en     km
en     km

ជ​ប៉ុ​ន្ដ​ផ្ដល់​ថវិការ​ជិត​ ៤​លាន​ដុល្លារ​ ដល់​អង្គភាព​ស៊ី​ម៉ាក់​

Share

​ភ្នំពេញ​ ៖​ រដ្ឋាភិបាល​ជប៉ុន​បាន​ផ្ដល់​ជំនួយ​ជិត​ ៤​លាន​ដុល្លារ​ ដល់​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ ហៅ​កាត់​ថា​ ស៊ី​ម៉ាក់​ សម្រាប់​បន្ដ​បេសកកម្ម​ក្នុង​ការ​បោសសម្អាត​ផ្ទៃដី​ដែល​មាន​មីន​ និង​អភិវឌ្ឍន៍​អង្គភាព​ស៊ី​ម៉ាក់​។​ នេះ​បើ​យោ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​អគ្គនាយក​អង្គភាព​ស៊ី​ម៉ាក់​ លោក​ ហេង​ រតនា​ ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​១៦​ វិច្ឆិកា​។

​អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ បាន​បញ្ជាក់​ថា​ ថវិការ​ជិត​ ៤​លាន​ដុល្លារ​ ដែល​ជប៉ុន​ផ្ដល់​មកនេះ​ ត្រូវ​បាន​បែងចែក​ជា​ពីរ​។​ ទី​១​ ថវិកា​ចំនួន​ ៣​លាន​ ៥​សែន​ ៣​ម៉ឺន​ ៦​ពាន់​ ៦៨០​ដុល្លារ​ (៣៥៣៦៦៨០​ដុល្លារ​)​ គឺ​សម្រាប់​គាំទ្រ​កិច្ច​ប្រតិបត្ដិការ​បោសសម្អាត​មីន​ និង​ទី​២​ ថវិកា​ចំនួន​ជាង​ ៣០​ម៉ឺន​ដុល្លារ​ គឺ​សម្រាប់​ការ​អភិវឌ្ឍ​អង្គភាព​ស៊ី​ម៉ាក់​ នៅ​ទិស​ខេត្ដបាត់ដំបង​ ក្រោយ​គម្រោង​សមា​ហរ​កម្ម​ការ​បោសសម្អាត​មីន​ និង​សង្គ្រោះ​ជន​ពិការ​។​

​ទឹកប្រាក់​ដែល​ផ្ដល់​មក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​នេះ​ គឺ​មាន​រយៈពេល​ ១២​ខែ​ ដោយ​ចាប់ផ្ដើម​ពី​ដើម​ខែមករា​ ដល់​ខែ​ចុងខែ​ធ្នូ​ ឆ្នាំ​២០១៩​។​ ចំពោះ​គម្រោង​សមា​ហរ​កម្ម​ការ​បោសសម្អាត​មីន​ និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន​ គឺ​បាន​ចាប់ផ្ដើម​តាំងពី​ឆ្នាំ​២០១៧​មក​ម្លេះ​។​ លោក​ ហេង​ រតនា​ ឲ្យ​ដឹង​ទៀត​ថា​ ជាមួយ​គម្រោង​នេះ​មាន​មន្ដ្រី​ជំនាញ​ជាង​ ៤៥០​នាក់​ និង​មាន​គ្រឿងចក្រ​កម្ទេច​មីន​ចំនួន​ ១១​គ្រឿង​។​ គម្រោង​នេះ​មាន​សមត្ថភាព​រំដោះ​ផ្ទៃដី​ នៃ​ចំការ​មីន​ជាង​ ២៧៥០​ហិច​តា​។​ ទន្ទឹម​នឹង​នេះ​ក៏​មាន​ជួយ​ជីក​ស្រះ​ទឹក​ ធ្វើ​ផ្លូវលំ​ជនបទ​ផង​ដែរ​ ដើម្បី​ជួយ​ការងារ​អភិវឌ្ឍ​ជូន​សហគមន៍​ ហើយ​គម្រោង​នេះ​ត្រូវ​អនុវត្ដ​ដោយ​អង្គភាព​ស៊ី​ម៉ាក់​ ដោយ​មាន​ភ្នាក់ងារ​ជប៉ុន​ JICS​ (Japan​ International​ Consultant​ System)​ ត្រួតពិនិត្យ​គុណភាព​។​

​គួរ​រំ​ឮ​កថា​ តាម​រយៈ​បទ​សម្ភាស​ជាមួយ​វិទ្យុ​ស្ដ្រី​ កាលពីដើម​ខែសីហា​កន្លង​ទៅ​នេះ​ លោក​ ហេង​ រតនា​ អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ (​ស៊ី​ម៉ាក់​)​ មាន​ប្រសាសន៍​ថា​ គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ ដែល​ទម្លាក់​ពី​យន្ដហោះ​ភាគច្រើន​ត្រូវ​បាន​ទម្លាក់​នៅ​ខេត្ដ​ភាគ​កើត​ និង​ខាងត្បូង​កម្ពុជា​ ដែល​មាន​ដូច​ជា​ខេត្ដកំពង់ចាម​ ត្បូងឃ្មុំ​ ស្វាយ​រៀង​ តាកែវ​ និង​ខេត្ដកណ្ដាល​ ។​ ដោយឡែក​គ្រាប់​ដែល​បន្សល់​ទុក​ពី​សម័យ​សង្គ្រាម​ គឺ​មាន​រាយ​ប៉ាយ​ច្រើ​នៅ​តាម​ខេត្ដ​ជាប់​ព្រំដែន​។​

​រយៈពេល​ ២៥​ឆ្នាំ​កន្លង​មកនេះ​ អង្គភាព​ ស៊ី​ម៉ាក់​ ដែល​ជា​ស្ថាប័ន​ជាតិ​ក្នុង​ការ​ដោះ​មីន​ បាន​បោសសម្អាត​គ្រាប់​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​គ្រប់​ប្រភេទ​បាន​ចំនួន​ ២​លាន​ ៧​សែន​គ្រាប់​ ដែល​ស្មើ​ប្រមាណ​ ៧២​ភាគរយ​ នៃ​លទ្ធផល​សរុប​នៅ​ទូ​ទាំង​ប្រទេស​។​ អគ្គនាយក​ស៊ី​ម៉ាក់​ បញ្ជាក់​ថា​ ផ្ទៃដី​ដែល​មាន​គ្រាប់​មីន​ និង​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​គ្រប់​ប្រភេទ​ មាន​ប្រមាណ​ជិត​ ២០០០​គីឡូម៉ែត្រ​ក្រឡា​៕

Share

Image
Image
Image