en     km
en     km

តុលាការជប៉ុនថាការបង្ខំឱ្យប្ដីប្រពន្ធប្រើឈ្មោះត្រកូលរួមគឺស្របរដ្ឋធម្មនុញ្ញ

Share

តុលាការកំពូលជប៉ុនបានប្រកាសជាថ្មី នៅថ្ងៃពុធ ទី ២៣ ខែមិថុនានេះថា បទប្បញ្ញត្តិច្បាប់ដែលបង្ខំឱ្យគូស្វាមីភរិយាប្រើឈ្មោះត្រកូលរួម គឺស្របនឹងរដ្ឋធម្មនុញ្ញ។

ពីទីក្រុងតូក្យូ ទីភ្នាក់ងារសារព័ត៌មានក្យូដូរាយការណ៍អំពីរឿងខាងលើនៅថ្ងៃដដែល ដោយបញ្ជាក់ថា សេចក្ដីសម្រេចបែបនេះគាំទ្រសាលក្រម ឆ្នាំ ២០១៥ របស់តុលាការជាន់ខ្ពស់មួយ។

ប្រភពដដែលរាយការណ៍បន្តថា ការសម្រេចចុងក្រោយអំពីបទប្បញ្ញត្តិអាយុជាង ១ សតវត្សរ៍ ដែលឈរលើក្រមរដ្ឋប្បវេណី និងច្បាប់អត្រានុកូលដ្ឋានគ្រួសារ បានច្រានចោលសំណើទាំងឡាយ ដែលដាក់ចូលតុលាការកំពូល ដោយប្រជាពលរដ្ឋ ៣ គូ ក្នុងឆ្នាំ ២០១៨ ដើម្បីសុំរក្សាឈ្មោះត្រកូលដោយឡែកពីគ្នា។ ក្យូដូបន្ថែមថា បណ្ដឹងរបស់ពួកគេត្រូវបានធ្វើឡើង បន្ទាប់ពីអាជ្ញាធរមូលដ្ឋានមិនព្រមចុះបញ្ជីអាពាហ៍ពិពាហ៍របស់ខ្លួន នៅពេលប្រពន្ធចង់ប្រើឈ្មោះត្រកូលផ្សេងពីប្ដី។

នៅក្នុងលោក មានតែប្រទេសជប៉ុនមួយគត់ដែលគេស្គាល់ថានៅបន្តប្រើច្បាប់បង្ខំគូស្វាមីភរិយាឱ្យប្រើឈ្មោះត្រកូលរួម។ ក្យូដូបានរំលេចឱ្យដឹងដូច្នេះ ដោយផ្អែកតាមក្រសួងយុត្តិធម៌ជប៉ុន។

គណៈកម្មាធិការអង្គការសហប្រជាជាតិដើម្បីលុបបំបាត់ការរើសអើងចំពោះស្ត្រី ធ្លាប់បានផ្ដល់អនុសាសន៍ឱ្យប្រទេសជប៉ុនកែប្រព័ន្ធនេះដែរ ប៉ុន្តែមិនបានសម្រេច។ នេះបើយោងតាមក្យូដូញូស៍ដដែល៕

Share

Image
Image
Image