en     km
en     km

គ.ជ .ប ច្រានចោលតួលេខលទ្ធផលបោះឆ្នោតរបស់លោក សម រង្ស៊ី ដោយចាត់ទុកថា ជាការមួលបង្កាច់

Share

ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ ជ ប បានប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី១៦សីហានេះ ដោយបានទាត់ចោលរបាយការណ៍របស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលចោទស្ថាប័ន គ ជ ប ថា បានបំប៉ោងតួលេខអ្នកចេញទៅបោះឆ្នោត ថា គ.ជ .ប ប្រើល្បិចទុច្ចរិតបញ្ចូលចំនួនអ្នកមិនបានចេញទៅបោះឆ្នោតជាង ២លាននាក់ ឱ្យបក្សកាន់អំណាច។ទាក់ទិនរឿងនេះ  អ្នកនាំពាក្យ គ.ជ .ប ចាត់ទុក តួលេខលទ្ធផលបោះឆ្នោតបង្ហាញដោយ លោក សម រង្ស៊ី ថា ជាការមួលបង្កាច់ ។

លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ!

លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦ បានប្រកាសជាផ្លូវការកាលពីយប់ថ្ងៃម្សិលមិញដោយរកឃើញថា គណបក្សប្រជាជនកម្ពុជាបានឈ្នះលើគណបក្សតូចចំនួន១៩ដោយបក្សកាន់អំណាចមួយនេះក្រសោបយកអាសនៈទាំងអស់តែម្តងគឺ១២៥ លើ១២៥។

បន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតត្រូវបានប្រកាសជាផ្លូវការ គឺនៅថ្ងៃដដែលនោះ លោក សម រង្ស៊ី អតីតនៃអតីតគណបក្សសង្គ្រោះជាតិ​ និងជាប្រធានចលនាសង្គ្រោះជាតិនៅក្រៅប្រទេសបានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកដោយចោទស្ថាប័នរៀបចំការបោះឆ្នោត គ ជ ប ថាបានបំប៉ោងតួលេខនៃចំនួនអ្នកចេញទៅបោះឆ្នោតថាមានរហូតដល់ទៅជាង៨៣% ដែលធាតុពិតមានតែ ៥៩%តែប៉ុណ្ណោះ ។

 លោក សម រង្ស៊ី បន្តថា ស្ថាប័ន គ ជ ប បានលួចតួលេខនៃចំនួនប្រជាពលរដ្ឋដែលមិនបានចេញទៅបោះឆ្នោតជាង ២លាននាក់បញ្ចូលឱ្យគណបក្សប្រជាជនកម្ពុជា ដែលលោកថា នេះជាល្បិចទុច្ចរិតរបស់គ ជ ប ព្រោះស្ថាប័នមួយនេះ ស្ថិតក្រោមការបញ្ជារបស់បក្សកាន់អំណាច។

ជាការឆ្លើយតប លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ .ប និយាយថា ការមួលបង្កាច់របស់អ្នកនយោបាយនិរទេសខ្លួនរូបនេះ គឺគ្រាន់តែជាល្បិចលុបលាងភាពអាម៉ាសរបស់ខ្លួន ដែលកន្លងមកលោក សម រង្ស៊ី បានប្រើយុទ្ធនាការដេកផ្ទះឈ្នះស្អាតអំពាវនាវដល់ពលរដ្ឋកុំចេញទៅឆ្នោតនោះ។ លោក ហង្ស ពុទ្ធា អះអាងថា លទ្ធផលបោះឆ្នោតជាតិនេះ គឺជាលទ្ធផលមួយត្រឹមត្រូវ ព្រោះស្ថាប័ន គ ជ ប បានរៀបចំដាក់ភ្នាក់ងាររបស់ខ្លួនគ្រប់ការិយាល័យបោះឆ្នោតទាំងអស់ ដែលធានាដល់ភាពត្រឹមត្រូវ និងយុត្តិធម៌។

យោង​តាម​លទ្ធផល​ផ្លូវការ​ដែល​ប្រកាស​ដោយ គ.ជ.ប ​បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា (CPP) ទទួល​បាន​សំឡេង​ឆ្នោត​ចំនួនជាង ៤, ៨លានសំឡេង​, គណបក្ស​ហ៊្វុនស៊ិនប៉ិច​របស់​សម្ដេច​ក្រុមព្រះ​ទទួលបានការគាំទ្រចំនួនជាង ៣៧ម៉ឺនសំឡេង ស្ថិតនៅ​លំដាប់​លេខ​រៀង​ទី​ ២, ​​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ (LDP) ​របស់​លោក ខឹម វាសនា ស្ថិត​នៅ​លំដាប់​ទី ៣ ​ទទួល​បាន​ចំនួន ៣០ម៉ឺនសំឡេង គណបក្ស​ឆន្ទៈ​ខ្មែរ (KWP) ​របស់​លោក គង់ មុនីកា ស្ថិត​នៅ​លំដាប់​លេខ​រៀង​ទី ៤ ​ទទួល​បាន​ជាង ២១ម៉ឺនសំឡេង។

ក្រៅពី​នេះ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ (KNUP) ​របស់​លោក​ ញឹក ប៊ុនឆៃ ស្ថិត​នៅ​លំដាប់​ទី ៥ ទទួល​បាន​សន្លឹកឆ្នោត​ចំនួនជិត១០ម៉ឺនសំឡេង​, ខណៈ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ (GDP) របស់​លោក យ៉េង វីរៈ ស្ថិត​នៅ​លំដាប់​ទី ៦ ដោយ​ទទួល​បាន​សន្លឹកឆ្នោត​ត្រឹមតែជាង ៧ម៉ឺនសំឡេងប៉ុណ្ណោះ​។

បើតាម គ ជ ប ក្នុង​ចំណោម​ពលរដ្ឋ​ចំនួន​ជាង ៨ នាក់​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ​មាន​ពលរដ្ឋ​ចំនួនជាង ៧លាននាក់ ឬ​ស្មើ​នឹង​ ៨៣,០២ ភាគរយ​បានចេញ​ទៅ​បោះឆ្នោត​កាលពី​ថ្ងៃទី​ ២៩ ខែ​កក្កដា​។

តែចំនួននេះត្រូវបានលោក សម រង្ស៊ី លើកឡើងថា ជាតួលេខមិនពិត បំប៉ោងភ្នែកពលរដ្ឋនិងអន្តរជាតិ។លោកថា តួលេខពិតនៃអ្នកចេញទៅបោះឆ្នោតគឺមានប្រមាណតែ៥៩%តែប៉ុណ្ណោះ ព្រោះពលរដ្ឋជាង២លាននាក់ដែលមានសមានចិត្តនឹងគណបក្សសង្គ្រោះជាតិមិនបានចេញទៅបោះឆ្នោតនោះទេ។

លោក សម រង្ស៊ី សរសេរបន្ថែមទៀតថា ស្ថាប័ន គ.ជ .ប បានលួចសន្លឹកឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជាធ្វើឱ្យបក្សកាន់អំណាចឈ្នះកៅអីក្នុងរដ្ឋសភារហូតដល់ទៅ១២៥ លើ១២៥ ដែលលោកថា បានលួចជ្រុលដៃ គិតមិនទាន់ ហើយអាក្រក់មើលខ្លាំងណាស់។

ជាការកត់សម្គាល់ បណ្តាសហគមន៍អន្តរជាតិពិសេស សហរដ្ឋអាមរិក សហភាពអឺរ៉ុប បានប្រកាសមិនផ្តល់ជំនួយទាំងថវិកា និងបច្ចេកទេសដល់ គ ជ ប សម្រាប់ការរៀបចំការបោះឆ្នោតជាតិដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃ២៩ កក្កដាឆ្នាំ២០១៨។ ជាងនេះទៀតបណ្តាប្រទេសទាំងនោះបូករួមទាំងប្រទេសអាឡឺម៉ង់ ណូវែសេឡង់ អង់គ្លេស កាណាដា អូស្ត្រាលី បារាំង ចុងក្រោយគឺជប៉ុន បានចាត់ទុកការបោះឆ្នោតជាតិនេះថា ​​មិន​មាន​លក្ខណៈ​ប្រជាធិបតេយ្យ គ្មាន​ការប្រកួត​ប្រជែង ​មាន​ការ​គំរាមកំហែង​ និង​ការដាក់​សម្ពាធ​ទៅ​លើ​សិទ្ធិ​នយោបាយ​ អង្គការ​សង្គម​ស៊ីវិល និង​សារព័ត៌មាន​ឯករាជ្យ​។តែយ៉ាងណាក្រសួងការបរទេសកម្ពុជាបានប្រតិកម្មតបដោយសម្តែង​ការ​សោកស្តាយ​ចំពោះ​ការវាយតម្លៃរបស់បណ្តាសហគមន៍អន្តរជាតិទាំងនោះ ហើយចាត់ទុកថាការវាយតម្លៃនោះមាន​​ «​មូលហេតុ​នយោបាយ​»នៅពីក្រោយ៕

Share

Image
Image
Image