en     km
en     km

ជប៉ុន​​ ឥណ្ឌា រួមដៃគ្នាជួយទាញស្រីលង្កាចេញពីអន្ទាក់បំណុលរបស់ចិន

Share

ឥណ្ឌា ជប៉ុន និង ស្រីលង្កា ប្រទេសទាំងបីនេះ នឹងចុះហត្ថលេខារួមគ្នាមួយលើអនុស្សារណៈនៃការ យោគយល់ដែលនឹងលេចរូបរាងឡើងក្នុងប៉ុន្មានខែទៀតនេះ។ កិច្ចព្រមព្រៀងនោះ សំដៅសាងសង់នូវ ចំណតកុងតឺន័រខាងកើតកំពង់ផែ កូឡុំបូនៃប្រទេសស្រីលង្កាជាទីតាំងមួយនៃភាពចម្រូងចម្រាស នយោបាយសេដ្ឋកិច្ចរបស់ប្រទេសនេះ នឹង គម្រោងផ្លូវមួយខ្សែក្រវាត់មួយនៃប្រទេសចិន។ នេះបើយោងតាមសម្ដីមន្រ្ដីរដ្ឋាភិបាលម្នាក់នៃប្រទេសនោះ តាមរយៈការយកការណ៍ របស់គេហទំព័រ សារព័ត៌មាន Bloomberg ។

កញ្ញា ឆោម ពៅនិកា ជូនសេចក្ដីប្រែសម្រួល៖

ឥណ្ឌា និង​ជប៉ុន ក៏នឹងស្វែងរកការវិនិយោគពីដៃគូអភិវឌ្ឍឯកជនក្នុងការប្រតិបត្តិចំណតកុងតឺន័រនោះ បន្ទាប់ពីក្រមខណ្ឌនៃកិច្ចព្រមព្រៀងនោះចាប់ផ្ដើម។ ជាមួយគ្នានេះ ឥណ្ឌាអះអាងថានឹងធានាផ្ដល់ ឱ្យនូវឥណទានងាយស្រួលដល់ស្រីលង្កា។

មន្រ្ដីរដ្ឋាភិបាលស្រីលង្កាដែលសុំមិនបញ្ចេញឈ្មោះនោះ បានឱ្យដឹងថាក្នុងគម្រោងនោះ ស្រីលង្កា នឹងកាន់កាប់ភាគហ៊ុនសាជីវកម្មប្រមាណ៥១ភាគរយ ទន្ទឹមនឹង ឥណ្ឌា រួមគ្នានឹងជប៉ុន គ្រប់គ្រង៤៩%។ ស្របពេលនេះដែរ គេនឹកឃើញដល់កំពង់ផែ Hambantota នៃភាគខាងត្បូងប្រទេសស្រីលង្កា ត្រូវបានធ្លាក់ទាំងស្រុងលើដៃរបស់ចិន តាមរយៈបំណុលដោះខ្លួនមិនរួច។ ប៉ុន្ដែសម្រាប់​ការអភិវឌ្ឍរួមគ្នានៃកំពង់ផែកូឡំបូនេះវិញ គឺជាការស្វែងរកពាណិជ្ជកម្មប្រកបដោយសក្ដានុពល នឹងមិនមែនមានចេតនាធ្វើឡើងដើម្បីប្រឈមប្រឆាំងនឹងគម្រោងផ្លូវសូត្ររបស់ចិននោះទេ។

និយាយមកដល់នេះ គួរដឹងថា ជប៉ុនបានគាំទ្រការអភិវឌ្ឍកំពង់ផែកូឡំបូតាំងតែពីឆ្នាំ១៩៨០មកម្ល៉េះ ដោយមើលឃើញអំពីសារៈសំខាន់នៃយុទ្ធសាស្រ្ដអន្ដរជាតិរបស់ខ្លួន គឺយុទ្ធសាស្រ្ដឥណ្ឌូប៉ាស៊ីហ្វិច ដោយសេរី និង ជាចំហ។ យ៉ាងណាអ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Natsuko Sakata ឱ្យដឹងថា មិនទាន់មានការសម្រេចចិត្តលើគោលនយោបាយណាមួយចេញទេនៅពេលនេះ ទាក់ទិនទៅនឹងកំពង់ ផែកូឡំបូ។ ក៏ប៉ុន្ដែជប៉ុនពិតជាបានខិតខំប្រឹងប្រែងកសាងនូវភាពរឹងមាំលើផែនការរបស់ខ្លួនឱ្យដើរតួនាទី យ៉ាងសម្បើមក្នុងតំបន់នៃយុទ្ធសាស្រ្ដឥណ្ឌូប៉ាស៊ីហ្វិចដោយសេរី និង​ចំហ។

រដ្ឋាភិបាល ស្រីលង្កា បន្ដឱ្យដឹងថា ដំណោះស្រាយដ៏ធំជាមួយឥណ្ឌា និង ជប៉ុននឹងបានសម្រេច ចុងក្រោយឆាប់ៗ ដែលក្នុងនោះជប៉ុនផ្ដល់ប្រាក់កម្ចីអោយស្រីលង្កា៤០ឆ្នាំ ហើយរយៈពេល១០ ឆ្នាំក្រោយមក ទើបស្រីលង្កាចាប់ផ្ដើមបង់រំលោះការប្រាក់វិញ។

កាលពីពីរខែកន្លងទៅ រដ្ឋមន្រ្ដីដឹកជញ្ចូននិង​សាធារណការ ប្រទេសស្រីលង្កា លោក Sagala Ratnayaka បានជម្រាបទៅកាន់សភាថា អាជ្ញាធរកំពង់ផែកំពុងស្វះស្វែងក្នុងការទាក់ទាញឱ្យបាននូវខ្សែដឹកជញ្ចូន ជាពិសេសគឺប្រតិបត្តិការកប៉ាល់ធំក្នុងវិស័យឧស្សាហកម្ម ដែលឥណ្ឌាជាដៃគូ ក្រោយពីខកខានការ បញ្ចុះបញ្ចូលវិនិយោគពីឥណ្ឌាក្នុងគម្រោងវាលយន្ដហោះ Hambantota ។

អ្នកស្រាវជ្រាវសង្គមប្រចាំវិទ្យាស្ថានឥណ្ឌាមួយរូប គឺ  លោក​ Constantino Xavier យល់ឃើញថា ការវិនិយោគខ្សែក្រវាត់មួយនិងផ្លូវមួយរបស់ប្រទេសចិននៅក្នុងតំបន់អាស៊ីខាងត្បូងនិងតំបន់មហាសមុទ្រឥណ្ឌាបាននាំឱ្យ Delhi មានភាពសកម្មជាងមុនក្នុងការផ្តល់នូវជម្រើសដ៏គួរឱ្យទុកចិត្តចំពោះឥទ្ធិពល សេដ្ឋកិច្ចដែលប្រកួតបាននឹងរដ្ឋាភិបាលក្រុងប៉េកាំង។

និយាយពីស្រីលង្កាវីញ ស្រីលង្កាគឺជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនដែលបានចូលខ្លួន ទៅនឹងគំនិតផ្ដួចផ្ដើមផ្លូវមួយខ្សែក្រវាត់មួយ ដែលជាគម្រោងមហិមារបស់រដ្ឋាភិបាលសង្គមនិយមចិន របស់លោក ស៊ីជីងភីងបានប្រកាសក្នុងឆ្នាំ២០១៣ ថានឹងចំណាយអស់ទឹកប្រាក់ប្រមាណ ១០០០ ពាន់លាន ដុល្លារសម្រាប់ហេដ្ឋារចនាសម្ព័ន្ធទូទៅដើម្បីគាំទ្រចំណងសេដ្ឋកិច្ច និង ពាណិជ្ជកម្មនិង ផលប្រយោជន៍ចិនជុំវិញពិភពលោក។ បែបនេះក្ដី ការវិនិយោគដ៏ចម្រូងចម្រាសដោយមហិច្ឆតានយោ បាយរបស់ប្រទេសចិននៅក្នុងប្រទេសស្រីលង្កាបានក្លាយជាបញ្ហានៃការបោះឆ្នោតនៅឆ្នាំ 2015 និងបានជំរុញឱ្យមានការប៉ះទង្គិចនយោបាយជាតិធ្ងន់ធ្ងរ។

តាមការពិតទៅ កំពង់ផែកូឡំបូត្រូវបានកសាងឡើងដោយក្រុមហ៊ុនសំណង់សារគមនាគមន៍ចិន  តែសំណង់លំនៅដ្ឋាន និង​អចលនទ្រព្យប្រមាណ ២១០០០ក៏ជាការវិនិយោគរបស់ចិនដែរ។

បើក្រឡេកទៅមើលកំពង់ផែ Hambantota ដែលមានអាយុ 9 ឆ្នាំមកហើយនៅភាគខាងត្បូងប្រទេស ស្រីលង្កា គឺស្ទើរតែថា មិនមានឡើយនូវចរាចរណ៍កុងតឺន័រ។ អ្នកវិភាគរបស់សារព័ត៌មាន Bloomberg ថានេះ គំរូ សម្រាប់ប្រទេសដែលពាក់ព័ន្ធនឹងខ្សែក្រវ៉ាត់មួយនិងផ្លូវមួយរបស់ចិន។

ប្រទេសស្រីលង្កាបានខ្ចីប្រាក់យ៉ាងច្រើនដើម្បីសាងសង់កំពង់ផែ តែខ្លួនមិនអាចសងបំណុលបាន ហើយបន្ទាប់មកក៏បានផ្តល់ឱ្យប្រទេសចិននូវកិច្ចសន្យាជួលរយៈពេល 99 ឆ្នាំជាការបង់សងត្រឡប់ វិញតែចិនគឺជាអ្នកគ្រប់គ្រងកំពង់ផែនេះផ្ដាច់មុខ។ ស្រីលង្កាបាននឹងកំពុងធ្លាក់ក្នុងបំណុលបរទេស ៥៥ពាន់លានដុល្លារ ក្នុងនោះគឺកម្ចីមានការប្រាក់ស្មើនឹង ១០.៦% និង ឥណទានសម្បទានលើស ពី៦០% របស់ចិន៕

Share

Image
Image
Image