en     km
en     km

តំណាង​សហជីព​៖​ បើ​សភា​អនុម័ត​សេចក្តីព្រាងច្បាប់​សហជីព​ ច្បាប់​នោះ​នឹង​​មិន​បម្រើ​ប្រយោជន៍​កម្មករ​ឡើយ​

Share

​ភ្នំពេញ​៖​ បន្ទាប់​ពី​សេចក្តីព្រាងច្បាប់​ស្តី​ពី​សហជីព​​ត្រូវ​បាន​ដាក់​ឲ្យ​ជជែក​គ្នា​ជា​បន្តបន្ទាប់​ និង​ចុង​ក្រោយ​ត្រូវ​​បាន​​លើ​ក​​យក​​មក​​ជជែក​ពិភាក្សា​តាម​រយៈ​សិក្ខាសាលា​នៅ​ឯ​រដ្ឋសភា​ ពង្រាង​ច្បាប់​សហជីព​ដ៏​ចម្រូង​ចម្រាស់​​​មួយ​​នេះ​ បា​ន​ប​ញ្ចូ​ន​​ទៅ​​ដល់​​សភា​ពេញ​អង្គ​​ដើ​ម្បី​​ប្រជុំ​​ពិភា​ក្សា​​សម្រេច​​និង​​អនុ​ម័ត​ នា​​ថ្ងៃ​​ទី​ ០៤​ ​ខែ​​មេ​​សា​​ស្អែក​​នេះ​​ហើយ​​។​ នៅ​​ថ្ងៃ​នេះ​​តំណាង​​សហ​ជីព​​មួយ​​ចំនួន​​បារម្ភ​​ថា​ ​បើ​​ថ្ងៃ​ស្អែក​​សភា​​អនុ​ម័ត​​សេច​​ក្តី​​ព្រាង​​ច្បាប់​​សហ​ជីព​ ​ដោយ​​មិន​មាន​សិក្សា​​ឱ្យ​​បាន​​ច្បាស់​លាស់​​នោះ​​ទេ​ ច្បាប់​នោះ​នឹង​មិន​បម្រើ​ដល់​ផល​​ប្រ​យោ​ជ​ន៍​​​កម្ម​ករ​​ឡើយ​។​

Employee-Iaw-In-Cambodia
ពលរដ្ឋនិងតំណាង​សហជីពមួយចំនួន បង្ហាញការមិនពេញចិត្តចំពោះសេចក្តីព្រាងច្បាប់​ស្តី​ពី​សហជីព (រូបភាពហ្វេសប៊ុក)

​នា​ថ្ងៃ​ទី​ ០៤​ ខែ​មេ​សា​ស្អែក​នេះ​ សភា​ពេញអង្គ​នឹង​ប្រជុំ​ពិភាក្សា​សម្រេច​ព្រមទាំង​អនុម័ត​ សេចក្តីព្រាងច្បាប់​ស​ហ​​​ជីព​​មាន​ ១៧​ ជំពូក​ដោយ​ក្នុង​នោះ​មាន​ ៩១​ មាត្រា​ បន្ទាប់​ពី​​សេច​ក្តី​ព្រាង​ច្បាប់​ស្តី​​ពី​​សហ​ជីព​​នេះ​​ ត្រូវ​​បាន​​ដាក់​​​ឲ្យ​​ជ​ជែក​ ពិភាក្សា​គ្នា​ជា​បន្តបន្ទាប់​មុន​ប​ញ្ចូ​ន​ទៅ​កាន់​សភា​ដើម្បី​អនុម័ត​។​ ចំពោះ​​តំណាង​​សហ​ជីព​​មួយ​​ចំនួ​​ន​​​​យល់​​ថា​​ថ្ងៃ​ស្អែក​​ ប្រសិន​បើ​​សភា​​អនុ​ម័ត​​សេច​ក្តី​ព្រាង​ច្បាប់​​សហ​ជីព​​ពិត​មែន​​នោះ​​ ច្បាប់​​នោះ​​នឹង​​មិន​​បម្រើ​ដល់​​​ប្រ​យោ​ជន៍​​កម្មករ​​ឡើយ​។​

លោក​ ហ្វា​ សាលី​ ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ​ (NTUC)​ មាន​ប្រសាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃ​ទី​ ០៣​ ខែមេសា​នេះ​​ថា​ សភា​ពេញអង្គ​មិន​គួរ​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​សហជីព​ ស្រប​ពេល​ដែល​មាត្រា​មួយ​ចំនួន​ក្នុង​សេច​ក្តី​ព្រាងច្បាប់​នេះ​ ដាក់​សម្ពាធ​ខ្លាំង​លើ​សហជីព​ក្នុង​កិច្ច​ការងារ​ជួយ​ដល់​កម្មករ​ ក្នុង​នោះ​មាន​ដូច​ជា​ពាក់ព័ន្ធ​នឹង​ការ​​បង្កើត​សហជីព​ ព្រមទាំង​គ្រប់គ្រង​ថវិការ​ចំណូល​ចំណាយ​របស់​សហ​ជី​ជាដើម​។​

លោក​ ហ្វា​ សាលី​ បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា​ សភា​គួរតែ​ពិចារណា​ក​ពន្យា​ពេល​អនុម័ត​សេចក្តីព្រាងច្បាប់​នេះ​ ដើ​ម្បី​​មក​ជជែក​ ឬ​ ពិភាក្សា​រក​ចំណុចរួម​ផ្សេងៗ ​​ជាមួយ​តំណាង​សហជីព​នានា​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ជា​មុន​សិន​ ទើ​ប​​​ជា​ការ​ប្រសើរ​។​ លោក​ថា​ ប្រសិន​បើ​​ការ​អនុម័ត​ច្បាប់​ដែល​ខ្វះ​ការ​ពិភាក្សា​ ឬ​មិន​ទទួលយក​សំណើរ​របស់​តំ​ណាង​​សហជីព​នានា​នេះ​ ច្បាប់​នោះ​នឹង​មិន​មាន​លក្ខណៈ​ត្រឹមត្រូវ​អាច​ទទួលយក​បាន​ឡើយ​។​

​ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ​រូប​នេះ​ បានឱ្យ​ដឹង​ទៀត​ថា​ កម្ពុជា​មានច្បាប់​ការងារ​ មាន​ប្រកាស​ ព្រមទាំង​មាន​អនុ​សញ្ញា​​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ​រួច​ហើយ​ ប៉ុន្តែ​មិន​ទាន់​បាន​អនុវត្ត​អស់​នៅឡើយ​ទេ​ ដូច្នេះ​មិន​ចាំបាច់​បង្កើ​ត​​ច្បាប់​ស្តី​សហជីព​នេះនោះ​ទេ​។​

​អ្នកស្រី​ យ៉ាង​ សុ​ភ័​ណ្ឌ​ តំណាង​សហភាព​សហជីព​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ក្នុង​នាម​ជា​តំណាង​សហភាព​ស​ហ​​​ជីព​កម្ពុជា​ អ្នកស្រី​មិន​ចង់ឱ្យ​សភា​អនុម័ត​ច្បាប់​ស្តី​សហជីព​ឡើយ​។​ អ្នកស្រី​ថា​ យោង​តាម​សេច​ក្តី​ព្រាង​ច្បា​ប់​​​សហជីព​នេះ​ បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ចេតនា​របស់​រដ្ឋាភិបាល​គ្រប់គ្រង​ និង​ចោទប្រកាន់​ទៅ​លើ​សហជីព​ដែល​​ត្រឹ​ម​ត្រូវ​​ដល់​កម្មករ​ ហើយ​រដ្ឋាភិបាល​ធ្វើ​ដើម្បី​បម្រើ​​ផល​ប្រយោ​ជន៍​​ដល់​​ន​យោជន​ ឬ​ ភាគី​ថៅកែ​ទៅ​វិញ​។​

​ចំណែក​លោក​ វន់​ ពៅ​ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ (IDEA)​ មាន​ប្រសាសន៍​ថា​ ការ​ពិនិត្យ​ ពិភាក្សា​ នឹង​គ្រោង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​សហជីព​នៅ​ថ្ងៃ​ទី​ ០៤​ ខែមេសា​ ស្អែក​នេះ​ សភា​ធ្វើ​​ឡើង​ហាក់ដូចជា​លឿន​ពេក​ ដោយ​គ្មាន​ការ​ពិភាក្សា​ជាមួយ​សហជីព​ ឬ​ ទទួលយក​មតិយោបល់​សហជីព​ទា​ល់​តែ​សោះ​។​

​លោក​ វន់​ ពៅ​ បានឱ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​ ០៤​ ខែមេសា​ ស្អែក​នេះ​ សំណាង​សហជីព​ទាំងអស់​នឹង​នាំ​គ្នា​ទៅ​តវ៉ា​ដោយ​​​ស​ន្តិ​វិធី​​នៅ​ខាង​មុខ​រដ្ឋសភា​ ប្រសិនបើ​សភា​អនុម័ត​ច្បាប់​ដែល​មិន​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​កៀប​សង្ក​ត់​​សហជីព​ និង​កម្មករ​។​

​សូម​ជម្រាប​ថា​ កាលពី​ថ្ងៃ​ទី​ ០៩​ ខែមីនា​ កន្លង​ទៅ​ជា​ពេលវេលា​លើក​ចុង​ក្រោយ​ ដែល​សេចក្តីព្រាងច្បាប់​ស្តី​ពី​ស​ហ​ជីព​​ត្រូវ​បាន​លើកយក​មក​ជជែក​ពិភាក្សា​តាម​រយៈ​សិក្ខាសាលា​នៅ​ឯ​រដ្ឋសភា​ ដោយ​ផ្តល់​ឱកាស​ឱ្យ​តំណាង​ស​ហ​​ជីព​លើក​ឡើង​ពី​បញ្ហា​​នា​នា​​ជុំ​វិញ​​សេច​ក្តី​ព្រាង​ច្បាប់​​នេះ​ រយៈពេល​ចំនួន​ ៣០​ នាទី​។​

​តំណាង​សហជីព​ និង​ សង្គម​ស៊ី​វិល​មួយ​ចំនួន​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​សេរីភាព​របស់​កម្មករ​ បាន​ចេញ​សេច​ក្តី​ថ្លែង​ការណ៍​រួម​មុន​មួយ​ មុន​ថ្ងៃ​ទី​ ០៩​ ខែមីនា​ សុំ​ឱ្យ​រដ្ឋសភា​យកចិត្តទុកដាក់​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​សហ​ជី​ព​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ និង​ផ្តល់​ពេលវេលា​ឱ្យ​បាន​គ្រប់គ្រាន់​ក្នុង​ការ​ជជែក​ជាមួយ​តំ​​ណា​ង​សហជីព​ ក៏​ប៉ុន្តែ​​រដ្ឋសភា​ពុំ​ព្រម​ទទួលយក​សំណើ​របស់​ក្រុម​​តំណាង​​សហ​ជីព​​ឡើយ​៕​

Share

Image
Image
Image