en     km
en     km

ជប៉ុន​ ផ្ដល់​ថវិកា​ដល់​ ស៊ី​ម៉ាក់​ សម្រាប់​គម្រោង​ដាំ​ស្មៅ​ផ្អែម​ និង​ការ​ផលិត​ចំណី​សត្វ​

Share

​ភ្នំពេញ​ ៖​ គម្រោង​ នៃ​ការ​ដាំ​ស្មៅ​ផ្អែម​សរ​ហ្គា​ម​ ការ​ផលិត​ចំណី​សត្វ​ និង​ការ​លក់​ចំណី​សត្វ​ ដែល​គាំទ្រ​ពី​ប្រទេស​ជប៉ុន​ ផ្ដល់​ថវិកា​ឲ្យ​មជ្ឈមណ្ឌល​សកម្មភាព​ក​ម្ចាស់​មីន​កម្ពុជា​ នឹង​ត្រូវ​ចាប់ផ្ដើម​អនុវត្ដ​នៅ​ក្នុង​អំឡុង​ខែឧសភា​ ឆ្នាំ​នេះ​ ដោយ​មាន​ទឹកប្រាក់​ប្រមាណ​ជិត​ ១​លាន​ដុល្លារ​។​ នេះ​បើ​យោង​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ ហេង​ រតនា​ អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​ក​ម្ចាស់​មីន​កម្ពុជា​ កាលពី​ថ្ងៃ​ទី​០៨​ ខែកុម្ភៈ​។​

​លោក​ ហេង​ រតនា​ អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា​ ដែល​ហៅ​កាត់​ថា​ ស៊ី​ម៉ាក់​ រូ​ម​ជាមួយ​លោក​ សែន​ សុវណ្ណ​ ប្រិត​ភូ​រាជរដ្ឋាភិបាល​ និង​ជា​អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​ និង​ផលិក​ម្ម​សត្វ​ តំណាង​ភ្នាក់ងារ​ JICA​ និង​ក្រុមហ៊ុន​ ANP​ បាន​ជួប​ប្រជុំ​គ្នា​ដើម្បី​ពិភាក្សា​ក្នុង​ការ​ជំរុញ​គម្រោង​ស្រាវជ្រាវ​ផ្ទៀត​ផ្ទាត់​ការ​ដាំ​ស្មៅ​ផ្អែម​សរ​ហ្គា​ម​ ការ​ផលិត​ចំណី​សត្វ​ និង​ការ​លក់​ចំណី​សត្វ​។​ តាម​ការ​ពិភាក្សា​ ការ​ដាំ​ស្មៅ​ផ្អែម​នេះ​នឹង​ត្រូវ​ចាប់ផ្ដើម​អនុវត្ដ​នៅ​ក្នុង​ ខែឧសភា​ ឆ្នាំ​នេះ​ ដោយ​ទន្ទឹម​នឹង​ការ​មក​ដល់​ នៃ​គ្រឿងយន្ដ​កសិកម្ម​។​

​បន្ថែម​ពី​នេះ​ អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ ស្មៅ​ផ្អែម​សរ​ហ្គា​ម​នេះ​ គឺ​អាច​ផលិត​បាន​ជាង​មួយ​រយ​តោន​ ក្នុង​មួយ​លើក​ ហើយ​ចំពោះ​ការ​ដាំ​ស្មៅ​ផ្អែម​នេះ​ គឺ​ចំណាយពេល​ត្រឹមតែ​ ៧៥​ថ្ងៃ​ប៉ុណ្ណោះ​ នឹង​អាច​ប្រមូល​ផល​បាន​។​ លោក​ ហេង​ រតនា​ បង្ហាញ​ក្ដី​សង្ឃឹមថា​ បច្ចេកទេស​ដាំ​ដុះ​ ធ្វើ​ចំណី​សត្វ​ថ្មី​នេះ​ នឹង​អាច​ជួយ​រួមចំណែក​ ជំរុញ​ការ​ចិញ្ចឹមសត្វ​ បង្កើន​ជីវភាព​របស់​ប្រជាជន​កាន់តែ​ប្រសើរ​ថែម​ទៀត​។​

​ជប៉ុន​ គឺជា​ប្រទេស​ម្ចាស់​ជំនួយ​ទ្វេភាគី​ដ៏​បំផុត​របស់​ប្រទេស​កម្ពុជា​ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។​ យោង​តាម​របាយការណ៍​របស់​គេហទំព័រ​ Diplomat​ ចាប់តាំងពី​ឆ្នាំ​១៩៩២​មក​ ប្រទេស​ជប៉ុន​បាន​ផ្ដល់​ជំនួយ​ ដល់​ការ​អភិវឌ្ឍ​ជា​ផ្លូវការ​ ឲ្យ​មក​កម្ពុជា​ជាង​ ២០០០​លាន​ដុល្លារ​ ហើយ​ជំនួយ​របស់​ជប៉ុន​ភាគច្រើន​ គឺ​ផ្ដោត​ទៅ​លើ​ការ​ស្ថាបនា​ ស្ពាន​ ថ្នល់​ សាលារៀន​ លូ​ទឹក​ និង​ការ​បោះ​ឆ្នោត​ជាដើម​៕​

Share

Image
Image
Image