en     km
en     km

តុលាការ​កំពូល​ ប្រកាស​ទាត់​ចោល​បណ្ដឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​ ហុង​ សុខ​ហួរ​

Share

​នៅ​ព្រឹក​ថ្ងៃ​ទី​៤​ មិ​នា​នេះ​ តុលាការ​កំពូល​ បាន​សម្រេច​តំកល់​សាលដីកា​សាលាឧទ្ធរណ៍​  ចំពោះ​បណ្ដឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​ហុង​សុខ​ហួរ​ អតីត​សមាជិក​ព្រឹទ្ធសភា​ គណបក្ស​សមរ​ង្ស៊ី​ ដែល​មិន​ឱ្យ​ជនជាប់ចោទ​ករណី​ក្លែង​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​-​វៀតណាម​ បាន​នៅ​ក្រៅ​ឃុំ​ដោយ​សំអាង​ពី​ហេតុផល​សន្តិសុខ​។​ លោក​ ហុង​ សុខ​ហួរ​ មិន​បាន​នាំ​ខ្លួន​មក​ស្ដាប់​ការ​អាន​សេចក្ដីសម្រេច​នេះ​ទេ​។​

​ទាំង​មេធាវី​ការពារ​ក្ដី​ ជនជាប់ចោទ​  និង​ភរិយា​របស់​ហុង​សុខ​ហួរ​ ព្រមទាំង​ អ្នក​សង្កេតការណ៍​ផ្នែក​សិទ្ធិ​មនុស្ស​សម្ដែង​ការ​ខកចិត្ត​ចំពោះ​សេចក្ដីសម្រេច​នេះ​។​

​កញ្ញា​ ប៉ូ​ សា​គុន​ មាន​សេចក្ដី​ពិស្ដារ​៖

រូបភាព (CambodiaDaily)
រូបភាព (CambodiaDaily)

តុលាការ​កំពូល​ បាន​ប្រកាស​បន្ត​ឃុំខ្លួន​លោក​ ហុង​ សុខ​ហួរ​ ព្រោះ​យល់​ឃើញ​ថា​ ការ​សម្រេច​របស់​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ត្រឹមត្រូវ​ដោយ​លើក​ការ​សំអាង​ថា​ ករណី​លោក​ហុង​សុខ​ហួរ​ជា​រឿង​ធ្ងន់ធ្ងរ​ហើយ​ បើ​នៅ​ក្រៅ​ឃុំ​ជនជាប់ចោទ​អាច​បង្ក​អសន្តិសុខ​។​ លោក​ ហុង​ សុខ​ហួរ​ ពុំ​ត្រូវ​បាន​បញ្ជូន​មក​កាន់​តុលាការ​កំពូល​ ដើម្បី​ឱ្យមក​ស្ដាប់​ការ​ប្រកាស​សាលដីកា​នៅ​ព្រឹក​មិ​ញ​នេះ​ទេ​។​

​មេធាវី​ការពារ​ក្ដី​លោក​ ហុង​ សុខ​ហួរ​ លោក​ ជួង​ ជូ​ងី​ មាន​ប្រសាសន៍​ថា​ លោក​មិន​យល់​ស្រប​ចំពោះ​ការ​អះអាង​របស់​តុលាការ​នោះ​ទេ​។​ លោក​បញ្ជាក់​ថា​ កូនក្ដី​ លោក​ សម​នឹង​ទទួល​បាន​យុត្តិធម៌​ចំពោះ​ការ​សុំ​នៅ​ក្រៅ​។​

​លោក​ ជួង​ ជូ​ងី​ ៖​ «​រហូត​ពេល​ណឹ​ង​ គឺ​អត់​ទាន់​មាន​សាលក្រម​ស្ថាពរ​ ថា​លោក​ ហុង​ សុខ​ ហួរ​ មានទោស​នៅឡើយ​ ហើយ​ព្រឹទ្ធសភា​ក៏​អត់​ទាន់​មាន​ដក​អភ័យឯកសិទ្ធិ​គាត់​ដែរ​ គឺ​គាត់​នៅ​តែ​ជា​សមាជិក​ព្រឹទ្ធសភា​ គាត់​នៅ​មាន​អភ័យឯកសិទ្ធិ​សភា​នៅឡើយ​ ប៉ុន្តែ​តុលាការ​នៅ​តែ​បន្ត​ឃុំខ្លួន​គាត់​ទៀត​ ខ្ញុំ​មានការ​សោកស្តាយ​ថា​ធ្វើ​យ៉ាងនេះ​ប៉ះពាល់​ទៅ​លើ​ការ​គោរព​សិទ្ធិ​មនុស្ស​ ជា​ពិសេស​គាត់​ជា​សមាជិក​ព្រិ​ត្ត​សភា​ផង​»​។​

លោក​ ហុង​ សុខ​ហួរ​ អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម​ រ​ង្ស៊ី​ រង​បទ​ចោទ​ទាំង​ ៣​នោះ​ រួម​មាន​ បទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ​ បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ​ និង​ បទ​ញុះញង់​បង្ក​ឱ្យ​មាន​ ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។​ បទចោទប្រកាន់​ទាំងនោះ​ នឹង​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ ចន្លោះ​ពី​៥​ ទៅ​ ១០​ឆ្នាំ​ ផង​ដែរ​។​

​លោក​ ហុង​ សុខ​ហួរ​ បាន​ដាក់​ពាក្យសុំ​នៅ​ក្រៅ​ឃុំ​ ដោយ​លោក​អះអាង​ថា​ លោក​មាន​ជំងឺ​ច្រើន​ប្រភេទ​ ដូច​ជា​ជំងឺ​ក្រពះ​ និង​ជំងឺលើសឈាម​។​ លោក​ ហុង​សុខ​ហួរ​ ប្រកាស​ថា​ លោក​តំកល់​ប្រាក់​ ២០​ លាន​រៀល​ និង​លិខិតឆ្លងដែន​ចំនួន​២​ គឺ​លិខិតឆ្លងដែន​បារាំង​ និង​ កម្ពុជា​។​ ប៉ុន្តែ​ទាំង​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​សាលាឧទ្ធរណ៍​បដិសេធ​មិន​ឱ្យ​លោក​នៅ​ក្រៅ​ឃុំ​។​

​លោក​ អំ​ សំអាត​ អ្នកស៊ើប​អង្កេត​ជាន់ខ្ពស់​នៃ​អង្គការ​សិទ្ធ​មនុស្ស​ លី​កាដូ​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​ FM​ 102​ ថា​ សេចក្ដីសម្រេច​របស់​តុលាការ​កំពូល​ គឺជា​ទម្រង់​តែ​មួយ​ដែល​លោក​មិន​ចាប់អារម្មណ៍​ឡើយ​។​

​លោក​ អំ​ សំអាត​ ៖​ «​យើង​ដូច​ជា​អត់​មានអី​ភ្ញាក់ផ្អើល​ទេ​ ពីព្រោះ​បញ្ហា​នេះ​យើង​ដឹង​ជា​មុន​ហើយ​ ពីព្រោះ​ករណី​ឯកឧត្តម​ ហុង​ សុខ​ហួរ​ នេះ​ ជា​រឿង​នយោបាយ​ អីចឹង​ជា​វប្បធម៌​កន្លង​មក​ នៅ​កម្ពុជា​យើង​ រឿង​ទាក់ទង​ទៅ​នឹង​រឿង​នយោបាយ​ បើសិនជា​គណបក្ស​ទាំង​ពី​ហ្នឹង​ គាត់​ចរចា​ត្រូវរ៉ូវ​គ្នា​ ពី​បញ្ហា​អ្វី​ស្រុះស្រួល​គ្នា​ហើយ​ ចឹ​ង​អ្នក​ដែល​ជាប់​ឃុំ​ដោយសារ​បញ្ហា​នយោបាយ​ហ្នឹង​ គេ​ច្រើន​តែ​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ​»​។​

​ចំណែក​អ្នកស្រី​ គុន្ធ​ លំអង​ ជា​ភរិយា​របស់​លោក​ ហុង​ សុខ​ហួរ​ និយាយ​ថា​ លោកស្រី​មានការ​សោកស្ដាយ​យ៉ាង​ពន់ពេក​ដែល​សេចក្ដីសម្រេច​របស់​តុលាការ​កំពូល​ មានការ​មិន​យ​គ​យល់​ និង​អនុគ្រោះ​។​

​អ្នកស្រី​ គុន្ធ​ លំអង​ ៖​ «​ចំពោះ​ខ្ញុំ​មានការ​ខកចិត្ត​យ៉ាង​ខ្លាំង​ ខ្ញុំ​បាន​រម្ម​ណ៍​អំពី​សុខភាព​ស្វាមី​ខ្ញុំ​ ពីព្រោះ​អី​សុខភាព​គាត់​ គាត់​មាន​ជំងឺលើសឈាម​ គាត់​ត្រូវការ​វេជ្ជ​ប​ណ្ឌឹ​ត​តាមដាន​ជំងឺ​គាត់​ ឈាម​គាត់​ យ៉ាង​ញឹកញាប់​ យ៉ាង​ទៀងទាត់​ ជា​ពិសេស​យើង​ត្រូវការ​ពិសា​ថ្នាំ​យ៉ាង​ទៀងទាត់​…»​។​

​លោក​ ហុង​ សុខ​ហួរ​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥​ ខែសីហា​ ឆ្នាំ​២០១៥​ បន្ទាប់​ពី​លោក​បាន​បង្ហោះ​ លិខិត​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​-​វៀយ​ណា​ម​ លើ​ Facebook​ របស់​លោក​ សម​ រ​ង្ស៊ី​ ហើយ​នៅ​ថ្ងៃ​ទី​១៦​ ខែសីហា​ ឆ្នាំ​២០១៥​ តុលាការ​បាន​សម្រេច​ឃុំខ្លួន​ លោក​ ហុង​ សុខ​ហួរ​ ដាក់​ពន្ធនាគារ​ព្រៃ​ស​ ដោយ​តុលាការ​បាន​ ចោទប្រកាន់​ចំនួន​ ៣​ បទល្មើស​នេះ​។​ តែ​ការ​ចាប់ខ្លួន​ លោក​ហុង​សុខ​ហួរ​ ធ្វើ​ឡើង​ មួ​យស​ប្ដា​ហ៍​ បន្ទាប់​ពី​សម្ដេច​ ហ៊ុន​ សែន​ បាន​ប្រកាស​ឱ្យ​ចាប់ខ្លួន​ បន្ទាប់​ពី​លោក​ចោទ​ អតីត​សមាជិក​ព្រឹទ្ធសភា​ បក្ស​ប្រឆាំង​រូប​នេះ​ ថា​ ក្បត់ជាតិ​ ទាក់ទិន​ការ​បង្ហោះ​សន្ធិសញ្ញា​ព្រំដែន​ កម្ពុជា​-​វៀតណាម​ ឆ្នាំ​ ១៩៧៩៕​

Share

Image
Image
Image