en     km
en     km

ដើម្បីភាពរីកចម្រើនបច្ចេកវិទ្យាទំនើប!ក្រសួងការងារផ្ដល់អាហារូបករណ៍ជាង២ម៉ឺនកន្លែងសម្រាប់ការបណ្ដុះបណ្ដាលបច្ចេកទេស និង វិជ្ជាជីវៈ

Share

ក្រសួងការងារបានចេញសេចក្ដីជូនដំណឹងស្ដីការ​ជ្រើសរើស​បេក្ខជន​ចូលរៀនថ្នាក់បណ្ដុះបណ្ដាលវិជ្ជាជីវៈនិងបច្ចេកទេសសម្រាប់ឆ្នាំសិក្សាថ្មី២០១៩-២០២០ទៅតាម​ប្រភេទ​នីមួយៗនៅតាមបណ្ដាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និង វិជ្ជាជីវៈទូទាំងប្រទេស ។សេចក្ដីជូនដំណឹងដែលចុះរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈចុះនៅថ្ងៃទី១៥សីហាបានគូសបញ្ជាក់អំពី ថ្នាក់​អាហារូបករណ៍ដែលមានដល់ទៅ ២២ ៦៦១ កន្លែង និង​ថ្នាក់បង់ថ្លៃ ២៥ ១៨១​កន្លែង​លើថ្នាក់អនុបណ្ឌិត បរិញ្ញាបត្រ បរិញ្ញាបត្ររង សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១, ២ និង ៣។។ សម្រាប់សមាសភាពបេក្ខជន​ក្រីក្រ នារី តំបន់​ដាច់ស្រយាល ជនជាតិភាគតិច និង​ជនពិការ គឺត្រូវ​បានផ្ដល់​អាទិភាព​ក្នុងការ​ទទួលបាន​អាហារូបករណ៍ទាំងនេះ​។ ចំពោះ​បេក្ខជន​ក្រីក្រ តំបន់​ដាច់ស្រយាល និង​ជនជាតិភាគតិច ត្រូវមាន​ឯកសារ​បញ្ជាក់​ពី​អាជ្ញាធរ​ឃុំ​សង្កាត់​។ ​

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាសេនាធិការរាជរដ្ឋាភិបាល គឺបានចាប់ផ្ដើមអនុវត្តយុទ្ធសាស្ត្រទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាល បច្ចេកទេស វិជ្ជាជីវៈ(TVET) និងដាក់ចេញអនុសាសន៍ជំរុញឱ្យគ្រឹះស្ថានអប់រំទាំងអស់ ដែលស្ថិតក្រោមឱវាទរបស់ខ្លួន ត្រូវយកចិត្តទុកដាក់អនុវត្តយុទ្ធសាស្ត្រនេះ ប្រកបដោយប្រសិទ្ធភាពទៅដល់សិក្ខាកាម ដើម្បីឆ្លើយតបនឹងការរីកចម្រើនបច្ចេកវិទ្យាទំនើប ឬហៅថាបដិវត្តឧស្សាហកម្ម ៤.០។

លោក អ៊ិត សំហេង រដ្ឋមន្រ្ដីទទួលបន្ទុកក្រសួងមួយនេះ កន្លងមកជារឿយៗតែងតែស្នើ និង​លើកទឹកចិត្តដល់យុវជនកម្ពុជាទាំងឡាយ គប្បីងាកមកចាប់អារម្មណ៍ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលកំពុងមានភាពចាំបាច់ និងកំពុងមានតម្រូវការខ្លាំងក្នុងទីផ្សារការងារបច្ចុប្បន្ន និងអនាគត។

ក្រសួងការងារមានជំនឿថា ការអប់រំបណ្តុះបណ្តាល បច្ចេកទេស វិជ្ជាជីវៈគឺនាំឱ្យមានជំនាញពិតជីវិតប្រសើរ។

សូមបញ្ជាក់ថា ការអប់រំបណ្ដុះបណ្ដាល បច្ចេកទេស វិជ្ជាជីវៈ នេះត្រូវបានគេមើលឃើញថា ជាកត្តាជម្រុញឱ្យប្រទេសមួយចំនួនក្នុងតំបន់អាស៊ានតួយ៉ាងប្រទេសវៀតណាមបានងើបមុខមាត់ក្នុងភាពលេចធ្លោនិងសេដ្ឋកិច្ចរីកចម្រើនដោយការវិនិយោគលើវិស័យនេះក្នុងពេលថ្មីៗនេះ។

សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់គេហទំព័រ ក្រសួងការងារ www.mlvt.gov.kh ឬ តាមរយៈទំព័រហ្វេសប៊ុកក្រសួងដែលមានឈ្មោះថា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ដោយ៖ ឆោម ពៅនិកា

Share

Image
Image
Image