en     km
en     km

ជប៉ុនផ្តល់ជំនួយ ៣៣ លានដុល្លារជួសជុលស្តារ​ស្ពានជ្រោយចង្វារចាស់

Share

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនបានផ្តល់ហិរញ្ញប្បទានឥតសំណង ក្នុងទំហំទឹកប្រាក់ ៣.៣៤៣ លានយ៉េន ស្មើប្រមាណ ៣៣ លានដុល្លារអាមេរិកដល់រដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់គម្រោងជួសជុលស្តារទ្បើងវិញ នូវស្ពានមិត្តភាពកម្ពុជា-ជប៉ុន ឬ ស្ពានជ្រោយចង្វារចាស់ ដែលជាមរតកេរ្តិ៍ដំណែលរបស់ជប៉ុនកសាងជូនកម្ពុជាក្នុងអំឡុងទសវត្សឆ្នាំ ១៩៦០ នាសម័យសង្គមរាស្រ្តនិយម។

              ​រូបស្ពានជ្រោយចង្វារ។

នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់សាលារាជធានីភ្នំពេញ ចុះនៅថ្ងៃទី២៧ កញ្ញានេះ។ សេចក្តីជូនព័ត៌មានដដែល ក៏បានប្រកាសការកែសម្រួលប្រព័ន្ធចរាចរណ៍ត្រង់ចំណុចរង្វង់មូលទាំងសងខាងស្ពានជ្រោយចង្វារចាស់​ ដោយអ្នកបើកបរត្រូវធ្វើចរាចរណ៍ទ្វេទិសឆ្លងកាត់ទន្លេ លើស្ពានមិត្តភាពកម្ពុជា-ចិន ដែលនៅជាប់នោះតែមួយប៉ុណ្ណោះ។

តាមសេចក្តីជូនព័ត៌មាន ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ឬ(ស្ពានជ្រោយចង្វារចាស់) នឹងត្រូវបិទជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ ខាងមុខនេះ ដើម្បីបើកការដ្ឋានជួសជុលស្តារទ្បើងវិញ។ គោលបំណងនៃការជួសជុសស្តារឡើងវិញនេះ គឺដើម្បីឆ្លើយតបទៅនឹងសំណើសុំបន្ទាន់របស់កម្ពុជា ទៅកាន់រដ្ឋាភិបាលជប៉ុន ដោយហេតុថា ស្ពាននេះមានសភាពទ្រុឌទ្រោមខ្លាំង ដែលមិនមានសុវត្ថិភាពសម្រាប់ការដឹកជញ្ជូនសាធារណៈឆ្លងកាត់ទន្លេ។

ការជួសជុលស្តារទ្បើងវិញនៃស្ពានជ្រោយចង្វារចាស់​នេះ នឹងប្រើរយៈពេលប្រមាណជា ២១ខែ ពោលរហូតដល់ ខែមិថុនា ឆ្នាំ ២០១៩។

សូមរំលឹកថា ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ឬ ស្ពានជ្រោយចង្វារចាស់ បានសាងសង់ឡើងក្នុងឆ្នាំ១៩៦០ ក្នុងរដ្ជកាលរបស់ព្រះ បរមរតនកោដ្ឋ ព្រះបាទនរោត្តមសីហនុ។ ស្ពាននេះបានដាក់ដំណើរការជាលើកដំបូងក្នុងឆ្នាំ១៩៦៣។ ក្នុងសម័យសង្គ្រាម ​ពួកខ្មែរក្រហមបានដាក់គ្រាប់បែកបំផ្លាញស្ពាននេះ ក្នុងឆ្នាំ ១៩៧២ ដើម្បីកាត់ផ្តាច់ផ្លូវសេដ្ឋកិច្ច មិនឱ្យសហរដ្ឋអាមេរិកអាចបញ្ជូនស្បៀង និងសព្វាវុធដល់ទ័ពសេនាប្រមុខ លន់ នល់ ដែលកាន់កាប់ក្រុងភ្នំពេញ។

រហូតដល់ឆ្នាំ១៩៩៤ ជប៉ុនបានជួសជុសស្ពាននេះឡើងវិញ ដើម្បីជាចំណងមិត្តភាពកម្ពុជា-ជប៉ុន ឡើងវិញ៕

Share

Image
Image
Image