en     km
en     km

តើ​ជន​សមគំនិត​សម្លាប់​លោក​បណ្ឌិត​ កែម​ ទ្បី​ អាច​នឹង​រក​ឃើញ​មក​ផ្តន្ទាទោស​បាន​ឬទេ​?🔊

Share

ភ្នំពេញ៖ សម្តេច​ ហ៊ុន​ សែន​ បាន​ចេញ​បទបញ្ជា​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ ស្វែងរក​ជន​ដៃដល់​ និង​ស្វែងរក​ជន ដែលឃុបឃិត​ទាំង​ទ្បា​យ​ដែល​បាន​សម្លាប់​លោក​បណ្ឌិត​ កែម​ ទ្បី​ មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​។​ ការ​ថ្លែង​បែប​នេះ​ធ្វើ​ទ្បើ​ង​នៅ​ក្នុង​ពិធី​សម្ពោធ​អាគារ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​១​ ខណ្ឌទួលគោក​ រាជ ធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​ ១១​ ខែកក្កដា​ ឆ្នាំ​២០១៦​នេះ​។​ ប៉ុន្តែ​អ្នកវិភាគ​ ២​រូប​ថា​ ការ​ចាប់​បាន​ ឬ​មិន​បាន​ អាស្រ័យ​លើ​ឆ​ន្ទះ​របស់​រាជរដ្ឋាភិបាល​។​

kem-ley-thum-07-10
លោក កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់នៅក្នុងស្តាម៉ាត ក្បែរស្តុបបូគោ រាជធានីភ្នំពេញ។

​បន្ទាប់​ពី​មានការ​បាញ់​សម្លាប់​លោក​បណ្ឌិត​ កែម​ ទ្បី​ កាលពី​ម្សិលមិញ​ សម្តេច​ ហ៊ុន​ សែន​ នៅ​ថ្ងៃ​ទី​១១​ក​ក្ត​ដា​នេះ​ បាន​ចេញ​វិធានការ​ដោយ​រឹត​បន្តឹង​សន្តិសុខ​ ហើយ​ត្រូវ​ផ្ដល់​យុត្តិធម៌​ជូន​ជន​រង​គ្រោះ​។​ ​សម្តេច​ ហ៊ុន​ សែន​ មាន​ប្រសាសន៍​ថា​៖​ «​ក្នុង​នាម​រាជរដ្ឋាភិបាល​ និង​ក្នុង​នាមខ្លួន​ខ្ញុំ​ផ្ទាល់​ខ្ញុំ​សូម​សម្តែង​នៅ​មរណៈទុក្ខ​ ចំពោះ​គ្រួសារ​សព​ក៏​ដូច​ជា​ការ​សោកស្តាយ​ និង​ថ្កោល ទោស​យ៉ាង​ម៉ឹង​ម៉ាត់​ចំពោះ​អំពើ​ព្រៃផ្សៃ​នេះ​ ហើយ​សូម​ចេញ​បទបញ្ជា​ ហើយ​អាជ្ញារ​ធរមាន​សមត្ថកិច្ច​ស្វែងរក​នៅ​ជន​ដៃ​ដុល​ និង​ជន​ឃុំ​ឃិ​ត​ទាំង​ទ្បា​យ​ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់​»​។​

សម្តេច​ ហ៊ុន​ សែន​ ក៏​បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​ការ​ស្លាប់​របស់​លោក​បណ្ឌិត​ កែម​ ទ្បី​ ដែល​សម្ដេច​នាយក​រដ្ឋមន្ត្រី​បន្ត​ថា​ នេះ​ជា​លើក​ទី​ ០២​ហើយ​ ដែល​មាន​ករណី​បាញ់ប្រហារ​។​ សម្ដេច​ថា​ គឺ​លើក​ទី​០១​ ទៅ​លើ​ឱ​ក​ញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ និង​លើក​ទី​ ០២​ ទៅ​លើ​បណ្ឌិត​ កែម​ ទ្បី​ ដែល​ជា​អ្នកវិភាគ​ដ៏​ល្បីល្បាញ​មួយ​រូប​។​ សម្តេច​ ហ៊ុន​ សែន​ បាន​ចេញ​បទបញ្ជា​ឱ្យ​អាជ្ញា​ធរមាន​សម្ថ​កិច្ច​តាម​វែកមុខ​រក​ជន​ដែល​ឃុបឃិត​ទាំង​ទ្បា​យមក​ផ្តន្ទាទោស​តាម​ច្បាប់​។​

​ប្រធាន​លេខាធិការដ្ឋាន​នៃ​គណកម្មាធិការ​អង្គការ​-​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​លោក​ សួន​ ប៊ុ​ន​ស័ក្តិ​ អបអរសាទរ​ចំពោះ​ចំណាត់ការ​សម្តេច​ ហ៊ុន​ សែន​ ដែល​បាន​ចេញ​បញ្ជា​ឱ្យ​អាជ្ញាធរ​តាម​ស្វែងរក​ជន​ដែល​បាន​ឃុបឃិត​មក​ផ្តន្ទាទោស​តាម​ច្បាប់​ ប៉ុន្តែ​លោក​ថា​ កន្លង​មកនេះ​រាជរដ្ឋាភិបាល​ក៏​ធ្លាប់​ចេញ​បទបញ្ជា​នេះ​ដែរ​ ប៉ុន្តែ​តែងតែ​បរាជ័យ​។​

​ទាក់ទង​នឹង​បទបញ្ជា​នេះ​ដែរ​លោក​ សួន​ ប៊ុ​ន​ស័ក្តិ​ មានការ​ព្រួយបារម្ភ​ចំនួន​ ២​ ចំនុច​៖«​ខ្ញុំ​មានការ​ព្រួយបារម្ភ​២​មែនទែន​ទៅ​ ទី​០១​គ្រាន់​យើង​ជា​ក្តី​សង្ឃឹមថានឹង​អាច​រក​ឃើញ​ ប៉ុន្តែ​អាជ្ញាធរ​រដ្ឋ​គាត់​មាន​យន្តការ​ មាន​កម្លាំងប្រដាប់អាវុធ​របស់​គាត់​ ខ្ញុំ​គិត​ថា​រឿង​ប៉ុណ្ណឹង​មិន​អាច​រក​ឃើញ​មិន​បាន​នោះ​ទេ​ បញ្ហា​មួយទៀត​យើង​តែងតែ​មានការ​ខកចិត្ត​ត្រង់​ថា​ពេល​មាន​បញ្ហា​ចឹ​ងៗ​ រឿង​សំខាន់​ជា​ទូទៅ​យើង​មិន​ដែល​ឃើញ​បាន​អនុវត្ត​ចំណាត់ការ​ដោយ​ជោគជ័យ​ បាន​យក​ផ្តន្ទាទោស​ទៅ​ជា​សាធារណៈ​…»​។​

​ចំណែក​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​លោក​ ឯម​ សុវណ្ណ​រ៉ា​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ លោក​មាន​ជំនឿ​ចិត្ត​ទៅ​លើ​នាយក​រដ្ឋមន្ត្រី​ ថា​នឹង​អាច​ចាប់​ជន​ដែល​បាន​ឃុបឃិត​សម្លាប់​ លោក​បណ្ឌិត​ កែម​ ទ្បី​ បាន​។​ លោក​ ឯម​ សុវណ្ណ​រ៉ា​ សង្កត់ធ្ងន់​ថា​ ប្រសិនបើ​រដ្ឋាភិបាល​ធ្វើការ​ស៊ើបអង្កេត​ឱ្យ​បាន​ម៉ត់ចត់​នោះ​ នោះ​ជន​ដែល​នៅ​ពីក្រោយ​ខ្នង​ពី​ការ​សម្លាប់​លោក​ កែម​ ឡី​ នោះ​មិន​អាច​គេចខ្លួន​បាន​នោះ​ទេ​។​

​លោក​ ឯម​ សុវណ្ណ​រ៉ា​ បន្ថែម​ទៀត​ថា​ បញ្ហា​នេះ​ជា​ការ​ទទួលខុសត្រូវ​របស់​រាជរដ្ឋាភិបាល​ ព្រោះ​បើ​រាជរដ្ឋាភិបាល​មិន​ចេញ​វិធាន ការ​ស៊ើបអង្កេត​នោះ​ទេ​ នោះ​នឹង​ធ្វើ​ឱ្យ​ខាតបង់​ជំនឿ​ចិត្ត​ពី​ប្រជាពលរដ្ឋ​ដោយ​លោក​យន្តការ​នេះ​ហាក់បីដូចជា​យឺត​បន្តិច​ផង​ដែរ​។​លោក​ ឯម​ សុវណ្ណ​រ៉ា​៖«​ខ្ញុំ​ជឿជាក់​ថា​ការ​ចេញ​វិធាន​ការណ៍​របស់​នាយក​រដ្ឋមន្ត្រី​ពី​ករណី​ឃាតកម្ម​លោក ​កែម​ ទ្បី​ មាន​ប្រសិទ្ធភាព​ ព្រោះ​នៅ​ក្នុង​រចនាសម្ព័ន្ធ​អំណាច​បច្ចុប្បន្ន​នេះ​គឺ​រដ្ឋាភិបាល​គេ​ក្តាប់​បាន​រឹង​មាំ​ណាស់​អ​ញ្ចឹ​ង​បើ​រដ្ឋាភិបាល​បើក​ការ​ស៊ើបអង្កេត​ ហើយ​យកចិត្តទុកដាក់​គេ​ហៅ​ថា​អ្នក​នៅ​ពីក្រោយ​ឃាតកម្ម​នេះ​មិន​អាច​គេចខ្លួន​បាន​នោះ​ទេ​»​។​

​គេ​នៅ​ចាំ​បាន​ថា​ រយៈពេល​ជាង​មួយ​ទស​វត្ស​ចុង​ក្រោយ​នេះ​ មាន​ឃាតកម្ម​កើត​ទ្បើ​ង​ជា​ច្រើន​កើត​ទ្បើ​ង​ទៅ​លើ​អ្នក​ល្បីៗ​ជា​ច្រើន​រូប​ ក្នុង​នោះ​រួម​មាន​អ្នកកាសែត​ជើង​ចាស់​លោក​ ធន់​ ប៊ុ​ន​លី​ អ្នក​សារព័ត៌មាន​ជា​ច្រើន​រូប​ទៀត​ និង​អ្នកសិល្បៈ​ជា​ច្រើន​រូប​រួម​មាន​ អ្នក​នាង​ ពិសិដ្ឋ​ ពី​លី​កា​ កញ្ញា​ទូច​ ស្រី​និ​ច​ ជាដើម​ និង​សកម្មជន​មួយ​ចំនួន​ផង​ដែរ​ដូច​ជា​លោក​ ជា​ វិជ្ជា​ លោក​ ឈុត​ វុ​ទ្ធី​ ដែល​អ្នក​ទាំងនោះ​មិន​ទាន់​ទទួល​បាន​ពន្លឺយុត្តិធម៌​នៅ​ទ្បើ​យ​នោះ​ទេ​៕

Share

Image
Image
Image