en     km
en     km

ចៅសង្កាត់ចំនួន​ ៣ ​ចេញ​លិខិត​ហាម​ពលរដ្ឋ​មិន​ឱ្យ​សង់រោង​ការ​ និង​រោង​បុណ្យ​នៅ​ដងផ្លូវ​

Share

cover-Rorng-Kar-Rorng-Bonn-on-the-street
ភ្នំពេញ៖  សង្កាត់​ចំនួន​ ៣​ ក្នុង​ខណ្ឌ​ជ្រោយចង្វារ​ ចេញ​លិខិត​ជូនដំណឹង​ដល់​ពលរដ្ឋ​ក្នុង​សង្កាត់​របស់​ខ្លួន​ ហាម​មិន​ឱ្យ​សង់រោង​ការ​ និង​រោង​បុណ្យ​ នៅ​លើ​ដងផ្លូវ​ ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​។

​យោង​តាម​សេចក្ដីជូនដំណឹង​របស់​លោក​ ឃ្លាំង​ ហួត​ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ ជ្រោយចង្វារ​ ចុះ​ថ្ងៃ​ទី​១៦​ ខែធ្នូ​ ឆ្នាំ​ ២០១៥​  បានឱ្យ​ដឹង​ថា​ ចៅសង្កាត់​ជ្រោយចង្វារ​ ចៅសង្កាត់​ ព្រែក​លៀប​ និង​ចៅសង្កាត់​បាក់​ខែង​ ហាម​មិន​ឱ្យ​ពលរដ្ឋ​សង់រោង​ការ​រោង​បុណ្យ​ និង​រោង​ពិធី​ផ្សេងៗ​ នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៦​ និង​ផ្លូវ​សំខាន់ៗ​ នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​ទាំងនោះ​ទៀត​នោះ​ឡើយ​។

​សេចក្ដីជូនដំណឹង​ដដែល​នោះ​ បានឱ្យ​ដឹង​បន្ថែម​ថា​ មូលហេតុ​នៃ​ការ​ស្នើ​សុំ​នេះ​ ដោយសារ​តែ​ មើលឃើញ​ថា​ ការ​សង់រោង​បុណ្យ​ រោងការ​ និង​រោង​ពិធី​ផ្សេងៗ​ របស់​ប្រជាពលរដ្ឋ​តែងតែ​រំលោភ​លើ​ទ្រូង​ផ្លូវជាតិ​ និង​ផ្លូវ​សំខាន់ៗ​នៅ​ក្នុង​មូលដ្ឋាន​ភូមិ​-​សង្កាត់​ បង្ក​ឱ្យ​មាន​ ភាព​អនាធិបតេយ្យ​ បាត់បង់​សោភ័ណ​ភាព​ទីក្រុង​ និង​ខូច​សណ្ដាប់ធ្នាប់​របៀបរៀបរយ​ចរាចរណ៍​ ព្រមទាំង​អាច​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដោយ​យថាហេតុ​។​

សូម​បញ្ជាក់​ដែរ​ថា​ ការ​ហាម​ពលរដ្ឋ​មិន​ឱ្យ​សង់រោង​ការ​ និង​រោង​បុណ្យ​នៅ​ដងផ្លូវ​នេះ​ ជា​សេចក្តីជូនដំណឹង​របស់​ខណ្ឌ​ជ្រោយចង្វារ​មួយ​តែ​ប៉ុណ្ណោះ​។​ រីឯ​ខណ្ឌ​ផ្សេងៗ​ទៀត​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ មាន​គោលនយោបាយ​ មិន​ឱ្យ​ប្រជាពលរដ្ឋ​ សាងសង់​ រោងការ​ រោង​បុណ្យ​ ដូច​គ្នា​ឬ​យ៉ាងណា​នោះ​ វិទ្យុ​ស្ដ្រី​ FM​ 102​ នៃ​មណ្ឌល​ព័ត៌មាន​ស្ដ្រី​កម្ពុជា​  មិន​អាច​ សុំ​ការ​អត្ថាធិប្បាយ​ ពី​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ លោក​ ឡុ​ង​ ឌី​ម៉​ង់​ បាន​ទេ​ នៅ​ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​ ២០១៦​នេះ​៕

Bamram-Rorng-Kar-Rorng-Bonn-on-the-street

Share

Image
Image
Image