en     km
en     km

ឆ្នាំ ​២០១៦​ ៖​ អំពើ​ហិ​ង្សា​លើ​ស្ត្រី​កាន់តែ​សាហាវ​ (​មាន​សំឡេង​)

Share

​ភ្នំពេញ​៖​ស្ដ្រី​នៅ​តែ​ជា​គោលដៅ​នៃ​អំពើ​ហិង្សា​របស់​បុរស​ មិន​ថា​ក្នុង​អតីតកាល​ឬ​ក៏​បច្ចុប្បន្ន​នោះ​ទេ​។​ តាម​របាយការណ៍​របស់​អង្គការ​រ​ការពារ​សិទ្ធិ​មនុស្ស​បញ្ជាក់​ថា​ អំពើ​ហិង្សា​លើ​ស្ដ្រី​នៅ​ក្នុង​ឆ្នាំ​២០១៦​ មិន​មានការ​ថយ​ចុះ​ទេ​ ផ្ទុយ​ទៅ​វិញ​រូបភាព​នៃ​ហិង្សា​ក៏​កាន់តែ​សាហាវ​ និង​ព្រៃផ្សៃ​ថែម​ទៀត​។​

vioelnt
បដាជំរុញឲ្យបញ្ឈប់អំពើហិង្សាក្នុងគ្រួសារ ពីសំប្ដីទៅលើប្រពន្ធ

                                   «​ស្ដ្រី​នៅ​តែ​ទទួល​រង​អំពើ​ហិង្សា​ ពី​បុរស​ក្នុង​កម្រិត​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​ដដែល​។​»

​នេះ​ជា​ការ​សន្និដ្ឋាន​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ធំៗ​ចំនួន​ពីរ​នៅ​កម្ពុជា​ដែល​បាន​ប្រមូល​ទិន្នន័យ​ពី​ខេត្ត​ក្រុង​នានា​ ក្នុង​អំឡុង​ឆ្នាំ​២០១៦​។​

​តាម​របាយការណ៍​ពី​ ១៤​រាជធានី​/​ខេត្ត​របស់​អង្គការ​ស​ម័​ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស​ ហៅ​កាត់​ថា​ លី​កាដូ​ ករណី​ហិង្សា​ ទៅ​លើ​ស្ដ្រី​ឆ្នាំ​២០១៦​ មាន​ចំនួន​ ១៥១​ករណី​។​ ក្នុង​នោះ​បណ្ដាល​ឲ្យ​ស្ដ្រី​ចំនួន​ ១១​នាក់​ស្លាប់​បាត់បង់​ជីវិត​។​

​របាយការណ៍​បង្ហាញ​ទៀត​ថា​អំពើ​ហិង្សា​ក្នុង​គ្រួសារ​មាន​ចំនួន​ច្រើន​ជាងគេ​គឺ​រហូត​ដល់​៩៥​ករណី​ និង​ការ​រំលោភ​សេពសន្ថវៈ​ស្ថិត​ក្នុង​លំដាប់​ទី​២​ គឺ​ ៥១​ករណី​ ក្រៅពី​នោះ​មានការ​បៀតបៀន​ផ្លូវភេទ​ចំនួន​ ០៣​ករណី​ ការ​វាយប្រហារ​ដោយ​ទឹក​អាស៊ីត​ ០១​ករណី​ និង​ការ​ជួញ​ផ្លូវភេទ​ ១​ករណី​។ ​ទោះជា​យ៉ាង ណា​បើ​យោង​តាម​អង្គការ​ លី​កាដូ​ ករណី​ហិង្សា​មានការ​ថយ​ចុះ​ចំនួន​ ៥៩​បើ​ធៀប​នឹង​ឆ្នាំ​២០១៥​។​

​កញ្ញា​ ណាប់​ សុ​ម៉ា​លី​ មន្ដ្រីជាន់ខ្ពស់​ទទួល​បន្ទុក​ចាត់ចែង​ការ​រិ​យា​ល័យ​ស្ដ្រី​និង​កុមារ​ របស់​អង្គការ​ លី​កាដូ​ បាន​ឲ្យ​វិទ្យុ​ស្ដ្រី​ដឹង​ថា​ អំពើ​ហិង្សា​លើ​ស្ត្រី​នៅ​តែ​កើត​មាន​បើ​ទោះជា​មានការ​ផ្សព្វផ្សាយ​ដើម្បី​ទប់ស្កាត់​ហិង្សា​ទៅ​លើ​ស្ដ្រី​យ៉ាងណា​ក៏​ដោយ​។

​មន្ត្រី​សិទ្ធិ​មនុស្ស​ដដែល​បន្ថែម​ថា​ អំពើ​ហិង្សា​លើ​ស្ដ្រី​មាន​រូបភាព​កាន់តែ​សាហាវ​គួរ​ឲ្យ​តក់ស្លុត​ថែម​ទៀត​។​ កញ្ញា​ ណាប់​ សុ​ម៉ា​លី ​៖«​ពី​មុន​វា​មាន​ករណី​រំលោភ​ដែរ​ប៉ុន្ដែ​មិន​សាហាវ​រហូត​ដល់​រំលោភ​ហើយ​សម្លាប់​បំ​បិត​មាត់​ឬ​ក៏​អាក្រាត​កាយ​នៅ​កណ្ដាល​ព្រៃ​ ហើយ​អ្នកខ្លះ​ទៀត​បាត់​សាច់​ញាត​ទៅ​រក​សាកសព​ឃើញ​ស្អុយរលួយ​អស់​ទៅ​ហើយ​ ទាំងនេះ​គឺជា​កត្ដា​ដែល​យើង​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ស្ដ្រី​»​

nap-somaly
​កញ្ញា​ ណាប់​ សុ​ម៉ា​លី​ មន្ដ្រីជាន់ខ្ពស់​ទទួល​បន្ទុក​ចាត់ចែង​ការ​រិ​យា​ល័យ​ស្ដ្រី​និង​កុមារ​ របស់​អង្គការ​ លី​កាដូ​

​របាយការណ៍​របស់​អង្គការ​លី​កាដូ​ដដែល​បង្ហាញ​ថា​ ខេត្ត​ដែល​មាន​ករណី​ហិង្សា​ច្រើន​ជាងគេ​គឺ​ខេត្តបន្ទាយមានជ័យ​ដោយសារ​ជា​ខេត្ត​ជាប់​ព្រំដែន​ថៃ​និង​មាន​ចលនា​ពលករ​ចំណាកស្រុក​ច្រើន​ហើយ​អាជ្ញាធរ​ពិបាក​ក្នុង​ការ​គ្រប់គ្រង​។​ ទី​ពីរ​គឺ​ខេត្តបាត់ដំបង​ ដោយសារ​ខេត្ត​នេះ​មាន​ដី​ធំ​និង​ពលរដ្ឋ​នៅ​តំបន់​ដាច់​ស្រយាល​ពិបាក​ស្វែងរក​អន្តរាគមន៍​ពី​អាជ្ញាធរ​និង​ខេត្ត​ដែល​មាន​អំពើ​ហិង្សា​ច្រើន​លំដាប់​ទី​បី​គឺ​ខេត្តកំពត​។​

​ចំណែកឯ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ ដែល​មាន​ការិយាល័យ​តំណាង​នៅ​ក្នុង​ខេត្ត​ក្រុង​ទាំង​២៥​ទូ​ទាំង​ប្រទេស​ បាន​ឲ្យ​ដឹង​ថា​ ក្នុង​ឆ្នាំ​២០១៦​ ហិង្សា​ទៅ​លើ​ស្ដ្រី​មាន​ចំនួន​ ៥១៩​ករណី​ពោល​គឺ​ប្រហាក់ប្រហែល​នឹង​តួលេខ​ក្នុង​ឆ្នាំ​២០១៥​ដែរ​។​ ក្នុង​ចំណោម​អំពើ​ហិង្សា​ទាំងនោះ​ ការ​រំលោភ​សេពសន្ថវៈ​មាន​អត្រា​ខ្ពស់​ជាងគេ​គឺ​មាន​រហូត​ដល់​ ២៣៨​ករណី​ គឺ​ស្ទើរតែ​ពាក់កណ្តាល​នៃ​ករណី​ហិង្សា​សរុប​ពេញ​មួយ​ឆ្នាំ​។​ ក្រៅពី​នោះ​ មាន​ដូច​ជា​ហិង្សា​ក្នុង​គ្រួសារ​ ១៣៨​ករណី​ ការ​ជួញដូរ​កម្លាំង​ពលកម្ម​និង​បង្ខំ​ឲ្យ​រៀប​ការ​ជាមួយ​បុរស​ជនជាតិ​ចិន​មាន​ចំនួន​ ១៣៧​ករណី​ និង​ការ​ជួញដូរ​ផ្លូវភេទ​ ៦​ករណី​។

​លោកស្រី​ ឆ​ន​ សុ​គ​ន្ធា​ ប្រធាន​ផ្នែក​ស្ដ្រី​និង​កុមារ​របស់​សមាគម​អា​ដ​ហុ​ក​ មាន​ប្រសាសន៍​ថា​ករណី​រំលោភ​សេពសន្ថវៈ​លើ​ស្ដ្រី​នៅ​ឆ្នាំ​២០១៦​ សុទ្ធសឹងតែ​ជា​ករណី​ធ្ងន់ធ្ងរ​។​ លោកស្រី​ ឆ​ន​ សុ​គ​ន្ធា​៖«​ស្ដ្រី​គាត់​នៅ​តែ​គិត​ថា​បញ្ហា​ហិង្សា​ក្នុង​គ្រួសារ​របស់​គាត់​ គាត់​អាច​ដោះស្រាយ​បាន​ អ​ញ្ចឹ​ង​ហើយ​បានជា​មានរឿង​ហិង្សា​ខ្លះ​ពេល​ប្រើ​ហិង្សា​យូ​ទៅ​បាន​ឈាន​ទៅ​ដល់​ការ​សម្លាប់​អីហ្នឹង​ មួយវិញទៀត​អាជ្ញាធរ​មូលដ្ឋាន​ខ្លះ​នៅ​ពេល​ដែល​ជន​រង​គ្រោះ​គាត់​មាន​បញ្ហា​គាត់​ស្នើ​សុំ​អន្ដរាគមន៍​គាត់​បែរជា​យល់​ថា​រឿង​ហ្នឹង​ជា​រឿង​តិច​តូច​»​។​

chorn-sokhunthea
​លោកស្រី​ ឆ​ន​ សុ​គ​ន្ធា​ ប្រធាន​ផ្នែក​ស្ដ្រី​និង​កុមារ​របស់​សមាគម​អា​ដ​ហុ​ក

​ក្រសួង​កិច្ចការ​នារី​មិន​អាច​ផ្ដល់​ជា​របាយការណ៍​ជាក់លាក់​សម្រាប់​ឆ្នាំ​២០១៦​បាន​ទេ​។​ ក៏​ប៉ុន្ដែ​ក្រសួង​ទទួលស្គាល់​ថា​ ករណី​ហិង្សា​ទៅ​លើ​ស្ដ្រី​ពិតជា​នៅ​តែ​មាន​សភាព​ធ្ងន់ធ្ងរ​និង​គួរ​ឲ្យ​ព្រួយបារម្ភ​។

​លោកស្រី​ ស​ ស៊ី​ណេ​ត​ អនុប្រធាន​ការពារ​ផ្លូវច្បាប់​របស់​ក្រសួង​កិច្ចការ​នារី​ មាន​ប្រសាសន៍​ថា​ រយៈពេល​មួយ​ឆ្នាំ​កន្លង​មក​ ក្រសួង​សង្កេត​ឃើញ​ថា​ បញ្ហា​ហិង្សា​ទៅ​លើ​ស្ដ្រី​នៅ​តែ​កើត​មាន​។​ លោកស្រី​យល់​ថា​ អំពើ​ហិង្សា​មិន​ថមថយ​ដូចនេះ​ដោយសារ​មានការ​ដោះស្រាយ​បញ្ហា​ក្រៅ​ប្រព័ន្ធ​តុលាការ​ ញឹកញាប់​ពេក​ ពី​អាជ្ញាធរ​មូលដ្ឋាន​ក៏​ដូច​ជា​ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ​ផ្ទាល់​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ជន​ប្រព្រឹត្ដ​ជន​មិន​ខ្លាចរអា​។​ លោកស្រី​ ស​ ស៊ី​ណេ​ត​ ៖«​ករណី​នេះ​យើង​សង្ឃឹមថា​ អាជ្ញាធរ​ប្រសិនបើ​មាន​អំពើ​ហិង្សា​កើតឡើង​ ២​ដង​ ៣​ដង​ហើយ​ គាត់​ត្រូវ​តែ​បញ្ជូន​ទៅ​អ្នក​ពាក់ព័ន្ធ​ ហើយ​ប្រសិនបើ​ដល់​ករណី​ធ្ងន់ធ្ងរ​ហើយ​អាជ្ញាធរ​ហ្នឹង​ត្រូវ​តែ​ធ្វើ​ទៅ​តាម​នីតិវិធី​ច្បាប់​»​។

brend
បដាស្ដីពីការជំរុញឲ្យបញ្ឈប់ហិង្សាក្នុងគ្រួសារ ពិសេសហិង្សាលើស្រ្ដី

​កាលពី​ថ្ងៃ​ទី​០៩​ ធ្នូ​ ឆ្នាំ​២០១៦​ អង្គការ​មូលនិធិ​អាស៊ី​បាន​រក​ឃើញ​ថា​ អំពើ​ហិង្សា​លើ​ស្ដ្រី​ដែល​មិន​ថយ​ចុះ​ពីព្រោះ​កម្មវិធី​មួយ​ចំនួន​របស់​ស្ថាន​នី​យ៍​ទូរទស្សន៍​ល្បីៗ​នៅ​កម្ពុជា​ សុទ្ធតែ​ផ្ទុក​នូវ​ខ្លឹមសារ​អំពើ​ហិង្សា​គ្រប់​ទម្រង់​ទៅ​លើ​ស្ត្រី​។​ តាម​អង្គការ​នេះ​ កម្មវិធី​ទូរទស្សន៍​ដែល​ផ្ទុក​នូវ​ខ្លឹមសារ​អំពើ​ហិ​ង្សា​លើ​ស្ត្រី​ខ្លាំង​ជាងគេ​ គឺ​ទូរទស្សន៍​MY​ TV​  បន្ទាប់​មក​ទូរទស្សន៍​ប៉ុ​ស្សិ៍​លេខ​៥​ ប៉ុស្តិ៍​ ស៊ី​ ធី​ អ៊ី​ន​ ទូរទស្សន៍​ហង្ស​មាស​ និង​ទូរទស្សន៍​បាយ័ន​៕

breaking-family
អំពើហិង្សានាំឲ្យគ្រួសារបែកបាក់

Share

Image
Image
Image