en     km
en     km

តុលាការ​បញ្ចប់​ការ​សាកសួរ​លើ​លោក​ ជួប​ សម្លាប់​ ដោយ​សម្រេច​បន្ដ​ការ​ស៊ើបសួរ

Share

​ភ្នំពេញ៖ គិត​មក​ដល់​ពេល​នេះ​ មាន​រយៈពេល​១​ខែ​២​ថ្ងៃ​ នៃ​ការ​ស្លាប់​របស់​លោក​បណ្ឌិត​ កែម​ ឡី​។​ ក្នុងថ្ងៃនេះ​ឈ្មោះ​ ជួប​ សម្លាប់​ ត្រូវ​បាន​ចៅក្រម​សើ​ប​សួរ​ លោក​ សេង​ លាង​ ធ្វើការ​សាកសួរ​បន្ថែម​។​ ចៅក្រម​ស៊ើបសួរ​បាន​ប្រើ​ ពេល​ជិត​៤​ម៉ោង​ ទើបបាន​បញ្ចប់​ ប៉ុន្តែ​ តុលាការ​មិន​បាន​ផ្ដល់​តម្រុយ​ណាមួយ​ ជុំវិញ​ឃាតកម្ម​លើ​ លោក​ បណ្ឌិត​ កែម​ ឡី​នោះ​ទេ​។​

​លោក​ ជួប​ សម្លាប់​ ដែល​អះអាង​ខ្លួនឯង​ថា​ ជា​ខ្មាន់កាំភ្លើង​ បាញ់​សម្លាប់​ លោក​បណ្ឌិត​ កែម​ ឡី
​លោក​ ជួប​ សម្លាប់​ ដែល​អះអាង​ខ្លួនឯង​ថា​ ជា​ខ្មាន់កាំភ្លើង​ បាញ់​សម្លាប់​ លោក​បណ្ឌិត​ កែម​ ឡី

តែ​ទោះជា​យ៉ាងណា​  មន្ដ្រី​នាំពាក្យ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ប្រាប់​ថា​ ចៅក្រម​ស៊ើបសួរ​ នឹង​សម្រេច​បន្ដ​ចំណាត់ការ​ស៊ើបសួរ​បន្ថែម​ នៅ​ក្នុង​រឿង​ក្ដី​នេះ​ នៅ​ពេល​ក្រោយ​។​

​តាម​រយៈ​សារ​អេ​ឡិ​ត​ត្រូ​និ​ច​ តេ​ឡេ​ក្រាម​ លោក​ លី​ សុ​ផា​ណា​ បាន​សរសេរ​ប្រាប់​អ្នក​សារព័ត៌មាន​ នៅ​រសៀល​ថ្ងៃ​ទី​១២​សីហា​ នេះ​ ថា​  ៖«​ចៅក្រម​ស៊ើបសួរ​ បាន​សួរ​ចម្លើយ​បន្ថែម​ទៅ​លើ​ជន​ត្រូវ​ចោទ​ ឈ្មោះ​ ជួប​ សម្លាប់​ និង​ពិនិត្យ​ទៅ​លើ​ភស្ដុ​តាង​នានា​ ហើយនឹង​បន្ដ​ ចំណាត់ការ​ស៊ើបសួរ​នៅ​ក្នុង​រឿង​ក្ដី​នេះ​»​។​

​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​ កាលពី​ថ្ងៃ​ម្សិលមិញ​ អ្នកស្រី​ ប៊ូ​ រចនា​ បាន​និយាយ​ថា​ អ្នកស្រី​មិន​មាន​ជំនឿ​ចិត្ត​ថា​ នឹង​បាន​យុត្តិធម៌​សម្រាប់​ប្ដី​របស់​អ្នកស្រី​គឺ​លោក​បណ្ឌិត​នោះ​ទេ​។​

​លោក​បណ្ឌិត​ កែម​ ឡី​ អ្នកវិភាគ​ឯករាជ្យ​ ត្រូវ​បាន​ឃាតករ​ចូល​បាញ់​សម្លាប់​ ខណៈ​លោក​អង្គុយ​ទទួលទាន​កាហ្វេ​ នៅ​ក្នុង​ស្តា​ម៉ាត​ នៃ​ស្ថានីយ៍​សាំង​កាល​តិច​ស្តុ​ប​បូកគោ​ កាលពី​ម៉ោង​ជិត​៩​ព្រឹក​ ថ្ងៃ​ទី​១០​ខែកក្កដា​ ឆ្នាំ​២០១៦​។​

​លោក​ កែម​ ឡី​ ត្រូវ​បាន​ឃាតក​បាញ់​ចំនួន​២​គ្រាប់​ ដោយ​១​ចំ​ក្បាល​ និង​មួយ​គ្រាប់​ទៀត​ចំ​ដើមដៃ​ធ្លាយ​ ទៅ​ដល់​ក្រោម​ដោះ​ បណ្តាល​ឱ្យ​ស្លាប់​នៅ​កន្លែង​កើត​ហេតុតែ​ម្តង​។​

​ខ្មាន់កាំភ្លើង​ ដែល​ដាក់​រហស្សនាម​ខ្លួនឯង​ថា​ ជួប​ សម្លាប់​ ត្រូវ​បាន​ សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ឃុំខ្លួន​ កាលពី​ថ្ងៃ​ទី​ ១៣​ខែកក្កដា​ ឆ្នាំ​២០១៦​ ដោយ​ចោទប្រកាន់​ចំនួន​២​ករណី​ គឺ​ ពី​បទ​ឃាតកម្ម​គិត​ទុកជា​មុន​ និង​កាន់កាប់​អាវុធ​គ្មាន​ការ​អនុញ្ញាត​។​ ជន​នេះ​បាន​សារភាព​ថា​ រូបគេ​មានឈ្មោះ​ ជួប​ សម្លាប់​ អាយុ​៣៨​ឆ្នាំ​។​

​ករណី​នេះ​ ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ យ៉ាង​ខ្លាំង​ ដល់​ពលរដ្ឋ​ខ្មែរ​ និង​សហគមន៍​អន្តរជាតិ​ ហើយ​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ក៏​ថ្កោលទោស​អំពើ​នេះ​ផង​ដែរ​។​ តែ​អ្នក​សង្កេតការណ៍​ឯករាជ្យ​ មិន​ជឿ​ថា​ ជា​រឿង​គំនុំ​ បុគ្គល​ដោយសារ​រឿង​ជំពាក់​លុយ​នោះ​ទេ​៕

Share

Image
Image
Image