en     km
en     km

ចិនបង្ហាញបំណងនាំអង្ករ និងផលិតផលកសិកម្មកម្ពុជាដាក់លក់ក្នុងសណ្ឋាគារនៅប្រទេសចិន

Share

ប្រទេសចិន៖ ឆ្លើយតបនឹងសេចក្ដីត្រូវការរបស់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា លោក កុង ស៊ាវលីង  (Gong Shaolin) ប្រធានសហព័ន្ឋសមាគមឧស្សាហកម្មខេត្តក្វាងទុង​ បានបង្ហើបពីបំណងចង់នាំយកផលិតផលកសិកម្ម ជាពិសេសអង្ករកម្ពុជា ទៅដាក់លក់នៅក្នុងសណ្ឋាគារនានានៅប្រទេសចិន។ នេះបើទំព័រហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្មកម្ពុជាចុះផ្សាយនៅថ្ងៃទី ០៥ កុម្ភៈ ឆ្នាំ២០១៨នេះ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាដឹកនាំគណៈប្រតិភូទៅប្រទេសចិន ដើម្បីធ្វើឱ្យផលិតផលកសិកម្មកម្ពុជាអាចនាំទៅប្រទេសចិនបាន។រូបភាពពីហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម

 

ក្រៅពីនេះប្រធានសហព័ន្ឋសមាគមឧស្សាហកម្មខេត្តក្វាងទុង ​ក៏ចង់ស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអ៊ិនធើណែត (E-Commerce) និងវិស័យទេសចរណ៍នៅកម្ពុជាផងដែរ។

ការលើកឡើងរបស់ភាគីចិន  ស្របពេលដែលលោក ប៉ាន សូរស័ក្កិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានស្នើមិត្តចិនជួយទិញកសិផល និងផលិតផលដទៃទៀតពីកម្ពុជាឲ្យបានច្រើនជាងមុន ដើម្បីឈានទៅសម្រេចឲ្យបានទិសដៅពាណិជ្ជកម្មរវាងប្រទេសទាំងពីរ តាមការឯកភាពរបស់ប្រមុខដឹកនាំប្រទេសទាំងពីរ។

ជាងនេះទៀតលោក ប៉ាន សូរស័ក្កិ បានអំពាវនាវឲ្យភាគីចិន វិនិយោគលើវិស័យសំខាន់ៗមួយចំនួន ដូចជារោងចក្រកែច្នៃកសិផល រោងចក្រផលិតគ្រឿងកំប៉ុង ធ្វើឡសម្ងួតស្រូវ និងសាងសង់ឃ្លាំងសម្រាប់ទុកដាក់ស្រូវអង្ករ និងកសិផលផ្សេងទៀត។

លោករដ្ឋមន្រ្តី បានជម្រាបភាគីចិនថា កម្ពុជាមានកសិផលជាច្រើន ដូចជា ផ្លែមៀន ស្វាយ ក្រូចឆ្មារ ស្វាយចន្ទី ដំឡូងមី ពោត កៅស៊ូ ជាដើម ដែលផលិតផលទាំងនេះ ត្រូវការទីផ្សារ និងរោងចក្រកែច្នៃ ដើម្បីនាំចូលមកប្រទេសចិន។ ចំណែកវិស័យទេស ចរណ៍វិញលោកបន្តថា កម្ពុជាពោរពេញទៅដោយសក្តានុពលលើវិស័យមួយនេះដោយក្នុងឆ្នាំ ២០១៧ ភ្ញៀវទេសចរ បានមកកំសាន្តនៅកម្ពុជាសរុបចំនួនប្រមាណ ៦ លាននាក់ ក្នុងនោះភ្ញៀវទេសចរចិនមានចំនួនប្រមាណ ១ លាននាក់។

ឆ្លើយតបនឹងការអំពាវនាវនេះ លោក កុង ស៊ាវលីង  ​បានបង្ហាញពីបំណងចង់ដឹកនាំគណៈប្រតិភូវិនិយោគចិនប្រមាណ ១០០ក្រុមហ៊ុន មកទស្សនកិច្ចស្វែងយល់ពីការធ្វើធុរកិច្ចលើវិស័យទាំងនេះនៅកម្ពុជា ។

​គួរបញ្ជាក់ថា ខេត្តក្វាងទុង ជាខេត្តមួយស្ថិតនៅភាគខាងត្បូងប្រទេសចិន ជាតំបន់សេដ្ឋកិច្ចដ៏ធំរបស់ប្រទេសចិន។ ទំហំពាណិជ្ជកម្មសរុប (នាំចេញ និងនាំចូល) របស់ខេត្តក្វាងទុង មានចំនួនប្រហាក់ ប្រហែល ១/៤ នៃទំហំពាណិជ្ជកម្មសរុបរបស់ប្រទេសចិន៕

Share

Image
Image
Image