en     km
en     km

ជម្លោះសមុទ្រចិនខាងត្បូង-អាមេរិក-ចិន ៖កម្ពុជានិងសមាជិកអាស៊ានត្រូវបានអាមេរិកប្រាប់ជាថ្មីទៀតកុំឱ្យស្ថិតក្រោមឥទ្ធិពលចិន

Share

ជម្លោះសមុទ្រចិនខាងត្បូង រវាងចិន និងប្រទេសមួយចំនួននៃសមាគមអាស៊ាន រវាងចិន និងអាមេរិក ឃើញថា មានកំដៅជាខ្លាំង។ ការឡើងកំដៅដែលបារម្ភខ្លាចទៅរកសង្រ្គាមសមុទ្រ ក្នុង​តំបន់ដោយសារពេលនេះ អាមេរិកបានដាក់ពង្រាយគ្រឿងសព្វាវុធ និងកងទ័ពមួយចំនួនធំ ។ ចំណែកចិនវិញ ក៏បានដាក់ពង្រាយរួចហើយដែរនូវនាវាចម្បាំង យន្តហោះចម្បាំង និង កាំជ្រួចនៅ លើកោះWoody ដ៏ធំជាងគេ នៅប្រជុំកោះប៉ារ៉ាហ្សែល​ដែលវៀតណាមចោទចិនថា បានដណ្ដើមយកពីដែនទឹករបស់ខ្លួន។

ប៉ុន្តែអ្វីដែលនាំអោយអាមេរិក ដាស់តឿនប្រទេសក្នុងតំបន់អោយប្រកាន់យកតួនាទីអព្យាក្រឹត្យ ទំនងក្រុងវ៉ាស៊ីនតោន គិតថា ប្រទេសខ្លះនៃសមាគមនេះ ពិតជារងឥទិ្ធពលចិន ដោយទាំងឥទ្ធិពលសេដ្ឋកិច្ច និងយោធា។​លោករដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក ម៉ាក អេ​ស្ពើរ បានផ្ដើមឈ្មោះ ប្រទេសកម្ពុជា មកនិយាយក្នុងកិច្ចពិភាក្សាមួយ កាលពីថ្ងៃទី២១កក្កដា ដោយដាស់​តឿន​កម្ពុជា ជាថ្មីម្ដងទៀត កុំនៅក្រោមឥទ្ធិពលចិន​ដែលលោកថានាំឲ្យ​បាត់​អធិបតេយ្យ និង​ឯករាជ្យ​របស់​ខ្លួន។

នៅ​ក្នុង​កិច្ចពិភាក្សា​តាម​បណ្ដាញ​អ៊ីនធើណេត ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន​អន្តរជាតិ​សម្រាប់​ការសិក្សា​យុទ្ធ​សាស្រ្ត មន្រ្តី​ជាន់ខ្ពស់​អាមេរិក​រូប​នេះ បាន​ឆ្លើយ​​ទៅ​នឹង​សំណួរ អំពី​ថា​តើ​អ្វី​អាច​ស្ដារ​ទំនាក់ទំនង​ល្អក់កករ​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា និង​ការសង្ស័យ​អំពី​មូលដ្ឋានទ័ព​ចិន​នៅ​លើទឹក​ដីខ្មែរ។

យ៉ាងណា លោក ម៉ាក អេស្ពើរ ថ្លែង​ថា អាមេរិក​បារម្ភ មិនមែន​តែ​រឿង​ប្រទេស​កម្ពុជា ងាក​ខ្លាំង​ទៅ​រក​ចិន​ទេ តែ​ក៏​បារម្ភ​រឿង​ប្រទេស​ឯទៀត ដែល​កំពុង​ផុងខ្លួន​ដោយសារតែ​ឥទ្ធិពល​ចិន​ ដែលលោកថា សហរដ្ឋអាមេរិកបាន ឃើញ​បញ្ហា​នេះ​កើត​មាន​ជា​ហូរហែ​មក​ហើយ។

តាមលោកម៉ាក អេ​ស្ពើរ  អ្វី​ដែល​ជា​បញ្ហា​ធំ​នោះ គឺ​រដ្ឋាភិបាល​ចិន​ប្រើ​យុទ្ធសាស្ត្រ​គាប​សង្កត់​ប្រទេស​ទាំង​នោះ ឱ្យ​ចូល​ស៊ង​របស់​ខ្លួន ដើម្បី​បម្រើ​ផល​ប្រយោជន៍​ចិន។ របៀប​គាបសង្កត់​នោះ រួម​មាន​គំរាម​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច កាត់​ផ្ដាច់​ចំណង​ការទូត​ជាដើម។ យើង​ក៏​ឃើញ​ប្រទេស​ចិន ល្បួង​ឲ្យ​ប្រទេស​ជាច្រើន​ខ្ចី​លុយ​ខ្លួន ដែល​យូរ​ទៅ​ផុងខ្លួន​ជំពាក់​បំណុល​ចិន​វណ្ឌ​ក ឬ​សន្យា​សង់​មូលដ្ឋាន​ជើងទឹក»។ក្នុង​ស្ថានភាព​បែបនេះ លោក ម៉ាក អេស្ពើរ ថ្លែង​ថា ប្រទេស​ទាំងឡាយ ដែល​កំពុង​លុះ​ក្រោម​ឥទ្ធិពល​កៀបសង្កត់​របស់​ចិន ត្រូវ​ចេះ​រើ​បម្រះ​ខ្លួន​ចេញពី​ចិន។ នេះជាការប្រែសម្រួលរបស់វិទ្យុអាមេសេរី ផ្សាយជាខេមរភាសារដែលមានមូលដ្ឋាននៅ ក្រុងវ៉ាស៊ីនតោន។

យ៉ាងណា មកដល់ពេលនេះ ពុំទាន់ឃើញក្រសួងការបរទេសកម្ពុជា ដែលតាងនាមអោយ រាជរដ្ឋាភិបាល ដើម្បីឆ្លើយទៅកាន់ប្រទេសខាងក្រៅ ចេញសេចក្ដីថ្លែងការណ៍ប្រតិកម្មនឹងលោក រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក រូបនេះនៅឡើយទេ។  វិទ្យុស្ត្រីបានទាក់ទងបាននឹងលោកកុយគួង អ្នកនាំពាក្យ ក្រសួងការបរទេស កម្ពុជាដើម្បីសុំយោបល់ ឆ្លើយតបនឹងលោក ម៉ាក អេ​ស្ពើរ  ប៉ុន្តែលោកមិនបានឆ្លើយអ្វីទេ ក្រៅពីនិយាយថា លោកមានធុរៈជួបភ្ញៀវ ហើយនៅពេលនេះ។

កន្លងមក សហរដ្ឋអាមេរិក ចោទថា កម្ពុជានឹងផ្ដល់អោយចិន ដាក់ពង្រាយទ័ពនៅពេល  មូលដ្ឋានព្រមានយន្តហោះមួយធ្វើឡើងនៅ ខេត្តឆ្នេរសមុទ្រកម្ពុជារួចរាល់ហើយនោះ។ ប៉ុន្តែ មន្ត្រីជាន់ខ្ពស់កម្ពុជា រួមទាំងសម្ដេច ហ៊ុន​សែន ផងដែរ បានប្រាប់់សមភាគីវៀតណាមង្វៀនស៊ុនហ្វុក ដោយអះអាងថា រដ្ឋធម្មនុញ្ញកម្ពុជានឹងមិនអនុញ្ញាតិអោយមានកងទ័ពបរទេស លើទឹកដីកម្ពុជាឡើយ។ ប៉ុន្តែ ការអះអាងនេះ ក៏ត្រូវបានរដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo   ជំរុញអោយ​សមាជិកអាស៊ាន នាំគ្នាយកគំរូតាមកម្ពុជា ដែលប្រកាន់ជំហរអព្យាក្រឹត្យ អោយឆា្ងយ ពីឥទ្ធីពលចិន ។ លោក Mike Pompeo  បានថ្លែងដូចនេះ នៅចំពោះវត្តមានរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅក្នុងកិច្ចប្រជុំមួយនៅក្រុងបាងកកប្រទេសថៃ កាលពីឆ្នាំ២០១៨។

ក្នុងស្ថានភាព ចិននិងអាមេរិកកំពុងដំណើរ ឥទ្ធិពលកងទ័ពនៅសមុទ្រចិនខាងត្បូង  គេស​ង្កេត​ ឃើញអ្នកវិភាគឯករាជ្យម្នាក់គឺលោកបណ្ឌិតឡៅម៉ុងហៃ បានសរសេរលើ ហ្វេសបុករបស់ ដោយសរសើរ កម្ពុជា នៅស្ងៀមស្ងាត់ ចំពោះស្ថានភាពជម្លោះសមុទ្រចិនខាងត្បូង ដែលលោក ចាត់ទុកថា កម្ពុជាកំពុងប្រកាន់យកគោលការណ៍អព្យាក្រឹត្យបានល្អប្រសើរ។

តែកន្លងមកអ្នកវិភាគឯមសុវណ្ណារ៉ា យល់ឃើញថា ប្រទេសដែលក្លាចកម្ពុជា លំអៀងទៅរក ចិន គឺប្រទេសវៀតណាម ព្រោះប្រទេសចិននិងវៀតណាម តែងតែបង្កជម្លោះប្រដាប់អាវុធដាក់គ្នា ច្រើនលើកមកហើយ ដោយសារការចង់គ្រប់គ្រងផ្ដាច់មុខនៅដែនទឹកនៃទំបន់សមុទ្រចិនខាងត្បូង។

សមុទ្រចិនខាងត្បូងមាន ក្រឡាផ្ទៃ៣លានគីឡូម៉ែត្រក្រឡា និងមានកោះចំនួន២៥០ ។ បច្ចុប្បន្ន ចិនចូលកាន់កាប់ ជិត៨០ភាគរយទៅហើយ ។នេះ បើតាមសារព័ត៌មាន អាមេរិក The National Interest ។ វៀតណាម គំរាមថានឹងប្ដឹងចិនទៅកាន់តុលាការICJ និងបង្ខំអោយចិន គោរច្បាប់សមុទ្រអន្តរជាតិឆ្នាំ១៩៨២។ តែបែបនេះក្ដី អាមេរិក​ទំនងមិនបណ្ដោយអោយចិន កាងយកតំបន់នោះបានឡើយ។ សហរដ្ឋអាមេរិក​អះអាងថា តំបន់នោះ ជាដែននាវាចរណ៍អន្តរជាតិ៕

Share

Image
Image
Image