en     km
en     km

ជំងឺ​រ៉ាំរ៉ៃ​ បរិស្ថាន​សិក្សា​មិនល្អ​ អាហារ​ខ្វះ​តុល្យភាព​ និង​គេង​មិន​គ្រប់​ ជាដើម​ចមនាំ​ឲ្យ​សិស្ស​ទន់​ដៃ​ ទន់​ជើងពេល​សិក្សា​

Share

​ភ្នំពេញ​ ៖​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ចេញ​លិខិត​បង្ហាញ​ពី​ការ​រក​ឃើញ​ មូលហេតុ​នៃ​ការ​ដួល​សន្លប់​របស់​សិស្ស​នៅ​តាម​សាលា​កាលពី​ពេល​ថ្មីៗ​ទៅ​នេះ​ថា​ គឺ​បណ្ដាល​មក​ពី​សិស្ស​មាន​ជំងឺ​រ៉ាំរ៉ៃ​ បញ្ហា​ថប់​បារម្ភ​ បរិស្ថាន​សិក្សា​មិន​សម​ស្រប​ ការ​ទទួលទាន​អាហារ​មិន​មាន​តុល្យភាព​ ការ​បរិភោគ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ និង​ការ​គេង​មិន​គ្រប់គ្រាន់​ជាដើម​។​

​ក្រោយ​ការ​រក​ឃើញ​មូលហេតុ​នេះ​ ក្រសួង​អប់រំ​ បាន​ចេញ​វិធានការ​មួយ​ចំនួន​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​អស់នេះ​ ដែល​មាន​ដូច​ជា​ សកម្មភាព​វិធានការ​បន្ទាន់​ និង​សកម្មភាព​វិធានការ​បន្ដ​។​

​សម្រាប់​វិធានការ​បន្ទាន់​ លោកគ្រូ​ អ្នកគ្រូ​ នៅ​ក្នុង​ម៉ោង​សិក្សា​ ត្រូវ​សង្កេត​មើល​ស្ថានភាព​សិស្ស​ជា​ប្រចាំ​ ប្រសិនបើ​មាន​ករណី​សង្ស័យ​ ឬ​កើត​មាន​អាកា​រៈ​ទន់​ដៃ​ ទន់​ជើង​ និង​ការ​ថប់​បារម្ភ​ ត្រូវ​ឲ្យ​អ្នក​ដែល​មាន​បញ្ហា​នោះ​ សម្រាក​ជា​បន្ទាន់​ ដើម្បី​ទទួល​ការ​ព្យាបាល​។​ លោកគ្រូ​ អ្នកគ្រូ​ ត្រូវ​ណែនាំ​អ្នក​ដែល​មាន​អាកា​រៈ​នោះ​ ឲ្យ​សម្រួល​អារម្មណ៍​ កុំ​តក់ស្លុត​ ព្រមទាំង​សម្រួល​ផ្លូវដង្ហើម​ តាម​វិធីដក​ដង្ហើមវែងៗ​ ដោយ​ស្រួប​យក​ខ្យល់​តាម​ច្រមុះ​ និង​បញ្ចេញ​វិញ​តាម​មាត់​ឲ្យ​បាន​ច្រើន​ដង​។​ បន្ថែម​ពី​នេះ​ ត្រូវ​អន្ដរាគមន៍​ជា​បន្ទាន់​ទៅ​ប៉ុស្ដិ៍​សុខភាព​ មណ្ឌល​សុខភាព​ មន្ទីរពេទ្យ​បង្អែក​ ដែល​នៅ​ជិត​បំផុត​ ព្រមទាំង​ត្រូវ​ផ្ដល់​ដំណឹង​ដល់​អាណាព្យាបាល​ អាជ្ញា​ធរមាន​សមត្ថកិច្ច​មូលដ្ឋាន​ និង​អ្នក​ពាក់ព័ន្ធ​ ដើម្បី​ស្វែងរក​វិធានការ​សម​សម្រាប់​ជួយ​អ្នកជំងឺ​។​ លើស​ពី​នេះ​ មិន​ត្រូវ​ចែកចាយ​បន្ដ​នូវ​រូបភាព​គ្រប់​ស្ថានភាព​របស់​អ្នកមាន​បញ្ហា​នេះ​ តាម​បណ្ដាញ​សង្គម​នានា​ ដើម្បី​ជៀសវាង​ការ​ឆ្លង​អារម្មណ៍​តៗ​គ្នា​។​

​ចំណែក​វិធានការ​បន្ដ​ ដែល​ក្រសួង​អប់រំ​កំណត់​ គឺ​ សិស្ស​ដែល​មាន​ជំងឺ​រ៉ាំរ៉ៃ​ប្រចាំ​កាយ​ ត្រូវ​ទៅ​ពិនិត្យ​តាមដាន​សុខភាព​ជា​ប្រចាំ​ នៅ​ពេល​មានការ​ថប់​បារម្ភ​ ត្រូវ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​អ្នក​ទុកចិត្ដ​បាន​ ឬ​ក៏​អ្នកជំនាញ​។​ គ្រប់​គ្រឹះស្ថានសិក្សា​ ត្រូវ​រៀបចំ​ឲ្យ​មានការ​អប់រំ​ផ្សព្វផ្សាយ​ ស្ដី​ពី​ការ​ថែ​ទាំង​សុខភាព​ជា​ប្រចាំ​ ជា​ពិសេស​កត្ដា​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​ផ្សេងៗ​ កើតឡើង​ញឺ​ក​ញាប់​នៅ​តា​មូលដ្ឋាន​។​

​លោកគ្រូ​ អ្នកគ្រូ​ ត្រូវ​ណែនាំ​សិស្ស​កុំ​នៅ​កន្លែង​ស្ងាត់​ម្នាក់ឯង​ ឆ្ងាយ​ពី​គេ​ ។​ តាម​គ្រឹះស្ថានសិក្សា​ ត្រូវ​បង្កើន​ការ​ដាំ​ដើមឈើ​ផ្ដល់​ម្លប់​ ដាំ​ផ្កា​លម្អ​ នៅ​ក្នុង​បរិវេណ​សាលា​ ដោយ​អនុវត្ដ​តាម​គោលការណ៍​ “​ប៉ៃ​តង​ ស្អាត​ និង​សុវត្ថិភាព​”​ ។​ លើស​ពី​នេះ​ ត្រូវ​ពិនិត្យ​ទីតាំង​លក់​ចំណី​ រក្សា​អនាម័យ​ ហាម​សិស្ស​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ត្រូវ​ផឹកទឹក​ឲ្យ​បាន​ ២​លី​ត្រ​ក្នុង​មួយ​ថ្ងៃ​ ទទួលទានដំណេក​ឲ្យ​បាន​ ៨​ម៉ោង​យ៉ាងតិច​។​ បន្ថែម​ពី​នេះ​ ត្រូវ​បើកទ្វារ​ប​ង្អូ​ច​ឲ្យ​បាន​ធំ​ទូលាយ​ កុំ​ស្លៀកពាក់​តឹង​ពេក​ ជៀសវាង​ការ​ជឿ​លើ​អ​បី​យ​ជំនឿ​ដែល​មិន​សម​ហេតុផល​។​ តាម​សាលា​ គួរ​មាន​ធុងសំរាម​ ៣​ប្រភេទ​ គឺ​ធុងសំរាម​ សម្រាប់​កាក​សំណល់​សរីរាង្គ​ ធុងសំរាម​សម្រាប់​ដាក់​សំណល់​ផ្សេងៗ​ និង​ធុងសំរាម​សម្រាប់​សំណល់​កែ​ច្នៃ​។​ ជាង​នេះ​ ក្នុង​ករណី​មាន​សិស្ស​មាន​អាកា​រៈ​មិន​ស្រួល​ត្រូវ​ហៅ​ទូរស័ព្ទ​ទៅ​លេខ​ ១១៥​ ដើម្បី​រាយការណ៍​ករណី​នេះ​ទៅ​នាយកដ្ឋាន​ប្រយុទ្ធ​ និង​ជំងឺឆ្លង​ នៃ​ក្រសួងសុខាភិបាល​។​

​ក្រសួង​អប់រំ​ រំពឹង​ថា​ ថ្នាក់ដឹកនាំ​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ គ្រប់​រាជធានី​ ខេត្ដ​ ប្រធាន​ការិយាល័យ​អប់រំ​ ស្រុក​ ខណ្ឌ​ នាយក​ នាយិកា​ លោកគ្រូ​ អ្នកគ្រូ​ នឹង​អនុវត្ដន៍​តាម​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ ដើម្បី​ទប់ស្កាត់​ករណី​សិស្ស​ទន់​ដៃ​ ទន់​ជើង​ ឈាន​ដួល​សន្លប់​៕

Share

Image
Image
Image