en     km
en     km

ជំងឺប៉េស្តជ្រូក៖អ្នកលក់សាច់មាន់ គោ កើបលុយ ខណៈអ្នកទទួលទានមិនទាន់ហ៊ានបរិភោគសាច់ជ្រូក

Share

(ភ្នំពេញ)៖ សាច់ជ្រូក គឺជាសាច់សត្វមួយប្រភេទ ដែលប្រជាជនកម្ពុជានិយមទិញ ចំអិនធ្វើម្ហូប ពិសាជាប្រចាំក្នុងគ្រួសារ។ ក៏ប៉ុន្តែនៅពាក់កណ្តាលឆ្នាំ២០១៩នេះ យើងសង្កេតឃើញថា អត្រានៃចំនួនអ្នកបរិភោគសាច់ជ្រូកមានការថយចុះជាខ្លាំង ដោយសារមាន ការផ្ទុះឡើងនូវជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅបណ្តាខេត្តមួយចំនួនរួមមាន ខេត្តរតនៈគិរី ត្បូងឃ្មុំ ស្វាយរៀង តាកែវ និងខេត្តកណ្តាល ដែលបង្កឲ្យជ្រូកមានជំងឺហើយងាប់ក្នុងរយៈពេលខ្លី មកដល់ពេលនេះជ្រូកប្រមាណ៣២១១ក្បាលហើយបានងាប់។ បញ្ហានេះបានធ្វើ​ឱ្យអាជីវករព្រួយបារម្ភអំពីចំណូលប្រចាំថ្ងៃពីការលក់ដែលខុសពីសព្វមួយដង ព្រោះអ្នកបរិភោគមានការខ្លាចក្រែងជម្ងឺនេះរាតត្បាតដល់មនុស្ស។ យ៉ាងណាក្រសួងសុខាភិបាលថាវាគឺជាមេរោគសត្វ ដែលមិនឆ្លងមកមនុស្សទេ។

អត្ថបទ៖ កញ្ញា អ៊ុំ ច័ន្ទលក្ខិណា,កញ្ញា ញឹក សំអូន, លោក កែវ សុខា

នេះគឺសម្លេងជជែកគ្នាអ៊ូអរកញ្ជ្រៀវមួយ នៅផ្សារទួលទំពូង។ ម្ខាងនៃផ្សារនោះ មានតូបលក់បន្លែ ត្រី សាច់ជាច្រើន ដែលម្នាក់ៗកំពុងតែរវល់លក់ដូររៀងៗគ្នា។ សម្លេងនៃការរអ៊ូនេះក៏ចេញមកពីអាជីវករលក់សាច់ជ្រូកកំពុងត្អូញត្អែរពីតំហយចុះនៃអ្នកទិញសាច់ជ្រូកយកទៅបរិភោគប្រចាំថ្ងៃ ហើយសម្រាប់ការលក់គឺមានការខាតបង់ច្រើន ពេលខ្លះអាចរួចដើមវិញ ហើយពេលខ្លះទៀតស្ទើរតែអស់ដើមទៅវិញក៏មាន។

ផ្សារទួលទំពូងក្នុងរាជធានីភ្នំពេញ។ រូបភាពWMC

ក្នុងចំណោមតូបអ្នកលក់សាច់ជ្រូកទាំងអស់នៅក្នុងផ្សារទួលទំពូងយើងក៏សង្កេតឃើញ តូបលក់សាច់ជ្រូកមួយកន្លែងរបស់អ្នកស្រី អៀ លាងអ៊ីម សម្បុរស ភ្នែកតឹង កំពុងអង្គុយលើកៅអីចុចទូរស័ព្ទយ៉ាងស្ងៀមស្ងាត់ នៅកណ្ដាលផ្សារដ៏សែនអ៊ូអរ។ អ្នកស្រីបាននិយាយរៀបរាប់ប្រាប់វិទ្យុស្រី្ដអំពីអាជីវកម្មសាច់ជ្រូកប្រចាំថ្ងៃរបស់គាត់ថា គឺមានការថយចុះជាខ្លាំងបើធៀបនឹងពេលមុនៗ ដែលបញ្ហាទាំងនេះបានអ្វីឲ្យគាត់មានការខាតបង់ជាខ្លាំង៖« ថយចុះនៅសល់ ១ថ្ងៃ១០០គីឡូ លក់មិនអស់ផង ឥឡូវស្អែកម៉ូយបន្ថយទៀតហើយ។ ខ្ញុំយកមកមិនមែនគ្រាន់តែលក់រាយទេ ខ្ញុំបោះដុំឲ្យម៉ូយដែរ ខ្ញុំបោះដុំទៅផ្សារទាំងអស់ ខ្ញុំយកមកពីស៊ីផេងខ្លះ ហើយចាប់តាមភូមិខ្លះ មួយថ្ងៃខ្ញុំកប់ ៣០, ៤០ ក្បាល ឥឡូវសល់តែជាង១០។ ហើយក្រសួងគេបានប្រាប់ហើយតើ បានប្រកាសតើ គេត្រួតពិនិត្យហើយៗបានគេឲ្យយើងយកមកលក់ ហើយបើសិនជាមានជំងឺនឹងឆ្លងមកមនុស្ស អ្នកធ្វើនឹងមិនត្រូវទៅមុនគេហើយបើកាន់សាច់ជ្រូកឈាមជ្រូកនឹង ទៅមុនគេហើយ មិនបាច់បានដល់អ្នកហូបៗទាន់ទេ។ ខាតៗច្រើនណាស់ ខាតនិយាយមិនចេញតែម្តង ខាតនោះខាតខាតនិយាយលែងចេញតែម្តង មានអីនិយាយបើលក់អត់មានចំណូលផង លក់មានតែខាត លក់សល់រហូត សំខាន់គេអត់ហូបតែម្តង»

អ្នកស្រី អៀ លាងអ៊ីម អ្នកលក់សាច់ជ្រូកនៅផ្សារទួលទំពូង។រូបភាព WMC

កំពុងញញឹមរាក់ទាក់ភ្ញៀវដោយសម្ដីពិរោះពិសា ផ្សាភ្ជា​ប់ជាមួយការចរចាតម្លៃ  កញ្ញាហែម ដានី អ្នកលក់សាច់គោនៅអមផ្លូវផ្សារទួលទំពូងបានរៀបរាប់អំពីការកើនឡើងនូវចំនួនការលក់ និង ចំនួនអ្នកទិញសាច់គោនៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ កញ្ញាក៏បានបន្ថែមទៀតថា ជាធម្មតាកញ្ញាលក់អស់៧០​គីឡូក្រាមក្នុងមួយថ្ងៃ ក៏ប៉ុន្តែក្នុងរយៈពេលមួយខែកន្លងមកនេះកញ្ញាបានលក់ដាច់រហូតដល់ទៅ ៩០គីឡូក្រាមក្នុងមួយថ្ងៃ ហើយតម្លៃនៃការលក់ក៏មានការកើនឡើងផងដែរ៖«បងអ្នកលក់សាច់គោវាមានការកើនឡើងប្រហែលជា២០%សម្រាប់បង មួយល្ងាចបងលក់ ៧០គីឡូឥឡូវឡើងដល់៩០ហើយ ដ៏ចឹងវាឡើងបានប៉ុណ្ណឹងដែរ ហើយតម្លៃសាច់គោក៏វាឡើងតាមនឹងដែរណា កាលនឹងទិញចូលតម្លៃផ្សេង ឥឡូវ៤០ ជូនកាល ៤២ កាលពីមិនទាន់មានជំងឺប៉េស្តនឹងបងលក់មួយល្ងាចអស់៧០ ឥឡូវបងលក់អស់៩០»។

អ្នកលក់សាច់គោកំពុងមមាញឹកក្នុងការលក់សាច់គោ។

ទោះបីជាក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសរួចមកហើយថា ជម្ងឺប៉េស្ដជ្រូកអាហ្វ្រិកនេះ គឺពុំអាចឆ្លងទៅមនុស្ស ឬអ្នកដែលបរិភោគសាច់ជ្រូកក៏ដោយ ក៏ប្រជាពលរដ្ឋនៅតែមានការញញើតខ្លាចរអានៅក្នុងការបរិភោគសាច់ជ្រូកដដែល។ កញ្ញា គិ ម៉ារី ដែលជានិស្សិតកំពុងសិក្សានៅសកលវិទ្យាល័យមួយកន្លែងបាននិយាយរៀបរាប់ទៅកាន់វិទ្យុស្រ្តីថា« កញ្ញាពិតជាខ្លាចរអានៅក្នុងការបរិភោគសាច់ជ្រូកជាខ្លាំង បើទោះបីជាក្រសូងបានប្រកាសថា មិនមានបញ្ហាអ្វីក៏ដោយ ក៏កញ្ញានៅតែខ្លាចរអានៅក្នុងការបរិភោគប្រចាំថ្ងៃដដែល ដោយសារតែកញ្ញាខ្លាចមានលាយនូវសាច់ជ្រូកដែលមានជម្ងឺយកមកលក់នៅលើទីផ្សារ ដូចនេះកញ្ញាសុំគិតពីសុខភាពជាសំខាន់ ដោយធ្វើការផ្អាកបរិភោគសាច់ជ្រូកមួយរយៈពេលខ្លីក្នុងរដូវកាលផ្ទុះជម្ងឺបេស្តជ្រូកនេះ ក្រោយពេលស្ងាប់ស្ងាត់កញ្ញា នឹងត្រឡប់មកបរិភោគសាច់ជ្រូកជាធម្មតាវិញ។

ដោយឡែក កញ្ញា ទូច សុខឡា ដែលជា​​អ្នកដើរ​ផ្សារ​ទិញ​ម្ហូបចម្អិនអាហារ​ប្រចាំថ្ងៃ កញ្ញាបានអះអាងថា ​ខ្លួនចូលចិត្ដបរិភោគសាច់ជ្រូកតែ កញ្ញាបានផ្អាកការបរិភោគសាច់ជ្រូកក្នុងអំឡុងពេលផ្ទុះឡើងនៃជម្ងឺនេះ៖ «បើសមម្រាប់ខ្ញុំវិញ សាច់ជ្រូកជាម្ហូបដែលខ្ញុំចូលចិត្តធ្វើញ៉ាំជាប្រចាំ ប៉ុន្តែដោយសារតែឃើញព័ត៌មា​ននៅតាមហ្វេសប៊ុកអីចឹង  ដែលនិយាយពីជំងឺ ចឹងហើយខ្ញុំក៏ឃើញមានលក្ខណៈរអាខ្លាច ក៏បានផ្អាកការហូបសាច់ជ្រូកមួយរយៈពេលសិន ប៉ិន្តែទោះជាយ៉ាងណាក៏ខ្ញុំនៅតែបន្តញ៉ាំទៀតដែរ គ្រាន់ភ្អាកញ៉ាំមួយរយៈពេលសិន ប៉ុន្តែញ៉ាំភាគតិច ប្តូរមកញ៉ាំសាច់មាន់ សាច់ត្រីជំនួសវិញជាដើម»។ អាជីវករលក់គុយទាវនៅផ្សារទួលទំពូង លោក ផៃ លុន ដែលកំពុងរៀបចំគ្រឿងទេស សម្រាប់លក់នៅល្ងាចនេះ បាននិយាយរៀបរាប់ថា ម្ហូបដែលប្រើសាច់ជ្រូកគឺមានភាពថយចុះ បើធៀបនឹងពេលមុនៗ៖ «អត់ទេ ថយដូចជាម្សិលមិញថយរឿងជើងជ្រូក អត់សូវមានណាគេរក ថយរឿងជើងជ្រូកមួយ រាល់ដងខ្ញុំលក់អត់ដែរសល់ទេ តែទើបតែ២ថ្ងៃនេះខ្ញុំរៀងសល់»

អ្នកលក់សាច់មាន់នៅផ្សារទួលទំពូង។

នៅស្របពេលមានការផ្ទុះឡើងនូវជំងឺប៉េស្តជ្រូកនេះ ប្រជាពលរដ្ឋមានការខ្លាចរអាក្នុងការទទួលទានដោយយល់ថា អាចប៉ះពាល់ដល់សុខភាព។ យ៉ាងណាអ្នកនាំពាក្យក្រសួងសុខាភិបាលលោក លី សូវ៉ាន់ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃទី ១៧ កក្កដាក្នុងសន្និសទីកាសែតសស្តីពីជំងឺគ្រុនឈាមថា ការទទួលទានសាច់ជ្រូក គឺមិនប៉ះពាល់ដល់សុខភាពរបស់មនុស្សឡើយ ព្រោះជំងឺប៉េស្តជ្រូកនេះជាប្រភេទជំងឺរបស់សត្វជ្រូក៖ «ជម្ងឺនឹងមិនឆ្លងមកមនុស្សទេ​ រហូតមកដល់ពេលនេះយើងមិនបានប្រកាសថា យើងមានអាសន្នទៅលើសាច់ជ្រូកទេ គឺយើងបរិភោគធម្មតា អត់មានអីថាឲ្យត្រូវអត់អីឬ អត់អីទេ បើបរិភោគគឺធម្មតា​ ធ្វើយ៉ាងណាឲ្យតែឆ្អិនទៅ ទុកដាក់ឲ្យត្រឹមត្រូវទៅវាល្អហើយ តាមពិតខ្ញុំអត់ត្រូវប្រើពាក្យនេះផង គេមានពាក្យមួយទៀត អាមេរិកណា គេហៅថា គ្មានប៉ះពាល់ដល់ មិនឆ្លងមកមនុស្ស មិនប៉ះពាល់សុខភាពសាធារណៈ និងមិនប៉ះពាល់សុវត្ថិភាពចំណីអាហារទេ ចង់និយាយថាអាជ្រូកនឹងវាឆ្លងគ្នា តែឆ្លងម្តងគឺងាប់ទាំងអស់តែម្តង ១០០% ហើយបើសិនជាយើងយកសាច់ជ្រូកនឹងយកទៅលក់ផ្សេងទៀតវា ទៅឆ្លងកន្លែងផ្សេងទៀត កន្លែងគេចិញ្ចឹមជ្រូកកន្លែងផ្សេងណ៎ ចឹងហើយបានខាងគាត់ខំទប់ស្កាត់នឹងណា កន្លែងកើតគាត់ខំទប់កន្លែងនឹងឲ្យជាប់ ព្រោះគាត់ខ្លាចកាប់យកសាច់ជ្រូកទៅលក់កន្លែងផ្សេង វាមិនឆ្លងមកមនុស្សទេ វាឆ្លងទៅជ្រូកកន្លែងផ្សេងទៀត ហើយមេរោគនេះគឺជាមេរោគរបស់សត្វនោះទេ មិនមែនជាមេរោគមនុស្សនោះទេ»

អ្នកលក់គុយទាវរអ៊ូពីការធ្លាក់ចុះការលក់ដូរ។

យោងតាមរបាយការណ៍របស់ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានប្រាប់សារព័ត៌ មានក្នុងស្រុកថា ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺប៉េស្តអាហ្វ្រិកមក បានធ្វើឱ្យប្រជាកសិករក្នុងវិស័យនេះខាតបង់ថវិកាប្រមាណ៦៤ម៉ឺនដុល្លារអាមេរិក។

សូមជម្រាបថា នៅក្នុងពេលជាមួយគ្នានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក៏ បានចេញវិធានការត្រួតពិនិត្យ និងបសុព្យាបាលដោយឧបករណ៍សម្រាប់វិភាគរោគជម្ងឺ ទៅលើជ្រូកមានជម្ងឺនៅតំបន់ដែលមានផ្ទុះជម្ងឺបេស្តជ្រូកអាព្រិច ចំណែកឯសាច់ជ្រូកមុននឹងយកទៅលក់នៅលើទីផ្សារ ក្រសួងក៏បានតម្រូវឲ្យធ្វើការត្រួតពិនិត្យលើសាច់ជ្រូកទាំងអស់មុននឹងចរាចរលក់ដូរ ហើយសម្រាប់សាច់ជ្រូកដែលមានការត្រួតពិនិត្យរួច គឺសុទ្ធតែមានវាយត្រារបស់ក្រសួងពីលើស្បែករបស់ជ្រូក ដើម្បីធានាថា សាច់ជ្រូកនេះមានសុវត្ថិភាព និងគ្មានជម្ងឺ៕

Share

Image
Image
Image