en     km
en     km

គ ជ ប ព្រមានចាត់វិធានការចំពោះការរារាំងពលរដ្ឋមិនឱ្យទៅបោះឆ្នោត

Share

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ ជ ប បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គល ឬស្ថាប័នអង្គការមិនមែនរដ្ឋាភិបាល ដែលមានបំណងទុច្ចរិត ធ្វើសកម្មភាពរារាំងប្រជាពលរដ្ឋមិនឱ្យចេញទៅបោះឆ្នោតជាតិខែកក្កដាឆ្នាំ ២០១៨ នេះ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់របស់គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលចេញផ្សាយនៅថ្ងៃទី០៩ មេសានេះ។

 

                                                                                  ​ការិយាល័យ គ ជ ប នៅក្រសួងមហាផ្ទៃ។

 

តាមសេចក្ដីប្រកាសព័ត៌មាន របស់គជប ជនណា ឬអង្គការមិនមែនរដ្ឋាភិបាល ឬសមាគមន៍ជាតិ អន្តរជាតិ នឹងត្រូវទទួលទោសរដ្ឋប្បវេណី និងព្រហ្មទណ្ឌ ករណីដែលបានប្រើប្រាស់មធ្យោបាយដោយអំពើទុច្ចរិតរារាំងពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនឱ្យទៅបោះឆ្នោត។

សេចក្តីប្រកាសព័ត៌មានរបស់ គ ជ ប បានលើកយកមាត្រាមួយចំនួននៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តដោយបញ្ជាក់ថា ចំពោះបុគ្គល ឬអង្គការមិនមែនរដ្ឋាភិបាល ឬសមាគមន៍ក្នុងស្រុក និងអន្តរជាតិ ដែលបានធ្វើសកម្មភាពដោយផ្ទាល់ ឬប្រយោល រារាំងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនឱ្យចេញទៅបោះឆ្នោត ការធ្វើឱ្យមានការភាន់ច្រឡំ នាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត ការបង្កការរំខានមិនឱ្យមានដំណើរការបោះឆ្នោតបានជាដើម នឹងត្រូវទទួលទោសតាមផ្លូវច្បាប់។

បើតាមមាត្រា ១៤២ និង១៤៨ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនេះ គឺជនណាដែលបានប្រព្រឹត្តទង្វើខាងលើនឹងត្រូវពិន័យជាប្រាក់ពី ១០លានរៀល ទៅ២០លានរៀល ដោយគ ជ ប ពុំទាន់គិតដល់ទោសព្រហ្មទណ្ឌ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ ជ ប ប្រាប់វិទ្យុស្រ្តីថា ប្រការដែល គ ជ ប ព្រមានចាត់វិធានការផ្លូវច្បាប់បែបនេះ ព្រោះថាសកម្មភាពអំពាវនាវ ឬការចេញសេចក្តីថ្លែងការណ៍ដោយមានបំណងរារាំង ញុះញង់មិនឱ្យពលរដ្ឋចេញទៅបោះឆ្នោត គឺជាការរំលោភធ្វើដល់សិទ្ធិ និងការសម្រេចចិត្តរបស់អ្នកដដៃផ្សេងទៀត។ លោក ហង្ស ពុទ្ធា ចាត់ទុកសកម្មភាពទុច្ចរិតនេះថា ជាទង្វើប្រឆាំងនឹងកិច្ចអភិវឌ្ឍន៍របស់ប្រជាពលរដ្ឋ។

លោក ហង្ស ពុទ្ធា៖« ប្រសិនបើមានសកម្មភាពធ្វើការផ្សព្វផ្សាយ ឬឃោសនាមិនឱ្យពលរដ្ឋចេញទៅបោះឆ្នោត នោះមានថា ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិនិងការសម្រេចចិត្តរបស់ពលរដ្ឋហើយ។ អញ្ចឹងបើសិនប្រជាពលរដ្ឋមិនបានទៅបោះឆ្នោតមានន័យថា លោកអត់បានចូលរួមពេញលេញនូវតម្លៃ និងការសម្រេចចិត្តរបស់ខ្លួនក្នុងនាមជាពលរដ្ឋខ្មែរគោរពតាមរដ្ឋធម្មនុញ្ញ ដែលមានតួនាទីបោះឆ្នោតជ្រើសតាំងនូវតំណាងរបស់ខ្លួនឆ្ពោះទៅរកការរៀបចំស្រុកទេសមួយមានការអភិវឌ្ឍន៍។ ដូច្នេះអ្នកដែលបានរារាំងពលរដ្ឋគឺមានន័យថា រារាំងកិច្ចអភិវឌ្ឍន៍របស់ពលរដ្ឋហើយបាទ»

                                                                                         ​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ ជ ប

 

ប៉ុន្មានថ្ងៃចុងក្រោយនេះ មានបុគ្គលមួយចំនួនបាន អំពាវនាវដល់ប្រជាពលរដ្ឋមិនឱ្យចូលរួមបោះឆ្នោត និងទទូចឱ្យអ្នកអង្កេតការជាតិ អន្តរជាតិ ធ្វើការ ពហិការ ចូលរួមអង្កេតការណ៍បោះឆ្នោតនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៩កក្កដាខាងមុខនេះ ដែលករណីនេះ គជប ចាត់ទុកជាអំពើខុសច្បាប់។

យ៉ាងណាក៏ដោយ បុគ្គលដែល គ ជ ប ចង់សំដៅនោះទំនង ជាលោក សម រង្ស៊ី អតីតប្រធានគណបក្ស

សង្រ្គោះជាតិ ។ លោក សម រង្ស៊ី បាលផ្ដល់បទសម្ភាសអោយវិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃអាទិត្យទី ៨ មេសា ដោយទទូចឱ្យពលរដ្ឋកុំចេញទៅបោះឆ្នោតដោយលោកចាត់ទុកថា ជារឿងឥតប្រយោជន៍ព្រោះ ការបោះឆ្នោតមានតែបក្សមួយ គឺបក្សCPP ដែលលោកថា បក្សតូចៗទៀតគ្រាន់តែជាបក្សអាយ៉ងប៉ុណ្ណោះ ។

គណបក្សសង្រ្គោះជាតិ ដែលលោកកឹមសុខាជាប្រធាន ត្រូវបានតុលាការកំពូលរំលាយកាលពីថ្ងៃទី ១៦វិច្ឆិកាឆ្នាំ២០១៧ដែលសហគមន៍អន្តរជាតិ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ ចាត់ទុកជាអំពើខុសនឹងគោលការណ៍ប្រជាធិបតេយ្យហើយនាំលទ្ធិប្រជាធិបតេយ្យទៅរកសេចក្ដីស្លាប់។ តែបក្សកាន់អំណាចបដិសេធដោយចាត់ទុកថាជាអំពើរំលោភច្បាប់ របស់លោកកឹមសុខា ពាក់ព័ន្ធអំពើក្បត់ជាតិ។

ទន្ទឹមនឹងសេចក្តីប្រកាសព័ត៌មានរបស់ គ ជ បដែលបានអំពាវនាវ អោយបញ្ឈប់ជាបន្ទាប់នូវសកម្មភាពដែលល្មើសច្បាប់  ស្ថាប័ននេះ ក៏អំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតត្រូវចូលរួមបោះឆ្នោតឱ្យបានគ្រប់គ្នា។ គ ជ ប ក៏អំពាវនាវដល់អ្នកសង្កេតការណ៍ជាតិ និងអន្តរចូលរួមសង្កេតការណ៍ដំណើរការបោះឆ្នោតជាតិនីតិកាលទី៦ ខាងមុខទាំងអស់គ្នា។

លោក កង សាវ៉ាង មន្រ្តីសម្របសម្រួលជាន់ខ្ពស់នៃអង្គការ ខុមហ្វ្រេល យល់ស្របចំពោះ គ ជ ប ដែលចេញសេចក្តីប្រកាសព័ត៌មាននេះ។ តែយ៉ាងណាលោកថា ការកំណត់ទោសទណ្ឌចំពោះករណីនេះ គ ជ ប មិនត្រូវធ្វើការបកស្រាយទូលាយពេកទេ ព្រោះអាចធ្វើឱ្យប៉ះពាល់ដល់សិទ្ធិក្នុងការបញ្ចេញមតិរបស់ពលរដ្ឋ។ យ៉ាងណាលោក កន សាវាង្ស បញ្ជាក់ថា ប្រជាពលរដ្ឋនៅតែអាចបញ្ចេញមតិផ្ទាល់ខ្លួនចំពោះការមិនពេញចិត្តលើបរិយាកាសនយោបាយដោយមិនចេញទៅបោះឆ្នោត ប៉ុន្តែមិនត្រូវធ្វើការគៀងគរអ្នកដទៃឡើយ។

លោក កង សាវ៉ាង៖«  បើសិនគ្រាន់តែយើងបង្ហាញអំពីបរិយាកាស ឬស្ថានភាពនយោបាយអាហ្នឹងជារឿងមួយក្នុងការបញ្ចេញមតិរបស់គាត់ តែកុំឱ្យយើងទៅឃោសនាថា ពលរដ្ឋអើយកុំចេញទៅបោះឆ្នោត អាហ្នឹងមានន័យថាវាមិនត្រឹមត្រូវទេ ។ តែបើយើងបង្ហាញថា​ ខ្ញុំយល់ឃើញថា​ អញ្ចឹងៗហើយមិនមែនលក្ខណមួយប្រឆាំងនឹងសិទ្ធិរបស់គេ វាមិនមានអីខុសនោះទេ»។

បើតាម លោក ហង្ស ពុទ្ធា វិធានការច្បាប់នេះនឹងមានអនុភាពអនុវត្តផ្តោតលើបុគ្គល ឬស្ថាប័ន ឬអង្គការសមាគមន៍ ដែលបានបង្ហាញមតិលើកឡើងក្នុងទម្រង់ជាសេចក្តីថ្លែងការណ៍ ជាសេចក្តីអំពាវនាវ មានលក្ខណញុះញង់ ប្រមូលផ្តុំ ឬកែណ្ឌប្រមូលកម្លាំងពីតូចទៅធំ ដើម្បីកុំឱ្យពលរដ្ឋចេញទៅបោះឆ្នោតជាដើម៕

 

Share

Image
Image
Image