en     km
en     km

ចិនមានផែនការធំមួយតម្លៃរាប់ពាន់លានដុល្លារសម្រាប់អាហ្វហ្គានីស្ថាន

Share

រដ្ឋាភិបាលទីក្រុងប៉េកាំងអន្ទះសារចង់ឱ្យសហរដ្ឋអាម៉េរិកដកខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថានឆាប់។ នេះជាសេចក្ដីរាយការណ៍ពីប្រទេសប៉ាគីស្ថានដោយសារព័ត៌មាន ដេលី ប៊ីស្ត (Daily Beast)  ដែលមានមូលដ្ឋាននៅទីក្រុងញូយក។

សារព័ត៌មាននេះឱ្យដឹងថា ស្របពេលដែលកងទ័ពសហរដ្ឋអាម៉េរិកចាកចេញពីអាហ្វហ្គានីស្ថាន ប្រទេសចិនកំពុងរៀបចំហក់ចូលដែនដីដែលបែកបាក់ដោយសារសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ានេះ ហើយគ្រោងបំពេញចន្លោះប្រហោងបន្សល់ទុកដោយកងទ័ពណាតូនិងកងទ័ពសហរដ្ឋអាម៉េរិក។

ដេលី ប៊ីស្ត ដែលផ្សាយតាមវេបសាយត៍នៅថ្ងៃអាទិត្យ ទី ០៤ ខែកក្កដា បន្តថា ប្រទេសចិនត្រៀមលក្ខណៈចូលមកជំនួសសហរដ្ឋអាម៉េរិកនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយនាំមកជាមួយនូវគំនិតផ្ដួចផ្ដើមផ្លូវនិងខ្សែក្រវ៉ាត់ ។ ដោយផ្អែកលើប្រភពអនាមិកដែលស្និទនឹងមន្ត្រីរដ្ឋាភិបាលក្នុងប្រទេសអាហ្វហ្គានី សារព័ត៌មានអាម៉េរិកនេះបញ្ជាក់ថា អាជ្ញាធរនៅទីក្រុងកាប៊ុលកំពុងពង្រឹងទំនាក់ទំនងជាមួយប្រទេសចិន លើរឿងពង្រីកច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន ដែលមានតម្លៃ ៦២ ពាន់លានដុល្លារ ឱ្យមកដល់អាហ្វហ្គានីស្ថានតែម្ដង។ តាមប្រភពនេះ វាជាគម្រោងដ៏សំខាន់បំផុតនៃគំនិតផ្ដួចផ្ដើមផ្លូវនិងខ្សែក្រវ៉ាត់ ដែលរួមមានការស្ថាបនាផ្លូវថ្នល់ធំៗ ផ្លូវរថភ្លើង បំពង់បង្ហូរឧស្ម័ននិងប្រេងឥន្ធនៈ។

កងទ័ពសហរដ្ឋអាម៉េរិកបានចាកចេញពីបន្ទាយធំនិងចុងក្រោយរបស់ខ្លួននៅក្នុងប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃសុក្រ ហើយទោះបីជាកាលបរិច្ឆេទដំបូងសម្រាប់ការដកទ័ពគឺគ្រោងនៅថ្ងៃទី ១១ ខែកញ្ញាក៏ដោយ ក៏មន្ត្រីផ្នែកសន្តិសុខបាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន រើយធើ ថា ទាហានមួយផ្នែកធំត្រូវចាកចេញមុនថ្ងៃអាទិត្យ ទី ០៤ ខែកក្កដា។

សារព័ត៌មាន ដេលី ប៊ីស្ត រម្លឹកប្រាប់ដូច្នោះ ដោយរំលេចឱ្យឃើញដែរថា រដ្ឋាភិបាលអាហ្វហ្គានីស្ថាន នៅខាងក្រោយឆាកគឺកំពុងទទួលស្វាគមន៍ចិនយ៉ាងឆាប់រហ័ស បន្ទាប់ពីនិយាយពាក្យលាគ្នាជាមួយសហរដ្ឋអាម៉េរិក៕

Share

Image
Image
Image