en     km
en     km

ឆ្នាំ២០៣០វិស័យកសិកម្មនឹងឆ្ពោះទៅរកការធ្វើទំនើបកម្មកសិកម្មមានលក្ខណៈប្រកួតប្រជែងទីផ្សារ

Share

ភ្នំពេញ៖ នៅឆ្នាំ២០៣០ ខាងមុខនេះ វិស័យកសិកម្មនៅកម្ពុជានឹងឆ្ពោះទៅរកការធ្វើទំនើបកម្មកសិកម្មដែលមានលក្ខណៈប្រកួតប្រជែងទីផ្សារ និងមាននិរន្ដភាព ដើម្បីរួមចំណែកក្នុងការធានាបាននូវសន្ដិសុខស្បៀង សុវត្ថិភាពអាហារូបត្ថម្ភសម្រាប់សុខមាលភាពនៃប្រជាជនកម្ពុជា។

នៅក្នុងសិក្ខាសាលាស្ដីពីតួនាទីគ្រឿងយន្តកសិកម្មក្នុងការពង្រឹងភាពបន្សាំរបស់កសិករខ្នាតតូចដោយប្រើប្រាស់បច្ចេកទេសដើម្បីអភិរក្សកសិកម្ម ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក កាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០១៨ លោក វេង សាខុនរដ្ឋមន្រ្ដីក្រសួងកសិកម្មបានលើកឡើងថា វិស័យកសិកម្មនាពេលបច្ចុប្បន្នកំពុងប្រឈមនិងបញ្ហាមួយចំនួនដូចជាការធ្លាក់ចុះកំកម្លាំងពលកម្ម ការប្រែប្រួលអាកាសធាតុ និងឱនភាពដី។

លោករដ្ឋមន្ត្រីបន្ថែមថាការអភិវឌ្ឍគ្រឿងយន្តកសិកម្ម ការធ្វើទំនើបកម្មកសិកម្ម គឺជាដំណោះស្រាយមួយដ៏សមស្របក្នុងការបង្កើនសមត្ថភាពដល់មនុស្សដែលនាំទៅរកការពង្រឹង និងបង្កើនផលិតភាពកសិកម្ម កាត់បន្ថយកម្លាំងមនុស្ស ប្រើប្រាស់ដីឲ្យអស់លទ្ធភាពនិងទទួលបានប្រសិទ្ធភាព សំដៅធានាសន្តិសុខស្បៀង អាហា​រូបត្ថម្ភ ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ។

តាមលោករដ្ឋមន្ត្រី សម្រាប់ប្រទេសកម្ពុជា តាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ វិស័យកសិកម្មនឹងឆ្ពោះទៅរកការធ្វើទំនើបកម្មកសិកម្ម មានលក្ខណៈប្រកួតប្រជែងទីផ្សារ និងមាននិរន្តរភាព ដើម្បីរួមចំណែកក្នុងការធានាបាននូវសន្តិសុខស្បៀង សុវត្ថិភាពអាហារូបត្ថម្ភសម្រាប់សុខុមាលភាពនៃប្រជាជនកម្ពុជា។

ករណីនេះ លោកថា ក្រសួងបានកំណត់ទិសដៅពីរសំខាន់ៗ គឺទីមួយត្រូវ លើកកម្ពស់កំណើនកសិកម្ម ដែលមានលក្ខណៈជារួម តាមរយៈការបង្កើនផលិតភាព ការធ្វើពិពិធកម្ម ការធ្វើការប្រកួតប្រជែង និងការធ្វើជំនួញកសិកម្ម និងទីពីរ.លើកម្ពស់ការប្រើប្រាស់ដីកសិកម្ម ការអភិវឌ្ឍនិងគ្រប់គ្រងធនធានព្រៃឈើ និងជលផលឲ្យមាននិរន្តរភាព។

នៅក្នុងពិធីនេះដែរ លោកស្រីបណ្ឌិត Li Yutong នាយកមជ្ឈមណ្ឌលគ្រឿងយន្តកសិកម្មសមស្របនៃគណៈកម្មការសេដ្ឋកិច្ចនិងសង្គមសម្រាប់តំបន់អាស៊ីនិងប៉ាស៊ីហ្វិកនៃអង្គការសហប្រជាជាតិ (UN-ESCAP) បានពន្យល់ថា ការធានាសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅតែជាបញ្ហាប្រឈមដ៏សំខាន់មួយដែលតំបន់អាស៊ីនិងប៉ាស៊ីហ្វិកបាននិងកំពុងជួបប្រទះ តាមរបាយការណ៍បានឲ្យដឹងថា ក្នុងចំណោមមនុស្ស ១ពាន់លាននាក់ មាន ២ភាគ៣ ដែលកំពុងតែជួបប្រទះបញ្ហាសន្តិសុខស្បៀងក្នុងតំបន់យើងនេះ។

ការប្រែប្រួលអាកាសធាតុ និងឱនភាពដីក៏ជាបញ្ហាសំខាន់ដែលបាននិងកំពុងជះឥទ្ធិពលជាអវិជ្ជមានយ៉ាងខ្លាំងលើវិស័យកសិកម្មទាំងមូលទាំងក្នុងថ្នាក់មូលដ្ឋាន ថ្នាក់ជាតិ និងថ្នាក់តំបន់។

លោកស្រីបណ្ឌិតក៏បានបញ្ជាក់ផងដែរពីគោលនយោបាយនិងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ឆ្នាំ២០៣០ រួមមានការលុបបំបាត់ភាពក្រីក្រ ការបញ្ចប់ភាពអត់ឃ្លាន ការធានាឲ្យបាននូវសន្តិសុខស្បៀង ការលើកកម្ពស់អាហារូបត្ថម្ភ ការធ្វើកសិកម្មប្រកបដោយនិរន្តរភាព និងការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុនិងឱនភាពដី។

 

គួរបញ្ជាក់ដែរថា សិក្ខាសាលាថ្នាក់តំបន់ស្តីពីតួនាទីគ្រឿងយន្តកសិកម្មក្នុងការពង្រឹងភាពបន្សាំរបស់កសិករខ្នាតតូចដោយប្រើប្រាស់បច្ចេកទេសដើម្បីអភិរក្សកសិកម្ម ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិកគឺទទួលបានសហការរៀបចំដោយនាយកដ្ឋានគ្រឿងយន្តកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម និងមជ្ឈមណ្ឌលគ្រឿងយន្តកសិកម្មសមស្របរបស់គណៈកម្មការសេដ្ឋកិច្ចនិងសង្គមសម្រាប់តំបន់អាស៊ីនិងប៉ាស៊ីហ្វិកនៃអង្គការសហប្រជាជាតិ (UN-ESCAP) ។

ការរៀបចំសិក្ខាសាលានេះដែរ ក៏មានគោលបំណងកំណត់បញ្ហាប្រឈម និងរកដំណោះស្រាយឲ្យបានសមស្រប ដើម្បីលើកស្ទួយវិស័យកសិកម្ម ធានាបាននូវសន្តិសុខស្បៀង អាហារូបត្ថម្ភ និងកំណើនសេដ្ឋកិច្ចជាតិ ដែលនាំទៅរកការកាត់បន្ថយភាពក្រីក្រផងដែរ៕

Share

Image
Image
Image