en     km
en     km

តើស្ត្រីចូលរួមអ្វីខ្លះសម្រាប់សង្គមជាតិ?

Share

(ភ្នំពេញ)៖ ស្រ្តីរួមចំណែកអភិវឌ្ឍន៍សង្គម ជាប្រធានបទ ដែលមណ្ឌលព័ត៌មានស្រ្តីកម្ពុជា បានផលិតឡើងដើម្បីអបអរសាទរខួបលើកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ និងជាខួបលើកទី២១​នៃការបង្កើតមណ្ឌលព័ត៌មានស្រ្តីកម្ពុជាផងដែរ។ កម្មវិធីវិទ្យុដែលមានរយៈជាង៥០នាទី វាគ្មិនដែលបានចូលរួមបានលើកឡើងអំពីសក្តានុពលរបស់ស្រ្តីនៅក្នុងការអភិវឌ្ឍន៍ និងជាសសរទ្រូងនៃសេដ្ឋកិច្ចប្រទេសជាតិ។ ដើម្បីជ្រាបកាន់តែច្បាស់សូមនាងកញ្ញា លោក លោកស្រី ស្តាប់បទយកការណ៍របស់កញ្ញា អ៊ុំ ច័ន្ទលក្ខិណា ដូចតទៅ៖

នៅក្នុងសង្គមកម្ពុជាយើងបច្ចុប្បន្ន ស្រ្តីមិនមែនត្រឹមតែជាស្រ្តីមេផ្ទះមួយមុខតែប៉ុណ្ណោះទេ ថែមទាំងជាបុគ្គលស្វែងរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ ជាអ្នកបណ្តុះបណ្តាល និងជាអ្នកចូលរួមការអភិវឌ្ឃន៍សង្គមជាតិថែមទៀតផង បើទោះបីជាកិច្ចការទាំងនោះស្ថិតនៅក្នុងរូបភាពមានចំណូល ឬមិនមានចំណូលក៏ដោយ។ នេះគឺជាការលើកឡើងរបស់កញ្ញារូបស្រស់ សក់ខ្លីប្រាស់ស្មា អមជាមួយវ៉ែនតាគ្របភ្នែកទាំងសង យ៉ាងសង្ហារ នេះគឺជាកញ្ញា ស៊ឹម ចិន្តា ទីប្រឹក្សាជំនាញផ្នែកយេនឌ័រធនាគារពិភពលោក បានបន្តលើកឡើងថា មុននឹងឈានមកដល់ថ្ងៃនេះកញ្ញា ធ្លាប់បានឆ្លងកាត់ការងារតាំងពីគ្រូបង្រៀនបឋមសិក្សាមក រហូតក្លាយជាអ្នកជំនាញប្រឹក្សាយោបល់ផ្នែកយេនឌ័រដូចសព្វថ្ងៃនេះ។ តែមុននឹងឈានមករកនូវការអភិវឌ្ឃន៍ខ្លួនដូចសព្វថ្ងៃនេះ កញ្ញាធ្លាប់ឆ្លងកាត់នូវការលំបាក និងឧបសគ្គជាច្រើនបន្ទាប់ពីការបានចាប់ផ្តើមចង់ធ្វើការងារជាមួយអង្គការក្រៅរដ្ឋាភិបាលដូចជាត្រូវមករស់នៅភ្នំពេញតែឯង ជួលផ្ទះនៅម្នាក់ឯង ការផ្លាស់ប្តូរបដិបទរស់នៅប្លែកពីពេលមុន។

————————សំលេង កញ្ញា ស៊ឹម ចិន្តា————————–

ក្រៅពីការងារសម្រាប់ជួយខ្លួនឯង ការអភិវឌ្ឍន៍ផ្ទាល់ខ្លួន កញ្ញាក៏រីករាយនៅក្នុងការចែករំលែក ជាពិសេសដើម្បីសង្គម និងស្រ្តី បើទោះបីជាត្រូវចំណាយថវិកាផ្ទាល់គ្នាក៏ដោយ។

ងាកមករកអ្នកស្រី  អ៊ុំ សូរិយា ជាស្ថាបនិក suria green ជាផលិតផលផ្គត់ផ្គង់បរិក្ខារបរិស្ថាន បានបង្ហាញពីសក្តានុពលរបស់ស្រ្តីនៅការអភវឌ្ឍន៍សង្គម និងទ្រទង់សេដ្ឋកិច្ចប្រទេសជាតិ។

———————–សំលេងអ្នកស្រី អ៊ុំ សូរិយា————————

ដោយឡែកអ្នកស្រី ហង្ស សម្ជស្ស អ្នកគ្រប់គ្រងវិទ្យុស្រ្តី បានលើកឡើងថា ស្រ្តីគឺជាកោសិកាសង្គម ជាវិចិត្រករឆ្លាក់មនុស្ស ហើយប្រសិនបើជាស្រ្តីបានចូលរួមនៅក្នុងការអភិវឌ្ឍន៍សង្គមវិញ ស្រ្តីគឺជាកត្តាមួយយ៉ាងសំខាន់មិនអាចខ្វះបាន។

—————សំលេង អ្នកស្រី ហង្ស សម្ជស្ស————-

ដូចនេះ យើងបានឃើញហើយថា ស្រ្តីប្រៀបបានដូចជាកាតាលីករ ជាសរសៃឈាម និងជាឆ្អឹងខ្នងជនៃការអភិវឌ្ឍន៍សង្គមជាតិ និងសេដ្ឋកិច្ចប្រទេស។ តួយ៉ាងបើយោងទៅតាមរបាយការណ៍វាយតម្លៃរបស់វាទិកាសេដ្ឋកិច្ចពិភពលោកបានឲ្យដឹងថា ស្រ្តីកម្ពុជាជាប់លេខ ២៥នៅក្នុងចំណោម១៥៣ ប្រទេស ដែលជាតួលេខបង្ហាញពីការចូលរួមរបស់ស្រ្តីនៅក្នុងសេដ្ឋកិច្ចកម្ពុជា។

ជាតំណភ្ជាប់ទូរស័ព្ទនៅពេលកំពុងផ្សាយផ្ទាល់ក្នុងកម្មវិធីអបអរសាទរខួបទី១០៩ នៃទិវានារីអន្តរជាតិ ៨ មីនា និងខួបទី២១របស់វិទ្យុស្រ្តី  ឯកឧត្តម ថេ ឈុន ហាក់អគ្គនាយកសមភាពយេនឌ័រ និងអភិវឌ្ឃន៍សេដ្ឋកិច្ច នៃក្រសួងកិច្ចការនារី បានលើកឡើងថា បច្ចុប្បន្នស្រ្តីកម្ពុជាបានជួយលើកស្ទួយវិស័យសេដ្ឋកិច្ចកម្ពុជាខ្លាំងមែនទែន ដែរតួលេខនេះ មានរហូតដល់ទៅ៨០%។ ក្រៅពីនេះបើគិតទៅលើកម្លាំងពលកម្មការងាររបស់ស្រ្តីវិញ ស្រ្តីមានប្រៀបលើបុរសច្រើន ទាំងការងារក្នុងផ្ទះ និងការងារក្រៅផ្ទះ។

——————សំលេង ឯកឧត្តម ថេ ឈុន —————-

ស្របពេលជាមួយគ្នានេះ សម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានផ្តល់នូវអនុសាសន៍ចំនួន ៦ចំនុចផងដែរសម្រាប់ខួបអបអរសាទរ សិទ្ធិនារីអន្តរជាតិ៨មីនា ខួបលើកទី១០៩។ អនុសាសន៍ទាំង៦ចំនុចនេះ គឺស្ថិតក្នុងគោលបំណងលើកកម្ពស់សិទ្ធិស្រ្តី លុបបំបាត់វិសមភាពរវាងបុរស និងស្រ្តី បូករួមជាមួយការលើកទឹកចិត្តស្រ្តី និងក្មេងស្រីកុំឲ្បោះបង់ចោលការសិក្សា ហើយត្រូវបន្តវិនិយោគលើការសិក្សាបន្ថែមដោយឥតងាករ៉េ។

សរុបមក ស្រ្តីប្រៀបបានទៅនឹងសរសៃឈាមសង្គម ឆ្អឹងខ្នងសេដ្ឋកិច្ចដែលមិនអាចខ្វះបាន ជាម្តាយ ជាវិចិត្រករមនុស្ស មាតាដៃ១០០ សម្រាប់ពិភពលោកទាំងមូល។ កាលពីបុរាណកាលយើងតែងលឺនូវពាក្យមួយឃ្លាថា «ស្រ្តីបង្វិលចង្រ្កានមិនជុំ»។ ពាក្យនេះបានដាក់ជាប់នៅក្នុងក្រអៅបេះដូងស្រ្តីខ្មែរ ស្ទើរតែលុបមិនជ្រះ ហើយវាក៏ជាឥទ្ធិពលមួយនៅក្នុងការបង្អាក់ដំណើរការអភិវឌ្ឍន៍សមត្ថភាពរបស់ស្រ្តីផងដែរដូចជាការកំណត់គោលដៅជីវិតថា ស្រ្តីគួរតែជាមេផ្ទះ ហើយពុំចាំបាច់រៀនច្រើនពេកជាដើម។ ដែលនេះគឺជាមូលហេតុដែលនាំឲ្យមានវិសមភាពយេនឌ័រ និងការកើតមាននូវអំពើហិង្សាជាអាទិ៍ ព្រោះដោយសារតែមានចំណេះដឹងទាប បូករួមជាមួយច្បាប់ទូន្មានមួយចំនួនដូចជាកុំនាំភ្លើងក្នុងចេញក្រៅ  កុំនាំភ្លើងក្រៅចូលក្នុងជាដើម ដែលវាជាហេតុមួយនៅក្នុងន័យថា ស្រ្តីមិនគួរយករឿងក្នុងគ្រួសារទៅប្រាប់អ្នកដ៏ទៃដើម្បីសុំជំនួយនោះទេ ទោះបីស្ថិតក្នុងរឿងហេតុប្រភេទណាក៏ដោយ។ ក៏ប៉ុន្តែផ្នត់គំនិតទាំងនេះត្រូវបានរលុបបាត់អស់ទៅហើយ ព្រោះតែស្រ្តីខ្មែរបច្ចុប្បន្នខិតខំខ្មាតស្មីស្វែងរកចំណេះដឹង អភិវឌ្ឍន៍ខ្លួនបន្តបន្ទាប់ ហ៊ានសម្រេចក្តីបំណងផ្ទាល់ខ្លួន ក្លាហានក្នុងការចាប់យកក្តីស្រមៃ៕

អត្ថបទដោយ កញ្ញា អ៊ុំ ច័ន្ទលក្ខិណា

Share

Image
Image
Image