en     km
en     km

គ.ជ.បប្រតិកម្មករណីរិះគន់ថា គ.ជ.បខ្វះឯករាជ្យភាព

Share

ភ្នំពេញ៖ ក្រុមប្រតិកម្មព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្ដីប្រកាសព័ត៌មានប្រតិកម្មទៅលើ មជ្ឈដ្ឋានមួយចំនួនដែលវាយប្រហារមកលើស្ថាប័ន គ.ជ.ប ពាក់ព័ន្ធនឹងបញ្ហា ឯករាជ្យភាព អព្យាក្រឹត្យភាព និងយុត្តិធម៌ របស់គ.ជ.ប ។នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ចុះផ្សាយកាលពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០១៧។

ក្នុងសេចក្ដីប្រកាសព័ត៌មាននេះ គ.ជ.ប បានចាត់ទុកថា ការលើកឡើងរបស់សាធារណជនមួយចំនួនមកលើគ.ជ.ប គឺ ជាល្បិចកលដែលខ្មៅកខ្វក់ ក្នុងបំណងបំផ្លាញទំនុកចិត្តសាធារណៈមតិលើដំណើរការរៀបចំការបោះឆ្នោតឆ្នាំ២០១៨ ខាងមុខ។

គ.ជ​.ប ក៏បានពន្យល់ផងដែរអំពីជំហររបស់គ.ជ.ប ថា គ.ជ.ប បានកំណត់មាគ៌ារួចជាស្រេចហើយ ទោះសមាសភាពមកពីមជ្ឈដ្ឋានណាក៏ដោយ គឺ គ​.ជ.ប នៅតែប្រកាន់ជំហរ ឯករាជ្យ អព្យាក្រឹត្យ តម្លាភាព និងយុត្ដិធម៌ជាដាច់ខាត។

គ.ជ​.ប បានបញ្ជាក់ថាគោលការណ៍ធំបំផុតរបស់គ.ជ.ប គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត មានឈ្មោះក្នុងបញ្ជីបោះឆ្នោតត្រឹមត្រូវ បោះឆ្នោតដោយសេរី ហើយសំឡេងឆ្នោតរបស់ពលរដ្ឋត្រូវបានរាប់ប្រកប ដោយយុត្ដិធម៌ និងតម្លាភាពបំផុត។

លោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោយមួយហៅនិហ្វេចបានហៅ ប្រតិកម្មរបស់គ.ជ​.ប ថាហាក់ដូចលឿនពេក។សម្រាប់រូបលោក បើទោះបីមានទំនុកចិត្តលើ សមាសភាពថ្មី តែ អ្វីៗត្រូវរង់ចាំមើលនៅពេលបោះឆ្នោតខាងមុខនេះ។

លោក សំ គន្ធាមី ៖«តាមពិតគ.ជ.ប មិនគួរចាប់អារម្មណ៍ខ្លាំងទេ រឿងរិះគន់លើបណ្ដាញសង្គមហ្វេសប៊ុកទេ ព្រោះអីអត់ផ្លូវការវាជាការបញ្ចេញទស្សនៈផ្ទាល់ខ្លួនមួយៗ »។

កាលពីចុងខែវិច្ឆិកា សមាជិកគ.ជ​.ប ៣រូប មកពីគណបក្សសង្រ្គោះជាតិបានលាលែងពីតំណែងបន្ទាប់ពីតុលាការរំលាយបក្សប្រឆាំងដ៏ធំនេះ។ ទាំងលោកគួយប៊ុន រឿន លោក រ៉ុងឈុន និងលោកស្រីតែម៉ានីរ៉ុង ចាកចេញពីមុខតំណែង ដោយចេញសេចក្ដីថ្លែងការណ៍ថា ពួគេមិនអាចបំរើការងារទៀតបានដោយសារឆន្ទៈរាស្ត្រម្ចាស់ឆ្នោត ជាងបីលាននាក់ត្រឹមគេបំបាត់ដែលពួកគេថា ជារំលោភធ្ងន់ធ្ងរបើពួកគេនៅបន្តការងារទៀតនោះ។

គ.ជ​.ប ថ្មីកើតចេញពីកិច្ចព្រមព្រៀងនយោបាយ រវាងបក្សកាន់អំណាច និងបក្សប្រឆាំងដែលកិច្ចព្រមព្រៀងនៅពេលនោះធ្វើឡើងដោយសម្ដេច ហ៊ុន សែន ឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា  លោក សម រង្ស៊ី និងលោក កឹម សុខា ឋានៈជាមេដឹក នាំគណបក្សសង្រ្គោះជាតិ ៕

Share

Image
Image
Image