាងឧតមស្នងការអង្គការសហប្រជាជាតិ បានដាក់ចុះដូចនេះគឺស្របពេល ដែលក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាតិ ដែលមានមូលដ្ឋាននៅ ក្នុងក្រុងហ្សឺណែវ ប្រទេសស្វិស កាលពីថ្មីៗទៅនេះ បានចេញថ្លែងការណ៍រួមមួយ ដោយបានដាក់ប្រទេសកម្ពុជា ជារដ្ឋកំពុងជួបហានិភ័យ នៃការរំលោភសិទ្ធិមនុស្ស ដ៏គួរឱ្យព្រួយបារម្ភ៕