en     km
en     km

តុលាការនឹងប្រកាសសាលក្រមកុមារ កាក់ សុវណ្ណច្ឆ័យ នៅពាក់កណ្តាលខែតុលានេះ

Share

ភ្នំពេញ៖ កូនប្រុសអតីតមន្ត្រីគណបក្សសង្គ្រោះជាតិគឺកុមារ កាក់ សុវណ្ណច្ឆ័យ នឹងត្រូវតុលាការប្រកាសសាលក្រមនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ខាងមុខ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការជំនុំជម្រះករណី កាក់ សុវណ្ណច្ឆ័យ ​នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ។

នេះបើតាមការបញ្ជាក់ពីអ្នកស្រី ព្រុំ ចាន់ថា  ម្តាយរបស់កុមារ កាក់ សុវណ្ណច្ឆ័យ ប្រាប់វិទ្យុស្រ្តីនៅព្រឹកថ្ងៃទី២៩ ខែកញ្ញានេះ។ អ្នកស្រីបន្ថែមថា សវនាការនៅព្រឹកនេះ ខាងចៅក្រមបានបន្តសួរដេញដោលដដែរៗពីរឿងកូនរបស់អ្នកស្រីដែលបានប្រព្រឹត្តិទង្វើជេរប្រមាថមន្រ្តីរាជការតាមប្រព័ន្ធតេឡេក្រាម។

អ្នកស្រី ព្រុំ ចាន់ថា  ដែលបានចូលរួមក្នុងបន្ទាប់សវនាការនៅព្រឹកនេះឱ្យដឹងទៀតថា ខាងមេធាវីការពារក្តីជូនកូនអ្នកស្រីនៅតែអះអាងថា ការប្រព្រឹត្តិរបស់ កាក់ សុវណ្ណច្ឆ័យ គឺបានធ្លាក់ក្នុងការអូសទាញរបស់អ្នកដដៃ ខណៈរូបគេមានបញ្ហា​ជំងឺ​អូទីហ្សឹម ដែលមិនអាចគ្រប់គ្រងសតិអារម្មណ៍ និងការគិតពិចារណានៅពេលនោះបាន ហើយបានឆ្លើយតបទាំងកំហឹងជាមួយអ្នកអូសទាញនោះ។

អ្នកស្រីរំពឹងថា កូនរបស់អ្នកស្រីនឹងអាចរួចផុតពីការចោទប្រកាន់ ហើយតុលាការនឹងដោះលែងកូនអ្នកស្រីឱ្យមានសេរីភាពឡើងវិញពេលប្រកាសសាលក្រមនៅខែតុលាខាងមុខនេះ។

សូមរំលឹកថា កុមារ កាក់ សុវណ្ណច្ឆ័យ ជាកូនប្រុស​លោក កាក់ កុម្ភារ អតីត​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ ត្រូវបានតុលាការចោទប្រកាន់ពីបទ«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា៤៩៤ និង៤៩៥ និងបទ«ប្រមាថចំពោះអ្នករាជការសាធារណៈ»តាមមាត្រា៥០២ នៃក្រមព្រហ្មទណ្ឌ។

ការចោទប្រកាន់នេះ បន្ទាប់ពីអាជ្ញាធរបានចាប់ខ្លួនកុមាររូបនេះកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ដោយថាបានប្រព្រឹត្តបទល្មើសជាក់ស្ដែងពាក់ព័ន្ធនឹងការប្រើពាក្យសម្ដីញុះញង់ និងការជេរប្រមាថថ្នាក់ដឹកនាំ តាមបណ្ដាញសង្គមតេឡេក្រាម(Telegram)។

អង្គការសង្គមស៊ីវិលធ្លាប់បានប្រតិកម្មលើកការចោទប្រកាន់លើកុមារ កាក់ សុវណ្ណច្ឆ័យ នេះថា មានលក្ខណៈធ្ងន់ធ្ងរ ខណៈកុមារ កាក់ សុវណ្ណច្ឆ័យ មានជំងឺអូទីហ្សឹមជាប់ខ្លួនផង៕

 

 

Share

Image
Image
Image