en     km
en     km

ជំនួបអតីតនិស្សិតស្រ្តីនៅអាស៊ានជំរុញភាពជាអ្នកដឹកនាំ និងស្វែងយល់បញ្ហាស្រ្តីក្នុងតំបន់

Share

ភ្នំពេញ៖ អតីតនិស្សិតស្រ្តីតំបន់អាស៊ានដែលធ្លាប់ទទួលបានអាហារូបករណ៍ពីស្ថានទូតអូស្រ្តាលីប្រមាណ៧០នាក់ បានជួបជុំពិភាក្សាគ្នាដើម្បីចែករំលែកបទពិសោធន៍ ចំណេះដឹង និងស្វែងយល់ពីបញ្ហារបស់ស្រ្តីក្នុងប្រទេសនីមួយៗ។ ជំនួបនេះធ្វើឡើងនៅក្នុងសិក្ខាសាលាថ្នាក់តំបន់ ស្តីពី «ស្រ្តី និង ភាពជាអ្នកដឹកនាំ»នៅសណ្ឋាគារ ឡឺរ៉ូយ៉ាល់ ក្រុងភ្នំពេញនៅថ្ងៃទី០៤ មេសានេះ។

(លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ)

អតីតនិស្សិតស្រ្តីដែលបានទទួលអាហារូបករណ៍អូស្រ្តាលី មានមកពីប្រទេសកម្ពុជា ភូមា ឥណ្ឌូនេស៊ី វៀតណាម ហ្វីលីពីន និងឡាវ ចំនួន៧០រូប បានមកចូលរួមសិក្ខាសាលា«ស្តីពី ស្រ្តីនិងភាពជាអ្នកដឹកនាំ»រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី៦ មេសា។​

សិក្ខាសាលាថ្នាក់តំបន់ ស្តីពី ស្រ្តីនិងភាពជាអ្នកដឹកនាំនេះ គឺជាជំហានដំបូង​ដែលឈានទៅបង្កើតវាទិកាថ្នាក់តំបន់មួយដែលផ្សារភ្ជាប់ស្រ្តីមកពីបណ្តាប្រទេសនានា ក្នុងសមាគមន៍អាស៊ាន តាមរយៈកម្មវិធីអាហារូបករណ៍អូស្រ្តាលី។

លោកស្រី អេនជេលឡា ខកខឺរ៉េន ឯកអគ្គរាជទូតអូស្រ្តាលីមានប្រសាសន៍ថា នៅទូទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ស្រ្តីកំពុងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងជួររដ្ឋាភិបាល វិស័យឯកជន ការអភិវឌ្ឍន៍ និងសង្គមស៊ីវិល។ លោកស្រីបន្តទៀតថា៖ រដ្ឋាភិបាលអូស្រ្តាលីមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការគាំទ្រស្រ្តីទាំងនោះ ផ្តល់សិទ្ធិអំណាចដល់ស្រ្តី ព្រមទាំងជំរុញស្រ្តីឱ្យមានភាពជាអ្នកដឹកនាំ និងចូលរួមយ៉ាងសកម្មក្នុងអាជីពការងារ។

                                          លោកស្រី អេនជីឡា កូសកូរ៉ុន(Angela Corcoran) ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា។

 

អតីតនិស្សិតស្រ្តីមួយរូបមកពីប្រទេសឡាវអ្នកស្រី ចាន់ សុភិនសុវណ្ណ និយាយថា ការចូលរួមរបស់ស្រ្តីជាថ្នាក់ដឹកនាំ មានសារៈសំខាន់ណាស់ ព្រោះស្រ្តីក្នុងប្រទេសនិមួយៗបានចែករំលែកបទពិសោធន៍ការងារ ចំណេះដឹង ពិសេសលើកបញ្ហារបស់ស្រ្តីក្នុងប្រទេសនិមួយៗដើម្បីផ្តល់ជាដំណោះស្រាយទៅគ្នាទៅវិញទៅមក។ អ្នកស្រីបន្តថា ក្នុងអង្គសិក្ខាសាលានេះ ស្រ្តីទាំងអស់បានរកឃើញនូវចំណុចស្នូរចំនួនបី៖ ទី១ ការបំពាក់បំប៉នចំណេះដឹងដល់ស្រ្តី ទី២ កំណត់យុទ្ធសាស្រ្តធ្វើការរួមគ្នាទោះបីពីប្រទេសមានវប្បធម៌ផ្សេងគ្នា ទី៣ ដំណោះស្រាយបញ្ហាស្រ្តីដើម្បីបន្តការសិក្សាក្រៅប្រទេសផុតពីរបាំងគ្រួសារ។

                                                                                ​​​      អ្នកស្រី ចាន់ សុភិនសុវណ្ណ

 

ចំណែកអ្នកស្រី ទុំ ស៊ីសុភារ៉េត ប្រធានសមាគមអតីតនិស្សិតអាហារូបករណ៍អូស្រ្តាលីលើកឡើងថា ប្រព័ន្ធអប់រំនៅអូស្រ្តាលីតម្រូវឱ្យសិស្សមានការស្រាវជ្រាវច្រើន អានច្រើន និងគិតបែបស៊ីជម្រៅដែលអាចធ្វើឱ្យនិស្សិតមានសមត្ថភាពអាចរកការងារធ្វើបានក្រោយបញ្ចប់ការសិក្សា។ អ្នកស្រីបន្តថា ការបណ្តុះសមត្ថភាពអ្នកដឹកនាំវ័យក្មេង ការកសាងសមត្ថភាពធ្វើការជាក្រុមប្រកបដោយថាមពល ការបណ្តុះទំនាក់ទំនងល្អ ដែលទាំងនេះជា ចំណេះដឹងទទួលបានពីអូស្រ្តាលីហើយអ្នកកំពុងប្រើក្នុងស្ថាប័ន។

សម្រាប់កិច្ចពិភាក្សាក្នុងអង្គសិក្ខាសាលាវិញ អ្នកស្រី សុភារ៉េត ឱ្យដឹងថា ស្រ្តីក្នុងតំបន់អាស៊ានមានបញ្ហាស្រដៀងគ្នា គឺស្រ្តីមិនសូវមានភាពក្លាហាន ការសិក្សានៅទាប មិនសូវមានទំនាក់ទំនងល្អក្នុងការបន្តការសិក្សា។ ដើម្បីជំរុញឱ្យស្រ្តីក្លាយជាតួអង្គចម្បងបានអ្នកស្រីផ្តល់ជាអនុសាសន៍ថា ត្រូវផ្តល់កិច្ចអន្តរាគមន៍មួយសម្រាប់ស្រ្តីដែលអាចស្វែងរកសេចក្តីត្រូវការនិងបំណងប្រាថ្នាខ្លួនឯង ត្រូវផ្តល់ការពិគ្រោះយោបល់ដល់ស្រ្តីដើម្បីឱ្យពួកគេបានទទួលការសិក្សាបន្ត។

                                                      ​អ្នកស្រី ទុំ ស៊ីសុភារ៉េត ប្រធានសមាគមអតីតនិស្សិតអាហារូបករណ៍អូស្រ្តាលី

 

លោកស្រី ហ័ង អ៊ីវធីវ៉ុក (Hoang Yen T Vo) ប្រធានសមាគមអ្នកពិការភាព និងជាអនុប្រធាននៃសាកលវិទ្យាល័យសម្រាប់ជនពិការ មានមូលដ្ឋាននៅទីក្រុង សៃ ហ្គន ប្រទេសវៀតណាម មានប្រសាសន៍ថា សិក្ខាកាមដែលបានចូលរួម បានបញ្ចេញគំនិត ចំណេះដឹង និងមានការប្តេជ្ញាចិត្តដើម្បីជំរុញឱ្យមានភាពស្មើគ្មារវាងបរុសនិងស្រ្តីក្នុងតួនាទីសង្គម។ ជាការសង្កេតរបស់លោកស្រីឃើញថា បញ្ហាការរើសអើងស្រ្តីនៅតែជាបញ្ហាស្នូរ ដែលវាមានទំហំធំឬតូចទៅតាមបរិបទនយោបាយ និងនិន្នាការសង្គមរបស់ប្រទេសនីមួយៗ។ លោកបន្តថា អ្វីជាសមតិដ្ឋិផលដែលអាចទទួលបានពីអង្គសិក្ខាសាលានេះ គឺការចងក្រងជាបណ្តាញស្រ្តីក្នុងតំបន់អាស៊ាន ដែលក្រុមនេះអាចចែករំលែកបទពិសោធន៍ចំណេះដឹង វិជ្ជាជីវ និងចែកវិធីសាស្រ្តដោះស្រាយបញ្ហារបស់ស្រ្តីរួមគ្នា។

                                                            លោកស្រី ហ័ង អ៊ីវធីវ៉ុក (Hoang Yen T Vo) ប្រធានសមាគមអ្នកពិការភាព

 

លោកស្រីឯគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជាមានក្តីរីករាយ ដែលស្រ្តីមានការអប់រំខ្ពស់ និងមានបទពិសោធន៍ច្រើន បានឆ្លៀតពេលយ៉ាងមមាញឹករបស់ខ្លួន មកចែករំលែកបទពិសោធន៍ និងសិក្សាពីគ្នាទៅវិញទៅមកក្នុងសិក្ខាសាលានេះ។

 

 

Share

Image
Image
Image