en     km
en     km

ជនសង្ស័យ​ ករណី​រំលោភ​ហើយ​សម្លាប់​កុមារី​អាយុ​ ០៥​ឆ្នាំ​ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ហើយ​

Share

​ភ្នំពេញ​ ៖​ សមត្ថកិច្ច​ខេត្ដព្រៃវែង​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ ករណី​រំលោភ​ហើយ​សម្លាប់​ កុមារី​អាយុ​ ០៥​ឆ្នាំ​ ស្ថិត​ក្នុងស្រុក​ព្រះស្ដេច​ កាលពី​រសៀល​ថ្ងៃ​ទី​១៨​ ខែមេសា​ ម្សិលមិញ​។​ ករណី​នេះ​ អង្គការ​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ សម្ដែង​ការ​សាទរ​ ប៉ុន្ដែ​សំណូមពរ​ឲ្យ​រឹង​បន្ដឹង​អនុវត្ដន៍​ច្បាប់​ បញ្ឈប់​ការ​សម្របសម្រួល​ក្រៅ​ប្រព័ន្ធ​តុលាការ​ ដើម្បី​ជា​ការ​ព្រមាន​ដល់​ជន​ដទៃ​ទៀត​។

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

កុមារីរងគ្រោះឈ្មោះ ចាន់ ស្រីជេត រស់នៅក្នុងភូមិសទ្ធា ឃុំរំចេក ស្រុកព្រះស្ដេច ខេត្ដព្រៃវែង

 

​ជនសង្ស័យ​ម្នាក់​នេះ​មានឈ្មោះ​ថា​ ពេ​ជ​ ពិសី​ អាយុ​ ២៥​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​ សទ្ធា​ ឃុំ​ រំចេក​ ស្រុក​ព្រះស្ដេច​ ខេត្ដព្រៃវែង​។​ ក្រោយ​ឃាត់ខ្លួន​ ជនសង្ស័យ​រូប​នេះ​ បាន​ឆ្លើយ​សារភាព​ ថា​ ខ្លួន​ពិតជា​បាន​ចាប់រំលោភ​ និង​សម្លាប់​ កុមារី​ ចាន់​ ស្រី​ជេ​ត​ ហើយ​យក​ទៅ​បោះចោល​ក្នុង​ទឹកស្រះ​ពិតមែន​។​ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ឧត្ដមសេនីយ៍ត្រី​ ពៅ​ ជីវី​ ស្នងការ​រង​ខេត្ដព្រៃវែង​ ប្រាប់​វិទ្យុ​ស្ដ្រី​នៅ​ថ្ងៃ​ទី​១៩​ ខែមេសា​នេះ​។​

​យោង​តាម​ចម្លើយ​សារភាព​ជនសង្ស័យ​ ពេ​ជ​ ពិសី​ មុន​ឈាន​ដល់​ការ​ចាប់រំលោភ​កុមារី​រង​គ្រោះ​ បុរស​រូប​នេះ​ ក៏​ធ្លាប់​បាន​ចាប់រំលោភ​បងស្រី​បង្កើត​របស់​កុមារី​រង​គ្រោះ​ម្ដង​រួច​មក​ហើយ​ដែរ​ កាលពី​ឆ្នាំ​២០១៧​។​ ក៏​ប៉ុន្ដែ​ព័ត៌មាន​នេះ​ ត្រូវ​បាន​វេច​ខ្ចប់​ដោយ​គ្រួសារ​ទាំង​សងខាង​ ដោយ​ស្រុះស្រួល​គ្នា​ក្រៅ​ប្រព័ន្ធ​ច្បាប់​។​

​លោក​ឧត្ដមសេនីយ៍ត្រី​ ពៅ​ ជីវី​ ៖«​បាទ​ ហ្នឹង​បើ​តាម​ការ​បំភ្លឺ​របស់​ក្មេង​ស្រី​ ដែល​ត្រូវជា​បងស្រី​ របស់​ក្មេង​ស្រី​ដែល​រង​គ្រោះ​ ស្លាប់​ហ្នឹង​គាត់​បាន​និយាយ​អ​ញ្ចឹ​ង​ ក៏​ដូច​ជា​លោកឪពុក​របស់​ក្មេង​ស្រី​រង​គ្រោះ​គាត់​បាន​និ​យា​បំភ្លឺ​ថា​អ​ញ្ចឹ​ង​»​។​

​ជនសង្ស័យ​រូប​នេះ​ នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​តុលាការ​នៅ​ថ្ងៃ​ទី​១៩​ ខែមេសា​នេះ​ ឬ​ក៏​ថ្ងៃស្អែក​ ប្រសិនបើ​សំណុំ​ឯកសារ​ត្រូវ​បាន​បំពេញ​ចប់​សព្វគ្រប់​។​ យ៉ាងណា​លោក​ឧត្ដមសេនីយ៍ត្រី​ ពៅ​ ជីវី​ សំណូមពរ​ដល់​អាណាព្យាបាល​គ្រប់​រូប​ កុំ​បណ្ដោយ​ឲ្យ​កូនស្រី​របស់​ខ្លួន​នៅ​ដាច់​ឆ្ងាយ​ពី​ភ្នែក​ ហើយ​មិន​ត្រូវ​ទុកចិត្ដ​អ្នក​ដទៃ​ពេក​ទេ​។​ ជាង​នេះ​លោក​ស្នើ​ឲ្យ​ឪពុក​ម្ដាយ​ ផ្ដល់​ព័ត៌មាន​ដល់​សមត្ថកិច្ច​ ប្រសិនបើ​មាន​ករណី​រំលោភ​កើតឡើង​ គឺ​មិន​ត្រូវ​លួច​សម្របសម្រួល​គ្នា​នៅ​ក្រៅ​ប្រព័ន្ធ​ច្បាប់​ឡើយ​។​

​បន្ថែម​លើ​នេះ​ឧត្ដមសេនីយ៍ត្រី​ ពៅ​ ជីវី​ អះអាង​ថា​ ក្នុង​នាម​ជា​អាជ្ញាធរ​ នឹង​ចុះ​អប់រំ​ផ្សព្វផ្សាយ​បន្ថែម​ទៀត​ពី​ការ​បង្ការ​ ករណី​រំលោភ​ និង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ដើម្បី​ឲ្យ​ពលរដ្ឋ​បាន​យល់​ និង​មានការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​នេះ​។​

​លោក​ឧត្ដមសេនីយ៍ត្រី​ ពៅ​ ជីវី​ ៖«​បច្ចុប្បន្ន​ក៏​ដូច​ជា​នៅ​ពេល​ខាង​មុខ​ ទាំង​សមត្ថកិច្ច​ ទាំង​អា​ជ្ញ​ធរ​កំពុង​ ចុះ​ផ្សព្វផ្សាយ​ទៅ​តាម​មូលដ្ឋាន​ បាន​ធ្វើ​រួច​ហើយ​អំពី​ការ​ផ្សព្វផ្សាយ​ហ្នឹង​ទៅ​ដល់​បណ្ដា​ភូមិ​ឃុំ​ ដែល​អាច​នឹង​ងាយ​រង​គ្រោះ​បាន​ធ្វើ​ហើយ​។​ នៅ​ពេល​ខាង​មុខ​ក៏​នឹង​ខិតខំ​បន្ថែម​នៅ​អំពី​បញ្ហា​ការ​ខិតខំ​ផ្សព្វផ្សាយ​ហ្នឹង​ ដើម្បី​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង​មានការ​យល់​បាន​ច្បាស់​ អំពី​បញ្ហា​ដែល​យើង​គួរតែ​ប្រុង​ប្រយ័ត្ន​ទាំងអស់​គ្នា​»​។​

​ពាក់ព័ន្ធ​ករណី​នេះ​លោក​ អំ​ សំអាត​ មន្ដ្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​អង្គការ​ លី​កាដូ​ សាទរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​សមត្ថកិច្ច​ក្នុង​ការ​តាម​ចាប់​ជនល្មើស​ ដើម្បី​យក​មក​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​។​ តែ​យ៉ាងណា​លោក​ មើលឃើញ​កត្ដា​មួយ​ចំនួន​ ដែល​នាំ​ឲ្យ​មនុស្ស​ហ៊ាន​ប្រព្រឹត្ដ​ទ​ង្វើ​ ដែល​អ​សីលធម៌​ និង​សង្គម​ស្អប់ខ្ពើម​ដូចនេះ​។​ កត្ដា​ទាំងនោះ​រួម​មាន​ ការ​ប្រើប្រាស់​គឿ​ង​ញៀន​ គ្រឿង​ស្រវឹង​ ការ​មើលរូប​ កា​មើល​វិ​ដេ​អូ​ អាសអាភាស​ ការ​អនុវត្ដ​ច្បាប់​របស់​អាជ្ញាធរ​នៅ​មាន​ភាព​ធូរ​លុង​ចំពោះ​ជនល្មើស​ ឬ​ការ​ទទួល​សំណូក​ដើម្បី​បញ្ចប់​សំណុំរឿង​ និង​កត្ដា​សម្របសម្រួល​ក្រៅ​ប្រព័ន្ធ​តុលាការ​ជាដើម​។​

​លោក​ អំ​ សំអាត​ សង្កត់ធ្ងន់​ថា​ កត្ដា​ទាំង​អស់នេះ​ គឺជា​ចំណែក​រួម​ផ្សំ​យ៉ាង​សំខាន់​ ដែល​នាំ​ឲ្យ​មនុស្ស​ទុច្ចរិត​មួយ​ចំនួន​ ហ៊ាន​ប្រព្រឹត្ដ​ការ​ចាប់រំលោភ​ ហើយ​ឈាន​ដល់​ការ​សម្លាប់​យ៉ាង​ព្រៃផ្សៃ​ដូច្នេះ​។​ លោក​បន្ដ​ថា​ អំពើ​រំលោភ​សេពសន្ថវៈ​នា​ពេល​បច្ចុប្បន្ន​នេះ​ បាន​បង្ហាញ​រូបភាព​កាន់តែ​អាក្រក់​ និង​សាហាវ​ ដែល​ជា​រឿង​គួរ​ឲ្យ​ព្រួយបារម្ភ​ណាស់​សម្រាប់​ក្មេង​ស្រី​។​

​លោក​ អំ​ សំអាត​៖«​ការ​រំលោភ​សេពសន្ថវៈ​នេះ​ វា​កាន់តែ​អាក្រក់​ទៅ​ សាហាវ​ទៅៗ​ ដែល​យើង​គួរ​ឲ្យ​ព្រួយបារម្ភ​យ៉ាង​ខ្លាំងក្លា​ផង​ដែរ​ ហើយ​អ្វី​ដែល​សំខាន់​គឺ​ឪពុក​ម្ដាយ​ទាំងឡាយ​ គាត់​មានការ​ធ្វេសប្រហែស​ ក្នុង​ការ​ឲ្យ​កូន​នៅ​ម្នាក់ឯង​ ឬ​ក៏​ទៅ​ណា​មក​ណា​តែ​ម្នាក់ឯង​ នេះ​គឺជា​ឱកាស​ សម្រាប់​ជនល្មើស​ក្នុង​ការ​ប្រព្រឹត្ដ​នៅ​បទ​រំលោភ​សេពសន្ថវៈ​នេះ​ផង​ដែរ​»​។​

​មន្ដ្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​អង្គការ​ លី​កាដូ​ សំណូមពរ​ឲ្យ​អាជ្ញាធរ​អនុវត្ដ​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​ បញ្ឈប់​ការ​សម្របសម្រួល​ក្រៅ​ប្រព័ន្ធ​តុលាការ​ជា​បន្ដ​ទៀត​ ដោយ​ត្រូវ​នាំ​ជនល្មើស​នោះ​យក​ទៅ​ផ្ដន្ទាទោស​ទៅ​តាម​ច្បាប់​ ដើម្បី​ជា​ការ​ព្រមាន​ដល់​ជន​ដទៃ​ទៀត​។​

​សូម​ជម្រាប​ថា​ កុមារី​រង​គ្រោះ​មានឈ្មោះ​ថា​ ចាន់​ ស្រី​ជេ​ត​ អាយុ​ ០៥​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​ សទ្ធា​ ឃុំ​ រំចេក​ ស្រុក​ព្រះស្ដេច​ខេត្ដព្រៃវែង​ ត្រូវ​បាន​ជនសង្ស័យ​ឈ្មោះ​ ពេ​ជ​ ពិសី​ អាយុ​ ២៥​ឆ្នាំ​ ចាប់រំលោភ​ទាំង​កណ្ដាលថ្ងៃត្រង់​ នៅ​ក្នុង​ចេតិយ៍​ វត្ដ​ សទ្ធា​ ឬ​ហៅ​ថា​ វត្ដស​ទ្ធោ​ កាលពី​ថ្ងៃ​ទី​១៧​ ខែមេសា​ ឆ្នាំ​២០១៨​។​ បន្ទាប់​មក​ជនសង្ស័យ​រូប​នេះ​ ក៏​បាន​សម្លាប់​កុមារី​រង​គ្រោះ​ ហើយ​ក៏​យក​ទៅ​បោះ​ចូល​ក្នុង​ទឹកស្រះ​ក្នុង​វត្ដ​។​ ជនសង្ស័យ​រូប​នេះ​ នឹង​ត្រូវ​ប្ដឹង​ពី​បទ​រំលោភ​ហើយ​សម្លាប់​៕

Share

Image
Image
Image