en     km
en     km

តុលាការដកហូតសិទ្ធលោកសមរង្ស៊ីមិនអោយបោះឆ្នោតនៅកម្ពុជា ក្នុងទំងន់ទោសកំបាំងមុខ២៥ឆ្នាំ

Share

លោកសមរង្ស៊ី ប្រធានស្ដីទីនៃគណបក្សសង្រ្គោះជាតិ ដែលកំពុងរស់នៅនិរទេសខ្លួន នៅប្រទេសបារាំង ត្រូវបានតុលាការដំបូងក្រុងភ្នំពេញ កាត់ទោស លោក​អោយមានទោស ២៥ឆ្នាំ ជាមួយ ការដកសិទ្ធបោះឆ្នោត និងឈរឈ្មោះបោះឆ្នោត នៅក្រោមបទប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាល​កម្ពុជា។

ក្រៅពីលោក សម រង្ស៊ី  សាលក្រមក៏បានសម្រេចដាក់ទោសលោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាងដែលជាអតីតអនុប្រធានគណបក្សសង្រ្គោះជាតិ  ឱ្យជាប់ពន្ធនាគារម្នាក់ៗចំនួន២២ឆ្នាំ និងកាត់ទោសលោកស្រី ជូឡុង សូមួរ៉ា លោក ម៉ែន សុថាវរិន្ទ្រ លោក អ៊ូ ច័ន្ទឫទ្ធិ លោក ហូរ វ៉ាន់, លោក ឡុង រី និងលោក នុត រំដួល ឱ្យជាប់​ពន្ធនាគារក្នុងម្នាក់ចំនួន២០ឆ្នាំ។

ការជំនុំជម្រះក្ដី ទៅលើមន្ត្រី ជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ទាំងនោះ ធ្វើ់ឡើងដោយកំបាំងមុខ ហើយ ការចេញសាលក្រម កាលពីថ្ងៃទី១មីនា ធ្វើឡើងនៅ សាលាដំបូងរាធានីភ្នំពេញ។

លោក អ៊ី រិន អ្នកនាំពាក្យ សាលាដំបូងរាជធានីភ្នំពេញ មានប្រសាសន៍ថា សាលក្រមនេះ ត្រូវបានប្រកាសនៅចំពោះមុខមេធាវីតំណាងរដ្ឋាភិបាល និងចាត់ទុកថា នៅចំពោះមុខជនជាប់ចោទផងដែរ។

ទោះយ៉ាងណាក្តីលោក សម រង្ស៊ី បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា​សាល​ក្រមដែល​តុលាការ​ប្រកាសនៅថ្ងៃនេះឆ្លុះបញ្ចាំងពីការភ័យខ្លាចរបស់នាយករដ្ឋមន្រ្តី ដែលកម្ចាត់លោកចេញពីឆាកនយោបាយកម្ពុជា។​

កាលពីដើមខែកុម្ភៈឆ្នាំ២០២១នេះ តុលាការសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការ​កាត់​ទោសលោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ៨នាក់ ពីបទឧបឃាត ឬ ប៉ុនប៉ង​ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា តាមមាត្រា២៧ និង៤៥១ នៃក្រមព្រហ្មទណ្ឌតាមរយៈ​ផែនការ​មាតុភូមិនិវត្តន៍កាលពីថ្ងៃទី ៩ វិច្ឆិកា ២០១៩។

កម្ពុជា នឹងមានការបោះឆ្នោតអាណត្តិថ្មីទៀត នៅឆ្នាំ ២០២២ និងឆ្នាំ២០២៣ ។ នៅឆ្នាំ ២០២២គឺជាការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ និងការបោះឆ្នោត ឆ្នាំ២០២៣ គឺជាបោះឆ្នោត សមាជិកសភា ។ កម្ពុជា ចាប់តាំងពីបោះឆ្នោតសមាជិកសភាដំបូង នៅឆាំ្ន១៩៩៣ ពុំដែលមាន ការបោះឆ្នោតមុនអាណត្តិម្ដងណាទេ ទោះជាកម្ពុជា ជួបវិបត្តិនយោបាយក៏ដោយ។

ក្នុងបទសម្ភាសជាមួយវិទ្យុមួយនៅសហរដ្ឋអាមេរិក  លោក​ សម រង្ស៊ី​ មាន​ជំនឿ​ថា​ សំណុំ​រឿង​របស់​បក្ស​ប្រឆាំង​នឹង​ត្រូវ​បញ្ចប់​តាម​ផ្លូវ​នយោបាយ​។

លោក សមរង្ស៊ី គឺជាអ្នកនយោបាយតែមួយគត់ ដែលមានទោស ច្រើនករណី ច្រើន​សំណុំរឿង ។ គិតមកដល់ពេលនេះ សំណុំរឿងរដ្ឋាភិបាល ប្ដឹងរូបលោក គឺជាង១០សំណុំរឿង ។ ក្នុងសំនុំរឿងទាំងនេះ បើបូកសរុបទោសរបស់លោក​​ជិត ៦០រឿង​ក្ដី។

ក្នុងថ្ងៃដែលតុលាការ កាត់ទោស លោកសមរង្ស៊ី  មានទំងន់ទោស ដូចនេះ លោក ផាទ្រិក មើហ្វី  ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានបញ្ចេញមតិ ។ លោកបានទទូចសុំអោយកម្ពុជា បង្កើតលំហប្រជាធិបតេយ្យឡើងវិញ ។

តាមរយៈសារលើបណ្តាញសង្គមធ្វីតធឺ លោកឯកអគ្គរដ្ឋទូតអាមេរិកបាន ជំរុញឲ្យអាជ្ញាធរ សុំអោយបើកលំហនយោបាយ ឡើងវិញ ហើយអនុញ្ញាតឲ្យគ្រប់ភាគី បានបញ្ចេញសំឡេង និងបានចូលរួមធ្វើសកម្មភាពដូចគ្នា។

ប៉ុន្តែសម្រាប់មន្ត្រី​ជាន់​ខ្ពស់ម្នាក់របស់​បក្ស​កាន់​អំណាច​បានអះអាងថា សម្ពាធ​អន្តរជាតិ​មិន​អាច​មក​បង្ខំ​ឱ្យ​រដ្ឋាភិបាល​ធ្វើ​តាម​ការ​ចង់​បាន​របស់​ខ្លួន​ទេ ហើយ​វាសនា​របស់​បក្ស​ប្រឆាំង​នឹង​ត្រូវ​បញ្ចប់។

តាម​លោក សុខ ឥសាន តុលាការ​បាន​ផ្ដល់​យុត្តិធម៌​ដល់​រដ្ឋាភិបាល ចំពោះ​រឿង​ក្តី​នេះ។ លោក​ថា សម្ពាធ​អន្តរជាតិ​គ្មាន​ទម្ងន់​អ្វី ដើម្បី​មក​បង្ខំ​ឱ្យ​រដ្ឋាភិបាល​ចរចា​ជា​មួយ​លោក សម រង្ស៊ី ទេ ដោយ​សារ​តែ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ចប់​តាំង​ពី​ឆ្នាំ២០១៧ ។

នេះជាការបញ្ជាក់របស់ លោក សុខឥសានអ្នកនាំពាក្យ​គណបក្សប្រជាជនកម្ពុជាដែលស្រង់មកចុះផ្សាយដោយ វិទ្យុមួយនៅក្រៅប្រទេស។

បែបណា សម្រាប់ លោក សមរង្ស៊ី នៅតែ​មាន​សុទិដ្ឋិនិយម​ថា សំណុំ​រឿង​ទាំង​អស់ ដែល​តុលាការ ដំបូងក្រុងភ្នំពេញ​បានសម្រេចដូចនេះ នឹង​ត្រូវ​ធូរ​ស្រាល​ឡើង​វិញ ដែលលោកអះអាងថាដើម្បី​បើក​ផ្លូវ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ ​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ បាន​វិល​ទៅ​ចូល​រួម​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ២០២៣ ខាង​មុខ។

លោកបណ្ឌិត សេង សារី ដែលជាអ្នកវិភាគសង្គម បានផ្ដល់បទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីថា ការ​សម្រេច​របស់​តុលាការ គឺ​រដ្ឋាភិបាល​ចង់​បង្ហាញ​ថា ករណី​នេះ​ធ្វើ​ឡើង​តាម​ផ្លូវ​តុលាការ​រួចរាល់ហើយ។ តែលោកអះអាងថា ​នៅ​នាទី​ចុង​ក្រោយ មេ​ដឹក​នាំ​គណបក្ស​ទាំង​ពីរ​អាច​នឹង​វិល​ត្រឡប់​ទៅ​រកការ​ចរចា​ឡើង​វិញ៕

 

Share

Image
Image
Image