en     km
en     km

គ.ជ.ប ទទួលបានអ្នកសង្កេតការណ៍ជាតិជិត ៨ម៉ឺននាក់(មានសំឡេង)

Share

ភ្នំពេញ៖ គ.ជ.ប បានបិទការទទួលចុះឈ្មោះសុំធ្វើជាអ្នកសង្កេតការណ៍ជាតិសម្រាប់ការបោះឆ្នោតសភានីតិកាលទី ៦ កាលពីថ្ងៃទី ១៨ កក្កដា ដោយទទួលបានអ្នកសង្កេតការជិត ៨ម៉ឺននាក់ និងកំពុងតែពិនិត្យ ១៤០០នាក់ទៀត។ នេះបើតាមសេចក្ដីប្រកាសរបស់គ.ជ.ប កាលពីថ្ងៃទី ១៨ កក្កដា ម្សិលមិញ។ លោក សេរីវឌ្ឍនៈ រាយការណ៍បន្ត !

 

យោងតាមលិខិតប្រកាសនេះបញ្ជាក់ថា អ្នកសង្កេតការណ៍ជាតិ គឺជាសាក្សីដ៏សំខាន់មួយក្នុងការបញ្ជាក់ថា ដំណើរការបោះឆ្នោតមានភាពសេរី  ត្រឹមត្រូវ និងយុត្តិធម៌តាមរយៈការរាយការណ៍ ភ្ជាប់ជាមួយការសន្និដ្ឋានជាលាយល័ក្ខណ៍អក្សររបស់ខ្លួនមកកាន់គ.ជ.ប។​

តាមលិខិតនេះ គិតមកដល់ថ្ងៃទី ១៦ កក្កដា គ.ជ.ប បានទទួលស្គាល់អ្នកសង្កេតការជាតិ​នៃសមាគម អង្គការមិនមែនរដ្ឋាភិបាល ប្រមាណជិត ៨០,០០០ នាក់ ហើយដែលមកពី ១០៧ ស្ថាប័ន។ យ៉ាងណាមិញ គ.ជ.ប មិនទាន់បញ្ជាក់ថា អ្នកសង្កេតការណ៍អន្តរជាតិមានប៉ុន្មាននាក់ ឬ មកពីប៉ុន្មានស្ថាប័ននៅឡើយទេ។

យ៉ាងនេះក្ដី សម្រាប់អង្គការឯករាជ្យ ឃ្លាំមើលការបោះឆ្នោត ដែលល្បីឈ្មោះជាងគេ គឺអង្គការ ខុមហ្វ្រែល ដឹកនាំដោយ លោកគុល បញ្ញា មិនបានដាក់ពង្រាយ អ្នកសង្កេតការណ៍របស់ខ្លួន សម្រាប់ការបោះឆ្នោតថ្ងៃ២៩កក្កដានេះទេ។

សូមបញ្ជាក់ថា សមាគម និងអង្គការមិនមែនក្រៅរដ្ឋាភិបាល អាចបញ្ជូនតំណាងរបស់ខ្លួនឲ្យចូលរួមជាអ្នកសង្កេតការណ៍បោះឆ្នោតក្នុងដំណើរការបោះឆ្នោតទាំងមូល។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវអញ្ជើញតំណាងអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្ដរជាតិ អង្គការអន្ដរជាតិ និងប្រទេសនានាឲ្យចូលរួមសង្កេតការណ៍ការបោះឆ្នោតនៅព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់ពី គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានទទួលស្គាល់ជាផ្លូវការហើយ អ្នកសង្កេតការណ៍ទាំងឡាយមានសិទ្ធិធ្វើសកម្មភាពសង្កេតការណ៍ដោយឯករាជ្យពីរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ព្រមទាំងទទួលនូវកិច្ចសហប្រតិបត្ដិការយ៉ាងពេញទំហឹងពីអាជ្ញាធរដែនដី គណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទៀតផង។

អ្នកសង្កេតការណ៍ទាំងឡាយមានសិទ្ធិសង្កេតមើលគ្រប់សកម្មភាព ដែលទាក់ទងនឹងការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ការឃោសនាបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត ការបូកសរុបលទ្ធផល និងការប្រកាសលទ្ធផលនៃការបោះឆ្នោត។ ប៉ុន្ដែអ្នកសង្កេតការណ៍មិនត្រូវជ្រៀតជ្រែក ឬប៉ុនប៉ងប្រើឥទ្ធិពលរបស់ខ្លួនក្នុងគោលបំណងរំខាន ឬរារាំងដំណើរការនៃការបោះឆ្នោតឡើយ៕

Share

Image
Image
Image