en     km
en     km

ចាប់​ខ្លួនស្រ្តីម្នាក់ដែល​ចោទ​ថា សម្តេច​​​​​​ហ៊ុន សែន ​សម្លាប់លោក កែម ឡី ​​

Share

ស្រ្តីម្នាក់ដែលបានចោទប្រកាន់តាមបណ្តាញសង្គមថា សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន និងសមាជិកគ្រួសារគឺជាអ្នកសម្លាប់លោក កែម ឡី ត្រូវចាប់ខ្លួននៅព្រឹកថ្ងៃពុធនេះ។ ក្រុមសមត្ថកិច្ចគ្រោងនឹងបញ្ជូនស្ត្រីរូបនេះទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីធ្វើការចោទប្រកាន់។

ហ៊ិន វ៉ាន់ស្រីពៅ

បន្ទាប់ពីបានធ្វើការចោទប្រកាន់ជាចំហតាមបណ្តាញសង្គមហ្វេសប៊ុកលើសម្តេចហ៊ុន សែន និងសមាជិកគ្រួសារសម្តេចថាបានសម្លាប់លោកបណ្ឌិតកែម ឡី កញ្ញាហេង លក្ខិណា ត្រូវចាប់ខ្លួននៅព្រឹកថ្ងៃពុធ ទី១២ខែកក្កដានេះ ដោយកងកម្លាំងប្រឆាំងភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែនរបស់ក្រសួងមហាផ្ទៃ។

កាលពីរសៀលថ្ងៃទី០៩ កក្កដា ក្នុងខួបមួយឆ្នាំនៃការបាញ់សម្លាប់ លោកបណ្ឌិត កែម ឡីនៅខេត្តតាកែវ ស្រ្តីម្នាក់ដែលមានគណនីហ្វេសប៊ុក ឈ្មោះ  Heng Leakhana បានបង្ហោះវីដេអូឃ្លីបខ្លីមួយដោយនិយាយចោទត្រង់ៗនិងច្បាស់ៗថា គ្រួសារសម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន និងសម្តេចហ៊ុន សែន ជាអ្នកនៅពីក្រោយនៃឃាតកម្មសម្លាប់អ្នកវិភាគសង្គមនិងនយោបាយរូបនេះ។

បីថ្ងៃក្រោយគឺនៅថ្ងៃពុធនេះ កញ្ញាហេង លក្ខណា ត្រូវចាប់ខ្លួនក្នុងរាជធានីភ្នំពេញខណៈដែលអ្នកស្រីហៀបនឹងឡើងជិះរថយន្តក្រុងទៅកាន់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យវិញ។ ក្រុងប៉ោយប៉ែត្រដែលជាទីលំនៅបច្ចុប្បន្នរបស់អ្នកស្រី។

លោកអ៊ី សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃក្រសួងមហាផ្ទៃ មិនអាចទាក់ទងបានទេនៅថ្ងៃនេះដោយសារតែទូរសព្ទ័របស់លោករោទិ៍ដោយគ្មានអ្នកទទួល។

តែទោះយ៉ាងណាក៏ដោយលោកអ៊ី សុខឃី ត្រូវបណ្តាញសារព័ត៌មានក្នុងស្រុកស្រង់សំដីថា កញ្ញាហេង លក្ខណា នឹងត្រូវបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅល្ងាចថ្ងៃពុធនេះ។ ប៉ុន្តែ លោកមិនបានបញ្ជាក់ពីមូលហេតុនៃការចាប់ខ្លួនកញ្ញានោះទេ។

លោក អំ សំអាត ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការលីកាដូ មានប្រសាសន៍ថា  លោកចង់ឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវឱ្យបានច្បាស់លាស់ជាមុនសិន ថាការបញ្ចេញមតិនេះជាការពិត ឬជាការកាត់តបន្ថែម មុននឹងឈានទៅដល់ការចោទប្រកាន់។

លោក អំ សំអាត ៖«យើងត្រូវតែពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយរកហេតុផល ក៏ដូចជាបទល្មើស បើសិនជាវាពាក់ព័ន្ធនឹងបទល្មើស ហើយបើសិនជាវាមិនមានបង្ហាញនូវហេតុផលណាមួយទេ នាំឱ្យប្រជាពលរដ្ឋនិងសាធារណៈមតិ គេនឹងអាចរិះគន់ទៅរឿងសិទ្ធិសេរីភាពនៃការបញ្ចេញមតិវិញ»។

លោកបណ្ឌិត កែម ឡី អ្នកវិភាគសង្គម និងនយោបាយ ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅក្នុងស្តាម៉ាតមួយក្បែរ ស្តុបបូកគោ ខណៈដែលលោកកំពុងអង្គុយពិសារកាហ្វេ កាលពីថ្ងៃទី១០ កក្កដា ឆ្នាំ២០១៦។ ភ្លាមៗនៃឃាតកម្មនេះ បុរសម្នាក់ឈ្មោះ ជួប សម្លាប់ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានសារភាពថា ខ្លួនជាអ្នកបាញ់សម្លាប់លោក បណ្ឌិតកែម ឡី ដោយតែជំពាក់បំណុលខ្លួន៣ពាន់ដុល្លារ។

ក្រោយពីឃាតកម្មនោះ មានមនុស្សបីនាក់ហើយដែលត្រូវចោទប្រកាន់ពីបទបរិហាកេរ្តិ៍ក្រោយពីបានលើកពីការជាប់ពាក់ពន្ធ័របស់សម្តេចហ៊ុន សែន ក្នុងឃាតកម្មលើលោកបណ្ឌិតកែម ឡី។ ក្នុងចំណោមជនត្រូវចោទទាំងនោះមានលោកបណ្ឌិតគឹម សុខ និងលោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ។ហើយកញ្ញាហេង លក្ខិណា គឺជាជនទី៤ដែលត្រូវចាប់ខ្លួនក្នុងសំណុំរឿងដូចគ្នានេះ៕

Share

Image
Image
Image