en     km
en     km

តុលាការ​ខេត្តកោះកុង​ ដោះ​លែង​សកម្មជន​អា​រ៉ែ​ង​ នៅ​រសៀល​ថ្ងៃ​ព្រ​ហ​ស្បតិ៍​នេះ​

Share

cover-Ven-Vorn
ខេត្តកោះកុង​៖​  ចៅក្រម​នៃ​តុលាការ​ខេត្តកោះកុង​ប្រកាស​សាលក្រម​នៃ​សំណុំរឿង​ តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ជង​ក្នុង​តំបន់​អា​រ៉ែ​ង​ លោក​ វ៉ែន​ វ៉​ន​ ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ១​ឆ្នាំ​ តែ​ត្រូវ​បាន​ព្យួរ​ទោល​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ដែល​ត្រូវ​ដោះ​លែង​សកម្មជន​អា​រ៉ែ​ង​រូប​នេះ​ នៅ​រសៀល​ថ្ងៃ​ព្រ​ហ​ស្ប​តិ៍​ទី​៣​ មីនា​ នេះ​។​

​ប៉ុន្តែ​អ្នក​សង្កេតការណ៍​ម្នាក់​ នៅ​ខេត្តកោះកុង​ គិត​ថា​ការ​សម្រេច​ឱ្យ​សកម្មជន​បរិស្ថាន​ នៅ​ក្រៅ​ឃុំ​ទំ​នង់​ អាច​មក​ពី​មានការ​រង​សម្ពាធ​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ​ និង​សហភាព​អឺរ៉ុប​។​

​លោក​ ធូ​ វិ​រៈ​ លម្អិត​ព័ត៌មាន​នេះ​ ៖

​មេធាវី​ការពារ​ក្តី​លោក​ វ៉ែន​ វ៉​ន​ អ្នកស្រី​ អ៊ិ​ត​ មធុ​រ៉ា​ បាន​អះអាង​ថា​ កូនក្ដី​ របស់​លោកស្រី​ គឺ​លោក​ វ៉ែន​ វ៉​ន​ ពិតជា​ត្រូវ​បាន​ដោះ​លែង​ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ គឺ​ទៅ​តាម​អំណាច​នៃ​សាលក្រម​របស់​តុលាការ​ខេត្តកោះកុង​។​

​លោកស្រី​បាន​ប្រាប់​វិ​ទ្យ​ស្ត្រី​ FM​ 102​ ថា​ ចៅក្រម​ លោក​ អាំង​ ច​ន្តា​ នៃ​សាលាដំបូង​ខេត្តកោះកុង​បាន​ប្រកាស​សាលក្រម​កាត់ទោស​កូនក្តី​របស់​អ្នកស្រី​គឺ​  លោក​ វ៉ែន​ វ៉​ន​ ដាក់​ពន្ធនាគារ​រយៈពេល​១​ឆ្នាំ​ ពី​បទ​ប្រមូល​អនុ​ផល​ព្រៃឈើ​ តែ​ចៅក្រម​សម្រេច​ព្យួរទោស​ឱ្យ​នៅ​ក្រៅ​ឃុំ​ ហើយ​ចៅក្រម​បាន​សម្រេច​លុប​ចោល​បទ​ចោទ​ការ​បំបាត់​វត្ថុ​តាង​។​ ទោះ​យ៉ាងណា​​ក៏​ដោយ​ មេធាវី​ការពារ​ក្តី​លោក​ វ៉ែន​ វ៉​ន​ អ្នកស្រី​ អ៊ិ​ត​ មធុ​រ៉ា​ ទទូច​ថា​ កូនក្តី​របស់​អ្នកស្រី​ គួរតែ​ត្រូវ​បាន​ចៅក្រម​ទម្លាក់​បទ​ចោទ​ទាំងស្រុង​ ព្រោះ​កូនក្តី​របស់​អ្នកស្រី​មិន​បាន​ប្រព្រឹត្តិ​តាម​ការ​ចោទប្រកាន​របស់​ព្រះរាជអាជ្ញា​ឡើយ​។​

​អ្នកស្រី​ អ៊ិ​ត​ មធុ​រ៉ា​ មាន​ប្រសាសន៍​ថា​៖​ «​ជា​រឿង​ល្អ​ដែល​សម្រេច​ព្យួរទោស​គាត់​ ប៉ុន្តែ​សម្រាប់​ការ​សម្រេច​ផ្ត​ន្ទ​ទា​ទោស​គាត់​ ១​ ឆ្នាំ​ នៅ​តែ​ជា​រឿង​ដែល​មិន​ត្រឹមត្រូវ​ដោយសារ​គាត់​អត់​បាន​ប្រព្រឹត្តិ​ខុស​ទៅ​នឹង​មាត្រា​ ៩៨​ នៃ​ច្បាប់​ព្រៃឈើ​ហ្នឹង​សោះ​ ហេតុ​អ្វី​ត្រូវ​ផ្តន្ទា​ទោ​ក​គាត់​ ១​ ឆ្នាំ​»​។​

​អ្នកស្រី​បន្ត​ថា​ អ្នកស្រី​មិនដឹង​ច្បាស់​អំពី​មូលហេតុ​ដែល​ចៅក្រម​សម្រេច​ដាក់​ពន្ធនាគារ​លោក​ វ៉ែន​ វ៉​ន​ រយៈពេល​ ១​ឆ្នាំ​ និង​ព្យួរទោស​កូនក្តី​របស់​អ្នកស្រី​នោះ​ទេ​។​ តែ​អ្នកស្រី​បញ្ជាក់​ថា​ ចៅក្រម​បាន​ប្រកាស​កាត់ក្ដី​កូនក្តី​របស់​អ្នកស្រី​តាម​មាត្រា​ ៩៨​ នៃ​ច្បាប់​ព្រៃឈើ​ ត្រង់​ចំណុច​ ១​ និង​ចំណុច​ ២​ ប៉ុណ្ណោះ​។

​លោក​ វ៉ែន​ វ៉​ន​ ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ជំនាប់​ និង​ជា​តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ជង​ ត្រូវ​បាន​តុលាការ​ខេត្តកោះកុង​សម្រេច​ឃុំខ្លួន​ បណ្តោះអាសន្ន​តាំងពី​ខែតុលា​ ឆ្នាំ​២០១៥​  ក្រោម​បទ​ចោទ​ចំនួន​ ២​ គឺ​ការ​ប្រមូល​អនុ​ផល​ព្រៃឈើ​ និង​ការ​បំបាត់​វត្ថុ​តាង​។​ ការ​ប្រកាស​សាលក្រម​សម្រេច​ឱ្យ​លោក​ វែ់​ន​ វ៉​ន​ ឱ្យ​នៅ​ក្រៅ​ឃុំ​នេះ​ បាន​ធ្វើ​ឱ្យ​អ្នកស្រី​ ម៉​ន​ សា​ម៉ុ​ន​ ភរិយា​របស់​លោក​សម្ដែង​ការ​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ដែល​ជួបជុំ​គ្រួសារ​របស់​អ្នកស្រី​វិញ​ និង​បាន​ចាត់​ទុក​ការ​ប្រកាស​ក្រម​នេះ​ថា​ បាន​ផ្តល់​យុត្តិធម៌​ឱ្យ​ប្តី​របស់​អ្នកស្រី​។​

​អ្នកស្រី​ ម៉​ន​ សា​ម៉ុ​ន​ និយាយ​ថា​៖​ «​ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​យ៉ាង​ខ្លាំង​បំផុត​ដែល​បាន​ជួបជុំ​គ្រួសារ​វិញ​»​។​ ជុំវិញ​បញ្ហា​នេះ​ មន្ត្រី​សម្របសម្រួល​អង្គការ​លី​កាដូ​ប្រចាំ​ខេត្តកោះកុង​ លោក​ អ៊ិ​ង​ គង់​ជិត​ បាន​សាទរ​។​

​ប៉ុន្តែ​លោក​ អ៊ិ​ង​ គង់​ជិត​ បាន​បន្ត​ថា​ ការ​ដោះ​លែង​លោក​ វ៉ែន​ វ៉​ន​ នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​នេះ​ ទំ​នង់​ជា​អាច​មក​ពី​មានការ​រង​សម្ពាធ​ខ្លាំង​ពី​សហ​គម​អន្តរជាតិ​ និង​សហភាព​អឺរ៉ុប​ រួម​ទាំង​អង្គការ​ការពារ​សិទ្ធ​មនុស្ស​ក្នុងស្រុក​មួយ​ចំនួន​ទៀត​ផង​ដែរ​។​

​លោក​ អ៊ិ​ង​ គង់​ជិត​ ៖«​ខ្ញុំ​ថា​ការ​ដោះ​លែង​លោក​ វ៉ែន​ វ៉​ន​ នេះ​ អាច​មក​ពី​ការ​ដាក់​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​ និង​សហភាព​អឺរ៉ុប​ រួម​ទាំង​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ក្នុងស្រុក​បាន​ធ្វើការ​ស៊ើ​អង្កេត​ឃើញ​ថា​ លោក​ វ៉ែន​ វ៉​ន​ អត់​មាន​កំហុស​ ព្រោះ​គាត់​គ្រាន់តែ​ទិញ​ឈើ​យក​មក​សង់រោង​ធ្វើ​ ស្នាក់​ការ​សម្រាប់​សហគមន៍​គាត់​ធ្វើការ​ និង​បង្រៀន​ភាសា​អង់គ្លេស​ដល់​ក្មេង​ប៉ុណ្ណោះ​»​។​

​ទោះជា​យ៉ាងនេះ​ក្ដី​ នៅ​មាន​យុវជន​ ៣​ នាក់​ ដែល​ជា​សកម្មជន​អា​រ៉ែ​ង​នៃ​អង្គការ​មាតា​ធម្មជាតិ​ កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត​នេះ​នៅឡើយ​។​ ពួក​គាត់​ត្រូវ​បាន​ចោទ​ករណី​ បំផ្លាញ​ទ្រព្យ​​សម្បត្តិ​របស់​ក្រុមហ៊ុន​ បូ​ប​ខ្សាច់​ មួយ​នៅ​ក្នុង​ខេត្ត​ ដែល​ពួក​គាត់​ចោទ​ថា​ ក្រុមហ៊ុន​នេះ​បំផ្លាញ​ បរិស្ថាន​ ជីវៈចម្រុះ​របស់​សមុទ្រ​៕​

រូបភាព៖ ផ្ដល់ឱ្យ

Share

Image
Image
Image