en     km
en     km

តើមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ជារដ្ឋប្រហារឬយ៉ាងណា?

Share

ភ្នំពេញ៖ ក្រុមលោក សម រង្ស៊ី ថានឹងចូលមកកម្ពុជានៅថ្ងៃទី ៩ វិច្ឆិកា ដើម្បីឱ្យមានការផ្លាស់ប្ដូរ ។ លោក សម រង្ស៊ីថានេះមិនមែនជារដ្ឋប្រហារនោះទេ តែជាការប្រើប្រាស់អំណាចពលរដ្ឋ ។ រាជរដ្ឋាភិបាល និងមន្ត្រីកម្ពុជាថានេះជាសកម្មភាពប៉ុនប៉ងធ្វើរដ្ឋប្រហារ ដែលមិនអនុញ្ញាតឱ្យលេចចេញជារូបរាងឡើយ ។ អ្នកវិភាគថា សកម្មភាពដែលមានគោលបំណងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ គឺជាសកម្មភាពរដ្ឋប្រហារ តែសម្រាប់កម្ពុជា ជាចំណោតបញ្ហានោះថាតើរដ្ឋាភិបាលកម្ពុជាស្របច្បាប់ដែរឬទេ ។

សូមស្ដាប់លោក សោម លាភ លម្អិតអំពីព័ត៌មាននេះ៖

រយៈពេលដ៏ខ្លីខាងមុខ គឺនៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ មានការអះអាងពីមេដឹកនាំពីរគណបក្សផ្សេងគ្នា ដែលអះអាងចាប់គ្នាទៅវិញទៅមក ។ នោះគឺនាយករដ្ឋមន្ត្រីកម្ពុជាកាន់អំណាចជិត៤០ឆ្នាំ  និងមេដឹកនាំអតីតគណបក្សសង្រ្គោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ព្រោះគេចពីការអនុវត្តន៍ទោសពីតុលាការ ។

ការប្រកាសថាចាប់គ្នាទៅវិញទៅមកនេះ បើតាមការតាមដានកន្លងមកឃើញថា ម្ដងថាធ្វើឡើងដោយអហឹង្សា ម្ដងថាធ្វើឡើងដោយប្រើប្រាស់កម្លាំង ។

ខាងរដ្ឋាភិបាលកម្ពុជាអះអាងការពារនូវសកម្មភាពរបស់ខ្លួនដែលអាចនឹងចេញជារូបរាងក្នុងការកម្ទេចក្រុមលោក សម រង្ស៊ី ដោយការប្រើកម្លាំង ទោះមានស្លាប់មនុស្សមួយចំនួនក្ដី ថាជាការស្របច្បាប់ ព្រោះជាការធ្វើឡើងដើម្បីជាការការពាររាជរដ្ឋាភិបាលដែលបក្សពួកខ្លួនហៅថាជារាជរដ្ឋាភិបាលស្របច្បាប់ ការពាររដ្ឋធម្មនុញ្ញ របបរាជានិយម ពោលគឺការពារជាតិ សាសនា ព្រះមហាក្សត្រ ។

មិនជាការអះអាងខុសគ្នាប៉ុន្មាននោះទេ ក្រុមលោក សម រង្ស៊ី ឯណោះវិញ ក៏ថាមាតុភូមិនិវត្តន៍របស់បក្សពួករបស់ខ្លួន ដែលនឹងមកកម្ពុជាហើយអះអាងថានឹងធ្វើឱ្យមានការផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំ ថាជាការស្របច្បាប់ទៅវិញ ព្រោះជាសកម្មភាពដើម្បីផ្លាស់ប្ដូរមេដឹកនាំដែលពួកគេហៅថាជាមេដឹកនាំខុសច្បាប់ ។

ជាក់ស្ដែង សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាតែងតែអះអាងថា ដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី និងបក្សពួក ជាការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដែលមិនអាចឱ្យបានសម្រេចឡើយ ។

សម្ដេចទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រកាសថាក្រុមលោក សម រង្ស៊ី ដើរដល់បន្ទាត់ក្រហមហើយ ដែលជាពេលដែលត្រូវតែកម្ចាត់ឱ្យខានតែបាន ដើម្បីអ្វីដែលខ្លួនហៅថាជាសុខសន្តិភាពដែលរកបានដោយលំបាក ។

សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់មានប្រសាសន៍ថា ការបំផុសឱ្យពលរដ្ឋងើបឡើងប្រឆាំងរដ្ឋាភិបាល នឹងធ្វើឱ្យកម្ពុជាមានសង្គ្រាម ។

យ៉ាងណា តុលាការកម្ពុជា បានសម្រេចចោទប្រកាន់ នឹងបង្គាប់បញ្ជាឱ្យចាប់ខ្លួនលើក្រុមមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ ពោលគឺក្រុមលោក សម រង្ស៊ី រួមទាំងបន្តការចាប់ខ្លួន និងចោទប្រកាន់ដល់មន្ត្រី និងសកម្មជនគាំទ្រអតីតគណបក្សនេះជាហូរហែ សឹងគ្រប់ខេត្តក្រុងនៃប្រទេសកម្ពុជា ពីបទឧបឃាត ឬការប៉ុនប៉ងធ្វើរដ្ឋប្រហារ និងបទរួមគំនិតក្បត់ ។

មិនមែនត្រឹមតែរាជរដ្ឋាភិបាលកម្ពុជានោះទេ ក្រុមអ្នកគាំទ្រលោក កឹម សុខា ក៏តែងតែវាយប្រហារថា ការបំផុសបំផុលឱ្យពលរដ្ឋក្រោកឈរប្រឆាំងនឹងរដ្ឋាភិបាលនៅថ្ងៃទី ៩ វិច្ឆិកា ២០១៩ ពីក្រុមលោក សម រង្ស៊ី គឺជាសារនយោបាយ ដែលនឹងនាំឱ្យមានហឹង្សា ដែលមិនមែនជាគោលនយោបាយរបស់អតីតគណបក្សសង្រ្គោះជាតិនោះទេ ។

យ៉ាងណាលោក សម រង្ស៊ី បានបញ្ជាក់ជាថ្មីម្ដងទៀតកាលពីថ្ងៃទី ១២ ខែតុលាថា ការនឹងមកកម្ពុជារបស់លោក មិនមែនជារដ្ឋប្រហារឡើយ អ្នកដែលធ្វើរដ្ឋប្រហារគឺនាយករដ្ឋមន្ត្រីកម្ពុជាទៅវិញទេ ។

លោកថា ដំណើរមាតុភូមិនិវត្តរបស់លោក ដែលអំពាវនាវឱ្យពលរដ្ឋងើបឡើង ដើម្បីចាប់នាយករដ្ឋមន្ត្រីកម្ពុជា គឺមិនខុសច្បាប់ឡើង ហើយនេះជាការប្រើអំណាចពលរដ្ឋ ដូចមានគម្រូនៅប្រទេសហ្វីលីពីន ។

អ្នកវិភាគនយោបាយឯករាជ្យ គឺលោកបណ្ឌិត មាស នី ធ្លាប់ប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជាថា ការប្រកាសផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ គឺជារដ្ឋប្រហារហើយ តែលោកថា ចំពោះករណីកម្ពុជា នៅមិនទាន់អាចនិយាយបានដូចនេះនោះទេ ព្រោះបញ្ហាត្រង់ថានឹងមានមន្ទិលថារដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ស្របច្បាប់ឬក៏អត់ ។

បើទោះបីជាមានការចាប់ និងបន្តការចោទប្រកាន់ទៅលើអ្នកគាំទ្រ ដំណើរមាតុភូមិនិវត្តរបស់លោក សម រង្ស៊ី តាមគ្រប់មធ្យោបាយក្ដី ក៏មានអ្នកនៅតែបង្ហាញជំហររឹងមាំ ក្នុងការទៅទទួលលោក​លោក សម រង្ស៊ី ដដែលទោះជាមានរឿងអ្វីកើតឡើងក៏ដោយ ។

សម្រាប់មន្ត្រីមួយចំនួន និងអ្នកគាំទ្រដំណើរមាតុភូមិនិវត្តក្រុមលោក សម រង្ស៊ី គឺចាប់ផ្ដើមធ្វើដំណើរមកប្រទេសអាស៊ីអាគ្នេយ៍ជាបណ្ដើរៗហើយ ៕

Share

Image
Image
Image