en     km
en     km

តុលាការ​កោះ​ហៅ​លោក រ៉ុង ឈុនខណៈលោកស្ថិតនៅក្រៅប្រទេស

Share

ភ្នំពេញ៖ តុលាការ​ក្រុង​ភ្នំពេញ​កោះ​ហៅ​លោក រ៉ុង ឈុនក្នុងនាមជាដើមបណ្ដឹង ឲ្យ​ចូល​បំភ្លឺ​នៅ​ចុង​ខែ​កុម្ភៈ​នេះ ​ករណី​ប្ដឹង​សុំ​មោឃភាព​សេចក្ដីប្រកាស​របស់​ក្រសួង​អប់រំ​ដែល​បាន​លុប​ឈ្មោះ​គ្រូ​បង្រៀន​ជាង​១០នាក់ដែលការកោះហៅនេះ ចំពេល លោកសរ៉ុងឈុនកំពុងនៅក្រៅប្រទេស។

​ ​ដីកា​កោះ​នេះធ្វើឡើង​ថ្ងៃ​ទី​៨ ខែកុម្ភៈ ដោយចៅ​ក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក រស់ ពិសិដ្ឋ ដោយបាន​កោះ​ហៅ​លោក ​រ៉ុង ឈុន ឲ្យ​ចូល​ឆ្លើយ​បំភ្លឺ​នា​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ​វេលា​ម៉ោង​៩​ព្រឹក។

ដីការបស់លោកចៅក្រមបានព្ជាក់ថា៖​ «ចំពោះ​សាម៉ី​ភាគី​ បើ​ពុំ​ចូល​ខ្លួន​នោះ ​តុលាការ​អាច​ទទួល​ស្គាល់​ថា សេចក្ដី​អះអាង​អំពី​ចំណុច​សាកសួរ​របស់​ភាគី​ម្ខាង​ទៀត​ជា​ការ​ពិត​បាន»

កាល​ពី​ថ្ងៃ​ទី​១៦ ខែមករា លោក​រ៉ុង ឈុន រួម​ជា​មួយ​អតីត​គ្រូ​បង្រៀន​១០​នាក់​ផ្សេង​ទៀត​បាន​ដាក់​ពាក្យ​ប្ដឹងដោយប្ដឹង​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ​លោក ហង់ ជួនណារ៉ុន ករណីលុបឈ្មោះគ្រូបង្រៀន ដែលលោកថា ជាការរំលោភសហលក្ខខន្តិកៈមន្ត្រីរាជការ។ លោកបានស្នើ​ឱ្យ​តុលាការ​បដិសេធ​សេចក្ដី​ប្រកាស​របស់​ក្រសួង​អប់រំ​កាល​ពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ និង​​ផ្ដល់​ក្រប​ខណ្ឌ​ជា​គ្រូ​បង្រៀន​ ដល់​ពួក​គេ​វិញ។

រដ្ឋ​មន្ត្រី​ក្រសួង​អប់​រំ​ យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន បាន​សម្រេច​លុប​ឈ្មោះ​គ្រូ​បង្រៀន​ និង​បុគ្គលិក​អប់រំ​ចំនួន​១១នាក់ ដែល​ជា​អតីត​មន្ត្រី​ជាប់​ឆ្នោត និង​មន្ត្រី គ.ជ.ប កូតា ​មក​ពី​បក្ស​ប្រឆាំង ចេញ​ពី​ក្របខ័ណ្ឌ​ក្រសួង​អប់រំ ​កាល​ពី​ដើមឆ្នាំ២០១៨ ក្រោម​ហេតុផល​ថា​គ្រូ​បង្រៀន​ទាំង​នោះអវត្តមាន​ពី​ការងារ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ។

ក្រោយ​​​ការ​លុប​ឈ្មោះ​ចេញ​ពី​ក្របខ័ណ្ឌ​រដ្ឋ  ក្រុម​គ្រូ​បង្រៀន​ទាំង​នោះ​បាន​ដាក់​លិខិត​អន្ត​រាគមន៍​ជា​ច្រើន​ទៅ​ក្រសួង​អប់រំ​ ទៅ​លោក​នាយករដ្ឋមន្ត្រី និង​ទៅ​សហគមន៍​អន្តរជាតិ​​ប៉ុន្តែរហូតមកដល់ពេលនេះ ពុំមានដំណោះស្រាយអ្វីឡើយ។

ប្រព័ន្ធតុលាការកម្ពុជា ត្រូវបានមជ្ឈដ្ឋានមួយចំនួន មើលឃើញថា នៅមិនទាន់ប្រកាន់បាននូវ​ភាពអព្យាក្រឹត្យ និងឯករាជ្យបានឡើយ ៕

Share

Image
Image
Image