en     km
en     km

គ.ជ.អ.ប បើកកិច្ចប្រជុំពិនិត្យស្ថានភាពកម្មវិធីកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ

Share

ភ្នំពេញ៖ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប) នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបើកកិច្ចប្រជុំត្រួតពិនិត្យលើស្ថានភាពវិវត្តន៍នៃកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ តាមរយៈផែនការសកម្មភាព និងថវិកាឆ្នាំ២០១៩ របស់ គ.ជ.អ.ប។

កិច្ចប្រជុំលើកទី១៧ របស់ គ.ជ.អ.ប នៅក្រសួងមហាផ្ទៃ។

កិច្ចប្រជុំលើកទី ១៧ ដែលប្រព្រឹត្តិទៅនៅក្រសួងមហាផ្ទៃ មានការចូលរួមពីមន្រ្តីពាក់ព័ន្ធ ក៏បានពិនិត្យដើម្បីឆ្លងសេចក្តីព្រាងអនុក្រឹត្យចំនួន ៤ ពាក់ព័ន្ធការកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងការផ្ទេរមុខងារវិស័យសុខាភិបាលទៅរដ្ឋបាលរាជធានីខេត្តផងដែរ។

សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប មានប្រសាសន៍ថា ក្នុងក្របខណ្ឌនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងអាណត្តិទី៦នេះ គ.ជ.អ.ប បាន​ផ្តោតជាសំខាន់ទៅលើកិច្ចការស្នូលជាអាទិភាពចំនួន៣ គឺ ការបង្កើនមូលនិធិឃុំ សង្កាត់, ការផ្ទេរមុខងារនិងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ  និងការកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ក្រុង ស្រុក ។ តាមប្រសាសន៍របស់សម្តេច ស ខេង នៅឆ្នាំ២០២០ រាជរដ្ឋាភិបាលដាក់ចេញនូវអនុក្រឹត្យដោយផ្ទេរធនធានបន្ថែមពីថវិការដ្ឋជូនរដ្ឋបាលឃុំសង្កាត់ចំនួនប្រមាណ ១២២ ០០០ ដុល្លារ សម្រាប់ចំណាយអភិវឌ្ឍន៍មូលដ្ឋាន។

សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប ។

ក្នុងកិច្ចប្រជុំនេះ មន្ត្រីពាក់ព័ន្ធបានជជែកគ្នាយ៉ាងផុសផុលលើរបៀបវារៈនីមួយៗសរុបមានចំនួន ៥ចំណុចសំខាន់ៗ ក្នុងនោះមាន៖

១.ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំលើកទី ១៦ របស់ គ.ជ.អ.ប។

២.របាយការណ៍អំពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តផែនការសកម្មភាព និងថវិកា ឆ្នាំ២០១៩ របស់គ.ជ.អ.ប។

៣.ការពិនិត្យពិភាក្សា និងអនុម័តលើសេចក្តីព្រាងអនុក្រឹត្យស្តីពីមុខងារ និងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ។

៤.ការពិនិត្យពិភាក្សា និងអនុម័តលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការផ្ទេរមុខងារក្នុងវិស័យសុខាភិបាលទៅឱ្យរដ្ឋបាលរាជធានី ខេត្ត។

៥.ការពិនិត្យពិភាក្សា និងអនុម័តផែនការសកម្មភាពសម្រាប់អនុវត្តអនុក្រឹត្យស្តីពីមុខងារ និងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង រដ្ឋបាលស្រុក និងរដ្ឋបាលខណ្ឌ និងអនុក្រឹត្យស្តីពីការផ្ទេរមុខងារក្នុងវិស័យសុខាភាពបាលទៅឱ្យរដ្ឋបាលរាជធានី ខេត្ត៕​

Share

Image
Image
Image